ទោះណាជាកិច្ចចរចារវាងលោកប្រធានាធិបតីស.រ.អា. ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ក្នុងប្រទេសវៀតណាមបានរលំក្នុងសប្តាហ៍នេះក៏ដោយក៏លោក ត្រាំ ហាក់ដូចជាគ្មានទោមនស្សចំពោះលោក គីម ទេ ដោយលោកប្រធានាធិបតីបានហៅលោក គីម ថាជាមេដឹកនាំពិតប្រាកដម្នាក់។
នៅក្នុងសេចក្តីសម្ភាសន៍មួយតាមទូរទស្សន៍ថតនៅក្នុងក្រុងហាណូយជាមួយលោក Sean Hannity នៃបណ្តាញទូរទស្សន៍ Fox News ដែលបានផ្សាយកាលពីយប់ថ្ងៃព្រហស្បតិ៍ លោក ត្រាំ បានពណ៌នាលោក គីម ថា«ឆ្លាត»ហើយ«ឆាប់ប្រែប្រួល»។
លោក ត្រាំ ក៏បាននិយាយដែរថា លោកចូលចិត្តលោក គីម ហើយលោក គីមក៏ចូលចិត្តលោកប្រធានាធិបតីដែរ។ លោកបាននិយាយថា៖ «មានមនុស្សខ្លះនិយាយថា អូ! លោកមិនគួរចូលចិត្តគាត់ទេ ខ្ញុំនិយាយថាហេតុដូចម្តេចបានជាខ្ញុំមិនគួរចូលចិត្តគាត់?» លោកប្រធានាធិបតីបាននិយាយថាលោកនិងលោក គីម «ទាក់ទងគ្នាបានល្អ»។
គេបានរៀបចំតុមួយសម្រាប់ការពិសារអាហារថ្ងៃត្រង់អបអរសាទរនៅឯសណ្ឋាគារ Metropole ហើយក៏មានការគ្រោងពិធីមួយដែរសម្រាប់ឱ្យលោក ត្រាំ និងលោក គីម ចុះហត្ថលេខាលើកិច្ចព្រមព្រៀងនានា។ ក៏ប៉ុន្តែព្រឹត្តិការណ៍ទាំងពីរនេះបានត្រូវលុបចោលដោយប្រញ៉ាប់ប្រញ៉ាល់នៅមុនពេលថ្ងៃត្រង់កាលពីថ្ងៃព្រហស្បតិ៍ដែលនាំឱ្យមានការបញ្ចប់មុនពេលកំណត់នៃជំនួបកំពូលលើកទីពីរដោយមេដឹកនាំនៃប្រទេសទាំងពីរនេះ។
លោក ត្រាំ បាននិយាយនៅក្នុងសន្និសីទកាសែតមួយមុនពេលលោកចាកចេញពីក្រុងហាណូយថា៖ «លោកអ្នកត្រូវតែប្រុងប្រៀបដើរចេញជានិច្ច»។
លោកបានថ្លែងបន្ថែមថា៖ «ខ្ញុំអាចចុះហត្ថលេខាលើឯកសារខ្លះនៅថ្ងៃនេះ»ហើយលោកបានបញ្ជាក់ថា «យើងមានឯកសារប្រុងប្រៀបស្រេចហើយដើម្បីចុះហត្ថលេខា»។
លោកប្រធានាធិបតីបាននិយាយបន្ថែមថា លោក គីម ចង់ឱ្យមានការលុបចោលការដាក់ទណ្ឌកម្មទាំងអស់ ហើយលោកបានថ្លែងថាស.រ.អា.មិនអាចធ្វើដូច្នេះបានទេ៕