មួយថ្ងៃក្រោយពលរដ្ឋអាមេរិកចេញទៅបោះឆ្នោត ពិភពលោកទាំងមូលកំពុងរង់ចាំមើលលទ្ធផលដ៏មានភាពប្រកៀកប្រកិតគ្នាខ្លាំង និងការប្រឈមក្នុងថ្ងៃខាងមុខ ឬសបា្តហ៍ខាងមុខ ជុំវិញភាពមិនច្បាស់លាស់ខាងផ្លូវច្បាប់លើការបោះឆ្នោតនៅសហរដ្ឋអាមេរិក ខណៈពេលដែលសន្លឹកឆ្នោតរាប់លានសន្លឹកកំពុងត្រូវបានគេបន្តរាប់។
ការប្រកាសជាមុនរបស់លោកប្រធានាធិបតី Donald Trump អំពីជ័យជម្នះរបស់លោក ក្នុងការបោះឆ្នោតនេះ ត្រូវទទួលរងការថ្កោលទោសពីអ្នកធ្វើអត្ថាធិប្បាយនយោបាយ និងក្រុមសិទ្ធិពលរដ្ឋដែលបានព្រមានពីការបំផ្លិចបំផ្លាញនូវប្រពៃណីប្រជាធិបតេយ្យ ដែលបានកើតមានជាយូរមកហើយក្នុងសហរដ្ឋអាមេរិក។
មេដឹកនាំពិភពលោក និងរដ្ឋមន្ត្រីការបរទេសរបស់ពួកគេ កំពុងតាមដានព្រឹត្តិការណ៍បោះឆ្នោតក្នុងសហរដ្ឋអាមេរិក ដោយព្យាយាមមិនបញ្ចេញប្រតិកម្មទៅលើបញ្ហានៃការបោះឆ្នោតនោះឡើយ។
រដ្ឋមន្ត្រីក្រសួងការបរទេសអង់គ្លេសលោក Dominic Raab (ដូមីនិក រ៉ប) បាននិយាយថា៖ «សូមចាំមើលបន្តិចសិនពីលទ្ធផលនៃការបោះឆ្នោតនោះ។ វាច្បាស់ណាស់ដែលថានៅមានបញ្ហាផ្លូវច្បាប់ជាច្រើនទៀត។ ខ្ញុំគិតថា ការបោះឆ្នោតនេះមានការប្រកៀកប្រកិតគ្នាខ្លាំង ជាងអ្វីដែលគ្រប់គ្នាបានគិតទុកនោះ»។
ប៉ុន្តែ ខណៈរដ្ឋមន្ត្រីប្រទេសអង់គ្លេសនិងមេដឹកនាំប្រទេសដទៃទៀត មានភាពប្រយ័ត្នប្រយែង នោះនាយរដ្ឋមន្ត្រីប្រទេស Slovenia បានអបអរសាទរលោក ត្រាំ និងគណបក្សសាធារណរដ្ឋ តាមសារបង្ហោះលើបណ្តាញសង្គម Twitter។
នៅតាមបណ្តាញ Twitter នៅជុំវិញពិភពលោក ពាក្យ hashtag #Trump, #Biden និង #USElections2020 បានកើនប្រជាប្រិយភាពយ៉ាងខ្លាំង ដែលបង្ហាញពីចំណាប់អារម្មណ៍ពិភពលោក ចំពោះការបោះឆ្នោតនៅអាមេរិក។
តួលេខចុងក្រោយបង្ហាញថា បេក្ខជនគណបក្សប្រជាធិបតេយ្យលោក Joe Biden កំពុងនាំមុខ ដោយទទួលបាន ២២៧ អង្គបោះឆ្នោត ទល់នឹង លោក Trump ដែឡទទួលបាន ២១៣ អង្គបោះឆ្នោត។ បេក្ខជនត្រូវទទួលឲ្យបាន ២៧០ អង្គបោះឆ្នោត ដើម្បីឈ្នះតំណែងប្រធានាធិបតីបាន។
ប៉ុន្តែលទ្ធផលនៅរដ្ឋប្រកិតប្រកៀកគ្នាមួយចំនួន មិនទាន់អាចកំណត់នៅឡើយ រួមមានរដ្ឋ Pennsylvania, Michigan, Wisconsin, North Carolina និងរដ្ឋ Georgia។
កាលពីឆ្នាំ ២០០០ លទ្ធផលការបោះឆ្នោតប្រធានាធិបតីរវាងលោក George W. Bush និងលោក Al Gore ត្រូវប្រទាញប្រទង់គ្នានៅក្នុងការរាប់សន្លឹកឆ្នោតនៅរដ្ឋ Florida។ នៅទីបំផុតតុលាការកំពូលអាមេរិកបានសម្រេចនៅ ៥ សប្តាហ៍ក្រោយការបោះឆ្នោតនោះថា លោក Bush ជាអ្នកឈ្នះ៕