- ដោយ Reuters
រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីជំរុញឲ្យបេសកជនពិសេសអាស៊ានជួបជាមួយភាគីពាក់ព័ន្ធនានា ក្នុងទស្សនកិច្ចនៅមីយ៉ាន់ម៉ាក្នុងខែមីនា
នៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Saifuddin Abdullah បានជំរុញឲ្យលោក ប្រាក់ សុខុន ដែលត្រូវបានតែងតាំងជាបេសកជនពិសេសអាស៊ានប្រចាំមីយ៉ាន់ម៉ា ជួបជាមួយនឹងតំណាងនៃរដ្ឋាភិបាលរួបរួមជាតិមីយ៉ាន់ម៉ា(NUG) និងភាគីពាក់ព័ន្ធផ្សេងៗទៀតដែលប្រឆាំងនឹងរបបយោធាដឹកនាំដោយលោក Min Aung Hlaing នៅក្នុងដំណើរទស្សនកិច្ចគ្រោងទុករបស់លោក ទៅកាន់មីយ៉ាន់ម៉ា នាពេលខាងមុខ។
នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន លោក Saifuddin Abdullah បានបង្ហាញការគាំទ្ររបស់លោកលើតួនាទីរបស់លោក ប្រាក់ សុខុន ក្នុងនាមជាបេសកជនពិសេសអាស៊ានប្រចាំមីយ៉ាន់ម៉ា ហើយបានស្វាគមន៍សេចក្តីប្រកាសរបស់លោក ប្រាក់ សុខុន ស្តីពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ា នៅខែមីនាខាងមុខនេះ។ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីរូបនេះ ក៏បានលើកទឹកចិត្តឲ្យលោក ប្រាក់ សុខុន និងគណៈប្រតិភូរបស់លោក ជួបជាមួយភាគីពាក់ព័ន្ធជាច្រើនទៀតនៅក្នុងប្រទេសមីយ៉ាន់ម៉ា៕
- ដោយ ស៊ុន ណារិន
រដ្ឋមន្រ្តីការបរទេសអាស៊ានពិភាក្សាការពង្រឹងមជ្ឈភាពអាស៊ានក្នុងពេលមានការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ
រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជាដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាននៅថ្ងៃព្រហស្បតិ៍នេះបានថ្លែងថា សមាជិកបានពិភាក្សាគ្នាដោយស្ថាបនានិងផ្លែផ្កាលើផែនការការងារមួយឆ្នាំរបស់អាស៊ានហើយក៏មានការពិភាក្សាអំពីការពង្រឹងមជ្ឈភាពរបស់សមាគមនេះក្នុងពេលមានការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ។
លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជាបានថ្លែងបែបនេះនៅក្នុងសន្និសីទសារព័ត៌មានមួយដែលធ្វើឡើងកាលពីរសៀលថ្ងៃព្រហស្បតិ៍ក្រោយបញ្ចប់កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាននៅសណ្ឋាគារ Sofitel Phnom Penh Phokeethra នៅរាជធានីភ្នំពេញ។
លោកថ្លែងថារដ្ឋមន្រ្តីការបរទេសបានពិភាក្សាពីមធ្យោបាយនានាដើម្បីធ្វើឲ្យប្រសើរនូវការខិតខំប្រឹងប្រែងដើម្បីកសាងសហគមន៍អាស៊ានការកសាងសមត្ថភាពការពង្រឹងមជ្ឈភាពអាស៊ានការរួបរួមការភ្ជាប់ទំនាក់ទំនងជាមួយប្រទេសខាងក្រៅការស្តារស្ថានភាពក្រោយជំងឺកូវីដ១៩បញ្ហាទំនាក់ទំនងសេដ្ឋកិច្ចបញ្ហាសមុទ្រចិនខាងត្បូងនិងបញ្ហាប្រទេសមីយ៉ាន់ម៉ាជាដើម។
នៅក្នុងបញ្ហាការប្រកួតប្រជែងភូមិសាស្រ្តនយោបាយលោក ប្រាក់ សុខុន បានបញ្ជាក់ថា៖ «អ៊ីចឹងយើងបានពិភាក្សាគ្នាថា តើធ្វើម៉េច ដឹកនាំអាស៊ានដឹកនាំការកសាងសហគមន៍អាស៊ាននេះក្នុងកម្រិតណាដែលមិនត្រូវទទួលផលប៉ះពាល់ជាអវិជ្ជមានពីការប្រកួតប្រជែងនោះ។ នេះជារឿងសំខាន់។ អ៊ីចឹងហើយបានជារដ្ឋមន្រ្តីការបរទេសនានាបានលើកឡើងអំពីការពង្រឹងមជ្ឈភាពរបស់អាស៊ាន»។
- ដោយ វីអូអេខ្មែរ
រដ្ឋមន្ត្រីការបរទេសអាស៊ានចាប់ផ្តើមកិច្ចប្រជុំជាផ្លូវការ ដោយគ្មានវត្តមានមីយ៉ាន់ម៉ា
រដ្ឋមន្ត្រីការបរទេសនៃប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន ចំនួន ៩ កំពុងពិភាក្សាគ្នាដោយផ្ទាល់និងតាមអនឡាញ អំពីបញ្ហាប្រឈមចម្បងៗក្នុងតំបន់ ដោយគ្មានវត្តមានតំណាងប្រទេសមីយ៉ាន់ម៉ា ដែលវិបត្តិនយោបាយក្នុងប្រទេសនេះគឺជាចំណុចក្តៅមួយសម្រាប់កិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្ត្រីអាស៊ាននេះផងដែរ។
កិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានកំពុងធ្វើឡើងនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជាដែលជាប្រធានប្តូរវេនរបស់សមាគមអាស៊ាន។
កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ានគឺជាកិច្ចប្រជុំសំខាន់ដើម្បីកំណត់របៀបវារៈសម្រាប់កិច្ចប្រជុំផ្សេងទៀតរបស់សមាគមអាស៊ាន៕
- ដោយ អូន ឆេងប៉រ
រដ្ឋមន្ត្រីការបរទេសវៀតណាមតេស្ដវិជ្ជមានកូវីដ១៩ ពេលមកដល់កម្ពុជា
លោករដ្ឋមន្ត្រីការបរទេសវៀតណាម Bui Thanh Son បានតេស្ដវិជ្ជមានកូវីដ១៩ ពេលមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅរសៀលថ្ងៃពុធ ដើម្បីត្រៀមចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលកម្ពុជាធ្វើជាប្រធានដឹកនាំនៅសប្ដាហ៍នេះ។
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជាបានប្រកាសអំពីដំណឹងខាងលើ អំឡុងពេលរៀបចំពិធីជបលៀងពិសាភោជនាហារទទួលសមភាគីអាស៊ាន និងមន្ត្រីតូចធំនានា នាព្រលប់ថ្ងៃពុធ នៅសណ្ឋាគារសូហ្វីតែលភូគីត្រា រាជធានីភ្នំពេញ។
«ជាអកុសលសម្រាប់ឆ្នាំនេះ ដែលវីរុសកូវីដបម្លែងខ្លួនថ្មីអូមីក្រុងមិនបានធ្វើឱ្យអ្វីៗប្រសើរឡើងនោះទេ សម្រាប់ការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា។ ហើយខ្ញុំក៏សូមជូនពរ ឱ្យបានសះជាឆាប់រហ័សទៅដល់សហការីរបស់យើង Bui Thanh Son ដែលបានទទួលតេស្ដវិជ្ជមានពេលមកដល់»។
ភ្លាមៗនេះ គេមិនច្បាស់ឡើយអំពីការចូលរួមរបស់វៀតណាម និងលោក Bui Thanh Son ក្នុងកិច្ចប្រជុំប្រមុខការទូតអាស៊ាននៅថ្ងៃព្រហស្បតិ៍នេះ។ ការណ៍នេះនាំឱ្យសមាសភាពចូលរួមផ្ទាល់នៅបន្ទប់ប្រជុំបន្ថយមកត្រឹមចំនួន ៦ ប្រទេសរួមមាន កម្ពុជា ឡាវ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន និងសិង្ហបុរី ខណៈព្រុយណេនិងថៃ ចូលរួមតាមវីដេអូ ហើយភូមាពហិការ។
ក្នុងរូបថតពីទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ដែលគ្រប់គ្រងដោយរដ្ឋ លោក Bui Thanh Son ដែលពាក់ម៉ាស់ជាប់មុខ ត្រូវបានគេឃើញដើរចូលស្ថានីយ៍រង់ចាំពិសេស នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីរសៀលថ្ងៃពុធ។
លោក Bui Thanh Son ចូលកាន់ដំណែងជាប្រមុខការទូតវៀតណាម កាលពីខែមេសា ឆ្នាំ ២០២១ អំឡុងការរុះរើក្បាលម៉ាស៊ីនដឹកនាំរដ្ឋនិងបក្សតាមកាលកំណត់នៃបក្សកុម្មុយនិស្ដវៀតណាម។ លោកស្នងដំណែងពីលោកឧបនាយករដ្ឋមន្ត្រីវៀតណាម Pham Binh Minh កូនប្រុសលោក Nguyen Co Thach អតីតបក្ខជនជាប្រមុខការទូតវៀតណាមក្នុងទសវត្សរ៍ឆ្នាំ ១៩៨០៕