ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខណៈ​លោកស្រី Harris សំឡឹង​មើល​តំណែង​ប្រធានាធិបតី​ ប្រតិកម្ម​នៅ​ឥណ្ឌា​គឺ​ស្ងប់ស្ងាត់ ប៉ុន្តែ​ប្រកបដោយ​មោទនភាព


គ្រូបង្រៀន​សិល្បៈ លោក Prithviraj Kamble គូរ​រូប​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden និង​អនុប្រធានាធិបតី អ្នកស្រី Kamala Harris ​ក្នុង​ទីក្រុង Mumbai ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤។
គ្រូបង្រៀន​សិល្បៈ លោក Prithviraj Kamble គូរ​រូប​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden និង​អនុប្រធានាធិបតី អ្នកស្រី Kamala Harris ​ក្នុង​ទីក្រុង Mumbai ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤។

នៅ​ពេល​លោកស្រី Kamala Harris ស្បថចូល​កាន់តំណែង​ជា​អនុ​ប្រធានាធិបតី​នៅ​សហរដ្ឋ​អាមេរិក អ្នករស់នៅ​ក្នុង​ភូមិ​ដូនតា​ខាង​ម្តាយ​របស់​លោកស្រី​នៅ​ភាគ​ខាងត្បូង​ឥណ្ឌា​បាន​តាមដាន​ទស្សនា​ បាញ់​កាំជ្រួច លើក​រូបថត​របស់​លោកស្រី​និង​ជូនពរ​ឱ្យ​លោកស្រី​មាន​អាយុ​យ៉ឺនយូរ។

ប៉ុន្តែ​៤ឆ្នាំ​ក្រោយ​មក ខណៈ​លោកស្រី​ធ្វើ​យុទ្ធនាការ​ដើម្បី​ក្លាយ​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រធានាធិបតេយ្យ​បន្ទាប់​ពី​លោក​ប្រធានាធិបតី​ Joe Biden ​បាន​បញ្ចប់​យុទ្ធនាការ​របស់​លោក​នោះ ​ប្រតិកម្ម​នៅ​ទូទាំង​ប្រទេស បែរ​ជា​មាន​ភាព​ស្ងប់ស្ងាត់។ ខណៈ​អ្នក​រស់នៅ​រដ្ឋធានី New Delhi ​មួយ​ចំនួន​បង្ហាញ​មោទនភាព​ នៅពេល​ត្រូវបាន​សាកសួរ​អំពី​លោកស្រី​ Harris ​នាពេល​ថ្មីៗ​នេះ ​ប៉ុន្តែ​មនុស្សជាច្រើន​មិនដឹង​ថា​លោកស្រី​ជា​នរណា។

យ៉ាងហោច​ណាស់ វា​អាច​ឆ្លុះ​បញ្ចាំង​មួយ​ផ្នែក​ពី​របៀបដែល​លោកស្រី Harris ​ផ្តល់​តម្លៃ​ដល់​ប្រភព​កំណើត​របស់​លោកស្រី​កម្រិត​ណា​ដោយសារ​លោកស្រីជា​ជន​ស្បែកខ្មៅ​មួយរូប​ដែរ​ដោយ​ឪពុក​របស់​លោកស្រី​កើត​នៅ​ប្រទេស Jamaica នោះ ​។​

លោក Michael Kugelman ​នាយក​វិទ្យាស្ថាន​អាស៊ី​ខាងត្បូង​នៅ​មជ្ឈមណ្ឌល Wilson បាន​ថ្លែង​ថា៖​«លោកស្រី Harris ​មិន​បង្ហាញ​ខ្លួន​ជា​ពូជអំបូរ​មកពី​ឥណ្ឌា​នោះ​ទេ ​តែ​លោកស្រី​ជ្រើសរើស​បញ្ជាក់​ពី​ពូជអំបូរ​ពី​ប្រទេស Jamaica»។

លោក Michael Kugelman ថ្លែងថា ក្នុងនាម​ជា​អនុប្រធានាធិបតី​ លោកស្រី​បាន​ចែក​រំលែក​រឿងរ៉ាវ​ជាច្រើន​អំពី​ទំនាក់​ទំនង​របស់​លោកស្រី​ជាមួយ​ឥណ្ឌា​នៅ​ក្នុង​ព្រឹត្តិការណ៍​សំខាន់ៗ​នានា​ជាច្រើន​លើក​ ប៉ុន្តែ​គោលនយោបាយ​របស់​លោកស្រី​មាន​លក្ខណៈ​ក្នុង​ស្រុក​ច្រើន​ហើយ​មិនផ្តោត​ទៅលើ​ទំនាក់ទំនង​ជាមួយ​ឥណ្ឌា​នោះទេ។

កាលពី​ខែ​មិថុនា​ឆ្នាំមុន នៅពេល​នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក Narendra Modi ធ្វើទស្សនកិច្ច​ផ្លូវរដ្ឋ​ទៅកាន់​រដ្ឋធានី​វ៉ាស៊ីនតោន លោកស្រី Harris បាន​ថ្លែង​ទាំង​រំជួល​ចិត្ត​អំពី​ទំនាក់​ទំនង​របស់​លោកស្រី​ជាមួយ​នឹង​ប្រទេស​កំណើត​របស់ម្តាយ​លោកស្រី​គឺ​លោកស្រី Shyamala Gopalan ដែល​បានចែក​ឋាន​ទៅហើយ​នោះ។ លោកស្រី​បាន​លើក​កិត្តិយស​ជីតា​លោកស្រី​គឺលោក P.V. Gopalan ដែល​ជា​មន្ត្រី​រាជការ​មួយរូប ដែល​បាន​បង្រៀន​លោកស្រី​អំពី​និយមន័យ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​ ខណៈ​ពេល​ពួកគេ​ដើរ​កាន់ដៃ​គ្នា​នៅ​លើឆ្នេរ​នៅ​រដ្ឋ​កំណើត​របស់​លោកគឺ​រដ្ឋTamil Nadu។

លោកស្រី​បាន​ថ្លែងថា មេរៀន​ទាំងនេះ​ «ជាការ​ជំរុញ​ទឹកចិត្ត​របស់​ខ្ញុំ​លើក​ដំបូង​ឱ្យ​ចាប់​អារម្មណ៍​ទៅ​លើ​សេវា​សាធារណៈ​និង​បាននាំ​ផ្លូវ​ខ្ញុំ​តាំងពី​ពេល​នោះ​មក»។

លោកស្រី​ក៏​បាន​និយាយ​អំពី​ឥទ្ធិពល​របស់​ម្តាយ​លោកស្រី​និង​ដើមចម​ដែល​នាំ​ឱ្យ​លោកស្រី​ដឹង​ថា​ដឹងថា​លោកស្រី «ចូលចិត្ត​ពិសារ​នំ idli» ដែល​ពេល​នោះ​នាំ​ឱ្យ​មាន​ការ​ផ្ទុះ​សំណើច​ពី​ហ្វូងមនុស្ស​ពេល​លោកស្រី​លើកឡើង​ពី​ប្រភេទ​នំ​ដ៏​ពេញនិយម​នៅ​ភាគខាងត្បូង​ឥណ្ឌា។

លោក Sumanth Raman អ្នកអត្ថាធិប្បាយ​នយោបាយ​ម្នាក់​នៅ​រដ្ឋ Tamil Nadu បាន​ថ្លែង​ថា ​មាន​ការ​រំភើប​ចិត្ត​នៅពេល​លោកស្រី​ត្រូវបាន​តែងតាំង​ជា​បេក្ខជន​អនុ​ប្រធានាធិបតី​«ប៉ុន្តែ​ក្រោយ​មក ​មិនមាន​ការ​ត្រេកអរ​ខ្លាំង​ទៀតទេ»។

លោក Raman បាន​ថ្លែងថា តាំង​ពី​ថ្ងៃអាទិត្យ ទី២១ ខែកក្កដា នៅពេល​លោក Biden ដកខ្លួន​ចេញ​ពី​ការ​ប្រកួត​ហើយ​គាំទ្រ​លោកស្រី​ Harris ​លោកស្រី​មិនសូវ​ត្រូវ​បាន​លើកឡើង​ក្នុង​សេចក្តី​រាយការណ៍​ព័ត៌មាន​នៅ​ក្នុង​រដ្ឋ​នោះទេ។

លោកថ្លែងថា៖ «ព័ត៌មាន​ភាគច្រើនគឺ​អំពី​លោក Biden ដកខ្លួន​ចេញ​ពី​ការ​ឈរ​ឈ្មោះ។ នោះ​ជា​ព័ត៌មាន​ដែល​មាន​ការ​ចាប់​អារម្មណ៍»។

អ្នកវិភាគ​ជាច្រើន​ថ្លែង​ថា​លោកស្រី Harris​មិន​បាន​យក​អត្តសញ្ញាណ​ជា​ឥណ្ឌា​មក​ប្រើប្រាស់​ឲ្យ​បាន​ខ្លាំង​ក្លា​ទេ​ គឺ​បាន​ថ្លែង​យោង​ដល់​តែ​តិចតួច​ប៉ុណ្ណោះ។​ ​

សព្វថ្ងៃ ​លោកស្រី​នៅ​មាន​សាច់ញាតិ​មួយ​ចំនួននៅ​ប្រទេស​ឥណ្ឌា។ លោកស្រី​ធ្លាប់​ទៅ​ឥណ្ឌា​ពេល​លោកស្រី​នៅ​ក្មេង។ តាំងពី​ពេល​នោះ​មក លោកស្រី​មិនបាន​ធ្វើ​ដំណើរ​ទៅ​ឥណ្ឌា​ច្រើនទេគឺ​មិនដែល​ទៅ​ឥណ្ឌា​នោះទេ​តាំងពី​លោកស្រី​ក្លាយ​ជា​អនុប្រធានាធិបតី។ នេះ​អាច​ជា​ហេតុផល​មួយ​ទៀត​ដែល​ធ្វើ​ឱ្យ​បេក្ខភាព​របស់​លោកស្រី​មិន​មាន​ភាព​អធឹកអធម​នៅ​ទូទាំង​ប្រទេស​នៅ​ឡើយ។ ប៉ុន្តែ​ប្រសិនបើ​លោកស្រី Harris ក្លាយជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ នោះ​លោកស្រី​នឹង​ជា​ស្ត្រី​អាមេរិកាំង​ដើម​កំណើត​អាស៊ី​ខាងត្បូង​ដំបូង​ ហើយ​វា​ជា​សញ្ញា​បង្ហាញ​ពី​សមត្ថភាព​របស់​សហគមន៍​អន្តោប្រវេសន៍​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។ នេះ​បើ​តាម​ការ​ថ្លែង​របស់​លោក Kugelman។

លោក Kugelman ថ្លែង​បន្ថែមថា លោកស្រី​ Harris និង​អ្នកនយោបាយ​មួយ​ចំនួន​ផ្សេងទៀត​ដែល​មាន​ពូជ​អំបូរ​ពី​ឥណ្ឌា មាន​តាំងពី​លោកស្រី Nikki Haley លោក Vivek Ramaswamy ដល់​លោកស្រី Usha Vance បាន​តំណាង​ឱ្យ​ជាតិសាសន៍​ពួកគេ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ ហើយ​ការ​ឈាន​ឡើង​របស់​អ្នកទាំង​នោះ​បាន​ធ្វើ​ឲ្យ​ឥណ្ឌា​កាន់​តែ​លេចធ្លោ​ បន្ថែម​លើកិត្តិនាមអំពីភាព​យន្ត Bollywood ​និង​ម្ហូប​ឥណ្ឌា។

ប៉ុន្តែ​ផល​ប៉ះពាល់​នៃ​បេក្ខភាព​របស់​លោកស្រី Harris ទៅ​លើ​នយោបាយ​អាមេរិក​និង​សហគមន៍​ឥណ្ឌា​អាមេរិកាំង​នឹង​មាន​ភាព​ខ្លាំងក្លា​ជាង​ទៅលើ​ទំនាក់​ទំនង​រវាង​ឥណ្ឌា​និង​អាមេរិក។ នេះ​បើយោង​តាម​អ្នក​ជំនាញ។

លោក Happymon Jacob សាស្ត្រាចារ្យ​ផ្នែក​ការទូតនៅ​សាកលវិទ្យាល័យ Jawaharlal ​Nehru ​បាន​ថ្លែង​ថា៖​«នៅពេល​ជនជាតិ​ឥណ្ឌា​មើល​ទៅ​លោកស្រី Kamala Harris ពួកគេ​មើល​ទៅ​ឃើញ​លោកស្រី​ជា​មន្ត្រី​អាមេរិកាំង​ច្រើនជាង​អ្នក​ដែល​មាន​ពូជអំបូរ​ពី​ឥណ្ឌា»។​

លោក​បាន​ថ្លែង​ថា ការណ៍ដែល​លោកស្រី​ជា​អនុប្រធានាធិបតី​មិនមាន​ឥទ្ធិពល​អ្វី​ច្រើន​លើ​ទំនាក់ទំនង​រវាង​ឥណ្ឌា​និង​អាមេរិក​នោះទេ ដែល​ត្រូវបាន​គេ​រំពឹងថា​ការព្រួយបារម្ភ​រួម​គ្នា​នឹង​កើនឡើង​ពាក់ព័ន្ធ​នឹង​បញ្ហា​ចិន​ មិនថា​នរណា​ឈ្នះ​ការ​បោះឆ្នោត​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នោះទេ។​

ឧទាហរណ៍​លោក Modi ត្រូវបាន​ទទួល​ស្វាគមន៍​យ៉ាង​មហោឡារិក​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​កាលពី​ឆ្នាំមុន​ដោយ​លោក Biden។ មេដឹកនាំ​ទាំងពីរ​បាន​បញ្ជាក់​ថា​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំងពីរ​បាន​រីកលូតលាស់។ ប៉ុន្តែ​មេដឹកនាំ​ឥណ្ឌា​រូបនេះ​ក៏​ជិតស្និទ្ធ​ជាមួយ​អតីត​ប្រធានាធិបតី​លោក Donald Trump ផង​ដែរ​ ដែល​លោក​ត្រូវ​បាន​ទទួល​ស្វាគមន៍​យ៉ាង​អធឹកអធម​ ពេល​លោក​ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​ឥណ្ឌា​កាលពី​ឆ្នាំ២០២០ ​ខណៈ​មនុស្ស​ជាង១សែន​នាក់​បាន​ប្រមូលផ្តុំគ្នា​នៅ​កីឡដ្ឋាន cricket ​ដើម្បី​ទៅមើលលោក។

លោក Jacob បាន​ថ្លែង​បន្ថែម​ថា៖ «ដូច្នេះ​ខ្ញុំគិតថា​មានការ​ផ្ទៀងផ្ទាត់​ពី​ភាព​ជាក់ស្តែង​នៅ​ឥណ្ឌា​ថា​ទាំងនេះ​មិនសំខាន់​នោះទេ»។​

បើទោះបីជា​បេក្ខភាព​លោកស្រី Harris ទំនង​មិនប៉ះពាល់​លើ​គោលនយោបាយ​ឥណ្ឌា​ឬ​ក្នុង​ន័យ​នយោបាយ​ភូមិសាស្ត្រ​ក្តី សម្រាប់​លោក​សាស្ត្រាចារ្យ Shivaji Shinde វា​នៅ​តែ​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​និង​ដ៏​មាន​អត្ថន័យ​សម្រាប់​ប្រទេស​ជាតិ។

សហរដ្ឋ​អាមេរិក​គឺជា​ប្រទេស​ដែល​មាន​អំណាច​ខ្លាំង​បំផុត​នៅ​លើពិភពលោក។ បើ​អាមេរិក​ជ្រើសរើស​អ្នកដែល​មាន​ជាតិសាសន៍​ឥណ្ឌា​ជា​ប្រធានាធិបតី នោះវា​ជារឿង​ធំខ្លំាងមួយ​សម្រាប់​ឥណ្ឌា​ ហើយ​ពលរដ្ឋ​ឥណ្ឌា​គ្រប់រូប​នឹង​មាន​មោទនភាព​ខ្លាំង។ នេះ​បើតាម​ការ​ថ្លែងរបស់​លោក Shinde នៅ​ទីក្រុង New Delhi កាលពី​ថ្ងៃទី២៣ ខែកក្កដា។

ព័ត៌មាន​នោះ​ក៏​លេចឮ​ដល់​ភូមិ Thulasendrapuram ទីដែល​ក្រុមគ្រួសារ​របស់​លោកស្រី​ Harris ​ធ្លាប់​រស់​នៅ​ផងដែរ។

លោក Sudhakar Jayaraman អ្នកភូមិ​មួយ​រូប​ថ្លែង​ថា៖​«យើង​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ដែល​ដឹង​ថា​ មាន​អ្នកដែល​មាន​ដូនតា​នៅ​ភូមិយើង​អាច​ក្លាយ​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក»។​

លោក​បាន​ថ្លែងថា ពួកអ្នកភូមិ​បាន​ធ្វើការ​បន់ស្រន់​នៅ​តាម​វិហារ​ក្នុង​ស្រុក ដែល​លោកស្រី Harris និង​ជីតា​ធ្លាប់​ធ្វើការ​បរិច្ចាគ​ បន្ទាប់​ពី​ពួកគេ​បាន​ឮ​ព័ត៌មាន​នោះ។

លោកJayaraman បាន​ថ្លែង​បន្ថែម​ថា៖«សម្រាប់អ្នក​ដែល​មាន​ពូជ​អំបូរ​ឥណ្ឌា​ហើយ​មានឬសគល់ ​Tamil ​ដែល​បាន​ឡើង​ដល់​តំណែង​ខ្ពស់​យ៉ាង​នេះ វាធ្វើ​ឱ្យ​យើង​ទាំងអស់គ្នា​មាន​មោទនភាព​ខ្លាំងណាស់»៕

ប្រែសម្រួល​ដោយ​អ្នកនាង ស្រេង លក្ខិណា

XS
SM
MD
LG