ប្រជាពលរដ្ឋអាមេរិកាំង កំពុងនាំគ្នាប្រារព្ធពិធីបុណ្យដឹងគុណ ឬដែលភាសាអង់គ្លេស ហៅថា Thanksgiving កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ទៅតាមប្រពៃណីរបស់ពួកគេ ដោយមានការជួបជុំគ្នាជាមួយក្រុមគ្រួសារ និងមិត្តភក្ដិ នៅជុំវិញតុដែលមានម្ហូបអាហារជាច្រើនមុខ ហើយមើលការដើរដង្ហែជាក្បួន និងការប្រកួតកីឡាអោបអាមេរិកនៅតាមទូរទស្សន៍ ហើយមនុស្សជាច្រើនទៀតបាននាំគ្នាទិញទំនិញនៅថ្ងៃឈប់សម្រាករបស់ពួកគេ។
មន្ដ្រីប៉ូលិសបានឲ្យដឹងថា វិធានការសនិ្តសុខដែលត្រូវបានរឹតបន្ដឹងបន្ថែម រួមមានដូចជា រថយន្តធំៗ និងសុនខហិតគ្រឿងផ្ទុះជាច្រើន ត្រូវបានដាក់បញ្ចូលទៅក្នុងការដង្ហែជាក្បួននៅថ្ងៃបុណ្យដឹងគុណប្រចាំឆ្នាំរបស់ Macy នៅក្នុងទីក្រុង ញូវយ៉ក ក្នុងឆ្នាំនេះ។
នាយកដ្ឋានប៉ូលិសនៃទីក្រុងញូវយ៉ក បាននិយាយថាខ្លួននឹងដាក់ពង្រាយមន្ដ្រីប៉ូលិសជាង៣០០០នាក់ ដែលមានទាំងប៉ូលិសស្លៀកពាក់ឯកសណ្ឋាន និងប៉ូលិសស៊ីវិលនៅតាមដងផ្លូវដែលមានចម្ងាយ ៤គីឡូម៉ែត្រ ក្នុងសង្កាត់ Manhattan បើទោះបីជាពួកគេបានរកឃើញថាមិនមានការគំរាមកំហែងណាមួយគួរឲ្យកត់សម្គាល់ក៏ដោយ។ ការដើរដង្ហែជាក្បួនបានចាប់ផ្តើមឡើងកាលពីម៉ោង៩ព្រឹកថ្ងៃព្រហស្បតិ៍ ម៉ោងក្នុងស្រុក។
ប៉ូលិសក្នុងទីក្រុងញូវយ៉កឆ្នាំនេះមានការបន្តឹងសន្តិសុខបន្ថែម ដោយសារតែសណ្ឋាគារដ៏ខ្ពស់របស់លោកប្រធានាធិបតីជាប់ឆ្នោត Donald Trump ស្ថិតនៅជិតទិសដៅសម្រាប់ដង្ហែក្បួននោះ។
លោក Trump និងក្រុមគ្រួសាររបស់លោកស្ថិតនៅចម្ងាយជាង១៦០០គីឡូម៉ែត្រពី Trump Tower របស់លោក ដោយលោកកំពុងប្រារព្ធថ្ងៃបុណ្យដឹងគុណរបស់លោកនៅឯរមណីយដ្ឋាន Palm Beach ក្នុងរដ្ឋ Florida។ លោកក៏បានចំណាយពេលបង្ហោះសារលើបណ្តាញសង្គម ដោយស្នើឲ្យមានការរួបរួមគ្នានៅក្នុងសារសម្រាប់ថ្ងៃបុណ្យដឹងគុណរបស់លោក៕