ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រោយ​ជំនួប​កំពូល​ក្នុង​ទីក្រុង​ហាណូយ​មិន​បាន​ជោគជ័យ ​ប្រធានា​ធិបតី​ត្រាំបញ្ជូន​សារ​ទៅ​កាន់​ឲ្យ​រដ្ឋាភិបាល​ចិន


រូបឯកសារ៖ ប្រធានាធិបតី​ ត្រាំ ក្នុង​កិច្ច​ប្រជុំ​ជាមួយ​ឧប​នាយក​រដ្ឋ​មន្ត្រី​ចិន Liu He នៅសេត​វិមាន​ ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃទី​៣១ មករា ២០១៩។
រូបឯកសារ៖ ប្រធានាធិបតី​ ត្រាំ ក្នុង​កិច្ច​ប្រជុំ​ជាមួយ​ឧប​នាយក​រដ្ឋ​មន្ត្រី​ចិន Liu He នៅសេត​វិមាន​ ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃទី​៣១ មករា ២០១៩។

​លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​ដូណាល់ ​ត្រាំ បាន​ព្រមាន​ថា ​រដ្ឋាភិ​បាល​ក្រុង​វ៉ាស៊ីនតោន​អាច​ដើរ​ចេញ​ពី​ការ​ចុះ​កិច្ច​ព្រម​ព្រៀង​ជាមួយ​ចិន​ ដូច​អ្វី​ដែល​លោក​បានធ្វើ​ជាមួយ​កូរ៉េ​ខាង​ជើង ប្រសិន​បើ​កិច្ច​​ព្រម​ព្រៀង​នោះមិន​ល្អ។

នៅ​ពេល​ដែល​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​ដូណាល់ ​ត្រាំ បាន​ពិភាក្សា​អំ​ពីការ​សម្រេច​របស់​លោក​ដើរ​ចេញ​ពីលទ្ធភាព​នៃ​កិច្ច​ព្រម​ព្រៀង​ជាប្រវត្តិ​សាស្រ្ត​ជាមួយ​ប្រទេស​កូរ៉េ​ខាង​ជើង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​លោក​បាន​ព្រមាន​ថា ​រដ្ឋាភិ​បាល​ក្រុង​វ៉ាស៊ីនតោន​អាច​ធ្វើ​ដូច​គ្នា​ជាមួយ​រដ្ឋាភិបាល​ក្រុងប៉េកាំង ប្រសិន​បើ​កិច្ចព្រម​ព្រៀង​នោះមិន​ល្អ។

ចិន​និង​សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា ​ពួក​គេ​កំពុង​ធ្វើ​ឲ្យ​មាន​ការ​ជឿន​លឿន​ពិត​ប្រាកដ​នៅ​ក្នុង​ការ​ខំ​ប្រឹង​ប្រែង​របស់​ខ្លួន​ដើម្បី​ដោះ​ស្រាយ​ការ​ខ្វែង​គំនិត​គ្នា​យ៉ាង​ខ្លាំង​អំពី​បញ្ហា​ពាណិជ្ជកម្ម។ កាល​ពី​សប្តាហ៍​មុន ​ការ​ចរចា​ដែល​ត្រូវ​បាន​គេ​សន្មត់​ថា ​បញ្ចប់​នៅ​ថ្ងៃ​សុក្រ ​បាន​បន្ត​រហូត​ដល់​ថ្ងៃ​អាទិត្យ ហើយ​ប្រធានា​ធិបតីត្រាំ ​បាន​យល់​ព្រម​ពន្យារ​ពេល​ការ​យក​ពន្ធ​គយ​បន្ថែម​លើ​ទំនិញរបស់​ចិន​ដែល​មាន​តម្លៃ​២០០​ពាន់​លាន​ដុល្លារ ​ជា​ពេល​កំណត់​ដែល​កាល​ពី​ដំបូង​ត្រូវ​បាន​កំណត់​នៅ​ថ្ងៃ​សុក្រ។

មន្រ្តី​និយាយ​ថា ភាគី​ទាំងពីរកំពុង​ខិត​ខំ​ធ្វើការ​ ហើយ​និង​ធ្វើ​ផែនការ​សម្រាប់​ប្រធានា​ធិបតី​ ត្រាំ​ ដើម្បី​អញ្ជើញ​លោក​ ស៊ី ជីង​ពីង​ ប្រធានា​ធិបតី​ចិនជួប​គ្នា​នៅ​ឯ​គេហដ្ឋាន​របស់​លោក​នៅ​កន្លែង​លំហែកាយ ​Mar-a-Lago​ នៅ​ខែ​មីនា។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ មាន​ការ​ព្រួយ​កង្វល់​ដែរ​ថា មេដឹកនាំ​ទាំង​២ប្រ​ហែល​មិន​អាច​កាត់​បន្ថយ​ការ​ខ្វែង​គំនិត​របស់​ខ្លួន​អំពីអ្វី​ដែល​ចិន​ត្រូវ​ធ្វើ​ដើម្បី​បើក​ចំហរ​សេដ្ឋកិច្ច​របស់​ខ្លួន​នោះ។

នេះ​ជា​ការ​បង្ហាញ​ចេញ​ពី​កំណត់​សម្គាល់​របស់​ប្រធានា​ធិបតី​ ត្រាំ ​ក្នុង​អំឡុង​នៃ​សន្និសីទ​កាសែត​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ក្នុង​ទីក្រុង​ហាណូយ។ បន្ទាប់​ពី​ការផ្លាស់ប្តូរ​គម្រោង​ភ្លាមៗ​ដែល​កាល​ពី​ដំបូង​ត្រូវ​គេ​រំពឹងនឹង​បញ្ចប់​ដោយ​មានពិធី​ចុះ​ហត្ថ​លេខា​នោះ​ លោក​ប្រធា​នាធិបតី​និយាយ​ថា ការ​ចរចា​ភាគ​ច្រើន​ជាមួយ​កូរ៉េ​ខាង​ជើងក្នុង​ប្រទេស​វៀត​ណាម ​ក៏ដូច​ជាការ​ចរចា​ពាណិជ្ជកម្ម​ជា​មួយ​ចិន ​អាច​ធ្វើ​របៀប​គ្នា​នេះ​ដែរ។

ប្រធានា​ធិបតី​ ត្រាំ ​បាន​និយាយ​ថា៖ «បើ​និយាយ​ពីចិន​វិញ ​យើង​កំពុង​ដោះ​ស្រាយ​ឲ្យ​ដល់​គោល​ដៅ​ពិសេសរបស់​យើង ​ក៏ប៉ុន្តែ ​យើង​នឹង​ឃើញ។ ខ្ញុំ​ជានិច្ច​កាល ​បាន​ប្រុង​ប្រៀប​ដើរ​ចេញ។​ ខ្ញុំ​មិន​ដែល​ខ្លាច​ដើរ​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​នោះ​ទេ ហើយ​ខ្ញុំនឹង​ធ្វើ​អញ្ចឹង​ដែរ​ជាមួយ​ចិន ​ប្រសិន​បើ​ជំនួប​នោះ​មិន​មាន​ដំណើរ​ការ»។

ក្នុង​កំណត់​សម្គាល់​ទៅ​កាន់អ្នក​យក​ព័ត៌មាន ​ប្រធានា​ធិបតី​ ត្រាំ ​បាន​សង្កត់​ពី​តួនាទី​ដែល​លោក​បាន​និយាយ​ថា ចិន​បាន​ដើរ​តួនាទី​ក្នុងការ​ជួយ​ធ្វើឲ្យ​ជឿន​លឿន​ដល់​ការ​គ្មាន​អាវុធ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​ ប្រសិន​បើ​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​ទម្លាក់​ចោល​មហិច្ឆិតា​នុយក្លេអ៊ែរ​របស់​ខ្លួន​ ហើយទទួល​យក​ការអភិវឌ្ឍ​សេដ្ឋ​កិច្ច។​ លោក​ប្រធានា​ធិបតី​ ត្រាំ ​បាន​និយាយ​ទៀត​ថា​ បញ្ហា​ចិន​ក៏បាន​ត្រូវ​ពិភាក្សា​ក្នុង​អំឡុង​នៃ​ជំនួប​នោះ​ដែរ។

ប្រធានាធិបតី​ ត្រាំ ​បាន​និយាយ​ថា៖ ​«យើង​បាន​ពិភាក្សា​ពី​បញ្ហា​ប្រទេស​ចិន​នៅ​ថ្ងៃ​នេះ។ លោក​ គីម មាន​ទំនាក់​ទំនង​ដ៏​ល្អ​ជាមួយ​ចិន ហើយ​យើង​ក៏​មាន​ទំនាក់​ទំនង​ល្អ​ដែរ»។

ប្រធានា​ធិបតី​ ត្រាំ មិន​បាន​និយាយ​ថា អ្វី​ដែល​លោក​បាន​ពិភាក្សា​ជាក់​លាក់​នោះ​ទេ។ លោក​បាន​និយាយ​ទៀត​ថា ចិន​បាន​ផ្តល់​ការ​គាំទ្រ​ខាង​សេដ្ឋ​កិច្ច​ដ៏​សម្បើម​ដល់​កូរ៉េខាង​ជើង ​ក៏ប៉ុន្តែ​ប្រធានា​ធិបតី ​ត្រាំ ​បាន​បន្ថែម​ទៀត​ថា ​កូរ៉េ​ខាង​ជើងធ្វើ​សេចក្តី​សម្រេច​ដោយ​ខ្លួន​ឯង​ហើយ​មិន​ទទួល​បញ្ជា​មក​ពី​នរណា​ទេ។

ការ​ខ្វែង​គំនិត​ភាគ​ច្រើន​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​មាន​ជាមួយ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ គឺ​វិធានការ​អ្វី​ដែល​ត្រូវ​ធ្វើ​មុន​ការដាក់​ទណ្ឌកម្ម​ត្រូវ​ដក​ចេញ។​ មា​ន​ការ​ព្រួយ​កង្វល់​ថា ​មេដឹក​នាំ​ចិន​មិន​មាន​ឆន្ទៈ​គ្រប់គ្រាន់​នៅ​ក្នុង​ការឆ្លើយ​តប​ទៅ​នឹង​ការ​ទាម​ទារ​របស់​សហរដ្ឋ​អាមេរិក​ដើម្បី​ធ្វើ​កំណែ​ទម្រង់​រចនាសម្ព័ន្ធ ​ដូច​ជា​ការ​បញ្ចប់​ការ​ជួយ​ឧបត្ថម្ភ​ថវិកា​របស់​រដ្ឋ​ដល់​ក្រុមហ៊ុន​ចិន ​ការ​ផ្ទេរ​បច្ចេក​វិទ្យា​ដោយ​ការ​បង្ខំ​និង​ឧបសគ្គ​ដល់​ការ​ចូល​ទីផ្សារ​របស់​ចិន។

លោក​ Liao Qun​ ប្រធាន​សេដ្ឋ​វិទូ​នៅ​ធនាគារ​អន្តរជាតិ CITIC បាន​និយាយ​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ទំនង​ទទួល​យក​កំណត់​សម្គាល់​របស់​ប្រធានា​ធិបតី​ត្រាំ​ដោយ​មិន​ប្រតិកម្ម​ខ្លាំង។ លោក​និយាយ​ទៀត​ថា ​ចិន​ស៊ាំ​និង​យុទ្ធវិធី​របស់​លោក។ លោក​ Liao ​បាន​និយា​យ​បន្ថែម​ទៀត​ថា ​កំណត់​សម្គាល់​របស់​ប្រធានា​ធិបតី​ ត្រាំ ​មាន​ន័យថា ​កិច្ច​ព្រម​ព្រៀង​នោះ​មិន​ទាន់​សម្រេច​១០០​ភាគ​រយ​ទេ។

លោក​ Liao ​បាន​និយាយ​ទៀត​ថា៖ «ដូចជា​លោក ​ត្រាំ ​បាន​និយាយ ​អាច​ថានឹង​មិន​មានកិច្ច​ព្រម​ព្រៀង។​ ដូច្នេះ កុំ​មាន​សុទិដ្ឋិនិយម​ខ្លាំង​ពេក ​ហើយ​កុំ​ធ្វេស​ប្រហែស។ អ្នក​ខ្លះ​អាច​មាន​សុទិដ្ឋិ​និ​យមច្រើន​ហួស​ បន្ទាប់​ពី​ការ​ចរចា​កាល​ពី​សប្តាហ៍​មុន ​ការ​ពន្យារ​ពេល​នៃ​កាល​បរិច្ឆេទ​ និង​ការ​លើក​ឡើង​របស់​លោក​ត្រាំ​ ពី​លទ្ធភាព​នៃ​ជំនួប​ជាមួយ​ប្រធានា​ធិបតី​ចិន ​លោក​ ស៊ី ជីង​ពីង។

លោក ​Liao​ និយាយ​ថា៖ «ជា​ទូទៅ ខ្ញុំ​គិត​ថា ប្រទេស​ទាំង​ពីរ​កំពុងបោះ​ជំហាន​ឆ្ពោះ​ទៅ​កាន់​ទិស​ដៅ​វិជ្ជមាន​មួយ»។ លោក​និយាយ​ទៀត​ថា ការណ៍​នេះ​ក៏​ហាក់​ដូចជា​ពួក​មន្រ្តី​សហរដ្ឋ​អាមេរិក​កំពុង​ព្យាយាម​បន្ថយ​មនោ​សញ្ចេតនា​ និង​ក្តី​សង្ឃឹម។

លោក​ Robert Lighthizer​ ជា​អ្នក​ចរចា​កំពូល​របស់​ប្រធានា​ធិបតី​ត្រាំ ​និង​ជា​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​បាន​ប្រាប់​សភា​អាមេរិក​កាល​ពី​ថ្ងៃ​ពុធ​ថា ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ថ្មី​ជាមួយ​ចិន ​មិន​បាន​ខិត​ជិត​ទៅ​នឹង​ការ​បញ្ចប់​ទេ។

លោក​ Lighthizer ​បាន​និយាយ​ថា៖ «ប្រសិន​បើ​យើង​អាច​បញ្ចប់​ការ​ខំ​ប្រឹង​ប្រែង​នេះ ​ហើយ​ជា​ថ្មី​ម្តង​ទៀត ខ្ញុំ​និយាយ​ថា​ ប្រសិន​បើ​យើង​អាច​ឈោង​ដល់​សេចក្តី​សម្រេច​មួយ​លើ​បញ្ហា​នៃ​លទ្ធភាព​នៃ​ការ​ប្រតិបត្តិ ​យើង​អាច​មាន​កិច្ច​ព្រម​ព្រៀង​មួយ​ដែល​អាច​ធ្វើ​ឲ្យ​យើង​មាន​ទំនាក់​ទំនង​កាន់​តែ​ប្រសើរ​ឡើង​ជាមួយ​ចិន៕

ប្រែសម្រួល​ដោយជឹង ប៉ូជីន

XS
SM
MD
LG