រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រោងចំណាយថវិកាជាង ៤.៣០០លានដុល្លារអាមេរិកសម្រាប់ការចាយវាយនៅក្នុងឆ្នាំ២០១៦ ដែលកើនជាង១២% បើធៀបទៅនឹងការចំណាយឆ្នាំ២០១៥។ គម្រោងចំណាយសម្រាប់ឆ្នាំ២០១៦នេះផ្តោតខ្លាំងទៅលើវិស័យអប់រំ ដែលនឹងទទួលបានថវិកាប្រមាណ៥០០លានដុល្លារអាមេរិក។ ក្រុមអង្គការសង្គមស៊ីវិលគាំទ្រគម្រោងចាយវាយលើវិស័យអប់រំនេះ តែពួកគេបារម្ភថា អំពើពុករលួយនឹងអាចកើនមាន។
ក្រុមអង្គការសង្គមស៊ីវិលបានសាទរចំពោះគម្រោងចំណាយថិវកាជាតិដែលនឹងកើនឡើងនៅក្នុងវិស័យអប់រំសម្រាប់ឆ្នាំ២០១៦ តែពួកគេនៅតែបារម្ភអំពីការកើនឡើងនៃការប្រព្រឹត្តអំពើពុករលួយនៅក្នុងវិស័យនេះ។
ក្តីបារម្ភរបស់ពួកគេកើតមានឡើង បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦ ដែលបានបង្ហាញថា ការចាយវាយក្នុងវិស័យអប់រំនឹងកើនខ្ពស់ជាងវិស័យការពារជាតិ និងមហាផ្ទៃ។
លោក កៅ ពឿន នាយកប្រតិបត្តិនៃវិទ្យាស្ថានខ្មែរសម្រាប់អភិវឌ្ឍន៍ជាតិ ហៅកាត់ថា KIND ថ្លែងថា ចំណាយថវិកាដែលគ្រោងនឹងកើនឡើងនៅក្នុងវិស័យអប់រំគឺមានលក្ខណៈសមស្របសម្រាប់កំណែទម្រង់វិស័យនេះ បើទោះជាវាមិនអាចបំពេញទៅតាមសេចក្តីត្រូវការនៃស្ថានភាពបច្ចុប្បន្នក៏ដោយ។
«សេចក្តីត្រូវការផ្សេងៗរបស់វិស័យអប់រំហ្នឹង វាច្រើន។ យើងឃើញថា នៅខ្វះខាត ដូចជាបណ្ណាល័យអី តាមសាលាអីហ្នឹងនៅខ្វះខាត ដូចជាសម្ភារៈអនាម័យនៅតាមសាលាក៏ខ្វះខាតច្រើន ហើយសង្ឃឹមថា ថវិកា ដែលកើនហ្នឹង វានឹងចាយទៅដល់ ដូចថា ចូលរួមចំណែកទៅដល់ថ្នាក់ ហៅថា ថ្នាក់ក្រោមជាតិ»។
សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦បានបង្ហាញថា រដ្ឋាភិបាលគ្រោងចំណាយជាង៤.៣០០លានដុល្លារអាមេរិកសម្រាប់ការចាយវាយក្នុងឆ្នាំ២០១៦គឺនឹងកើនពីចំនួន៣.៨០០លានដុល្លារអាមេរិកដែលបានចាយនៅក្នុងឆ្នាំ២០១៥។ នៅក្នុងនោះ វិស័យអប់រំនឹងទទួលបាន៥០០លានដុល្លារអាមេរិកគឺកើន២៨,២% ធៀបទៅនឹងការចំណាយក្នុងឆ្នាំ២០១៥។
ការចំណាយនៅក្នុងវិស័យអប់រំដែលគ្រោងនឹងកើនឡើងនៅឆ្នាំ២០១៦នេះ ត្រូវគេយល់ថា អាចបើកផ្លូវឲ្យមានការប្រព្រឹត្តអំពើពុករលួយនៅក្នុងវិស័យនេះ ដោយសារកង្វះយន្តការក្នុងការតាមដានរវាងអ្នកផ្តល់កញ្ចប់ថវិកា និងអ្នកទទួល។
លោកកៅ ពឿន ដែលបានធ្វើការអង្កេតច្រើនទៅលើការចាយវាយមិនមានតម្លាភាពរបស់រដ្ឋាភិបាលនៅក្នុងវិស័យសង្គមកិច្ច ជាពិសេសគឺកិច្ចការអប់រំ មានប្រសាសន៍ថា៖
«ខ្ញុំមើលមិនឃើញថា ក្រសួងមានយន្តការក្នុងការទប់ស្កាត់ កុំឲ្យមានអំពើពុករលួយហ្នឹងទេ ដរាបណាក្រសួងហ្នឹងផ្តល់ថវិកាខ្លះទៅដល់គណៈកម្មការទ្រទ្រង់សាលា ដែលខ្ញុំបានលើកឡើងហ្នឹង ដើម្បីឲ្យមាន គេហៅថា ពិនិត្យនិងផ្ទៀងផ្ទាត់ជាមួយនាយកសាលា ឬក៏ក្រសួង អាចថា ផ្តល់ថវិកាខ្លះទៅដល់អង្គការក្រៅរដ្ឋាភិបាលអី ហើយខ្ញុំគិតថា វាជាគោលការណ៍ថ្មីដើម្បីឲ្យមានការពិនិត្យនិងផ្ទៀងផ្ទាត់ជាមួយរចនាសម្ព័ន្តរបស់ក្រសួងអប់រំ»។
អ្នកស្រី អ៊ុក ឆាយាវី ប្រធានស្តីទីសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ មានប្រសាសន៍ថា អំពើពុករលួយនៅតែបន្តកើតមាននៅក្នុងវិស័យអប់រំសិក្សាធិការ ដោយសារមិនមានការបែងចែកកិច្ចការត្រឹមត្រូវ ជាពិសេសកិច្ចការត្រូវធ្វើចាំបាច់នៅតាមមណ្ឌលសិក្សានីមួយៗ ដូចជាការកែលម្អ ជួសជុលសាលារៀន ទិញសម្ភារៈសិក្សា និងសម្ភារៈប្រើប្រចាំថ្ងៃជាដើម។ អ្នកស្រីបញ្ជាក់ថា៖
«គិតតែពីយកលុយវិស័យអប់រំ គិតតែចុះបេសកកម្ម ចុះបេសកកម្មអញ្ចឹង។ ចំណាយតែទៅលើអាបេសកកម្មតែប៉ុណ្ណឹងគឺវាអត់គ្រប់គ្រាន់ទេ។ គ្រាន់តែមើល គ្រាន់តែអើតមើលៗហ្នឹង មិនមែនថា ជារឿងល្អប្រសើរអាចកែទម្រង់វិស័យអប់រំបានទេ គឺយើងធ្វើយុទ្ធសាស្រ្តយ៉ាងណា ដើម្បីឲ្យកំណែទម្រង់វិស័យអប់រំ ធ្វើឲ្យអ្នកគ្រូ លោកគ្រូហ្នឹងគាត់សប្បាយចិត្តក្នុងការទៅបង្រៀនសិស្ស។ នេះទើបបានជាកំណែទម្រង់វិស័យអប់រំ»។
VOA ព្យាយាមទាក់ទងលោកហង្ស ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំនៅថ្ងៃព្រហស្បតិ៍នេះ តែនៅមិនទាន់អាចទាក់ទងបានទេ។ VOA ក៏មិនអាចទំនាក់ទំនងលោករស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំបានដែរ។
មិនថាតែក្រសួងអប់រំទេ ក្រុមអ្នករិះគន់ចង់ឃើញការចំណាយមានតម្លាភាពសម្រាប់ក្រសួងមន្ទីរ នានា ដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែនអំពាវនាវឲ្យមានការត្បិតត្បៀតនោះ។
កាលពីឆ្នាំមុន អង្គការតម្លាភាពអន្តរជាតិបានចាត់ទុកថា កម្ពុជាជាប្រទេសមានអំពើពុករលួយខ្លាំងបំផុតមួយក្នុងពិភពលោក ដោយឲ្យចាត់ចំណាត់ថ្នាក់ជាប់លេខ១៥៤ក្នុងចំណោមប្រទេស១៧៤ក្នុងតារាងសន្ទស្សន៍នៃការយល់ឃើញអំពីអំពើពុករលួយ។
អ្នកជំនាញខាងការប្រយុទ្ធប្រឆាំងអំពើពុករលួយធ្លាប់បានបញ្ជាក់ថា សម័យសង្គមរាស្ត្រនិយមក្នុងទសវត្សរ៍១៩៥០និង១៩៦០ អំពើពុករលួយមិនមានច្រើនដូចបច្ចុប្បន្ននេះ ដោយសារមានសម្ភារៈទំនើបតិចជាងបច្ចុប្បន្នហើយពលរដ្ឋប្រកាន់គោលការណ៍ពុទ្ធសាសនាបានខ្ជាប់ខ្ជួនជាងសព្វថ្ងៃ។អ្នកជំនាញបញ្ជាក់បន្ថែមថា អំពើពុករលួយនៅពេលបច្ចុប្បន្នអាចត្រូវកាត់បន្ថយបានតាមការអប់រំ និងការប្រកាន់ខ្ជាប់នូវព្រះពុទ្ធសាសនា រួមទាំងការប្រាសចាកពីលោភៈគឺភាពលោភលន់៕