កាលពីថ្ងៃអង្គារ អ.ស.ប.បានសុំដល់ប្រទេសច្រើនជាងមុនឱ្យស្វាគមន៍ពួកជនភៀសខ្លួនមកពីប្រទេសស៊ីរីដែលដាច់ដាចដោយសារសង្គ្រាមដើម្បីសម្រាលការចាកចេញពីប្រទេសស៊ីរីនៃក្រុមមនុស្សជាង៣លាននាក់ទៅកាន់ប្រទេសជិតខាង។
ថ្លែងនៅក្នុងក្រុង Geneve លោក Antonio Guterres ប្រធាននៃទីភ្នាក់ងារអ.ស.ប.ទទួលបន្ទុកកិច្ចការជនភៀសខ្លួនបានមានប្រសាសន៍ជាថ្មីទៀតអំពីសំណើរបស់ទីភ្នាក់ងារអន្តរជាតិនេះដែលសុំដល់ពួករដ្ឋជាសមាជិកឱ្យទទួលយករួមគ្នានូវ ជនភៀសខ្លួន១សែន៣ម៉ឺននាក់មិនឱ្យហួសពីឆ្នាំ២០១៦។
ទីភ្នាក់ងារជនភៀសខ្លួននេះក៏ប្រាប់ឱ្យដឹងដែរអំពីគម្រោងថវិការបស់ខ្លួនសម្រាប់ឆ្នាំក្រោយដែលមានទឹកប្រាក់៦ពាន់២រយលានដុល្លារ។នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទីភ្នាក់ងារនេះបាននិយាយថាខ្លួនបានទទួលការសន្យាផ្តល់ប្រាក់ជំនួយចំនួនប្រមាណ៥០០លានដុល្លាររហូតមកដល់ពេលនេះ។
ការអំពាវនាវសុំវិភាគទានខាងប្រាក់កាសនិងខាងជំនួយមនុស្សធម៌កើតមានទ្បើងនៅពេលដែលអ.ស.ប.តស៊ូបំពេញសេចក្តីត្រូវការខាងហិរញ្ញវត្ថុនៃវិបត្តិ
បច្ចុប្បន្ននៅក្នុងប្រទេសស៊ីរីដែលនៅទីនោះមនុស្សប្រមាណ៩លាននាក់បានខ្ចាត់ព្រាត់ពីផ្ទះសំបែងពួកគេ។
ប្រជារាស្ត្រស៊ីរីប្រហែលមួយភាគបីដែលបានរត់គេចខ្លួនចេញពីសង្គ្រាមស៊ីវិលនិងពីពួកជនសកម្មប្រយុទ្ធរដ្ឋ Islam កំពុងរស់នៅក្នុងប្រទេសជិតខាងដូចជាប្រទេសទួរគី, ហ្សកដង់នី និងប្រទេសលីបង់ជាដើម៕