កាលពីសប្តាហ៍មុនជនភៀសខ្លួនចេញពីព្រំដែនស៊ីរី ដែលត្រូវបានចាប់ឃាត់ខ្លួនដោយកម្លាំងប្រដាប់អាវុធ Kurde មិនដឹងថា ពេលណានឹងត្រឡប់មកកាន់ប្រទេសខ្លួនបានវិញនោះទេ។ ក៏ប៉ុន្តែ ពួកគេនិយាយថា ពួកគេត្រូវបានបង្ខំឲ្យរត់គេចខ្លួនពីការវាយប្រហារតាមអាកាសរបស់ក្រុមចម្រុះ និងពីការអះអាងដោយក្រុមអ៊ីស្លាមជ្រុលនិយមដែលថា ក្រុម Kurde ប្រហែលនឹងមានភាពចលាចលនៅក្នុងក្រុងនោះ។
Maryam អាយុ៣៣ឆ្នាំកំពុងអង្គុយនៅក្រោមម្លប់តិចៗនៅជិតច្រកទ្វារព្រំដែននៅទីក្រុងភាគខាងត្បូងប្រទេសតួកគីមួយនេះ ហើយកំពុងរៀបចំនឹងវិលត្រឡប់ទៅផ្ទះរបស់ខ្លួននៅ Tal Abayad ជាមួយនឹងកូនតូចៗពីរនាក់ទៀតរបស់គាត់។ កូនទីបីរបស់អ្នកស្រីត្រូវបានស្លាប់ដោយការវាយប្រហារតាមអាកាសរបស់ក្រុមចម្រុះ ដែលបានទម្លាក់គ្រាប់ត្រូវផ្ទះរបស់គាត់។
អ្នកស្រីបាននិយាយថា គាត់ស្ថិតក្នុងផ្ទះបាយក្នុងផ្ទះនៅជិតភាគកណ្តាលក្រុង Tal Abayad ដែលអតីតរដ្ឋគ្រប់គ្រងដោយក្រុមអ៊ីស្លាម ពេលដែលមានការវាយប្រហារតាមអាកាសនោះ។ ឪពុកម្តាយរបស់គាត់ និងកូនស្រីអាយុប្រាំមួយឆ្នាំម្នាក់កំពុងតែនៅក្នុងបន្ទប់ដទៃទៀត ហើយត្រូវបានសម្លាប់ ចំណែកឯប្តីរបស់នាងក៏ត្រូវស្លាប់ផងដែរ ដោយសាររបួសធ្ងន់ធ្ងរត្រង់ពោះ។
លោកគ្រូថ្នាក់បឋមសិក្សាម្នាក់ ដែលស្ថិតក្នុងភាពស្រឡាំងកាំងនៅឡើយ បាននិយាយលើកឡើងពីអ្វីដែលជនភៀសខ្លួនមួយចំនួនក្នុងចំណោមជនភៀស ២០.០០០នាក់ដែលបានរត់គេចពីក្រុង Tal Abayad នាខែនេះបានជួបប្រទះ។ ក្រុង Tal Abayad ជាទីក្រុងពួកជនអារ៉ាប់ចម្បងមួយ ដែលត្រូវបានគ្រប់គ្រងដោយក្រុមរដ្ឋអ៊ីស្លាមអស់ជាច្រើនខែ និងជាទីផ្គត់ផ្គង់សម្ភារៈដ៏សំខាន់មួយរបស់ក្រុមអ៊ីស្លាមជ្រុលនិយមនោះ។ ជនភៀសខ្លួនទាំងនោះបានសង្កត់ធ្ងន់ពីការវាយប្រហារតាមអាកាសទៅលើទីក្រុងតូចៗ និងនៅជិតភូមិនានានៅជុំវិញនោះ ថាជាហេតុផលនៃការរត់ភៀសខ្លួនរបស់ពួកគេ ក៏ដូចជាការវាយប្រយុទ្ធគ្នាជាទូទៅផងដែរ។
អ្នកខ្លះលើកឡើងពីការប្រកាសរបស់ក្រុមមេដឹកនាំរដ្ឋអ៊ីស្លាមថា ក្រុមយុទ្ធជន Kurde នឹងចូលលួចចាប់រំលោភ និងជំរិតស្រ្តីនៅក្នុងក្រុងនោះ។ មូលហេតុដែលជនភៀសខ្លួនលើកឡើងពីរត់គេចខ្លួនរបស់ពួកគេ គឺមានសារៈសំខាន់។
មន្រ្តីតួកគី និងមេបញ្ជាការក្រុមឧទ្ទាមមួយចំនួន ដែលកំពុងប្រយុទ្ធដើម្បីផ្តួលរលំរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Bashar al-Assad បានចោទប្រកាន់ក្រុមយុទ្ធជន Kurde ដែលបានដឹកនាំកងកម្លាំងដែលវាយដណ្តើមយកទីក្រុងនៅព្រំដែនមកវិញ កាលពីថ្ងៃទី១៥ ខែមិថុនា ថា ក្រុម Kurde កំពុងព្យាយាមបំបាត់ទីលំនៅប្រជាជនអារ៉ាប់ចេញពីទឹកដីដែលពួកគេវាយយកបានពីក្រុមរដ្ឋអ៊ីស្លាម។
មេដឹកនាំ Kurde បដិសេធការចោទប្រកាន់នេះ ហើយក្រុមឧទ្ទាមនៅស៊ីរីបានអះអាងថា យុទ្ធជននៃគណបក្សសហជីពប្រជាធិបតេយ្យ [Democratic Union Party (PYD)] របស់ស៊ីរី ដែលជាក្រុមប្រយុទ្ធជាមួយក្រុម Kurdish YPG ចង់ត្រួសត្រាយផ្លួវតាមបណ្តោយព្រំដែនដើម្បីអាចចូលទៅកាន់តំបន់សមុទ្រមេឌីទែរ៉ាណេ (Mediterranean) បាន។ ការធ្វើដូច្នេះអាចនឹងនាំឲ្យពួកគេបង្កើតនូវរដ្ឋ Kurde ស្វយ័តមួយនៅខាងជើងប្រទេសស៊ីរី និងធានាថាតំបន់នោះនឹងមិនត្រូវបានហ៊ុមព័ទ្ធដោយដីទាំងស្រុង។
កាលពីសប្តាហ៍មុនអនុប្រធានាធិបតីតួកគីបានចោទប្រកាន់ក្រុម Kurde ពីបទ «សម្លាប់រង្គាលបំបាត់ពូជសាសន៍» នៅក្រុង Tal Abyad។
ប៉ុន្តែ ជនភៀសខ្លួនជាងដប់នាក់ដែលវីអូអេបានធ្វើការសម្ភាសន៍នៅទីក្រុង Akcakale បានឲ្យដឹងថារឿងហេតុដែលនាំឲ្យមានការសម្រេចចិត្តរត់គេចនោះគឺមកពីក្រុង Akcakale ជាទីតាំងដែលត្រូវទទួលរងនូវការវាយប្រហារតាមអាកាស និងរួមទាំងការវាយប្រយុទ្ធជាញឹកញាប់រវាង ក្រុម Kurdish YPG និង ក្រុមយុទ្ធជនរដ្ឋអ៊ីស្លាម។ ពួកគេក៏បានលើកឡើងពីពាក្យចចាមអារាមដែលផ្សព្វផ្សាយដោយក្រុមរដ្ឋអ៊ីស្លាមផងដែរ៕
ប្រែសម្រួលដោយ ហ៊ុយ សម្ផស្ស