លោកប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ ត្រាំបាននិយាយជាមួយមន្រ្តីជាន់ខ្ពស់ការពារប្រទេសដោយប្រើប្រាស់ថវិកាយោធាដើម្បីស្ថាបនាជញ្ជាំងព្រំដែនជាមួយប្រទេសម៉ិកស៊ិក។
លោកស្រី Dana White អ្នកនាំពាក្យមន្ទីរបញ្ចៈកោណបាននិយាយកាលពីថ្ងៃព្រហស្បតិ៍នៅពេលដែលគេសួរថាតើលោកត្រាំបាននិយាយប្រធានបទអ្វីជាមួយលោក Jim Mattis រដ្ឋមន្រ្តីក្រសួងការពារប្រទេសនោះ។ អ្នកនាំពាក្យនោះបាននិយាយថា «វាជាការសន្ទនាលើកដំបូង»។
លោកស្រី White បាននិយាយថា៖ «ចូរចងចាំថា ការការពារប្រជាពលរដ្ឋអាមេរិកនិងសន្តិសុខប្រទេសជាតិមានសារៈសំខាន់បំផុតដល់លោករដ្ឋមន្រ្តីការពារប្រទេស»។
កាលពីថ្ងៃអាទិត្យកន្លងមកនេះ លោកប្រធានាធិបតីត្រាំបានបញ្ជូនសារតាមប្រព័ន្ធ Twitter ថា «ពីព្រោះតែប្រាក់ចំនួន៧រយនិង៧រយ១៦ពាន់លានដុល្លារដើម្បីស្ថាបនាយោធារបស់យើងឡើងវិញ ការងារជាច្រើននឹងត្រូវបានបង្កើតហើយយោធារបស់យើងនឹងខ្លាំងម្តងទៀត»។
ប្រធានាធិបតីត្រាំបានបញ្ជូនសារតាមប្រព័ន្ធ Twitter ម្តងទៀតថា៖ «ការស្ថាបនាជញ្ជាំងនៅតាមព្រំដែនដែលពួកសត្រូវបានចាក់ថ្នាំញៀនចូលក្នុងប្រទេសរបស់យើង ទាំងអស់នេះប្រហែលជាការការពារជាតិ។ យើងត្រូវស្ថាបនាជញ្ជាំងការពារព្រំដែន»។
មន្ទីរបញ្ចៈកោណមិនបានផ្តល់សេចក្តីលម្អិតអំពីថាតើថវិកាយោធាប៉ុន្មានអាចត្រូវបានប្រើប្រាស់ដើម្បីស្ថាបនាជញ្ជាំងតាមព្រំដែននោះដែលត្រូវបានគេប៉ាន់ស្មានមានតម្លៃជាង២០ពាន់លានដុល្លារ ឬអ្វីដែលមានផលប៉ះពាល់ទៅលើយោធាសហរដ្ឋអាមេរិកខ្លួនឯងនោះ៕