ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កិច្ច​ប្រជុំ​រវាង​លោក Trump និង​លោក Kim Jong Un បញ្ចប់​ទៅ​ដោយ​គ្មាន​កិច្ច​ព្រមព្រៀង


មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un និងប្រធានាធិបតីអាមេរិកលោក Donald Trump ដើរជាមួយគ្នាអំឡុងពេលជំនួបនៅក្រុងហាណូយ ប្រទេសវៀតណាម។ 
មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un និងប្រធានាធិបតីអាមេរិកលោក Donald Trump ដើរជាមួយគ្នាអំឡុងពេលជំនួបនៅក្រុងហាណូយ ប្រទេសវៀតណាម។ 

លោក Trump បាន​និយាយ​ថា លោក​ទាំង​ពីរ​បាន​ពិភាក្សា​អំពី​ការ​កម្ទេច​ចោល​កន្លែង​ផលិត​អាវុធ​នុយក្លេអ៊ែរ Yongbyon ហើយ​លោក Kim Jong Un បាន​សន្យា​ជាមួយ​លោក​ថា ប្រទេស​កូរ៉េ​ខាង​ជើង​នឹង​មិន​ធ្វើ​ការ​សាកល្បង​គ្រាប់​រ៉ុកកែត គ្រាប់​មីស៊ីល ឬ​ក៏​អាវុធ​នុយក្លេអ៊ែរ​ណា​មួយ​នោះ​ទេ។

ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​និយាយ​ថា ជំនួប​របស់​លោក​ជាមួយ​នឹង​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​បញ្ចប់​ទៅ​ដោយ​មិន​សម្រេច​បាន​នូវ​កិច្ច​ព្រមព្រៀង​ណា​មួយ​នោះ​ទេ ដោយសារតែ​មាន​ការ​ខ្វែង​គំនិត​គ្នា​រឿង​ការ​ដក​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក។

លោក Trump បាន​ប្រាប់​អ្នក​កាសែត​នៅ​ឯ​សន្និសីទ​ព័ត៌មាន​ក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ថា៖ «ប្រទេស​កូរ៉េ​ខាង​ជើង​ចង់​ឲ្យ​សហរដ្ឋ​អាមេរិក​ដក​ទណ្ឌកម្ម​ទាំង​អស់​ចេញ ប៉ុន្តែ យើង​មិន​អាច​ធ្វើ​ដូច្នេះ​ទេ។ កូរ៉េ​ខាង​ជើង​មាន​ឆន្ទៈ​លុប​បំបាត់​តំបន់​ផលិត​អាវុធ​នុយក្លេអ៊ែរ​មួយ​ផ្នែក​ធំ​ដែល​ពួក​យើង​ចង់​បាន ប៉ុន្តែ​ពួក​យើង​នឹង​មិន​លះបង់​ការ​ដាក់​ទណ្ឌកម្ម​ទាំង​អស់​នោះ​ទេ»។

លោក Trump បាន​និយាយ​ថា លោក​ទាំង​ពីរ​បាន​ពិភាក្សា​អំពី​ការ​កម្ទេច​ចោល​កន្លែង​ផលិត​អាវុធ​នុយក្លេអ៊ែរ Yongbyon ហើយ​លោក Kim Jong Un បាន​សន្យា​ជាមួយ​លោក​ថា ប្រទេស​កូរ៉េ​ខាង​ជើង​នឹង​មិន​ធ្វើ​ការ​សាកល្បង​គ្រាប់​រ៉ុកកែត គ្រាប់​មីស៊ីល ឬ​ក៏​អាវុធ​នុយក្លេអ៊ែរ​ណា​មួយ​នោះ​ទេ។

ការ​ប្រជុំ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​បញ្ចប់​មុន​ពេល​កំណត់ ដោយ​លោក Trump និង​លោក Kim Jong Un មិន​បាន​ពិសា​អាហារ​ថ្ងៃ​ត្រង់​ជាមួយ​គ្នា និង​មិន​បាន​ចូលរួម​ក្នុង​ពិធី​ចុះ​ហត្ថលេខា​អ្វី​នោះ​ទេ។

លោក Trump បាន​ហៅ​ការ​ពិភាក្សា​នោះ​ថា «ប្រកប​ដោយ​ផ្លែផ្កា» និង​បាន​និយាយ​ថា លោក​គិត​ថា ភាគី​ទាំង​ពីរ​នៅ​ទី​បំផុត​នឹង​សម្រេច​បាន​នូវ​កិច្ច​ព្រមព្រៀង​មួយ​ជាក់​ជា​មិន​ខាន​ពាក់ព័ន្ធ​នឹង​ការ​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​កូរ៉េ​ខាង​ជើង ដោយ​គ្រាន់តែ​ត្រូវការ​ពេលវេលា​បន្ថែម​តែ​ប៉ុណ្ណោះ។ លោក​បាន​បន្ថែម​ថា ជំនួប​លើក​ទី ៣ មិន​ទាន់​សម្រេច​ធ្វើ​ឡើង​នៅ​ឡើយ​ទេ។

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Mike Pompeo បញ្ជាក់​ថា លោក​សង្ឃឹម​ថា ការ​ពិភាក្សា​លើក​ទី ៣ រវាង​ប្រទេស​ទាំង​ពីរ​នឹង​ធ្វើ​ឡើង​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

នៅ​ក្នុង​អំឡុង​ពេល​ពិភាក្សា​នេះ ទាំង​លោក Trump និង​ទាំង​លោក Kim Jong Un សុទ្ធតែ​បាន​បង្ហាញ​ពី​ទស្សនៈ​អំពី​លទ្ធភាព​ដែល​ប្រទេស​កូរ៉េ​ខាង​ជើង​អាច​អនុញ្ញាត​ឲ្យ​សហរដ្ឋ​អាមេរិក​បើក​ការិយាល័យ​របស់​ខ្លួន​នៅ​ក្នុង​រដ្ឋធានី​ព្យុងយ៉ាង៕

XS
SM
MD
LG