ក្រុមអ្នកជំនាញច្បាប់អន្តរជាតិបានហៅច្បាប់បី ដែលអនុម័តដោយតំណាងរាស្រ្តនៃគណបក្សកាន់អំណាចសម្រាប់កែទម្រង់ប្រព័ន្ធតុលាការថា មិនបានធានាដល់ឯករាជ្យភាពនៃប្រព័ន្ធតុលាការនៅក្នុងប្រទេសកម្ពុជា ហើយត្រូវតែធ្វើវិសោធនកម្ម ព្រោះច្បាប់ទាំងបីនេះបានផ្តល់សិទ្ធិអំណាចយ៉ាងធំធេងទៅដល់ក្រសួងយុត្តិធម៌។
ពួកគេបានលើកឡើងយ៉ាងដូច្នេះ ដោយផ្អែកទៅលើរបាយការណ៍ស្វែងរកការពិតមួយស្តីពី «យុត្តិធម៌ និងអំពើពុករលួយ» បញ្ហាប្រឈមចំពោះឯករាជ្យភាពនៃប្រព័ន្ធតុលាការនៅកម្ពុជា ដែលធ្វើឡើងដោយវិទ្យាស្ថានសិទ្ធិមនុស្សនៃគណៈមេធាវីអន្តរជាតិ (International Bar Association's Human Rights Institute) ហើយដែលបានចេញផ្សាយជាសាធារណៈនៅថ្ងៃព្រហស្បតិ៍នេះ។
របាយការណ៍ដែលធ្វើឡើងតាមរយៈការធ្វើទស្សនកិច្ច ការស្រាវជ្រាវ និងបទសម្ភាសន៍ជាបន្តបន្ទាប់បានពិនិត្យជាដំបូងលើឯករាជ្យភាពនៃប្រព័ន្ធតុលាការ ហើយបានសនិ្នដ្ឋានថា៖ «រដ្ឋមន្ត្រីក្រសួងយុត្តិធម៌នឹងមានឆន្ទានុសិទ្ធិ និងឥទ្ធិពលលើផែ្នកស្ទើរតែទាំងអស់របស់ចៅក្រម។ បច្ចុប្បន្ន វិសាលភាពអំណាចរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លើប្រព័ន្ធតុលាការ ដូចជា ឥទ្ធិពលផ្លូវការយ៉ាងច្រើនលើផ្នែកថវិកា ធនធាន ការបណ្តុះបណ្តាល ការតែងតាំង ការដំឡើងតំណែង រយៈពេលកាន់តំណែង និងការដកចេញ នៅក្នុងប្រព័ន្ធតុលាការ ត្រូវបានចែងក្នុងច្បាប់ថ្មីទាំងបី ដែលគ្មានសង្គតិភាពជាមួយបទដ្ឋានអន្តរជាតិឡើយ»។
ថ្លែងនៅចំពោះមុខអ្នកសារព័ត៌មាន និងអ្នកជំនាញផ្នែកច្បាប់ដែលកំពុងធ្វើការក្នុងវិស័យច្បាប់នៅក្នុងប្រទេសកម្ពុជា អ្នកស្រី Brenda Lee Edwards បានឲ្យដឹងថា របាយការណ៍ដែលអ្នកស្រីបានស្ម័គ្រចិត្តចូលរួមចំណែកក្នុងការស្រាវជ្រាវក៏បានរកឃើញនូវការស៊ីសំណូកសូកប៉ាន់ និងអំពើពុករលួយនៅក្នុងតុលាការនៃប្រទេសកម្ពុជា។
«របាយការណ៍របស់ពួកយើងបានពិចារណាផងដែរ ទៅលើទិដ្ឋភាពសំខាន់ៗផ្សេងទៀត ដែលតុលាការកំពុងប្រឈមមុខនៅក្នុងប្រទេសកម្ពុជា ជាពិសេសគឺការសូកប៉ាន់ និងអំពើពុករលួយ។ នេះគឺជាការខូចខាតដ៏សម្បើមមួយជាមួយនឹងក្តីបារម្ភ។ តម្លៃគន្លឹះសំខាន់មួយសម្រាប់តុលាការទាំងឡាយគឺ សេចក្តីសុច្ចរិតភាពត្រឹមត្រូវ ភាពស្មើគ្នា សមត្ថភាព និងការយកចិត្តទុកដាក់។ យើងបានរកឃើញនូវភស្តុតាង តាមរយៈមនុស្សដែលយើងបាននិយាយជាមួយនៅទីនេះថា មានឥទ្ធិពលពុករលួយ ទាំងផ្លូវនយោបាយ និងហិរញ្ញវត្ថុនៅស្ទើរគ្រប់ដំណាក់កាលនីមួយនៃសកម្មភាពរបស់តុលាការ»។
អ្នកស្រីបានលើកឧទាហរណ៍មួយថា នៅពេលរៀបនឹងចេញទៅបំពេញវិជ្ជាជីវៈរបស់ខ្លួន ចៅក្រមដែលត្រូវការការបណ្តុះបណ្តាលត្រូវបានសួរ និងប្រាប់ឲ្យសូកសំណូកជាថ្នូរទៅនឹងការទទួលបាននូវការបណ្តុះបណ្តាល ហើយថាក្រុមអ្នកស្រាវជ្រាវរបស់អ្នកស្រីក៏ត្រូវបានប្រាប់ថា បុគ្គលដែលជាសមាជិកនៃគណបក្សប្រជាជនកម្ពុជា មានលទ្ធភាពច្រើនក្នុងទទួលបានការតែងតាំង និងការដំឡើងតំណែងនៅពេលណាដែលពួកគេត្រូវបានតែងតាំង។
លោកស្រីបន្តថា ចៅក្រមនៅក្នុងប្រទេសកម្ពុជាត្រូវបានគេដឹងឮយ៉ាងទូលំទូលាយថា មិនមានទម្លាប់ប្រកាន់យកភាពមិនលម្អៀងនោះឡើយ ហើយភស្តុតាងជាច្រើនដែលអ្នកស្រីទទួលបាន ក៏ឲ្យដឹងដែរថា ចៅក្រមជាញឹកញយត្រូវបានចង្អុលបង្ហាញពីក្រសួងយុត្តិធម៌ ឬអ្នកដទៃនៅក្នុងរដ្ឋាភិបាលអំពីថា តើត្រូវសម្រេចក្តីនោះយ៉ាងដូចម្តេច ដែលនេះជាការផ្ទុយគ្នាទៅនឹងមាត្រា៥០នៃរដ្ឋធម្មនុញ្ញកម្ពុជា ដែលបានចែងថាអំណាចនីតិប្រតិបត្តិ និងតុលាការត្រូវតែចែកឲ្យដាច់ពីគ្នា។
ច្បាប់ទាំងបីដែលមានតែតំណាងរាស្រ្តនៃគណបក្សប្រជាជនកម្ពុជាបានអនុម័តនៅក្នុងរដ្ឋសភាកាលពីខែឧសភា ឆ្នាំ២០១៤នោះ រួមមាន ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ឧត្តមក្រុមប្រឹក្សានៃអង្គការចៅក្រម ច្បាប់ស្តីពីលក្ខន្តិកៈចៅក្រម និងព្រះរាជអាជ្ញា និងច្បាប់ស្តីការរៀបចំ និងការប្រព្រឹត្តទៅរបស់តុលាការ។ ច្បាប់នេះត្រូវបានអនុម័តដោយមិនមានការចូលរួមពីតំណាងរាស្រ្ត៥៥រូបនៃបក្សប្រឆាំង ដែលបានធ្វើពហិការមិនចូលប្រជុំក្នុងរដ្ឋសភានាគ្រានោះ។
អ្នកស្រី ចក់ សុភាព នាយិការប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានទទួលស្គាល់ថា របាយការណ៍នេះបានទម្លាយឲ្យដឹងស្ថានភាពជាក់ស្តែង ដែលកំពុងកើតមាននៅក្នុងប្រព័ន្ធតុលាការ៖
«ខ្ញុំឃើញថា មានបញ្ហាជាច្រើនដែលបានលើកនេះ គឺឆ្លុះបញ្ចាំងពីតថភាព ដែលបានកើតឡើងជាក់ស្តែង ហើយជាពិសេសចំពោះអនុសាសន៍ដែលបានលើកឡើងដាក់ទៅចំៗ ចំពោះតួអង្គដែលពាក់ព័ន្ធហ្នឹង ខ្ញុំយល់ថា អនុសាសន៍មួយដែលមានអត្ថន័យស្ថាបនា ហើយដែលគួរតែស្ថាប័នពាក់ព័ន្ធអាចយកទៅពិចារណា ដើម្បីពង្រឹងនូវប្រព័ន្ធតុលាការនៅប្រទេសកម្ពុជាយើង»។
របាយការណ៍នេះបានឲ្យដឹងដែរថា គណបក្សសង្គ្រោះជាតិបានបញ្ចូលកំណែទម្រង់ប្រព័ន្ធតុលាការទៅក្នុងកម្មវិធីនយោបាយរបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ គណបក្សនេះបានសមគំនិតក្នុងកិច្ចព្រមព្រៀង ដែលធានាអំណាចរបស់ស្ថាប័ននីតិប្រតិបត្តិលើតុលាការ។
លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌បដិសេធមិនធ្វើការអធិប្បាយ ដោយលោកបានបង្វែរសំណួរទៅអ្នកនាំពាក្យក្រសួងមួយរូបទៀត គឺលោក ជិន ម៉ាលីន តែលោកជិន ម៉ាលីន មិនលើកទូរស័ព្ទ។ VOA ព្យាយាមសុំការអធិប្បាយពីលោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អង្គ វង្សវឌ្ឍនា ផងដែរ តែទូរស័ព្ទរបស់លោករដ្ឋមន្ត្រីរោទិ៍ដោយគ្មានអ្នកទទួល។
នៅក្នុងការផ្តល់អនុសាសន៍ទាក់ទិនច្បាប់ទាំងបីនេះ ក្រុមអ្នកជំនាញច្បាប់ដែលរៀបរៀងរបាយការណ៍នេះ បានថ្លែងថា ក្រសួងយុត្តិធម៌មិនគួរណាជាប់ពាក់ព័ន្ធអ្វីទាំងអស់ ក្រៅតែពីកិច្ចការរដ្ឋបាលដែលមិនធ្វើឲ្យខូចដល់ឯករាជ្យភាពរបស់តុលាការ។ ពួកគេថា មន្ត្រីតុលាការក៏មិនត្រូវជាសមាជិកនៃគណបក្សនយោបាយណាមួយនោះទេ។ ពួកគេសង្កត់ធ្ងន់ម្តងហើយម្តងទៀតថា ច្បាប់ទាំងបីនេះត្រូវតែទទួលបានការធ្វើវិសោធនកម្មពីរដ្ឋសភាជាតិ៕