ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្ថានទូត​បារាំង​ថា​​មាន​ការ​ពិភាក្សា​អំពី​គណបក្ស​ភ្លើងទៀន​ក្នុង​ជំនួប​ជាមួយ​លោក​ស ខេង ​​


រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​លោក ​ស ខេង ​បាន​ជួប​ជាមួយ​ឯក​អគ្គរដ្ឋទូត​ពីរ​រូប​ប្រចាំ​នៅ​ប្រទស​កម្ពុជា ​កាលពីថ្ងៃទី៦ ឧសភា ឆ្នាំ២០២៣។ (Facebook/Deputy Prime Minister Sar Kheng)
រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​លោក ​ស ខេង ​បាន​ជួប​ជាមួយ​ឯក​អគ្គរដ្ឋទូត​ពីរ​រូប​ប្រចាំ​នៅ​ប្រទស​កម្ពុជា ​កាលពីថ្ងៃទី៦ ឧសភា ឆ្នាំ២០២៣។ (Facebook/Deputy Prime Minister Sar Kheng)

ស្ថានទូត​បារាំង​ និង​អាល្លឺម៉ង់​ប្រចាំ​នៅ​កម្ពុជាបាន​លើក​ឡើង​និង​សម្តែង​ការ​ព្រួយ​បារម្ភសាជា​ថ្មី​ម្តង​ទៀត​ ពាក់ព័ន្ធ​នឹងអវត្តមាន​គណបក្ស​ភ្លើងទៀន​សម្រាប់​ការ​បោះ​ឆ្នោត​នា​ខែ​កក្កដា​ខាង​មុខ​នេះ​នៅ​ក្នុង​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ​ស ខេង។​

កាល​ពី​ថ្ងៃ​ចន្ទ​ ឯក​អគ្គរដ្ឋ​ទូត​សាធារណរដ្ឋ​បារាំង ​លោក ​Jacques Pellet ​ឯកអគ្គរដ្ឋ​ទូត​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​លោក ​Stefan Messerer ​និង​លោក​ ស ខេង​ បាន​ជួប​ពិភាក្សា​គ្នា​នៅ​វិមាន​សន្តិភាព​ក្នុង​ទីក្រុង​ភ្នំពេញ។ ​នៅ​ក្នុង​ជំនួប​នោះ​ ពួកគេ​បាន​លើក​ឡើង​បញ្ហា​សំខាន់ៗ​មួយ​ចំនួន ​ដូច​ជា​ការ​បោះ​ឆ្នោត​ជាតិ​របស់​ប្រទេស​កម្ពុជាដែល​គ្រោង​នឹង​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​២៣ ​ខែ​កក្កដា​ ​ឆ្នាំ​២០២៣។​

ឆ្លើយ​តប​នឹង​សំណួរ​របស់​វីអូអេ​តាម​រយៈ​សារ​អ៊ីមែល​កាលពី​រសៀល​ថ្ងៃ​អង្គារ​ ស្ថានទូត​បារាំង​បញ្ជាក់​ឱ្យ​ដឹង​ថា​ ឯក​អគ្គ​រដ្ឋទូត​ទាំង​ពីរ​បាន​ពិភាក្សា​ជាមួយ​លោក​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ​ស ខេង អំពី​ការ​ច្រាន​ចោល​គណបក្ស​ភ្លើងទៀន​ពី​ការ​ចុះ​បញ្ជី​ក្នុង​ការ​បោះឆ្នោត​ដែល​កំពុង​ខិតជិត​ចូល​មក​ដល់។

ស្ថានទូត​បារាំង​ឱ្យ​ដឹង​ទៀត​ថា​ បារាំង​នៅ​តែ​បន្ត​អំពាវនាវ​ឱ្យ​មាន​ការ​បោះឆ្នោតប្រកប​ដោយ​សេរីភាព​ ​តម្លាភាព ​និង​ពហុនិយម​ ស្របតាម​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ និង​រដ្ឋធម្មនុញ្ញ​កម្ពុជា។​

ស្ថានទូត​បារាំង​បញ្ជាក់​ថា៖ ​«អវត្តមាន​គណបក្ស​ប្រឆាំង​ធំ​ជាង​គេអាច​នាំ​ឱ្យ​ខូច​លក្ខណៈ​ប្រជាធិបតេយ្យ​នៃ​ការ​បោះឆ្នោត។​ ដោយ​គ្មាន​គណបក្ស​ប្រឆាំង​សំខាន់​ចូលរួម​នោះ​ វា​ហាក់​ដូច​ជា​បង្ហាញ​ថា​ រដ្ឋសភា​និង​រដ្ឋាភិបាល​អាណត្តិ​ក្រោយ​ គឺ​នឹង​មាន​តែ​សមាជិក​ដែល​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ទាំង​អស់»។​

អ្នក​នាំពាក្យ​គណៈ​កម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប) ​លោក ​ហង្ស ពុទ្ធា ​យល់​ថា​ ការ​លើក​ឡើង​របស់​ស្ថាន​ទូត​បរទេស​ទាំងនោះ​ជា​ទម្រង់​នៃ​ការ​សម្តែង​មតិ​ ហើយ​ថា​ គ.ជ.ប​ អនុវត្ត​ទៅ​តាម​តែ​ច្បាប់​ប៉ុណ្ណោះ​ក្នុង​កិច្ចការ​បោះ​ឆ្នោត។

លោក​ប្រាប់វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះថា៖​ «អ៊ីចឹង​ គ.ជ.ប ​អនុវត្ត​ទៅ​តាម​ច្បាប់​ដែល​មាន​ជា​ធរមាន។ ​នៅ​ពេល​ដែល​ខ្វះ​ឯកសារ ​មិន​បាន​បំ​ពេញ​គ្រប់​គ្រាន់ ​គ.ជ.ប ​មាន​តែ​ធ្វើ​ការ​បដិសេធ។ ​អ៊ីចឹង​សូម​កុំ​ឱ្យ​គិត​ពី​រឿង​ទិដ្ឋភាព​នយោបាយ ​សូម​គិត​ពី​រឿង​ទិដ្ឋភាព​បច្ចេកទេស។ ​យើង​ខ្ញុំ​ជា​អ្នក​បច្ចេក​ទេស​រៀប​ចំ​ការ​បោះ​ឆ្នោត»។​

អ្នក​នាំពាក្យ​គណបក្ស​ភ្លើងទៀន ​លោក ​គីមសួរ ភិរិទ្ធ​ ប្រាប់​វីអូអេ​ថា​ គណបក្ស​នៅ​តែ​មាន​ឆន្ទៈ​ចូល​រួម​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​ ​ហើយ​ថា​ គណបក្ស​នៅ​តែ​ព្យាយាម​តស៊ូ​តាម​ផ្លូវ​ច្បាប់​ដើម្បី​បាន​លិខិត​ដើម​សម្រាប់​ប្រើប្រាស់។​

លោក​បញ្ជាក់​ថា៖​ «អ៊ីចឹង​ជំហរ​របស់​យើង​គឺ​ទោះ​បី​ជា​យើង​មិន​បាន​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​លើក​នេះ​ក៏ដោយ​ ក៏​យើង​នៅ​តែ​ព្យាយាម​ធ្វើការ​តស៊ូ​តាម​ផ្លូវ​ច្បាប់​ដើម្បី​សំដៅ​ធ្វើ​យ៉ាង​ណា​ជំរុញ​ឱ្យ​មាន​ការ​ទទួល​ស្គាល់​ ផ្តល់​លិខិត​ជា​ផ្លូវការ​ត្រឡប់​មក​វិញ​ឱ្យ​គណបក្ស​ភ្លើងទៀន​ដើម្បី​អាច​យក​ទៅ​ប្រើ​ប្រាស់​នៅ​ពេល​ខាង​ក្រោយ​ទៀត»។​

រដ្ឋលេខាធិការ​ ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ លោក ​ខៀវ សុភ័គ​ ប្រាប់​វីអូអេ​ថា​ លោក​មិន​អាច​អត្ថាធិប្បាយ​អ្វី​ឡើយទាក់ទិន​ការ​បោះឆ្នោត ​និង​ជំនួប​របស់​លោក​ ស ខេង​ ជាមួយ​មន្ត្រី​ទូត​ទាំង​នោះ។​

ប្រទេស​បារាំង​ និង​អាល្លឺម៉ង់​ គឺ​ជា​សមាជិក​របស់​សហភាព​អឺរ៉ុប​ដែល​ផ្តល់​ការ​អនុគ្រោះ​មិន​យក​ពន្ធ​លើ​ទំនិញ​ដែល​នាំចេញ​ពី​កម្ពុជា​ តាម​ឋានៈ​អនុគ្រោះ​ពន្ធ​ «អ្វីៗ​ទាំងអស់​លើក​លែង​តែ​សព្វាវុធ»​ (Everything But Arms) ហៅ​កាត់​ថា EBA។ ​

កាល​ពីខែ​សីហា ​ឆ្នាំ​២០២០ ​សហភាព​អឺរ៉ុប​បាន​ចាប់​ផ្តើម​ដាក់​គំនាប​លើ​ប្រទេស​កម្ពុជា​ដោយ​ដក​ការ​អនុគ្រោះ​ពន្ធ​ចំនួន​២០%​ ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ ដោយសារ​ការ​រំលោភ​សិទ្ធិមនុស្ស​ជា​លក្ខណៈ​ប្រព័ន្ធ​ធ្ងន់ធ្ងរ​នៅ​កម្ពុជា។​

អ្នក​សម្រប​សម្រួល​ផ្នែក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​នៃ​អង្គការ​ខុមហ្វ្រែល​ (Comfrel)​ លោក ​កន សាវាង្ស​ ប្រាប់​វីអូអេ​ថា​ ការ​ចូលរួម​របស់​គណបក្ស​នយោបាយ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​គឺ​ជា​ការ​សំខាន់​សម្រាប់​ធានា​នូវ​ដំណើរការ​លទ្ធិ​ប្រជាធិបតេយ្យ។ ​លោក​សង្កត់ធ្ងន់​ថា ​ការ​ស្វែង​រក​មធ្យោបាយ​ដើម្បី​ឱ្យ​គណ​បក្ស​ភ្លើងទៀន​បាន​ចូល​រួម​ការ​បោះឆ្នោត​ជា​ការ​ចាំបាច់។​

លោក​ថ្លែង​ថា៖ ​«ការ​ជជែក​បែប​ម៉េច​យើង​មិន​ដឹង​ទេ​ ប៉ុន្តែ​ការ​រក​វិធី​ដោះ​ស្រាយ​នៅ​ក្នុង​ការ​ចូល​រួម​របស់​គណ​បក្ស​នយោបាយ​ស្រប​ទៅ​តាម​គោល​ការណ៍​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​ឱ្យ​មា​ន​ការ​ប្រកួត​ប្រជែង​ វា​ជា​រឿង​មួយ​សំខាន់​ណាស់​សម្រាប់​ប្រទេស​ជាតិ​មួយៗ​ ជា​ពិសេស​គឺ​កម្ពុជា​តែម្តង»។​

កាល​ពី​កន្លង​ទៅ​ សហភាព​អឺរ៉ុប​បាន​ព្រមាន​សារ​ជាថ្មី​ថា​ ប្រសិន​បើ​កម្ពុជា​មិន​រៀបចំ​ការ​បោះ​ឆ្នោត​ឱ្យ​មាន​តម្លាភាព​ យុត្តិធម៌​ ដែល​អាច​ទទួល​យក​បាន​ទេ​ កម្ពុជា​នឹង​បាត់​បង់​ EBA ​ទាំង​ស្រុង។ ​ប៉ុន្តែ​ការ​ព្រមាន​នេះ​មិន​អាច​ធ្វើ​ឱ្យរដ្ឋាភិបាល​របស់​លោក ​ហ៊ុន សែន ​ញញើត​នោះ​ឡើយ ​ដោយ​អះអាង​ថា​ សេដ្ឋកិច្ច​កម្ពុជា​រឹងមាំ​ដែល​អាច​ឈរ​ខ្លួន​ឯង​បាន៕

XS
SM
MD
LG