រដ្ឋមន្ត្រីការបរទេសសិង្ហបុរីជួបសំណេះសំណាលជាមួយលោក ប្រាក់ សុខុន មុនកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានដំណើរការជាផ្លូវការនៅព្រឹកថ្ងៃពុធ
លោក Vivian Balakrishnan រដ្ឋមន្ត្រីការបរទេសសិង្ហបុរី បានបង្ហាញភាពរីករាយរបស់លោក នៅក្នុងជំនួបសំណេះសំណាលមួយជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន នាល្ងាចថ្ងៃអង្គារនេះ ដោយលើកឡើងថា «សិង្ហបុរីគាំទ្រតួនាទីរបស់កម្ពុជាជាប្រធានអាស៊ានប្តូរវេន និងតំណែងរបស់លោក ប្រាក់ សុខុន ក្នុងនាមជាបេសកជនពិសេសតំណាងឲ្យអាស៊ានប្រចាំមីយ៉ាន់ម៉ា»។ លោក Balakrishnan បានថ្លែងដូច្នេះ នៅក្នុងសារមួយបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក។
ពាក់ព័ន្ធនឹងវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា ដែលកំពុងស្ថិតក្រោមការដឹកនាំរបស់របបយោធា លោក Vivian Balakrishnan រដ្ឋមន្ត្រីការបរទេសសិង្ហបុរី បានលើកឡើងថា៖ «ភាគីសិង្ហបុរីនិងកម្ពុជាបន្តជំរុញឲ្យយោធាមីយ៉ាន់ម៉ាអនុវត្តភ្លាមៗនិងឲ្យបានពេញលេញទៅតាមចំណុចព្រមព្រៀងដោយឯកច្ឆ័ន្ទទាំង ៥ (របស់អាស៊ាន) ដែលក្នុងនោះរួមបញ្ចូលទាំងការសម្រួលឲ្យមានដំណើរទស្សនកិច្ចរបស់បេសកជនពិសេសរបស់អាស៊ានទៅកាន់ប្រទេសមីយ៉ាន់មឡា ដើម្បីជួបពិភាក្សាជាមួយភាគីពាក់ព័ន្ធទាំងអស់ (ក្នុងវិបត្តិនយោបាយមីយ៉ាន់ម៉ា)»៕
- ដោយ ពិន ស៊ីសុវណ្ណ
មីយ៉ាន់ម៉ាថា ខ្លួន «ចៀសមិនរួច» ដែលមិនអាចបញ្ជូនអ្នកតំណាងឱ្យចូលរួមប្រជុំអាស៊ាននៅពេលខាងមុខ
របបយោធាមីយ៉ាន់ម៉ាបានបញ្ជាក់ថា ខ្លួននឹងមិនអាច «ចូលរួម ឬចាត់តាំងអ្នកតំណាងដែលមិនពាក់ព័ន្ធនឹងនយោបាយឱ្យទៅចូលរួមក្នុងកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន» នៅថ្ងៃទី ១៧ ខែកុម្ភៈ ខាងមុខនេះទេ ដោយសារតែសមាជិកអាស៊ានមួយចំនួនប្រកាន់ខ្ជាប់តាមការសម្រេចរបស់អតីតប្រធានអាស៊ានកាលពីឆ្នាំមុន ដែលការសម្រេចនោះ «ផ្ទុយនឹងគោលការណ៍និងការអនុវត្តនៃតំណាងស្មើភាពគ្នាក្នុងអាស៊ាន»។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសមីយ៉ាន់ម៉ាដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ។
អានអត្ថបទទាំងស្រុង
- ដោយ វីអូអេ ខ្មែរ
រដ្ឋមន្ត្រីការបរទេសហ្វីលីពីន ឡាវ និងសិង្ហបុរី បានទៅដល់ភ្នំពេញ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន តែថៃ និងព្រុយណេ ចូលរួមតាមប្រព័ន្ធអនឡាញ
មន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសមកពីប្រទេសហ្វីលីពីន លោក Teodoro L. Locsin Jr ពីប្រទេសឡាវ លោក Saleumxay Kommasith និងពីប្រទេសសិង្ហបុរី លោក Vivian Balakrishnan បានធ្វើដំណើរទៅដល់ប្រទេសកម្ពុជាដោយផ្ទាល់ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលធ្វើឡើងនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ដោយឡែក រដ្ឋមន្ត្រីការបរទេសថៃ និងព្រុយណេ បានសម្រេចចូលរួមកិច្ចប្រជុំនេះតាមប្រព័ន្ធអនឡាញ។ នេះបើយោងតាមក្រសួងការបរទេសកម្ពុជា៕
- ដោយ អូន ឆេងប៉រ
មន្ត្រីក្រសួងការបរទេសរបបភូមាចូលប្រជុំឧត្ដមមន្ត្រីអាស៊ានតែនឹងមិនចូលប្រជុំរដ្ឋមន្ត្រីការបរទេស
មន្ត្រីការទូតនៃក្រសួងការបរទេសរបបសឹកភូមាបានចូលរួមកិច្ចប្រជុំឧត្ដមមន្ត្រីការបរទេសអាស៊ានតាមវីដេអូកាលពីព្រឹកថ្ងៃពុធ ដែលកម្ពុជារៀបចំ តែនឹងមិនចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានឡើយ។ នេះបើយោងតាមក្រសួងការបរទេសកម្ពុជា។
ក្រុមឧត្ដមមន្ត្រីក្រសួងការបរទេសនៃបណ្ដារដ្ឋសមាជិកអាស៊ានបានជួបជុំគ្នានៅសណ្ឋាគារសូហ្វីតែល ក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃពុធ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅថ្ងៃព្រហស្បតិ៍ស្អែកនេះ។
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ប្រាប់វីអូអេថា៖ «ឧត្ដមមន្ត្រីមីយ៉ាន់ម៉ាបានចូលរួមកិច្ចប្រជុំឧត្ដមមន្ត្រី [អាស៊ានកាលពីព្រឹកថ្ងៃពុធ] តាមប្រព័ន្ធអនឡាញ តែមិនចូលប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានឡើយ»។
ក្រោយពីមានភាពចម្រូងចម្រាសអាស៊ានបានបន្តហាមប្រាមមិនឱ្យមេដឹកនាំនិងប្រមុខការទូតរបបសឹកភូមាចូលរួមប្រជុំកម្រិតនយោបាយទេ ក្រោមហេតុផលកង្វះវឌ្ឍនភាពលើការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុចរវាងអាស៊ាននិងរបបសឹកនេះ។
អាស៊ានដែលមានកម្ពុជាជាប្រធានបានអនុលោមតាមបណ្ដាប្រទេសជាសមាជិកមួយចំនួន ជុំវិញសមាសភាពចូលរួមនៃរបបសឹកភូមាត្រឹមកម្រិត «តំណាងមិនមែននយោបាយ»។
របបសឹកភូមាបានប្រកាសកាលពីថ្ងៃចន្ទថា មន្ត្រីកម្រិតមិនមែននយោបាយនៅក្រសួងការបរទេសរបស់ខ្លួននឹងមិនចូលរួមប្រជុំកម្រិតរដ្ឋមន្ត្រីនោះទេ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃពុធនេះ ក៏បានអះអាងថា វិធីសាស្រ្តរឹងពេកនឹងមិនអាចដោះស្រាយវិបត្តិនៅប្រទេសមីយ៉ាន់ម៉ាបានឡើយ បើទោះក្នុងរយៈពេល ៥ ឆ្នាំទៅ ១០ ឆ្នាំទៀតក៏ដោយ។
របបសឹកភូមាបានចូលកាន់អំណាចក្រោយរដ្ឋប្រហារ នៅដើមខែកុម្ភៈ ឆ្នាំ ២០២១ ហើយអំពើហិង្សាក្រោយរដ្ឋប្រហារនោះបានបណ្ដាលឱ្យមនុស្សយ៉ាងហោច ១៥៥៣ នាក់ស្លាប់ និងជាង ១ ម៉ឺននាក់ត្រូវបានរបបសឹកចាប់ឃុំខ្លួន។ នេះបើតាមអ្នកឃ្លាំមើល៕