លោក Zhang Xiangchen អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ បាននិយាយកាលពីថ្ងៃពុធម្សិលមិញនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិកថា រដ្ឋាភិបាលចិនកំពុងផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើការលើកឡើងរបស់លោកប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក Donald Trump ពាក់ព័ន្ធនឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី។
លោក Trump កាលពីធ្វើយុទ្ធនាការរកសំឡេងឆ្នោតកន្លងមក បានចោទប្រកាន់ប្រទេសចិនថាជាអ្នកក្រឡុករូបិយវត្ថុរបស់ខ្លួន ដើម្បីទទួលបានផលប្រយោជន៍ផ្នែកពាណិជ្ជកម្ម។ ប៉ុន្តែ ប្រទេសចិនបានបដិសេធចំពោះការលើកឡើងយ៉ាងដូច្នេះរបស់លោក Trump។
លោក Trump ក៏បានគំរាមកំហែងថានឹងយកពន្ធលើទំនិញនាំចូលរបស់ចិន ដើម្បីជាការដាក់ទណ្ឌកម្មក្នុងគោលបំណងដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្មជាមួយនឹងរដ្ឋាភិបាលក្រុងប៉េកាំង។
លោក Zhang Xiangchen បាននិយាយថា ប្រទេសចិន និងសហរដ្ឋអាមេរិកគឺជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក WTO។ លោកបន្ថែមថា នៅពេលដែលលោក Trump ចូលកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិក គេអាចក្រើនរំឭកលោកថា សហរដ្ឋអាមេរិកគួរតែពេញចិត្តចំពោះកាតព្វកិច្ចរបស់ខ្លួននៅក្រោមក្បួនច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក៕