- ដោយ ហ៊ាន សុជាតា
កម្ពុជាស្ដាយថា រដ្ឋមន្ត្រីការបរទេសអាស៊ានមកប្រជុំមិនគ្រប់គ្នា តែស្នើសុំឱ្យអាស៊ានស្រុះស្រួលឯកភាពគ្នា
នៅយប់មុនកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាននៅថ្ងៃព្រហស្បតិ៍ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បានអំពាវនាវឱ្យអង្គការថ្នាក់តំបន់មួយនេះរួបរួមឯកភាពគ្នានៅចំពេលមានការខ្វែងគំនិតគ្នាមួយចំនួន រួមទាំងបញ្ហាអភិក្រមតំបន់ដើម្បីឆ្លើយតបនឹងវិបត្តិក្រោយរដ្ឋប្រហារនៅប្រទេសភូមា។
ថ្លែងប្រាប់ក្រុមសមភាគីអាស៊ាន និងអ្នកមុខអ្នកការនៅក្នុងពិធីទទួលភោជនាហារទទួលស្វាគមន៍គណៈប្រតិភូ លោក ប្រាក់ សុខុន បាននិយាយដោយមិនចំឈ្មោះដល់បញ្ហាមីយ៉ាន់ម៉ា ដោយបានបង្ហាញការសោកស្ដាយដែលក្រុមរដ្ឋមន្ត្រីនៃប្រទេសជាសមាជិកមកប្រជុំមិនជុំគ្នា។
លោក ប្រាក់ សុខុន បានប្រដូចអាស៊ានទៅនឹង«គ្រួសារ»មួយ។
«មិនមានក្ដីពិភាល់នោះទេ ដែលថា ជារឿយៗ យើងប្រហែលជាមានទស្សនៈយល់ឃើញខុសគ្នាលើបញ្ហាមួយចំនួន។ យ៉ាងណាក្ដី តើមានគ្រួសារណាដែលមិនមានបញ្ហាទាល់តែសោះនោះ?»
លោក ប្រាក់ សុខុន បានបន្ថែមថា៖
«អ្វីដែលខ្ញុំសោកស្ដាយបំផុតនោះគឺថា កាលៈទេសៈបច្ចុប្បន្នមិនបានអនុញ្ញាតឱ្យរដ្ឋមន្ត្រីទាំង១០[ប្រទេស]អាចអង្គុយជុំគ្នា និងពួតដៃគ្នាក្នុងការដោះស្រាយរាល់បញ្ហាប្រឈមដែលកើតឡើងចំពោះសហគមន៍របស់យើង»។
អានព័ត៌មានលម្អិត៖ bit.ly/3oVirbr
- ដោយ អូន ឆេងប៉រ
មន្ត្រីក្រសួងការបរទេសរបបភូមាចូលប្រជុំឧត្ដមមន្ត្រីអាស៊ានតែនឹងមិនចូលប្រជុំរដ្ឋមន្ត្រីការបរទេស
មន្ត្រីការទូតនៃក្រសួងការបរទេសរបបសឹកភូមាបានចូលរួមកិច្ចប្រជុំឧត្ដមមន្ត្រីការបរទេសអាស៊ានតាមវីដេអូកាលពីព្រឹកថ្ងៃពុធ ដែលកម្ពុជារៀបចំ តែនឹងមិនចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានឡើយ។ នេះបើយោងតាមក្រសួងការបរទេសកម្ពុជា។
ក្រុមឧត្ដមមន្ត្រីក្រសួងការបរទេសនៃបណ្ដារដ្ឋសមាជិកអាស៊ានបានជួបជុំគ្នានៅសណ្ឋាគារសូហ្វីតែល ក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃពុធ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅថ្ងៃព្រហស្បតិ៍ស្អែកនេះ។
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ប្រាប់វីអូអេថា៖ «ឧត្ដមមន្ត្រីមីយ៉ាន់ម៉ាបានចូលរួមកិច្ចប្រជុំឧត្ដមមន្ត្រី [អាស៊ានកាលពីព្រឹកថ្ងៃពុធ] តាមប្រព័ន្ធអនឡាញ តែមិនចូលប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានឡើយ»។
ក្រោយពីមានភាពចម្រូងចម្រាសអាស៊ានបានបន្តហាមប្រាមមិនឱ្យមេដឹកនាំនិងប្រមុខការទូតរបបសឹកភូមាចូលរួមប្រជុំកម្រិតនយោបាយទេ ក្រោមហេតុផលកង្វះវឌ្ឍនភាពលើការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុចរវាងអាស៊ាននិងរបបសឹកនេះ។
អាស៊ានដែលមានកម្ពុជាជាប្រធានបានអនុលោមតាមបណ្ដាប្រទេសជាសមាជិកមួយចំនួន ជុំវិញសមាសភាពចូលរួមនៃរបបសឹកភូមាត្រឹមកម្រិត «តំណាងមិនមែននយោបាយ»។
របបសឹកភូមាបានប្រកាសកាលពីថ្ងៃចន្ទថា មន្ត្រីកម្រិតមិនមែននយោបាយនៅក្រសួងការបរទេសរបស់ខ្លួននឹងមិនចូលរួមប្រជុំកម្រិតរដ្ឋមន្ត្រីនោះទេ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃពុធនេះ ក៏បានអះអាងថា វិធីសាស្រ្តរឹងពេកនឹងមិនអាចដោះស្រាយវិបត្តិនៅប្រទេសមីយ៉ាន់ម៉ាបានឡើយ បើទោះក្នុងរយៈពេល ៥ ឆ្នាំទៅ ១០ ឆ្នាំទៀតក៏ដោយ។
របបសឹកភូមាបានចូលកាន់អំណាចក្រោយរដ្ឋប្រហារ នៅដើមខែកុម្ភៈ ឆ្នាំ ២០២១ ហើយអំពើហិង្សាក្រោយរដ្ឋប្រហារនោះបានបណ្ដាលឱ្យមនុស្សយ៉ាងហោច ១៥៥៣ នាក់ស្លាប់ និងជាង ១ ម៉ឺននាក់ត្រូវបានរបបសឹកចាប់ឃុំខ្លួន។ នេះបើតាមអ្នកឃ្លាំមើល៕
- ដោយ វីអូអេ ខ្មែរ
រដ្ឋមន្ត្រីការបរទេសហ្វីលីពីន ឡាវ និងសិង្ហបុរី បានទៅដល់ភ្នំពេញ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន តែថៃ និងព្រុយណេ ចូលរួមតាមប្រព័ន្ធអនឡាញ
មន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសមកពីប្រទេសហ្វីលីពីន លោក Teodoro L. Locsin Jr ពីប្រទេសឡាវ លោក Saleumxay Kommasith និងពីប្រទេសសិង្ហបុរី លោក Vivian Balakrishnan បានធ្វើដំណើរទៅដល់ប្រទេសកម្ពុជាដោយផ្ទាល់ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលធ្វើឡើងនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ដោយឡែក រដ្ឋមន្ត្រីការបរទេសថៃ និងព្រុយណេ បានសម្រេចចូលរួមកិច្ចប្រជុំនេះតាមប្រព័ន្ធអនឡាញ។ នេះបើយោងតាមក្រសួងការបរទេសកម្ពុជា៕
- ដោយ ពិន ស៊ីសុវណ្ណ
មីយ៉ាន់ម៉ាថា ខ្លួន «ចៀសមិនរួច» ដែលមិនអាចបញ្ជូនអ្នកតំណាងឱ្យចូលរួមប្រជុំអាស៊ាននៅពេលខាងមុខ
របបយោធាមីយ៉ាន់ម៉ាបានបញ្ជាក់ថា ខ្លួននឹងមិនអាច «ចូលរួម ឬចាត់តាំងអ្នកតំណាងដែលមិនពាក់ព័ន្ធនឹងនយោបាយឱ្យទៅចូលរួមក្នុងកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន» នៅថ្ងៃទី ១៧ ខែកុម្ភៈ ខាងមុខនេះទេ ដោយសារតែសមាជិកអាស៊ានមួយចំនួនប្រកាន់ខ្ជាប់តាមការសម្រេចរបស់អតីតប្រធានអាស៊ានកាលពីឆ្នាំមុន ដែលការសម្រេចនោះ «ផ្ទុយនឹងគោលការណ៍និងការអនុវត្តនៃតំណាងស្មើភាពគ្នាក្នុងអាស៊ាន»។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសមីយ៉ាន់ម៉ាដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ។
អានអត្ថបទទាំងស្រុង