បាតុករបានដាក់របាំង ដុតភ្លើងនិងបាញ់កាំជ្រួចដាក់ក្រុមប៉ូលិសនៅក្នុងផ្លូវនៃប្រទេសបារាំងកាលពីយប់មិញនៅពេលភាពតានតឹងបានកើនខ្លាំងជាងមុនដោយសារប៉ូលិសបានបាញ់សម្លាប់យុវជនម្នាក់អាយុ១៧ឆ្នាំដែលបានធ្វើឱ្យប្រទេសជាតិទង្គុកចិត្ត។
មនុស្សជាង៦០០នាក់ត្រូវបានចាប់ខ្លួនហើយប៉ូលិសយ៉ាងតិចណាស់២០០នាក់បានត្រូវរបួសនៅពេលរដ្ឋាភិបាលប្រឹងប្រែងធ្វើឱ្យមានរបៀបរៀបរយឡើងវិញនៅយប់ទីបីនៃភាពចលាចលនេះ។
រថពាសដែកប៉ូលិសបានបើកកាត់តាមរថយន្តត្រូវកម្ទេចដែលត្រូវបានបំបាស់ឡើងលើនិងដុតនៅក្នុងសង្កាត់ Nanterre នាប៉ែកពាយ័ព្យជាយក្រុងប៉ារីស ដែលនៅទីនោះប៉ូលិសម្នាក់បានបាញ់សម្លាប់យុវជនម្នាក់ឈ្មោះ Nahel។
នៅផ្នែកម្ខាងទៀតនៃទីក្រុងប៉ារីស ក្រុមបាតុករបានដុតសាលាក្រុង Clichy-sous-Bois និងបានដុតកន្លែងដាក់រថយន្តក្រុងនៅ សង្កាត់ Aubervillers ដែលនៅជាយរដ្ឋធានី។ មានការដុតនិងការលួចទំនិញក្នុងហាងលក់ទំនិញមួយចំនួនដែរ។
នៅក្រុង Marseille នៅជាប់នឹងសមុទ្រម៉េឌីទែរ៉ាណេ ពួកប៉ូលិសបានប្រឹងប្រែងបំបែកក្រុមហិង្សានៅផ្នែកកណ្តាលក្រុង។ នេះបើតាមការប្រាប់ឱ្យដឹងដោយអាជ្ញាធរតំបន់។
លោកប្រធានាធិបតី Emmanuel Macron គ្រោងនឹងចាកចេញពីសន្និសីទកំពូលសហភាពអឺរ៉ុបក្នុងក្រុងព្រុចសែលដែលនៅទីនោះប្រទេសបារាំងមានមុខនាទីធំមួយក្នុងការចាត់ចែងគោលនយោបាយអឺរ៉ុប ដើម្បីមកកាន់ក្រុងប៉ារីសវិញដើម្បីកោះប្រជុំខាងសន្តិសុខគ្រាអាសន្ននៅថ្ងៃសុក្រនេះ។
នៅថ្ងៃសុក្រនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Gerald Darmanin បានបរិហារអ្វីដែលលោកហៅថាយប់មួយនៃ«អំពើហិង្សាមិនសូវមានពីមុន»។ ការិយាល័យលោកបានពណ៌នាការចាប់ខ្លួនថាមានធ្វើច្រើនជាងក្នុងប្រតិបត្តិការមុនៗ ជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលធ្វើឱ្យ«ម៉ឺងម៉ាត់ខ្លាំង»ដាក់ក្រុមកុបករ៕