ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​​ពិភាក្សា​វិបត្តិ​នៅ​​​មីយ៉ាន់ម៉ា​ 


រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូនេស៊ី​ លោក​ស្រី​​ Retno Marsudi (កណ្តាល) ថ្លែង​អំឡុង​​​កិច្ចប្រជុំ​ថ្ងៃទី​២​ នៃ​បណ្តាក្រុម​រដ្ឋមន្ត្រី​ការបរទេស​​របស់​​ក្រុម​ប្រទេស​អាស៊ាននៅទីក្រុងហ្សាការតា​កាលពីថ្ងៃទី​១១ កក្កដា ឆ្នាំ២០២៣។ (Photo by AJENG DINAR ULFIANA / POOL / AFP)
រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូនេស៊ី​ លោក​ស្រី​​ Retno Marsudi (កណ្តាល) ថ្លែង​អំឡុង​​​កិច្ចប្រជុំ​ថ្ងៃទី​២​ នៃ​បណ្តាក្រុម​រដ្ឋមន្ត្រី​ការបរទេស​​របស់​​ក្រុម​ប្រទេស​អាស៊ាននៅទីក្រុងហ្សាការតា​កាលពីថ្ងៃទី​១១ កក្កដា ឆ្នាំ២០២៣។ (Photo by AJENG DINAR ULFIANA / POOL / AFP)

ប្រធាន​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ឬ​អាស៊ាន​ដែល​មាន​សមាជិក​១០​ប្រទេស​ និយាយ​ថា ការទូត​គឺ​ជា​ជម្រើស​តែមួយ​គត់​ ក្នុង​ការ​ដោះស្រាយ​វិបត្តិ​បង្ហូរឈាម​ដែល​មាន​រយៈពេល​២ឆ្នាំ​កន្លះ​ នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។​ ​

រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូនេស៊ី​ លោក​ស្រី Retno Marsudi បាន​ថ្លែង​យ៉ាង​ដូច​នេះនៅ​ថ្ងៃ​ពុធ​នេះ ​ក្នុង​រដ្ឋធានី​ហ្សាការតា​ នៅ​ក្នុង​ការ​ចាប់ផ្តើមកិច្ចប្រជុំ​ថ្ងៃទី​២​ នៃ​បណ្តាក្រុម​រដ្ឋមន្ត្រី​ការបរទេសរបស់ក្រុម​ប្រទេស​អាស៊ាន។​

របប​យោធា​មីយ៉ាន់ម៉ា​ ​បាន​យល់​ព្រម​ទៅ​លើ​កិច្ចព្រមព្រៀង​ទាំង​៥​ចំណុច ដែល​ត្រូវ​បាន​ដាក់ចេញដោយ​អាស៊ាន​ ​ក្រោយ​រយៈពេល​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​ ​ក្រោយ​ការផ្តួលរំលំ​រដ្ឋាភិបាល​ជាប់​ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​របស់​លោក​ស្រី​ Aung San Suu Kyi កាល​ពីថ្ងៃ​ទី​១ ខែ​កុម្ភៈ​ ឆ្នាំ​២០២១។​ កិច្ចព្រមព្រៀង​នេះ​ ក៏​មាន​ចំណុចនិយាយ​ពីការ​ត្រូវ​បញ្ចប់​អំពើហិង្សា​ជា​បន្ទាន់​ ការ​ចរចា​សន្តិភាព​រវាង​របប​សឹក​យោធា និង​ក្រុម​ប្រឆាំង​ខ្លួន​ និង​ការ​ដឹកជញ្ជូន​ជំនួយ​មនុស្សធម៌ជាដើម។​ ​

ប៉ុន្តែ​របប​យោធាមីយ៉ាន់ម៉ា​ មិន​បាន​អនុវត្តតាម​ផែនការ​នៃ​កិច្ចព្រមព្រៀង​នោះ​ឡើយ​ ​ ហើយ​បាន​បន្តការបង្រ្កាប​បង្ហូរឈាម ទៅ​លើ​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋប្រហារ​ និង​ធ្វើ​ការ​វាយប្រហារ​តាម​អាកាស​ ទៅ​លើ​កងកម្លាំង​តស៊ូ​ប្រដាប់​អាវុធ ដែលទទួល​បាន​ការ​ជួយ​ជ្រោមជ្រែង​ពី​ក្រុមឧទ្ទាម​ជន​ជាតិ​ភាគតិចនៅ​តាម​តំបន់​ជនបទ​ដាច់​ស្រយ៉ាល​ជា​ច្រើន​ ដែល​បាន​ធ្វើ​ការ​ប្រយុទ្ធ​តស៊ូអស់រាប់​ទសវត្សរ៍​មក​ហើយ​ ដើម្បីទទួល​បាន​ស្វ័យភាព​ឱ្យ​កាន់​តែ​ច្រើន​ថែម​ទៀត​។​

អង្គការ​សហប្រជាជាតិបាន​និយាយ​ថា ពលរដ្ឋ​មីយ៉ាន់ម៉ា​ជាង​១លាន​នាក់​ បានផ្លាស់​ទី​កន្លែង​ ដោយ​សារ​តែ​ភាព​ចលាចល​នៅ​ក្នុង​ប្រទេស​នេះ។

កិច្ចប្រជុំនេះ​កើតមាន​ឡើង​មួយ​ខែ​ ក្រោយ​ពេល​ដែល​ក្រុម​មន្ត្រីថៃ​ បាន​រៀប​ចំ​កិច្ចប្រជុំ​ពិភាក្សា​ទល់​មុខ​មួយជា​មួយនឹង​មេដឹកនាំរបប​យោធា​មីយ៉ាន់ម៉ា​ ដែល​ត្រូវ​បាន​ហាម​ប្រាម​មិន​ឱ្យ​ចូលរួមក្នុង​កិច្ចប្រជុំ​ថ្នាក់ខ្ពស់ណាមួយរបស់​អាស៊ាន​ឡើយ។​ ​ លោក​ស្រី Marsudi បាន​ប្រាប់បណ្តា​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ថា​ ​«កិច្ចប្រឹងប្រែងផ្សេង​ណា​មួយ​ ត្រូវ​តែ​គាំទ្រ​ទៅ​លើការ​អនុវត្ត​កិច្ចព្រមព្រៀង​ទាំង​៥​ចំណុច ដែល​បាន​ឯកភាព​គ្នា​ជា​ឯកច្ឆ័ន​រួច​ហើយ​ក្នុង​ពេល​កន្លង​ទៅ»។ ​

រដ្ឋមន្ត្រី​ការបរទេស​ថៃ​ លោក​ Don Pramudwinai បាន​ប្រាប់​សមភាគី​អាស៊ាន​របស់​លោក​ថា​ លោក​បាន​ជួប​ជា​មួយ​លោក​ស្រី San Suu Kyi កាល​ពី​សប្តាហ៍​មុន​ ដែល​ត្រូវ​បាន​ជាប់ឃុំ​ឃាំង ចាប់​តាំង​ពី​ក្រោយ​ថ្ងៃ​រដ្ឋប្រហារ​មក។​ លោក ​Don ​និយាយ​ថា​ ​ជ័យលាភី​រង្វាន់ណូបែល​សន្តិភាព​ ដែល​មាន​អាយុ​៧៨​ឆ្នាំ​រូប​នេះ មាន​សុខភាពល្អ​ជា​ធម្មតា​ទេ​ ​ប៉ុន្តែ​លោក​មិន​បាន​បរិយាយ​លម្អិត​លើស​ពី​នេះឡើយ៕ ​

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP, AFP និង​Reuters

XS
SM
MD
LG