ចិនបានស្នើបង្កើនថវិកាសម្រាប់វិស័យការពារប្រទេសរបស់ខ្លួនចំនួន ៧,៥ ភាគរយសម្រាប់នៅឆ្នាំនេះ ដោយធ្លាក់ចុះពីចំនួន ៨,១ ភាគរយនៅឆ្នាំ២០១៨។
ក្រុមមន្រ្តីក្នុងទីក្រុងប៉េកាំង ត្រូវគេរំពឹងថា នឹងយកប្រាក់មកពីប្រភពនានា ដែលមិនមែនសម្រាប់វិស័យការពារប្រទេសនៅឆ្នាំនេះទៅពង្រឹងការត្រួតត្រាខាងយោធារបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូងដែលមានជម្លោះ បន្ទាប់ពីសំណើកាត់បន្ថយការចំណាយខាងការពារប្រទេសតាមផ្លូវការ។
ចិននឹងបង្កើនការចំណាយខាងវិស័យការពារប្រទេសចំនួន ៧,៥ភាគរយនៅឆ្នាំនេះ។ នេះតាមពង្រាងរបាយការណ៍ថវិកា ដែលបានបញ្ជូនទៅកាន់សម័យប្រជុំសមាជជាតិរបស់ប្រជាជនចិនកាលពីថ្ងៃអង្គារសប្តាហ៍មុន។ ការបង្កើននេះ នឹងធ្វើឲ្យការចំណាយឡើងទៅដល់ ១៧៧,៦ ពាន់លានដុល្លារ។ ថវិកាបានកើនឡើង ៨,១ ភាគរយកាលពីឆ្នាំទៅ។
ក្រុមអ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់ខាងនាវាចរណ៍ជឿថា ស្របទៅតាមការអនុវត្តកាលពីអតីតកាល រដ្ឋាភិបាលនឹងការពារ ហើយអាចពង្រីកវត្តមានយោធាដ៏ខ្លាំងរបស់ខ្លួនរួចទៅហើយនៅក្នុងសមុទ្រចិនខាងត្បូង ដោយការទាញយកប្រាក់ពីបណ្តាក្រសួងស៊ីវិលនិងក្រុមហ៊ុនឯកជនចិនទៀត។
ចិនបានទាមទារប្រហែល ៩០ភាគរយនៃសមុទ្រ ដែលមានទំហំ៣លាន៥សែនគីឡូម៉ែត្រការេ ដោយចាប់តាំងពីកោះហុងកុងទៅដល់កោះ Borneo។ ប្រទេសប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន កោះតៃវ៉ាន់ និងប្រទេសវៀតណាម ក៏បានទាមទារសមុទ្រដូចគ្នាទាំងអស់ ឬមួយផ្នែកដែរ។
ការប្រើប្រាស់នាវានិងយន្តហោះចំបាំងរបស់ចិននៅក្នុងផ្ទៃទឹកមានការប្រទាញប្រទង់គ្នា បានធ្វើឲ្យប្រទេសទាមទារផ្សេងទៀតមានការខឹងសម្បារចាប់តាំងពីឆ្នាំ២០១០ ដែលបណ្តាលឲ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបញ្ជូននាវារបស់ខ្លួនទៅកាន់សមុទ្រនោះដើម្បីរារាំង។
លោក Oh Ei Sun ជាអ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានកិច្ចការអន្តរជាតិនៃប្រទេសសិង្ហបុរី បាននិយាយថា៖ «ការវាតទីរបស់របស់ចិននៅក្នុងសមុទ្រចិនខាងត្បូងជា ការខំប្រឹងប្រែងយ៉ាងខ្លាំងមួយ។ ការវាតទីនេះទាក់ទិននឹងវិស័យយោធា ក៏ប៉ុន្តែ វាក៏ពាក់ព័ន្ធនឹងផ្នែកឯកជនផងដែរ។ ដូច្នេះអ្នកអាចមើលឃើញការធ្លាក់ចុះក្នុងសកម្មភាពយោធា និងប្រហែលក្នុងការពង្រីកទីតាំងយោធាទៀតផង ក៏ប៉ុន្តែ ការប្រឹងប្រែងដើម្បីទាមទារផ្នែកដ៏ធំមួយនៃសមុទ្រចិនខាងត្បូងដើម្បីធ្វើជារបស់ខ្លួនឯង ខ្ញុំគិតថា វានឹងនៅបន្ត»។
ចិនយោងដល់ការប្រើកំណត់ត្រាប្រវត្តិសាស្រ្តដើម្បីទាមទារអធិបតេយ្យភាពសមុទ្រចិនខាងត្បូង ដែលរួមបញ្ចូលទាំងជម្រុកត្រីនិងឥន្ធនៈផូស៊ីល។ ក្រុមអ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់ និយាយថា នាវារបស់កងទ័ពប្រជាជនចិន បានធ្វើការត្រួតត្រាសមុទ្រនោះជាអាទិភាពនៅពេល ដែលចំនួននាវាបានកើនឡើងពី៥១២គ្រឿងនៅឆ្នាំ២០១២ ទៅដល់ចំនួន៧១៤គ្រឿងនៅពេលឥឡូវនេះ។
ហើយនាវាចិនបានទទួលការជួយឧបត្ថម្ភរួចហើយ។ ក្រុមហ៊ុនខួងប្រេង CNOOC ដែលកាន់កាប់ដោយរដ្ឋចិន បានការពារការអះអាងរបស់ចិនដោយការខួងប្រេងនៅផ្ទៃទឹកមានជម្លោះជាមួយវៀតណាម ហើយក្រុមហ៊ុនឯកជនដែលមានទីតាំងក្នុងប្រទេសចិន បានទាមទារទឹកដីនោះឡើងវិញដើម្បីជួយរដ្ឋាភិបាលបោះទីតាំងនៅលើប្រជុំកោះតូចៗ ដែលគ្មានមនុស្សរស់នៅ។
កាលពី២ឆ្នាំមុន វិទ្យាស្ថាន Acoustics នៃបណ្ឌិតសភាវិទ្យាសាស្រ្តចិន និងសាកលវិទ្យាល័យ Tongji ក្នុងទីក្រុងសៀងហៃ បានប្រាប់ឲ្យដឹងថា ពួកគេនឹងស្ថាបនា «បណ្តាញសង្កេតការរយៈពេលយូរ» ដែលរាយការណ៍ពីសមុទ្រចិនខាងត្បូង និងសមុទ្រចិនខាងកើត។
ក្រុមអ្នកវិភាគ បាននិយាយកាលពីឆ្នាំ២០១៧ថា ក្រុមហ៊ុន CNOOC និងរដ្ឋបាលចាត់ចែងការរំជួយផែនដីរបស់ចិន ក៏ជាផ្នែកមួយនៃការពិភាក្សាអំពីបណ្តាញនេះ ដែលត្រូវធ្វើការចែករំលែកទិន្នន័យជាមួយប្រទេសផ្សេងទៀត។ គម្រោងនេះនឹងទ្រទ្រង់មូលដ្ឋានខាងផ្លូវច្បាប់សម្រាប់ការទាមទារផ្ទៃទឹកចិន។
លោក Stephen Nagy ជាសាស្ត្រាចារ្យជំនួយជើងចាស់ខាងការសិក្សានយោបាយនិងអន្តរជាតិនៅឯសាកលវិទ្យាល័យអន្តរជាតិ Christian ក្នុងទីក្រុងតូក្យូបាននិយាយថា៖ «កងទ័ពរំដោះប្រជាជនចិន (PLA) ធ្វើពាណិជ្ជកម្មដែលទទួលប្រាក់ចំណូលដើម្បីទិញសំភារៈយោធាហើយប្រភពប្រាក់ចំណូលផ្សេងៗទៀត អាចមកពីក្រសួងវិទ្យាសាស្រ្តដែលពួកគេ អាចចូលរួមក្នុងការរុករកក្រោមលក្ខខណ្ឌនៃវិស័យការទូតវិទ្យាសាស្រ្ត»។
យោងតាមការសិក្សាដោយគម្រោងថាមពលចិននៅក្រោមមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្រ្តនិងអន្តរជាតិដែលមានទីតាំងនៅក្នុងសហរដ្ឋអាមេរិក៖ «គម្រោងហេដ្ឋារចនាសម្ព័ន្ធយោធាចិនជាច្រើន ត្រូវបានធ្វើឡើងដើម្បីប្រើប្រាស់សម្រាប់គោលបំណង២ ហើយបានទទួលថវិកាមកពីគណៈកម្មការមិនមែនសម្រាប់វិស័យការពារប្រទេសមូលដ្ឋាននិងជាតិ»។ ការសិក្សានោះឲ្យដឹងទៀតថា បណ្តាទីភ្នាក់ងារដែលមិនពាក់ព័ន្ធនឹងវិស័យការពារប្រទេស ត្រូវតែផ្គត់ផ្គង់ប្រាក់សម្រាប់ការជួយសង្គ្រោះមហន្តរាយចំពោះថវិកាសម្រាប់ការពារប្រទេស។
លោក Termsak Chalermpalanupap ជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានISEAS Yusof Ishak ក្នុងប្រទេសសិង្ហបុរី និយាយថា រដ្ឋាភិបាលចិនអាចលក់ប័ណ្ណរតនាគារសហរដ្ឋអាមេរិក ប្រសិនបើខ្លួនត្រូវការប្រាក់កាន់តែច្រើនឡើង។
លោក Denny Roy អ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់នៅអង្គការស្រាវជ្រាវ East-West ក្នុងទីក្រុងហូណូលូលូនៃរដ្ឋហាវ៉ៃ និយាយថា កងទ័ពរំដោះរបស់ប្រជាជនចិន (PLA) ក៏អាចពន្យាពេលឬកាត់បន្ថយការប្រឹងប្រែងនៅទីកន្លែងផ្សេងទៀតដើម្បីថែរក្សាល្បឿននៃការពង្រឹងតួនាទីរបស់ចិនក្នុងសមុទ្រចិនខាងត្បូង»។
លោក Chalermpalanupap បាននិយាយទៀតថា ការកាត់បន្ថយខាងយោធា ប្រហែលមានផលប៉ះពាល់តិចតួចនៅពេលឥឡូវនេះ ពីព្រោះនៅពេលនេះ មហិច្ឆិតានៃការស្ថាបនាកោះរបស់ចិន ក្នុងសមុទ្រចិនខាងត្បូង ត្រូវបានបញ្ចប់ហើយ លើកលែងតែការថែរក្សា។
លោក Chalermpalanupap បាននិយាយថា៖ «ខ្ញុំគិតថា សេដ្ឋកិច្ចរបស់ចិនទាំងមូល កំពុងធ្លាក់ចុះ ដូច្នេះ ខ្ញុំគិតថា ពួកគេត្រូវតែមានការប្រុងប្រយ័តកាន់តែខ្លាំងឡើងអំពីអ្វីដែលពួកគេនឹងចំណាយក្នុងវិស័យការពារប្រទេស។ ខ្ញុំគិតថា ចិនលែងមានអ្វីដែលខ្លួនត្រូវសាងសង់ទៀតហើយ។ ពួកគេមានអ្វីដែលពួកគេត្រូវការហើយ»។
លោក Nagy និយាយទៀតថា ចិនអាចកាន់កាប់ប្រជុំកោះតូចៗរបស់ខ្លួននៅពេលបច្ចុប្បន្ននេះ ដែលរួមមានប្រជុំកោះ Paracel ដែលជាកោះតូចៗចំនួន១៣០ និងកោះតូចៗចំនួន៧នៅប្រជុំកោះ Spratly ភាគច្រើនតាមរយៈការទូត ជាមួយរដ្ឋាភិបាលផ្សេងៗទៀតដែលប្រកួតប្រជែងអធិបតេយ្យភាពដែនសមុទ្រ៕
ប្រែសម្រួលដោយជឹង ប៉ូជីន