ចរន្តនៃការហូរចូលជនភៀសខ្លួនស្វែងរកសិទ្ធិជ្រកកោនជាង១លាននាក់ចូលក្នុងប្រទេសអាល្លឺម៉ង់ក្នុងឆ្នាំ២០១៥ ត្រូវបានគេមើលឃើញថា ជាកត្តានាំឲ្យកើនឡើងនៃការគាំទ្រ គណបក្សជម្រើសមួយទៀតសម្រាប់ប្រទេសអាល្លឺម៉ង់ ដែលគេស្គាល់ថាជាគណបក្ស AfD (Alternative for Germany/AfD Party) ដែលប្រឆាំងនឹងជនអន្តោប្រវេសន៍ ហើយដែលបានទទួលសំឡេងឆ្នោត១៣ភាគរយក្នុងការបោះឆ្នោតកាលពីចុងខែកញ្ញានេះ។ រដ្ឋាភិបាលអាល្លឺម៉ង់សង្ឃឹមថា ខ្លួននឹងអាចបញ្ឈប់ការកើនឡើងនេះតាមរយៈការធ្វើសមាហរណកម្មជនភៀសខ្លួនទាំងនោះឲ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន។
លោក Dilshad អាយុ២៤ឆ្នាំ គឺជាជនភៀសខ្លួនម្នាក់ ក្នុងចំណោមក្រុមជនភៀសខ្លួនសុំសិទ្ធិជ្រកកោនដែលបានចូលមកទឹកដីអាល្លឺម៉ង់ក្នុងឆ្នាំ២០១៥។ លោកបានចាកចោលស្រុកកំណើតរបស់លោក នៅតំបន់ Sinjar ក្នុងប្រទេសអ៊ីរ៉ាក់ ក្នុងពេលដែលក្រុមរដ្ឋឥស្លាមបានវាយដណ្តើមយកតំបន់នេះ។ បន្ទាប់ពីលោកបានព្យាយាមដោយលំបាកក្នុងការស្វះស្វែងរកទីជម្រកអចិន្រ្តៃយ៍ បច្ចុប្បន្នលោកកំពុងស្នាក់នៅកន្លែងមួយសម្រាប់មនុស្សគ្មានទីជម្រក។
លោកនិយាយថា ការកើនឡើងនៃចលនាស្តាំនិយមជ្រុល មិនបានរំខានដល់រូបលោកឡើយ។
លោកបានប្រាប់ VOA ក្នុងបទសម្ភាសន៍មួយថា៖ «បន្ទាប់ពីចេញពីប្រទេសអ៊ីរ៉ាក់ ដែលជាទីគួរឲ្យភ័យខ្លាច ប្រទេសអាល្លឺម៉ង់ក្លាយជាទឹកដីដែលមិនមានអ្វីគួរឲ្យភ័យខ្លាចឡើយ។ ប្រទេសនេះគោរពតាមគោលការណ៍ប្រជាធិបតេយ្យ។ ក្នុងនាមរូបខ្ញុំផ្ទាល់ និងជនភៀសខ្លួនទាំងអស់ ខ្ញុំសូមអរគុណចំពោះ "អ្នកម្តាយ” Merkel»។
នៅតាមដងផ្លូវខាងក្រៅទីស្នាក់អាស្រ័យរបស់លោកនៅប៉ែកខាងកើតជាយរដ្ឋធានីប៊ែរឡាំង បដាឃោសនារបស់គណបក្សជម្រើសមួយទៀតសម្រាប់ប្រទេសអាល្លឺម៉ង់ AfD នៅចងព្យួរតាមបង្គោលភ្លើងនានានៅឡើយ។ ក្នុងនោះមានបដាមួយដែលមានរូបភាពស្ត្រីស្បែកសពពោះម្នាក់ ដែលមានសរសេរអក្សរថា «ចង់បានប្រជាជនអាល្លឺម៉ង់ថ្មីច្រើនឬ? ពួកយើងនឹងបង្កើតកូនចៅអាល្លឺម៉ង់ថ្មីដោយជនជាតិអាល្លឺម៉ង់ខ្លួនឯងផ្ទាល់»។
នាង Gesa Massur ជាអ្នកជួយចាត់ចែងកន្លែងស្នាក់អាស្រ័យសម្រាប់ជនគ្មានទីជម្រក។ នាងបាននិយាយថា លោក Dilshad មានសំណាង ពីព្រោះមានជនភៀសខ្លួនក្មេងៗដទៃទៀតមិនទទួលបានការគិតគូរពីរដ្ឋាភិបាលឡើយ។
នាងបានថ្លែងប្រាប់ VOA ថា៖ «ខ្ញុំគិតថា ធ្វើបែបនេះវាគ្រោះថ្នាក់ខ្លាំងណាស់ពីព្រោះបុរសវ័យក្មេងមួយចំនួន នៅពេលដែលពួកគេមិនដឹងថា ត្រូវធ្វើអ្វី នោះគេអាចនឹងប្រព្រឹត្តអំពើអាក្រក់ណាមួយជាដើម»។
ក្រុមជនអន្តោប្រវេសន៍ថ្មីៗ កំពុងតែព្យាយាមជួយអ្នកភៀសខ្លួនផ្សេងៗទៀតឲ្យរស់នៅតាមគន្លងផ្លូវត្រឹមត្រូវ។ នៅតាមសារមន្ទីរនានាក្នុងរដ្ឋធានីប៊ែរឡាំង គម្រោងរបស់រដ្ឋាភិបាល ដែលមានឈ្មោះថា "multaka” ជាភាសាអារ៉ាប់ ដែលប្រែថា «កន្លែងជុំគ្នា» កំពុងតែបណ្តុះបណ្តាលក្រុមជនភៀសខ្លួនជនជាតិស៊ីរី និងអ៊ីរ៉ាក់ឲ្យក្លាយជាមគ្គុទេសក៍ទេសចរណ៍។ ក្រុមមគ្គុទេសក៍ទាំងនោះ ណែនាំក្រុមជនភៀសខ្លួនរួមក្រុមរបស់គេអំពីប្រទេសអាល្លឺម៉ង់ និងរបៀបរបបកសាងជីវិតថ្មី។
លោក Tony Al-Arkan ជាស្ថាបត្យករដ៏ចំណាន មកពីរដ្ឋធានីដាម៉ាសប្រទេសស៊ីរី និងក៏ធ្លាប់ជានិស្សិតមួយរូបមកសិក្សាក្នុងប្រទេសអាល្លឺម៉ង់ បាននិយាយថា៖ «គម្រោងនាំភ្ញៀវនេះមិនមែនគ្រាន់តែអំពីអ្វីដែលមានក្នុងសារមន្ទីរនេះទេ។ វាក៏បង្ហាញឲ្យឃើញពីអ្នកដែលកំពុងដើរទស្សនាសារមន្ទីរនេះ តាមរយៈថា តើពួកគាត់មានប្រតិកម្មបែបណាដែរ ហើយថា តើពួកគាត់មានប្រតិកម្មបែបណាពេលគាត់ជួបប្រាស្រ័យជាមួយនឹងមនុស្សដទៃ។ ក្នុងសារមន្ទីរនេះយើងប្រាប់ពួកគេនូវអ្វីដែលយើងបានរៀនសូត្រក្នុងនាមជាអ្នកចំណូលថ្មី»។
នាង Salma Jreigeដែលជាជនជាតិស៊ីរីដែរនោះ កំពុងដើរទស្សនាជុំវិញសារមន្ទីរមួយដែលមានឈ្មោះថា សារមន្ទីរនៃប្រវត្តិសាស្រ្តប្រទេសអាល្លឺម៉ង់។ នាងបាននិយាយថា៖ «ប្រទេសអាល្លឺម៉ង់ ក្រោយសង្គ្រាមលោកលើកទី២ ត្រូវទទួលរងការបំផ្លិចបំផ្លាញទាំងស្រុង។ វិធីសាស្ត្រដែលជនជាតិអាល្លឺម៉ង់កសាងប្រទេសរបស់ពួកគេ គឺជាមេរៀនដ៏សំខាន់បំផុតសម្រាប់យើងយកទៅរៀនសូត្រ។ នៅឯជ្រុងមួយក្នុងសារមន្ទីរនេះ មានតាំងវត្ថុដែលយកមកពីរដ្ឋធានីដាម៉ាស។ នៅពេលដែលមនុស្សបានឃើញវប្បធម៌របស់ពួកគេយកមកដាក់បង្ហាញក្នុងសារមន្ទីរ នោះវានឹងធ្វើឲ្យពួកគេមានអារម្មណ៍ថា វប្បធម៌របស់ពួកគេត្រូវបានគេគោរពសរសើរ។ ប្រសិនបើមិនដូច្នេះទេ សមាហរណកម្មនឹងមិនអាចធ្វើទៅបានឡើយ»។
រដ្ឋាភិបាលអាល្លឺម៉ង់ មានបំណងចង់ធ្វើសមាហរណកម្មជនភៀសខ្លួនឲ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបានតាមរយៈគម្រោងនានាដូចជាគម្រោងនៅតាមសារមន្ទីរក្នុងរដ្ឋធានីប៊ែរឡាំងនេះជាដើម។
ទំហំនៃការងារនេះមើលទៅដូចជាធំសម្បើមណាស់។ សម្រាប់អ្នកចំណូលថ្មីដូចជា Tony និង Salma ដំណោះស្រាយអាចកើតមាន មិនមែនត្រឹមតែការគាំទ្រពីរដ្ឋាភិបាលទេ គឺថែមទាំងក្រុមជនភៀសខ្លួនឯងផ្ទាល់ចេះជួយគ្នាឯងផងដែរ៕
ប្រែសម្រូលដោយ កោះ សុគន្ធី