ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​សហគមន៍​អារ៉ាប់​អាមេរិកាំង​កំពុង​ស្តាប់​នៅពេល​ដែល​លោក​ស្រី Kamala Harris ​កើន​​ការគាំទ្រ​នៅ​​រដ្ឋ​​ប្រកួត​ប្រជែង​ខ្លាំង


លោក Osama Siblani អ្នកចេញ​ផ្សាយ​កាសែត​អារ៉ាប់អាមេរិកាំង​នៅ​ក្នុង​ការិយាល័យ​កាលពី​ថ្ងៃពុធ​ ទី​១០ មេសា ឆ្នាំ២០២៤។(AP Photo/Carlos Osorio)
លោក Osama Siblani អ្នកចេញ​ផ្សាយ​កាសែត​អារ៉ាប់អាមេរិកាំង​នៅ​ក្នុង​ការិយាល័យ​កាលពី​ថ្ងៃពុធ​ ទី​១០ មេសា ឆ្នាំ២០២៤។(AP Photo/Carlos Osorio)

ទូរសព្ទរបស់​លោក Osama Siblani ​មិន​ឈប់​រោទិ៍ទេ។ ទើបតែ​ប៉ុន្មាន​ថ្ងៃ បន្ទាប់ពី​លោក​ប្រធានាធិបតី Joe Biden បាន​ដកខ្លួន​ចេញពីការឈរឈ្មោះ​ប្រធានាធិបតីហើយ​បាន​គាំទ្រ​លោកស្រី​អនុ​ប្រធានាធិបតី Kamala Harris សម្រាប់​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ ពួក​មន្ត្រី​កំពូលៗ​មកពី​គណបក្ស​នយោបាយ​សំខាន់ៗ​ទាំង២​បាន​សួរ​ក្រុមហ៊ុន​បោះពុម្ភផ្សាយ​ព័ត៌មាន​អារ៉ាប់​អាមេរិកាំង​ដែល​មាន​ទីតាំង​នៅ​ក្រុង Dearborn ​ថា​តើ​លោក​ស្រី Harris ​អាច​ទទួល​បានការគាំទ្រ​របស់​ពលរដ្ឋ​មូស្លីម​ដ៏​ធំ​បំផុត​ដែល​មាន​ទីតាំង​នៅ​ក្នុង​ទីក្រុង Detroit​ ដែរ​ឬទេ។

ការឆ្លើយតប​របស់​លោក​គឺ«យើង​កំពុង​ស្តាប់»។

លោក​ស្រី Harris ដែល​កំពុង​ចាត់វិធានការ​ដើម្បី​ទទួល​បានការតែងតាំង​ជា​បេក្ខជន​ប្រធា​នាធិបតី​បក្ស​ប្រជាធិបតេយ្យ បន្ទាប់ពី​លោក Biden បាន​ដក​ខ្លួន​ចេញ​ បង្ហាញ​ពី​ការងាក​ភ្លាមៗទៅធ្វើ​កិច្ចការ​ដើម្បី​ជំរុញ​ឱ្យ​អ្នក​បោះឆ្នោត​អារ៉ាប់​អាមេរិកាំង​នៅ​ក្នុង​រដ្ឋ Michigan​ គាំទ្រ​ ព្រោះ​ជា​រដ្ឋ​មួយ​ដែល​ពួក​បក្ស​ប្រជាធិបតេយ្យ​ជឿ​ថា​លោក​ស្រី​មិន​អាច​ចាញ់​នៅ​ក្នុង​ខែ​វិច្ឆិកាបាន​ទេ​ហើយ​ថាលោកស្រី​ជា​មេដឹកនាំ​មួយ​ដែល​ពួកគេ​អាច​រួបរួម​គ្នា​បាន។

ពួក​មេដឹកនាំ​សហគមន៍​បាន​សម្តែង​នូវ​ឆន្ទៈ​ដើម្បី​ស្តាប់ ហើយ​អ្នក​ខ្លះ​បាន​សន្ទនា​ដំបូងៗ​ជាមួយ​ក្រុម​របស់​លោក​ស្រី Harris។ ពួកគេ​ជា​ច្រើន​បាន​នឿយណាយ​នឹងលោក Biden ​បន្ទាប់ពី​ពួកគេ​បាន​ទាក់ទង​ជា​ច្រើន​ខែ​ដោយ​មិន​បាន​ទទួល​លទ្ធផល​ច្រើន។

លោក Abdullah Hammoud អភិបាល​ក្រុង Dearborn បាន​និយាយ​ថា៖​«ទ្វារ​បាន​បើក​ចំហរ​ពីព្រោះ​លោក Biden បាន​ចុះចេញ​ពី​ការប្រកួត​ប្រជែង។ មាន​ឱកាស​សម្រាប់​អ្នក​ទទួល​បាន​ការតែងតាំង​ខាង​បក្ស​ប្រជាធិបតេយ្យ​ដើម្បី​ចូលរួម​គ្នា​ជា​ក្រុម​ចម្រុះ​ដែល​បាន​ជួយ​ឲ្យ​លោក Biden ​បាន​កាន់​តំណែង​កាលពី​៤​ឆ្នាំ​មុន។ ក៏ប៉ុន្តែ ​ការទទួល​ខុសត្រូវ​នេះ​ឥឡូវនេះ​នឹង​ធ្លាក់​លើអនុ​ប្រធានាធិបតី»។

ពួក​មេដឹកនាំ​អារ៉ាប់​អាមេរិកាំង​ដូចជា​លោក Hammoud និង​លោក Siblani កំពុង​ពិនិត្យ​យ៉ាង​ដិតដល់​សម្រាប់​សញ្ញា​ដែល​ថា​លោក​ស្រី Harris នឹង​បញ្ចេញ​សំឡេង​កាន់តែ​ច្រើន​ឡើង​នៅ​ក្នុងការកៀប​សង្កត់​ឱ្យ​មាន​ការឈប់​បាញ់​គ្នា។ ពួកគេ​មាន​ការរំភើប​ចំពោះ​បេក្ខភាព​របស់​លោក​ស្រី ក៏ប៉ុន្តែ ចង់​ធ្វើ​ឱ្យ​ប្រាកដ​ថា​លោក​ស្រី​នឹង​ក្លាយ​ជា​អ្នក​គាំទ្រ​សន្តិភាព​ហើយ​មិន​មែន​ជា​អ្នក​គាំទ្រ​ឥតងាករេ​របស់​អ៊ីស្រាអែល​ទេ។

ក៏ប៉ុន្តែ លោក​ស្រី Harris នឹង​ត្រូវការ​ដើរ​លើ​គោល​ជំហរ​ដ៏​ប្រយ័ត្ន​មួយ​ដើម្បី​កុំ​ឲ្យ​ឃ្លាត​ចេញ​ជា​សាធារណៈ​ពី​តួនាទី​របស់​លោក Biden នៅ​សង្គ្រាម​ក្នុង​តំបន់​ហ្កាហ្សា ជា​ទីកន្លែង​ដែល​ពួក​មន្ត្រី​នៅ​ក្នុង​រដ្ឋបាល​របស់​លោក​បាន​ធ្វើការ​ឆ្ពោះ​ទៅរក​ការឈប់​បាញ់​គ្នា​ដោយ​ភាគច្រើន​ធ្វើការ​នៅ​ពី​ក្រោយ​ឆាក។

ការខ្វែង​ជំហរនៅ​ក្នុង​គណបក្ស​ផ្ទាល់​របស់​លោក​ស្រី Harris​ ជា​ភស្តុតាង​នៅ​ក្នុង​រដ្ឋធា នី​វ៉ាស៊ីនតោន​កាលពី​ចុង​ខែ​កក្កដា​ ក្នុង​អំឡុង​នៃ​ដំណើរ​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu ដើម្បី​ថ្លែង​សុន្ទរកថា​ទៅកាន់​សភា​អាមេរិក។ នៅ​ខាង​ក្រៅ​វិមាន​សភា Capitol ពួក​បាតុករ​គាំទ្រ​ប៉ាឡេស្ទីន​ត្រូវ​បាន​ទប់ស្កាត់​ដោយ​ការបាញ់​ម្រេច​ដាក់និង​ការចាប់ខ្លួន។

សមាជិក​រដ្ឋសភា​រដ្ឋ Michigan លោក​ស្រី Rashida Tlaib ជា​ជនជាតិ​អាមេរិកាំង​ដើម​កំណើត​ប៉ាឡេស្ទីន​តែ​ម្នាក់​គត់​នៅ​សភា​ដែល​ស្រុក​របស់​លោកស្រី​រួម​មាន​ក្រុង Dearborn បាន​កាន់​សញ្ញា​ដែល​មាន​ន័យ​ថា «ឧក្រិដ្ឋកម្ម​សង្គ្រាម» ក្នុង​អំឡុង​នៃ​ការថ្លែង​សុន្ទរកថា​របស់​លោក Netanyahu។

លោក​ស្រី Harris មិន​បាន​ចូលរួម​ទេ

ពួក​មេដឹកនាំ​អារ៉ាប់​អាមេរិកាំង​ខ្លះ​បាន​បកស្រាយ​អវត្តមាន​របស់​លោកស្រី​ថា​ជា​ជំនួស​ទៅវិញ លោក​ស្រីបាន​ចូលរួម​យុទ្ធនាការ​នៅ​ក្រុង Indianapolis ជា​សញ្ញា​ដ៏​ល្អ​មួយ​ជា មួយ​ពួកគេ ថ្វីបើ​ពួកគេ​ទទួល​ស្គាល់​ការទទួល​ខុសត្រូវដែល​កំពុង​ធ្វើ​ឡើង​របស់​លោក​ស្រី​ជា​អនុ​ប្រធានាធិបតី រួមទាំង​ជំនួប​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី២៥ ខែ​កក្កដា​ជា មួយ​លោក Netanyahu។

ការសាកល្បង​លើក​ទី១របស់​លោក​ស្រី​នៅ​ក្នុង​សហគមន៍​នឹង​កើត​មាន​ឡើង​នៅពេល​ដែល​លោក​ស្រី Harrisជ្រើសរើស​បេក្ខជន​អនុ​ប្រធានាធិបតី។ ឈ្មោះ​បេក្ខជន​ម្នាក់​នៅក្នុង​បញ្ជី​សង្ខេប​របស់​លោក​ស្រី​គឺ​លោក Josh Shapiro អភិបាល​រដ្ឋ Pennsylvania បាន​រិះគន់​ជា​សាធារណៈ​ដល់​ពួក​បាតុករ​គាំទ្រ​ប៉ាឡេស្ទីន ហើយលោក​ជា​ជនជាតិ​ជ្វីហ្វ។ មេដឹកនាំ​អារ៉ាប់​អាមេរិកាំង​ខ្លះ​នៅ​ក្នុង​រដ្ឋ Michigan និយាយ​ថា​ការដាក់​លោក​លើ​បញ្ជី​បេក្ខជន​អនុ​ប្រធានាធិបតី​នឹង​បង្កើន​ភាពខ្វល់ខ្វាយ​របស់​ពួកគ​អំពី​កម្រិត​នៃ​ការគាំទ្រ​ដែល​ពួកគេ​អាច​រំពឹង​មកពី​រដ្ឋបាល​របស់​លោក​ស្រី Harris។

លោក Rima Meroueh នាយក​នៃ​សហគមន៍​បណ្តាញ​ជាតិ​សម្រាប់​អារ៉ាប់​អាមេរិកាំង​និយាយ​ថា​«លោក Josh Shapiro ជា​មនុស្ស​ទី១​ដែល​រិះគន់​ពួក​និស្សិត​នៅ​បរិវេណ​សាកល​វិទ្យាល័យ។ ដូច្នេះ ការណ៍​នេះ​មិន​បាន​ធ្វើ​ឱ្យ​លោក​ស្រី Harris មាន​ភាពខុស​គ្នា​ខ្លាំង​ទេ ប្រសិនបើ​លោកស្រី​ជ្រើសរើស​លោក​នោះ។ ការណ៍​នេះ​គ្រាន់តែ​និយាយ​ថា​ខ្ញុំ​នឹង​បន្ត​ដូចគោលនយោបាយ​លោក Biden»។
ពលរដ្ឋ​អារ៉ាប់អាមេរិកាំង​យល់​ថា​សន្លឹក​ឆ្នោត​របស់​ពួកគេមាន​សារៈសំខាន់គ្រប់គ្រាន់​សម្រាប់​ការបោះឆ្នោត​នៅ​ក្នុង​រដ្ឋ​ដែលប្រកួត​ប្រជែង​ខ្លាំង​ដូចជា​រដ្ឋ Michigan ​ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា​ពួក​មន្ត្រី​នឹង​ស្តាប់​ពួកគេ។

រដ្ឋ Michigan មាន​សហគមន៍​ជនជាតិ​អាមេរិកាំង​ដើម​កំណើត​អារ៉ាប់​ដ៏​ធំ​បំផុតនៅ​ក្នុង​សហរដ្ឋ​អាមេរិក ​ហើយ​ទីក្រុង​នានា​ដែល​មាន​អ្នក​កាន់​សាសនា​អ៊ីស្លាម​ភាគច្រើន​របស់​រដ្ឋ​នោះ​បាន​គាំទ្រ​ដ៏​ច្រើន​លើសលប់ដល់​លោក Bidenនៅ​ឆ្នាំ២០២០។ ឧទាហរណ៍ លោក Biden ​បាន​ឈ្នះ​នៅ​ក្នុង​ទីក្រុង Dearborn ​ដោយ​សំឡេង​៣​ទល់​នឹង​១​លើ​អតីត​ប្រធានាធិបតី​លោក​ Donald Trump។

នៅ​ខែ​កុម្ភៈ ពួក​អ្នក​បោះឆ្នោត​បឋម​ខាង​បក្ស​ប្រជាធិបតេយ្យ​នៅ​រដ្ឋ Michigan ជាង១ សែន​នាក់​បាន​ជ្រើសរើសយក​ការ«មិន​សម្រេច​បោះ​ឱ្យ​ខាង​ណា»ដើម្បី​ទទួល​បាន​ប្រតិភូ​២រូប​ដើម្បី​តវ៉ា​ប្រឆាំង​ការគាំទ្រ​គ្មាន​ងាករេ​របស់​រដ្ឋបាល​លោក Biden ដល់​ការ​ឆ្លើយតប​របស់​អ៊ីស្រាអែល​ដល់​ការវាយ​ប្រហារ​ថ្ងៃ​ទី៧ ខែ​តុលា ឆ្នាំ​ទៅ​ដោយ​ក្រុម​ហាម៉ាស់។

នៅ​ទូទាំង​ប្រទេស​ជាតិ «ការមិន​សម្រេច​បោះឆ្នោត​ឱ្យ​គណបក្ស​ណា»បាន​ប្រមូល​ប្រតិ ភូ​ទាំង​អស់​ចំនួន៣៦នៅ​ក្នុង​ការបោះឆ្នោត​បថម​នៅ​ដើម​ឆ្នាំ​នេះ។

ក្រុម​នានា​ដែល​ដឹកនាំការខំប្រឹងប្រែង​នេះ​បាន​អំពាវនាវ​ឱ្យ​ដាក់​ទណ្ឌកម្ម​ការដឹក​ជញ្ជូន​អាវុធ​ទាំង​អស់​ទៅកាន់​ឱ្យ​អ៊ីស្រាអែល​ហើយ​នឹង​មាន​ការឈប់​បាញ់​គ្នា​អចិន្ត្រៃយ៍​មួយ។

លោក Abbas Alawieh បាន​និយាយ​ទៀត​ថា៖ ​«ប្រសិនបើ លោក​ស្រី Harris អំពាវនាវ​ឱ្យ​មាន​ការដាក់​ទណ្ឌកម្ម​ការលក់​អាវុធ ខ្ញុំ​នឹង​ធ្វើការ​ទាំង​យប់​ទាំង​ថ្ងៃ​ជា​រៀង​រាល់​ថ្ងៃ​រហូត​ទាល់​តែ​ការបោះឆ្នោត​ដើម្បី​ឱ្យ​លោក​ស្រី​ជាប់​ឆ្នោត។ «ការមិន​សម្រេច​បោះ​ឱ្យ​ខាង​ណា»​របស់​ប្រតិភូ​រដ្ឋ Michigan​ និង​មេដឹកនាំ​ថ្នាក់​ជាតិ​របស់​ចលនា​នោះ ​ឥឡូវនេះ​មាន​ឱកាស​ពិតប្រាកដ​ដើម្បី​រួបរួម​គ្នា​បង្កើត​សម្ព័ន្ធភាព។ វា​អាស្រ័យ​លើ​លោក​ស្រី​ដើម្បី​ថ្លែង​សារ​នេះ ក៏ប៉ុន្តែ យើង​មាន​សុទិដ្ឋិនិយម​ប្រកប​ដោយ​ការប្រយ័ត្នប្រយែង»។

ក្នុង​ខណៈនោះ​ដែរ លោក Trump និង​ក្រុម​យុទ្ធនាការ​របស់​លោក​បាន​ដឹង​ពី​ការច្របូក​ច្របល់​នៅ​ក្នុង​កម្លាំង​មូលដ្ឋាន​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ហើយ​បាន​ស្វះស្វែង​យ៉ាង​សកម្ម​រក​ការគាំទ្រ​ពី​ពួក​អ្នក​បោះឆ្នោត​អារ៉ាប់​អាមេរិកាំង។

ការខំប្រឹងប្រែង​នេះ​មាន​ភាពស្មុគ្រស្មាញ​ដោយ​ប្រវត្តិ​នៃ​វោហាសាស្ត្រ​និង​គោលនយោ បាយ​ប្រឆាំង​ជន​អន្តោប្រវេសន៍​របស់​លោក Trump ក្នុង​អំឡុង​នៃ​អាណត្តិ​ទី១របស់​លោក​ជា​ប្រធានាធិបតី។

ជំនួប​រវាង​មេដឹកនាំ​អារ៉ាប់​អាមេរិកាំង​រាប់​សិប​នាក់​មកពី​ទូទាំង​សហរដ្ឋ​អាមេរិក​និង​អ្នក​តំណាង​របស់​លោក Trump ត្រូវ​បានធ្វើឡើង​នៅ​ក្នុង​ទីក្រុង Dearbornនៅ​ចុង​ខែ​កក្កដា។ ក្នុង​ចំណោម​អ្នក​តំណាង​ទាំង​នោះ​មាន​លោក Massad Boulos ពាណិជ្ជករ​កើត​នៅ​ប្រទេស​លីបង់​ដែល​កូន​ប្រុស​របស់​លោក​បាន​រៀបការ​ជាមួយ​អ្នក​ស្រី Tiffany Trumpកូនស្រី​ពៅ​របស់​អតីត​ប្រធានាធិបតី Trump កាលពី២ឆ្នាំ​មុន។ លោក Boulos កំពុង​ប្រើ​ឥទ្ធិពលនៃ​ការជាប់​សាច់ញាត្តិ​របស់​លោក​ដើម្បី​ប្រមូល​ការគាំទ្រ​សម្រាប់​លោក Trump។

ផ្នែក​មួយ​នៃ​ចំណុច​សំខាន់ដែល​លោក Boulos និងលោក Bishara Bahbah ប្រធាន​សមាគម​អារ៉ាប់​អាមេរិកាំងបាន​ធ្វើ​នៅ​ក្នុង​ក្រុង Dearborn សម្រាប់​លោក Trump គឺ​ថា​លោក Trump បាន​បង្ហាញ​នូវ​ការបើក​ចំហរ​ដល់​ដំណោះស្រាយ​រដ្ឋ២។ លោក​បាន​ចុះផ្សាយ​លិខិត​មួយ​ច្បាប់​នៅលើ​បណ្តាញ​សង្គម​មកពី​ប្រធានាធិបតី​ប៉ាឡេស្ទីន​លោក Mahmoud Abbas ហើយ​បាន​សន្យា​ធ្វើការ​ដើម្បី​សន្តិភាព​នៅ​ក្នុង​តំបន់​មជ្ឈិម​បូព៌ា។

លោក Bahbah បាន​និយាយ​ថា៖​«ចំណុច​សំខាន់៣​ដែល​ត្រូវ​បាន​កត់សម្គាល់​នៅ​ក្នុង​ជំនួប​នោះ​គឺ​ថា​លោក Trump ត្រូវការ​បញ្ជាក់​ឱ្យ​បាន​កាន់តែ​ច្បាស់​ឡើង​ថា​លោក​ចង់​ឱ្យ​មាន​ការឈប់​បាញ់​គ្នា​ជា​បន្ទាន់​មួយ​នៅ​ក្នុង​តំបន់​ហ្កាហ្សា​ហើយ​ថា​លោក​គាំទ្រ​ដំណោះ​ស្រាយ​រដ្ឋ២ ហើយ​ថា​មិន​មាន​បញ្ហា​បែប​នេះ​ដូចជា​ការហាមឃាត់​អ្នកកាន់​សាសនា​អ៊ីស្លាម​ទេ។ នេះ​ជា​អ្វី​ដែល​សហគមន៍​ចង់​ឮ​ឲ្យ​បាន​ច្បាស់លាស់»។

មុន​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ថ្ងៃ​ទី២០ ខែ​កក្កដា​នៅ​ក្នុង​រដ្ឋ Michigan លោក Trump ក៏​បាន​ជួប​ជាមួយ​លោក Bahbah ដែល​បាន​ដាក់​សម្ពាធ​លើ​លោក Trump អំពី​ដំណោះស្រាយ​រដ្ឋ២។ នេះ​បើ​តាម​លោក Bahbah។ លោក Trump បាន​ឆ្លើយតប​យ៉ាង​ច្បាស់ដោយ​និយាយ​ថា​គាំទ្រ​«១០០​ភាគរយ»។

ក៏ប៉ុន្តែ ឱកាស​នយោបាយ​សម្រាប់​លោក Trump អាច​ត្រូវ​បាន​កម្រិត​ដោយ​ការរិះគន់​មកពី​ពលរដ្ឋ​អារ៉ាប់​អាមេរិកាំង​ជា​ច្រើន​អំពី​ការហាមឃាត់​របស់​អតីត​ប្រធានាធិបតិ​លើ​ជន​អន្តោប្រវេសន៍​មកពី​ប្រទេស​កាន់​សាសនា​អ៊ីស្លាម​ជា​ច្រើន​ហើយ​នឹង​អត្ថាធិប្បាយ​ជាច្រើន​ដែល​ពួកគេ​បាន​គិត​ថា​ជា​ការប្រមាថ​មើលងាយ។

លោក Hammoud ជា​អភិបាល​ក្រុង Dearborn ខាង​គណបក្ស​ប្រជាធិបតេយ្យ​បាន​និយាយ​ថា៖​«ខ្ញុំ​មិន​បាន​ឮ​បុគ្គល​នានា​និយាយ​ថា​ខ្ញុំ​ឥឡូវនេះ​កំពុង​ស្ទុះស្ទា​ទៅ​ខាង​លោក Donald Trump ទេ។ ខ្ញុំ​មិន​ទាន់ឮ​ពាក្យ​ទាំង​នោះ​នៅ​ក្នុង​ការសន្ទនា​ណាមួយ​ដែល​ខ្ញុំ​ចូលរួមទេ។ ពួកគេ​ទាំង​អស់​ដឹង​ពី​អ្វី​ដែល​លោក Donald Trumpតំណាង​»៕

ប្រែសម្រួល​ដោយ​លោក ជឹង ប៉ូជីន

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG