ក្រុមអាជ្ញាធរការពារតំបន់រមណនីយដ្ឋានអង្គរកាលពីពេលថ្មីៗនេះ បានណែនាំឲ្យអ្នកទស្សនាតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រមួយនេះ កុំបរិភោគអាហារក្នុងពេលដើរមើលប្រាង្គប្រាសាទ ដែលជាផ្នែកមួយនៃការរក្សាអនាម័យល្អ និងដើម្បីតម្កល់តម្លៃដល់ដូនតាខ្មែរដែលបានបន្សល់ទុកប្រាង្គប្រាសាទនានានៅក្នុងខេត្តសៀមរាប។ នេះបើយោងតាមសេចក្តីជូនដំណឹងមួយរបស់អាជ្ញាធរជាតិអប្សរា ដែលបានប្រកាសលើទំព័រហ្វេសប៊ុករបស់អាជ្ញាធរនេះ កាលពីដើមខែមីនា។
សេចក្តីជូនដំណឹងចុះហត្ថលេខាដោយលោកហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរាកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ បានផ្តល់ការណែនាំជាច្រើនដល់អ្នកទស្សនាប្រាង្គប្រាសាទផ្សេងៗក្នុងតំបន់អង្គរ ដោយអាជ្ញាធរជាតិនេះ បានហាមភ្ញៀវមិនឲ្យបរិភាគអាហារក្នុងបរិវេណប្រាសាទ ក្នុងពេលទស្សនាប្រាសាទ ជាពិសេសអាហារវេចខ្ចប់ក្នុងអំឡុងពេលទស្សនាថ្ងៃរះ ឬថ្ងៃលិច។
អាជ្ញាធរជាតិអប្សរា ក៏បានប្រាប់ភ្នាក់ងារទេសចរណ៍ សមាគមទេសចរណ៍ ក៏ដូចជាមគ្គុទេ្ទសក៍ទេសចរណ៍ ត្រូវជួយណែនាំភ្ញៀវរបស់ខ្លួនកុំឲ្យបរិភោគអាហារវេចខ្ចប់នៅក្នុងបរិវេណប្រាសាទ ហើយនិងគ្រឹះស្ថានអង្គរឲ្យជួយណែនាំភ្ញៀវ និងហាមឃាត់មិនឲ្យមានការវេចខ្ចប់អាហារចូលទស្សនាប្រាសាទទាំងក្នុងអំឡុងពេលទិញបណ្ណ និងពេលពិនិត្យបណ្ណចូលទស្សនាប្រាសាទ។
សេចក្តីជូនដំណឹងដដែលបានបញ្ជាក់បន្ថែមថា៖
«អាស្រ័យដូចបានជម្រាបជូនខាងលើ សូមគ្រប់ស្ថាប័នជាតិ-អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទេសក៍ទេសចរណ៍ មគ្គុទ្ទេសក៍ទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ អ្នកដឹកជញ្ជូនភ្ញៀវទេសចរជាតិ អន្តរជាតិ បងប្អូនអាជីវករ និងសាធារណជនទាំងអស់មេត្តាជ្រាប និងចូលរួមសហការអនុវត្តឲ្យបានល្អប្រសើរនូវលិខិតជូនដំណឹងនេះ សំដៅធ្វើយ៉ាងណារក្សាឲ្យបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយ អនាម័យល្អ និងសេចក្តីថ្លៃថ្នូរនៅក្នុងរមណីយដ្ឋានអង្គរ»។
លោកឡុង កុសល្យ ប្រធាននាយកដ្ឋានផ្សព្វផ្សាយសាធារណៈនៃអាជ្ញាធរជាតិអប្សរា ថ្លែងប្រាប់ VOA នៅថ្ងៃអង្គារនេះថា អាជ្ញាធរមិនទាន់បានគិតដល់វិធានការដាក់ពិន័យលើភ្ញៀវទាំងឡាយដែលមិនគោរពតាមការណែនាំថ្មីនេះទេ។
លោកថា ការបញ្ជ្រាបព័ត៌មាននេះ តាមភ្នាក់ងារទេសចរណ៍នានា និងអ្នកនាំភ្ញៀវដើរកំសាន្ត ហើយនិងការណែនាំគ្នាទៅវិញទៅមកនោះ គឺគ្រប់គ្រាន់ ដើម្បីទប់ស្កាត់ការទទួលទានអាហារក្នុងពេលដើរទស្សនាក្នុងបរិវេណសួនឧទ្យានប្រវត្តិសាស្រ្តអង្គរនេះ។
«ការណ៍ដែលយើងកំណត់ថា ដាក់ពិន័យនេះ ដាក់ពិន័យនោះ គឺជារឿងមួយទេ ប៉ុន្តែរឿងមួយទៀត គឺការផ្តល់ព័ត៌មានឲ្យបានជាក់លាក់ ការផ្តល់ព័ត៌មានឲ្យបានត្រឹមត្រូវ ហើយនិងផ្តល់ការអប់រំឲ្យបានស្របទៅតាមខ្លឹមសារ នៃលិខិតនៃការស្នើ នៃការហាមនោះ ដូច្នេះនោះ គឺជាប្រសិទ្ធភាពខ្ពស់ហើយ។ យើងមិនចាំបាច់ ដាក់ពិន័យដើម្បី ដើម្បីបញ្ជាក់ថា ដើម្បីបញ្ជាក់អំពី រឿងដែលគេហៅថា [...] អំពីការអនុវត្តនោះទេ។ សំខាន់គឺនៅពេលដែលយើងឃើញថា បុគ្គលម្នាក់ធ្វើខុស ភ្ញៀវម្នាក់ធ្វើខុស យើងណែនាំ យើងអប់រំ នៅទីនោះហើយគាត់ ជួយអប់រំបន្ត ឬជួយផ្តល់ព័ត៌មានបន្តដល់ទៅអ្នកដទៃទៀត អាហ្នឹងគឺជាជម្រើសសំខាន់របស់យើង»។
លោកបានអះអាងថា មិនមានការបារម្ភណាមួយចំពោះ ប្រជាពលរដ្ឋខ្មែរម្ចាស់ស្រុកក្នុងការថែទាំអនាម័យនៅក្នុងទឹកដីអង្គរ ដែលជាទឹកដីនៃទីសក្ការៈបូជារបស់ពួកគេនោះទេ។
«តំបន់អង្គរគឺជាតំបន់ដែលជាទីសក្ការៈ ជាទីតំបន់ដែលស័ក្តិសិទ្ធិ ជាទីតំបន់ដែលមានដួងព្រលឹង មានវិញ្ញាណ។ ប្រជាពលរដ្ឋខ្មែរយើងតែងតែទៅអុជធូប បូជាផ្កា បូជាអីដើម្បីរំឮកទៅដល់ដួងវិញ្ញាណ រំឮកទៅដល់វត្ថុស័ក្តិសិទ្ធិទាំងអស់នោះ ដើម្បីសុំបួងសួង សុំសេចក្តីសុខបាទ។ អ៊ីចឹង យើងកម្រឃើញខ្មែរយើងទៅ ទៅដើរញាំ នៅក្នុងប្រាសាទណាស់»។
កាលពីឆ្នាំ២០១៨កន្លងទៅនេះ គ្រឹះស្ថានអង្គរកម្ពុជាដែលគ្រប់គ្រងការលក់សំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត បានបញ្ជាក់ឲ្យដឹងថា កម្ពុជាទទួលបានចំណូលសរុបពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ជាង១១៦លានដុល្លារសហរដ្ឋអាមេរិកនិងជាង១០០លានដុល្លារសហរដ្ឋអាមេរិកក្នុងឆ្នាំ២០១៧ ដែលមានកំណើន៨ភាគរយ។
នៅក្នុងរយៈពេលពីរខែដើមឆ្នាំ២០១៩នេះ តំបន់ប្រាង្គប្រាសាទអង្គរ រកបានប្រាក់ចំណូលជាង២៥លានដុល្លារសហរដ្ឋអាមេរិកពីភ្ញៀវចំនួនសរុបជាង៥សែននាក់ ពោលគឺថយចុះ៨,៧៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៨។
លោក ឡុង កុសល្យ ប្រធាននាយកដ្ឋានផ្សព្វផ្សាយសាធារណៈនៃអាជ្ញាធរជាតិអប្សរា ថ្លែងថា លោកមិនបានដឹងពីមូលហេតុនៃការធ្លាក់ចុះចំនួនភ្ញៀវក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ២០១៩នេះទេ។
កាលពីឆ្នាំ២០១៧ ប្រាសាទអង្គរវត្តដ៏ល្បីល្បាញរបស់កម្ពុជា ត្រូវបានបោះឆ្នោតឲ្យជាប់ជាសំណង់ប្រវត្តិសាស្ត្រលំដាប់កំពូលទីមួយរបស់ពិភពលោក តាមរយៈកម្មវិធីផ្តល់រង្វាន់របស់គេហទំព័រប្រឹក្សាធ្វើដំណើរដ៏ល្បីរបស់អាមេរិកឈ្មោះ TripAdisor (TripAdvisor’s 2017 Traveller’s Choice Awards - Landmarks)។
ចំណាត់ថ្នាក់នេះ ត្រូវបានធ្វើឡើង ក្នុងចំណោមសំណង់ប្រវត្តិសាស្ត្រដែលមានចំនួន២៥ផ្សេងទៀត រួមមានមជ្ឈមណ្ឌលព្រះវិហារសាសនាអ៊ីស្លាមដ៏ប្រណិតឈ្មោះថា Sheikh Zayed ក្នុងប្រទេសអារ៉ាប់រួម ប្រាសាទ Mezquita Cathedral de Cordoba របស់ប្រទេសអេស្ប៉ាញ សំណង់ St Peter’s Basilica ក្នុងបុរីវ៉ាទីកង់ និងសំណង់ Taj Mahal របស់ប្រទេសឥណ្ឌា៕