រដ្ឋអារីហ្សូណានិងតិចសាសរបស់សហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃសុក្រថា គេនឹងបញ្ជូនសមាជិកឆ្មាំការពារជាតិចំនួន៤រយនាក់ទៅកាន់ព្រំដែនសហរដ្ឋអាមេរិកនិងប្រទេសម៉ិកស៊ិកនៅសប្តាហ៍ក្រោយបន្ទាប់ពីប្រធានាធិបតីមេរិក ដូណាល់ ត្រាំបានអំពាវនាវឲ្យមានកងទ័ពកាន់តែច្រើនឡើងនៅតាមព្រំដែន។
ឆ្មាំការពាររដ្ឋតិចសាសបានប្រាប់ឲ្យដឹងថា ខ្លួនបានប្រុងប្រៀបខ្លួនជាស្រេចហើយដើម្បីបញ្ជូនឆ្មាំការពារទៅកាន់ព្រំដែន ដោយមានផែនការដាក់កងទ័ព២៥០នាក់នៅទីនោះក្នុងរយៈពេល៣ថ្ងៃបន្ទាប់ទៀត។
ឧត្តមសេនីយត្រី Tracy Norris មេបញ្ជាការរងនៃក្រសួងការពារប្រទេសរបស់រដ្ឋតិចសាសបាននិយាយថា «នៅក្នុងរយៈពេល៧២ម៉ោង ក្រសួងយោធារដ្ឋតិចសាសនឹងមានបុគ្គលិក២រយ៥០នាក់ រួមជាមួយរថយន្តតាមសង្កេតការនិងយន្តហោះធន់ស្រាលនិងមធ្យម»។
លោកស្រី Norris បាននិយាយថា «នៅព្រឹកស្អែកនេះ សេចក្តីជូនដំណឹងនឹងបញ្ជូនទៅកាន់កងទ័ពដែលហៅមកបំពេញមុខងាររបស់ខ្លួន»។
បន្ទាប់ពីលោកស្រី Norris បានធ្វើអត្ថាធិប្បាយនៅឯសន្និសីទកាសែតក្នុងទីក្រុង Austin កាលពីថ្ងៃសុក្រមក ឧទ្ធម្ភាគចក្រ២គ្រឿងបានដឹកកងទ័ពឆ្ពោះទៅកាន់ព្រំដែន។
លោកស្រី Norris បាននិយាយទៀតថា «ឆ្មាំការពារជាតិរដ្ឋតិចសាស បានប្រតិបត្តិការនៅតាមបណ្តោយព្រំដែនសហរដ្ឋអាមេរិកនិងប្រទេសម៉ិកស៊ិកអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយដើម្បីគាំទ្រទាំងទីភ្នាក់ងាររដ្ឋនិងភ្នាក់ងារសហព័ន្ធ។
លោក Doug Ducey អភិបាលរដ្ឋអារីហ្សូណា និយាយកាលពីថ្ងៃសុក្រថា សមា ជិកឆ្មាំការពារប្រហែល១រយ៥០នាក់នឹងត្រូវដាក់ពង្រាយនៅសប្តាហ៍ក្រោយ៕