ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ៖​ផែនការ​ថ្មី​ជា​សកល​របស់​អ.ស.ប.​សម្រាប់​ការ​អភិវឌ្ឍ​​គឺ​ខ្វះ​គណនេយ្យ​ភាព


រូបភាពឯកសារ ៖ ក្មេង​ស្រី​សិស្ស​សាលា​២​នាក់​ ឈរ​នៅ​មុខ​ថ្នាក់​ក្នុង​សាលា​បឋម​សិក្សា​មួយ​ ក្នុង​ស្រុក​ពេជ្រាដា ខេត្តមណ្ឌល​គិរី​ កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៥។ ​ (នូវ​ ពៅ​លក្ខិណា​/VOA)
រូបភាពឯកសារ ៖ ក្មេង​ស្រី​សិស្ស​សាលា​២​នាក់​ ឈរ​នៅ​មុខ​ថ្នាក់​ក្នុង​សាលា​បឋម​សិក្សា​មួយ​ ក្នុង​ស្រុក​ពេជ្រាដា ខេត្តមណ្ឌល​គិរី​ កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៥។ ​ (នូវ​ ពៅ​លក្ខិណា​/VOA)

មុខងារ​សំខាន់​មួយ​នៃ​គោលដៅ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាពគឺ​ធានា​ឱ្យ​មាន​ការ​លើក​កម្ពស់​ជីវភាព​រស់នៅ​ប្រកប​ដោយ​សុខុមាលភាព​សម្រាប់​ប្រជាជន​ទូទៅ ​ប៉ុន្តែ​អ្នក​ជំនាញ​​​បាន​បង្ហាញ​ក្ដី​បារម្ភ​​ថា​ ​​ផែនការ​ថ្មី​នេះ​ខ្វះ​​គណនេយ្យភាព​ដែល​អាច​នឹង​ធ្វើ​ឱ្យ​​​ការ​អនុវត្ត​ទទួល​បរាជ័យ។

កាល​ពី​ដើម​ខែ​នេះ​ ផែនការ​ថ្មី​ជា​សកល​សម្រាប់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ត្រូវ​បាន​អនុម័ត​នៅ​អង្គការ​សហ​ប្រជាជាតិ​នា​ទីក្រុង​ញូវយ៉ក​ ហើយ​មាន​សំណួរនិង​ចម្ងល់​ជា​ច្រើន​ត្រូវ​បាន​លើក​ឡើង​ ថា​តើ​គោលដៅ​ទាំងអស់​នេះ​ពិត​ជា​អាច​មាន​ប្រសិទ្ធ​ភាព​ជួយ​លើក​កម្ពស់​ជីវភាព​ប្រជាជន​នៅ​ក្នុង​ប្រទេសនានានៅ​ជុំវិញ​ពិភព​លោក​ ក៏​ដូច​ជា​កម្ពុជា​ឲ្យចេញ​ពី​ភាព​ក្រីក្រ​ពិត​មែន​ដែរ​ឬយ៉ាងណា។​

គោលដៅ​អភិវឌ្ឍន៍​ថ្មី​ប្រកប​ដោយ​ចីរភាព​នេះ​គឺជា​គ្រឹះ​នៃ​ផែនការ​អភិវឌ្ឍន៍​ជា​សកល​នៅ​ក្នុង​ឆ្នាំ​២០១៥​ ហើយ​ក៏​ជា​ផែនការ​មួយ​ដែល​នឹង​យក​មក​ជំនួស​គោល​ដៅ​អភិវឌ្ឍន៍​សហស្ស​វត្សដែល​នឹង​បញ្ចប់​នៅ​ខែ​កញ្ញា​នេះ។​

គោលដៅ​ថ្មី​ចំនួន​១៧​ក្នុងផែន​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាពនេះនឹង​ត្រូវ​បាន​គេ​អនុវត្ត​ដោយ​ប្រកាន់​ខ្ជាប់​តាម​វិធី​សា​ស្រ្ត​រយៈ​ពេល​វែង ដើម្បី​ឲ្យមាន​និរន្តរភាព​ក្នុង​ការ​អភិវឌ្ឍ ហើយ​ក៏​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​ត្រូវ​បាន​មើល​រំលង​ក្នុង​គោលដៅ​ចាស់​ផង​ដែរ។​

ទោះបីជា​យ៉ាង​នេះ​ក្ដី​ អ្នក​តស៊ូ​មតិ​ដើម្បី​សិទ្ធិស្ត្រី​បាន​និយាយ​ថា​ គោលដៅ​ថ្មី​ដែលបាន​បង្កើត​ឡើង​នេះ ​អាច​នឹង​ធ្វើ​ឱ្យ​រដ្ឋាភិបាល​នៅ​ជុំវិញ​ពិភពលោកបរាជ័យ​ក្នុង​ការ​អនុវត្ត​ក្នុង​ការ​លើក​កម្ពស់​សមភាព​យេនឌ័រ​ និង​បញ្ហា​ផ្សេង​ទៀត។​ ​

អង្គការ​វេទិកា​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​សម្រាប់ស្រ្តី ច្បាប់​ និងការអភិវឌ្ឍន៍​ ហៅ​កាត់​ថា ​APWLD ​ដែល​ជា​បណ្តាញអង្គការ​ចំនួន​១៨០ ​ដែល​ផ្ដោត​សំខាន់​ទៅ​លើ​សិទ្ធិ​របស់​ស្ត្រី​ ​ ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ថា ​ពួកគេ​ស្វាគមន៍​គោលដៅ​អភិវឌ្ឍ​ថ្មី​នេះ​ ព្រោះ​វា​បាន​រួម​បញ្ចូល​ការ​ប្តេជ្ញា​សំខាន់ៗ​មួយ​ចំនួន​ ប៉ុន្តែ​គោលដៅ​ខ្លះ​នៅ​តែ​មាន​ចន្លោះ​ប្រហោង​ និង​ការខ្វះ​ខាត។​

អ្នកស្រី​ Kate Lappin ​អ្នក​សម្រប​សម្រួល​នៅ​អង្គការ APWLD​ បាន​ប្រាប់ ​VOA​ ថា ​គោលដៅ​អភិវឌ្ឍប្រកប​ដោយ​ចីរភាព​នេះ​មិន​បាន​បញ្ចូល​ការ​ប្តេជ្ញា​ជាក់​លាក់​ណា​មួយ​ពី​រដ្ឋាភិបាល​នៅ​ក្នុង​ប្រទេស​នានា អំពី​ការ​ផ្ដល់​ហរិញ្ញប្បទាន​ដល់​របៀប​វារៈ​ថ្មី​នេះ​ទេ។​

នៅ​ក្នុង​បទ​សម្ភាសន៍​តាម​ទូរស័ព្ទ​ពី​ប្រទេស​ម៉ាឡេស៊ី​ លោក​ស្រី​ Kate Lappin​ បាន​ថ្លែង​ថា៖​

«មូលដ្ឋាន​គ្រឹះ​សំខាន់ៗ​ចំនួន​បី​ដែលទាមទារ​ឱ្យ​មាន​ការ​កែ​ទម្រង់​នៅ​ក្នុង​គោល​ដៅ​អភិវឌ្ឍប្រកប​ដោយ​ចីរភាព​នេះ​ ​មិន​ត្រូវ​បាន​គេ​ដាក់​បញ្ចូល​នោះ​ទេ​ ក្នុង​នោះ​មាន​ដូចជា៖​ ការ​ធ្វើ​ហិរញ្ញប្បទាន​ គណនេយ្យ​ភាព​ និង​ការ​កែ​ទម្រង់​ប្រព័ន្ធ​ហិរញ្ញប្បទាន​សកល»។

លោក​ស្រី​បាន​បន្ត​ថា ​របៀប​វារៈ​ថ្មី​នេះ​គ្មាន​វិធានការ​គ្រប់គ្រាន់​ដើម្បី​ឲ្យ​រដ្ឋាភិបាល​ទាំង​អស់​ ទទួល​ខុស​ត្រូវ​លើ​ការ​អនុវត្ត​របស់​ពួក​គេ​នោះ​ទេ​ ប៉ុន្តែ​បែរ​ជា​ជំនួស​មក​វិញ​នូវ​វិធីសាស្រ្ត​ស្ម័គ្រចិត្ត​ទៅ​លើ​ការ​ត្រួត​ពិនិត្យ​ និង​ការ​អនុវត្ត​ទៅ​វិញ។​

‌‌‌«គ្មាន​ប្រព័ន្ធ​ណា​មួយ​ត្រូវ​គេ​បង្កើត​ឡើង ដើម្បី​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ទូទៅ​ អាច​ពិនិត្យ​មើលថា ​តើ​រដ្ឋាភិបាល​បាន​ធ្វើ​អ្វី​ដែល​ពួក​គេ​បាន​សន្យា​នោះ​ទេ។​ ប្រសិន​របៀប​វារៈ​នេះ​មិន​មាន​អ្វី​ដែល​ដាក់​កំហិត​ឲ្យរដ្ឋាភិបាល​ទទួល​ខុស​ត្រូវ មិន​មាន​ការ​ផ្ដល់​ហរិញ្ញប្បទាន​ ហើយ​គ្មាន​ការ​ប្ដូរ​ប្រព័ន្ធ​ចាស់​នោះទេ​ នោះ​ គម្រោង​ទាំង​ស្រុង​នឹង​គ្មាន​ប្រសិទ្ធ​ភាព»។​

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ប្រទេស​កម្ពុជា​ក៏​មាន​ជោគជ័យ​ដែរ​នៅ​ក្នុង​គោលដៅ​អភិវឌ្ឍសហស្សវត្សរបស់​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​អេដស៍​ ជំងឺ​គ្រុន​ចាញ់​ និង​ជំងឺ​ផ្សេងៗ។​

ទោះ​ជា​យ៉ាង​នេះ​ក្ដី​ ​ការ​ផ្តល់​សិទ្ធិ​អំណាច​របស់​ស្ត្រី​មិន​ទាន់​បាន​ទទួល​ជោគ​ជ័យ​នៅ​ឡើយ​ទេ​ ហើយ​នៅតែមានបញ្ហាគម្លាត​ប្រាក់​ឈ្នួល។​

មន្រ្តី​នៅ​ក្រសួង​ផែនការ​បាន​បដិសេធ​មិន​ផ្ដល់​មតិ​ទៅ​លើ​គោល​ដៅ​អភិវឌ្ឍប្រកប​ដោយ​ចីរភាព​នេះ​ទេ ដោយ​លើក​ឡើង​ថា​ កម្ពុជា​មិន​ទាន់​បាន​អនុម័ត​គោល​ដៅ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​នេះ​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ។

លោក​ស្រី​រស់ សុភាព​ នាយិកា​អង្គការ​យ៉េនឌ័រ​ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា​ បានប្រាប់ VOA ថា ​លោកស្រី​យល់​ស្របជាមួយ​នឹង​ការ​លើក​ឡើង​របស់​អង្គការ​វេទិកា​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​សម្រាប់ស្រ្តី ច្បាប់​ និង​ការអភិវឌ្ឍន៍។ លោក​ស្រី​ថ្លែង​ថា ​ការ​រៀបចំ​គណនេយ្យ​នៅ​ក្នុង​គោលដៅ​ថ្មី​នេះ​មិន​សូវ​មាន​ភាព​រឹងមាំ​និង​ជាក់លាក់​នោះ​ទេ។​ ​

លោកស្រី​បាន​លើក​ឡើង​ថា​ គោល​ដៅ​មួយ​ចំនួន​នៃ​គោលដៅ​ថ្មី​នេះ​ ហាក់​ដូច​ជាមិន​មាន​ភាព​ជាក់ស្ដែង​ពិត​ប្រាកដ​ទេ ដូច​នេះ​វា​អាច​បង្កើន​ឱកាស​ឲ្យរដ្ឋាភិបាល​នានា​ ក៏​ដូច​រដ្ឋាភិបាល​ប្រទេស​កម្ពុជា​ អាច​គេច​ពី​កិច្ច​ខិតខំ​ប្រឹងប្រែងដ៏​មុតមាំ​ ដែលជាកត្តាចាំបាច់​ដើម្បី​សម្រចគោលដៅ​ទាំង​អស់​នោះ។​

«បើ​សិន​យើង​មាន​តែ​ផែនការ​ តែ​មិន​មាន​ថវិកាទេ​ នោះគឺ​ជា​សំណួរ​យ៉ាង​ច្រើន​ពី​ស្រី្ត​ ដែល​ថា ​តើ​យើង​នឹង​អនុវត្ត​យ៉ាង​ដូច​ម្ដេច​ បើ​សិន​ជា​យើង​មិន​បាន​គិត​គូរ​អំពី​ថវិកា​សម្រាប់ធ្វើការ​ទៅ​លើ​បញ្ហា​អស់​ហ្នឹង​ ដោយ​សារ​តែ​ថ្នាក់​លើ​ចេះ​តែ​ដាក់​ជា​គោល​នយោបាយ​អញ្ចឹង​ទៅ។​ ប៉ុន្តែ​ថ្នាក់​លើ​ត្រូវ​គិត​អំពី​ថវិកា​ផង​ដើម្បី​ឲ្យសម្រេច​ទៅ​លើ​បញ្ហា​ហ្នឹង»។

សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ​វេទិកា​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​សម្រាប់​ស្រ្តី ច្បាប់​ និង ​ការអភិវឌ្ឍន៍​នេះ​ក៏​បាន​លើក​ឡើង​ដែរ​ថា រដ្ឋាភិបាល​នៃ​ប្រទេស​នានា​ដែល​បាន​ចូល​រួម​កិច្ច​ប្រជុំ​ស្ដី​ពីការ​ធ្វើ​ហិរញ្ញប្បទាន​សម្រាប់​ការ​អភិវឌ្ឍន៍​សំខាន់ៗនៅ​ក្នុង​ឯ​ទីក្រុង​ Addis Ababa ​កាលពី​ខែ​កក្កដា​កន្លង​ទៅ​ ​បានបង្ហាញ​សញ្ញា​កង្វះ​ការ​ប្តេជ្ញា​ទៅ​លើ​គោលដៅ​ថ្មី​នេះ។​

ក្នុង​កិច្ចប្រជុំ​នោះ​ដែរ​ គ្មាន​ការ​សន្យា​អំពី​ការ​ផ្តល់​ហិរញ្ញប្បទាន​ថ្មី​នោះ​ទេ​ ហើយ​បណ្តា​ប្រទេស​ទាំង​នោះ ​បាន​ដក​យក​ការ​សន្យា​ពី​មុន​ទៅ​វិញ។​ អ្វី​ៗទាំង​អស់​នេះ​បង្ហាញ​អំពី​អតុល្យភាព​នៅ​ក្នុង​ប្រព័ន្ធ​ហិរញ្ញប្បទាន​ជា​សកល។

កុមារ​ជន​ជាតិ​ព្នង​នៅ​ភូមិភូមិ​ក្រង់​តេះ ជា​ភូមិ​ដាច់​ស្រយាល​មួយ​ក្នុង​ស្រុក​ពេជ្រាដា​ ដែល​ស្ថិត​នៅ​ក្បែរ​តំបន់​ព្រៃ​ការពារ ខេត្តមណ្ឌល​គិរី​ កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៥។​
កុមារ​ជន​ជាតិ​ព្នង​នៅ​ភូមិភូមិ​ក្រង់​តេះ ជា​ភូមិ​ដាច់​ស្រយាល​មួយ​ក្នុង​ស្រុក​ពេជ្រាដា​ ដែល​ស្ថិត​នៅ​ក្បែរ​តំបន់​ព្រៃ​ការពារ ខេត្តមណ្ឌល​គិរី​ កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៥។​

លោក​ស្រី​រស់​ សុភាព​បាន​ថ្លែង​បន្ត​ថា៖​

«ការ​ដាក់​ផែនការ​មក​ដាក់​ ប៉ុន្តែ​រដ្ឋាភិបាល​គ្រប់​ប្រទេស​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ថវិកាទេ​ ហើយ​នៅពេល​សូរ​ថា​ ហេតុ​អ្វី​បាន​អត់​បាន​ធ្វើ?​ ពួក​គាត់​ថា ​គ្មាន​ថវិកា។​ អញ្ចឹង​គ្រាន់​តែ​ដាក់​ដើម្បី​ល្អ​មើល​ ធ្វើ​ឲ្យតែ​រួច​ពី​ដៃ។ ​អញ្ចឹង​ខ្ញុំ​គិត​ថា​ វា​គ្មាន​សង្ឃឹម​ទេ​ បើសិន​គ្មាន​ថវិកា»។

លោក​ ​Nik Sekhran​ នាយក​ផ្នែក​ការ​អភិវឌ្ឍប្រកប​ដោយ​ចីរភាព​នៃ​ការិយាល័យ​កម្មវិធី​អភិវឌ្ឍរបស់​អ.ស.ប.​ (UNDP)​ សម្រាប់​គោល​នយោបាយ​ និង​កម្មវិធី​ជំនួយ​ បាន​បដិសេធការ​រិះ​គន់​នេះ​ ដោយ​លើក​ឡើង​ថា​ សមភាព​យ៉េនឌ័រ​ និង​ការ​ផ្តល់​សិទ្ធិ​អំណាច​ដល់​ស្ត្រី​គឺ​ជា​គោល​បំណង​សំខាន់​នៃ​គោលដៅ​អភិវឌ្ឍន៍​មាន​ចីរភាព​នេះ​ ពី​ព្រោះ​នៅ​ពេល​ដែល​ពិភព​លោក​គ្មាន​ការ​ចូល​រួម​របស់​ស្ត្រី​ក្នុង​ការ​អភិវឌ្ឍ​ទេ​នោះ ​វា​នឹង​ធ្វើ​ឲ្យមាន​វិសមភាព​កើន​ឡើង​កាន់​តែ​ខ្ពស់​ ហើយ​វា​ក៏​អាច​ប៉ះពាល់​ដល់​ការ​រីក​ចម្រើន​នៅ​ក្នុង​ប្រទេស​ផង​ដែរ។​

ក្នុងបទ​សម្ភាសន៍​តាម​រយៈ​ទូរស័ព្ទ​ពី​ទីក្រុង​ញូវយ៉ក​ ​លោក​បាន​ថ្លែង​ថា៖​

«ខ្ញុំ​សូម​បដិសេធ​អ្វី​ដែល​គេ​បាន​លើក​ឡើង។​ ​ខ្ញុំ​គិត​ថា​ យើង​ទាំងអស់​គ្នា​ប្តេជ្ញា​ចិត្ត​ដើម្បី​ធានា​ថា ​សិទ្ធិ​របស់​ស្ត្រី​ និងសមភាពយេនឌ័រ​ត្រូវ​ដោះ​ស្រាយ​ឱ្យ​បាន​ពេញលេញ​ក្នុង​ការ​បន្ត​គោល​ដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​នេះ​ ហើយ​គោល​ដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចរីភាព​នេះ​កំពុង​តែ​ព្យាយាម​ដើម្បី​ធានា​ថា ​ស្ត្រី​មាន​សិទ្ធិ​ស្មើ​គ្នា​នឹងបុរស​ក្នុង​ការ​ទទួល​បាន​ការ​ងារ​ធ្វើ និង​ការ​ធានា​ថា ស្រ្តី​មាន​សិទិ្ធ​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ»។​

​លោក​បាន​ប្រាប់​ថា​ ក្នុងការ​សម្រច​បាន​នូវ​គោល​ដៅ​នេះនឹងជួប​ប្រទះ​នឹង​បញ្ហា​ប្រឈម​មួយ​ចំនួន ​ដោយសារ​ប្រជាជន​សរុប​នៅ​ក្នុង​ពិភព​លោក​នឹង​កើន​ឡើង​១១​ពាន់​លាន​នាក់​នៅ​ឆ្នាំ​២១០០ ​ដូច្នេះការ​ធានា​ឱ្យ​មាន​អត្រា​ការងារ​ធ្វើ​សម្រាប់​ប្រជា​ពលរដ្ឋ​ដែល​កើន​ឡើង​ និង​ការ​បំពេញ​តាម​តម្រូវការ​បឋម​របស់​ពួក​គេ​ ព្រម​ទាំង​ការ​កាត់​បន្ថយ​វិសមភាព​នៅ​លើ​ពិភព​លោក​ ​នឹង​ជួប​បញ្ហា​ប្រឈម​ច្រើន។

លោក​ក៏​បាន​ឲ្យដឹ​ងដែរ​ថា​ ដើម្បីសម្រេច​បាន​នូវ​គោលដៅ​ថ្មី​នេះគឺ​ត្រូវ​មាន​ការ​ចូល​រួម​ពី​សំណាក់​ប្រជា​ពលរដ្ឋ​ និង​ពិភព​លោក​ទាំងមូល​ ដើម្បី​ធ្វើ​ឱ្យ​មាន​ការ​រួម​ចំណែក​ដែល​ចាប់​ផ្តើ​ម​ពី​ថ្នាក់​មូលដ្ឋាន ​រួម​នឹង​ការ​ផ្លាស់​ប្តូរ​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំងមូល៕

XS
SM
MD
LG