ក្រុមសកម្មជន និងបណ្តាញផ្សាយព័ត៌មានលម្អៀងទៅខាងរដ្ឋាភិបាលស៊ីរីបាននិយាយថា អំពើហិង្សាប្រឆាំងនឹងរដ្ឋាភិបាលស៊ីរីបានរាលដាលកាលពីថ្ងៃសៅរ៍នៅក្នុងសហគមន៍ជនភាគតិច Druze នៅក្នុងផ្នែកខាងក្នុងនៃប្រទេសស៊ីរី មួយថ្ងៃក្រោយពីមានការធ្វើឃាតបព្វជិតឥស្លាមប្រឆាំងនឹងរដ្ឋាភិបាលដ៏ល្បីឈ្មោះម្នាក់នៅក្នុងការផ្ទុះគ្រាប់បែកដែលបានបណ្តាលឱ្យមានមនុស្សយ៉ាងតិចណាស់២៥នាក់ទៀតស្លាប់ដែរ។
អង្គការ Syrian Observatory for Human Rights ដែលមានមូលដ្ឋាននៅក្នុងប្រទេសអង់គ្លេសបាននិយាយថា ក្រុមអ្នកគាំទ្រ Sheikh Wahid Balous ដែលជាមេដឹកនាំនៃកងជីវពល Druze មានអំណាចខ្លាំងបានបន្ទោសរដ្ឋាភិបាលថាជាអ្នកចាត់ចែងឱ្យមានការបំផ្ទុះគ្រាប់បែកក្នុងឡានពីរគ្រឿងដែលបានសម្លាប់លោកនៅក្នុងខេត្ត Sweida នាប៉ែកនិរតីនៃប្រទេស ដែលជាតំបន់មួយឋិតនៅខាងក្រៅសង្គ្រាមស៊ីវិលរបស់ប្រទេសនេះ។
រូបផ្សាយតាមទូរទស្សន៍ស៊ីរីបានបង្ហាញឱ្យឃើញការច្របូកច្របល់នៅក្រោយការផ្ទុះនោះដោយមានជនស៊ីវិលបានប្រញាប់ប្រញាល់នាំយកជនត្រូវរបួសចេញពីកន្លែងកើតហេតុនៅពេលមានផ្សែងខ្មៅខ្មួលនៅពីលើទីនោះ។
លោក Rami Abdel Rahman ប្រធានអង្គការ Observatory បាននិយាយថា«សមាជិក៦នាក់នៃកងកម្លាំងសន្តិសុខរបស់របបគ្រប់គ្រងស៊ីរីបានត្រូវបាញ់ស្លាប់កាលពីយប់ថ្ងៃសុក្រ»។
ការស្លាប់នៃជនទាំងនេះមានឡើងនៅក្រោយមានដំណឹងអំពីការធ្វើឃាតលោកBalous នៅពេលដែលអ្នកស្រុកក្នុងមូលដ្ឋានខឹងសំបារ ហើយខ្លះមានអាវុធបានវាយប្រហារលើសន្តិសុខពីរកន្លែងនៅក្នុងខេត្ត Sweida៕