រដ្ឋមន្ត្រីការបរទេសអាស៊ានកាលពីថ្ងៃពុធម្សិលមិញបានអំពាវនាវឱ្យមានសាមគ្គីភាពនៅក្នុងតំបន់ដើម្បីដោះស្រាយជម្លោះរីកកាន់តែធំឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា នៅពេលមានការមន្ទិលសង្ស័យអំពីសមត្ថភាពរបស់ប្លុកនោះ ដើម្បីអនុវត្តដំណើរការសន្តិភាពដែលមានអាយុ២ឆ្នាំដែលមិនទាន់បានចាប់ផ្តើម។
ជំនួបរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ឬអាស៊ាននៅក្នុងរដ្ឋធានីហ្សាការតានៃប្រទេសឥណ្ឌូណេស៊ីកើតមានឡើងនៅពេលដែលការអត់ធ្មត់មានកាន់តែស្តួចស្តើងឡើងក្នុងចំណោមសមាជិក១០ប្រទេសរបស់ខ្លួន ចំពោះបញ្ហាការបដិសេធរបស់ពួកមេដឹកនាំយោធាមីយ៉ាន់ម៉ាដើម្បីបញ្ឈប់អារិភាពនិងចាប់ផ្តើមការសន្ទនាដែលរួមបញ្ចូលគ្រប់ភាគីទាំងអស់ ដូចដែលបានព្រមព្រៀងគ្នាដោយឧត្តមសេនីយ៍កំពូលរបស់ខ្លួនកាលពីខែមេសា ឆ្នាំ២០២១។
មីយ៉ាន់ម៉ាត្រូវបានរំខានឥតឈប់ឈរដោយការប្រយុទ្ធគ្នាចាប់តាំងពីពួកយោធាបានរឹបអូសយកអំណាចនៅដើមឆ្នាំ២០២១ មុនពេលការបង្ក្រាបដោយការបង្ហូរឈាមឥតឈប់ឈរលើពួកប្រឆាំងដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ។
រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីលោកស្រី Retno Marsudiដែលជាប្រធានសមាគមអាស៊ានបាននិយាយថា លោកស្រីនិងសមភាគីរបស់លោកស្រីបានពិភាក្សាពីការអនុវត្ត «ការមូលមតិ៥ចំណុច»ដែលជាដំណើរការការទូតតែមួយគត់នៅក្នុងតួនាទីធ្វើឱ្យសម្រេចសន្តិភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ាជាទីកន្លែងដែលអង្គការសហប្រជាជាតិប៉ាន់ស្មានថា មនុស្ស១,៥លាននាក់គ្មានទីកន្លែងរស់នៅ៕
ប្រែសម្រួលដោយ លោក សុខ ខេមរា