ភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនាប្រាសាទអង្គរវត្តកម្ពុជាក្នុងរយៈពេល៩ខែដើមឆ្នាំនេះមានចំនួនជិត២លាននាក់ និងផ្តល់ចំណូលជាង៨០លានដុល្លារសហរដ្ឋអាមេរិកដល់កម្ពុជា។ នេះបើយោងតាមស្ថិតិចុងក្រោយចេញផ្សាយដោយគ្រឹះស្ថានអង្គរនៅក្នុងសប្តាហ៍នេះ។
យោងតាមស្ថិតិចុងក្រោយ ដែលចេញផ្សាយដោយគ្រឹះស្ថានអង្គរ ដែលជាស្ថាប័នគ្រប់គ្រងការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ បានឲ្យដឹងថា ក្នុងរយៈ៩ខែ ក្នុងឆ្នាំ២០១៨ ចំនួនភ្ញៀវទេសចរបានឡើងដល់ ១,៩លាននាក់ មានកំណើនជិត៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៧ ខណៈដែលចំណូលបានឡើងដល់៨៥លានដុល្លារ មានកំណើន១៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧។
លោក ឡុង កុសល្យ ប្រធាននាយកដ្ឋានផ្សព្វផ្សាយសាធារណៈនៃអាជ្ញាធរជាតិអប្សរា ថ្លែងប្រាប់ VOA នៅថ្ងៃពុធនេះថា កត្តាសន្តិភាព និងស្ថិរភាពសង្គមនៅប្រទេសកម្ពុជា បន្តធ្វើឲ្យតំបន់បេតិកភណ្ឌពិភពលោកអង្គរ នៅជាគោលដៅកំសាន្តដ៏សំខាន់របស់ក្រុមទេសចរ ដែលអាចបានដឹងពីវប្បធម៌របស់កម្ពុជា នៅពេលពួកគេមកទស្សនាតំបន់អង្គរ។
«សំខាន់គឺថា ប្រទេសខ្មែរយើង មានសុខ មានសុខសន្តិភាព ហើយតំបន់អង្គរគឺមានការទាក់ទាញ ណាស់ ជាពិសេសគឺថា បងប្អូនដែលអ្នកទេសចរណ៍នោះ គាត់អាចមកមិនត្រឹមតែតាមជាមួយតែហ្នឹងប្រាង្គប្រាសាទ ដែលជាមរតក បេតិកភណ្ឌពិភពលោកនោះទេ ក៏ប៉ុន្តែគាត់មានការសប្បាយរីករាយជាមួយនឹងវប្បធម៌ខ្មែរយើង ជាពិសេសបងប្អូនខ្មែរយើង គាត់មានភាពរាក់ទាក់ រួសរាយ ហើយនៅក្នុងតំបន់អង្គរហ្នឹង ក៏ដូចជានៅក្នុងខេត្តសៀមរាបទាំងមូលហ្នឹង មានកន្លែងជាច្រើនទៀត ដែលជាទីដៅទេសចរណ៍របស់ភ្ញៀវទេសចរហ្នឹងណ៎ា»។
លោកឡុង កុសល្យ បន្ថែមថា ទេសចរបានទៅបឹងទន្លេសាបដើរទៅតាមសហគមន៍មើល ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋជាការបន្ថែមនឹងការមកទស្សនាតំបន់បេតិកភណ្ឌពិភពលោក។
កាលពីឆ្នាំ២០១៧ ប្រាសាទអង្គរវត្តដ៏ល្បីល្បាញរបស់កម្ពុជា ត្រូវបានបោះឆ្នោតឲ្យជាប់ជាសំណង់ប្រវត្តិសាស្ត្រលំដាប់កំពូលទីមួយរបស់ពិភពលោក តាមរយៈកម្មវិធីផ្តល់រង្វាន់របស់គេហទំព័រប្រឹក្សាធ្វើដំណើរដ៏ល្បីរបស់អាមេរិកឈ្មោះ TripAdisor (TripAdvisor’s 2017 Traveller’s Choice Awards - Landmarks)។
ចំណាត់ថ្នាក់នេះ ត្រូវបានធ្វើឡើង ក្នុងចំណោមសំណង់ប្រវត្តិសាស្ត្រដែលមានចំនួន២៥ផ្សេងទៀត រួមមានមជ្ឈមណ្ឌលព្រះវិហារសាសនាអ៊ីស្លាមដ៏ប្រណិតឈ្មោះថា Sheikh Zayed ក្នុងប្រទេសអារ៉ាប់រួម ប្រាសាទ Mezquita Cathedral de Cordoba របស់ប្រទេសអេស្ប៉ាញ សំណង់ St Peter’s Basilica ក្នុងបុរីវ៉ាទីកង់ និងសំណង់ Taj Mahal របស់ប្រទេសឥណ្ឌា។
លោក គង់ សុភារៈ ប្រធាននាយកដ្ឋានស្ថិតិនៃក្រសួងទេសចរណ៍ មានប្រសាសន៍ថា ភ្ញៀវទេចរចិន បាននាំមុខភ្ញៀវមកពីបណ្តាប្រទេសផ្សេងៗ ដោយសារតែរដ្ឋាភិបាលកម្ពុជាចិន បានបន្តមានទំនាក់ទំនងល្អ ហើយការវិនិយោគរបស់ចិនក៏បានបន្តកើនឡើង។ លោកថា ការផ្សព្វផ្សាយពីរមណីយដ្ឋាននានារបស់កម្ពុជានៅប្រទេសចិន និងការកើនឡើងនៃការហោះហើរដោយត្រង់ពីចិនមកកម្ពុជា ក៏ជាផ្នែកសំខាន់មួយនៃការជំរុញឲ្យមានកំណើនភ្ញៀវទេសចរមកទស្សនាប្រទេសកម្ពុជា និងប្រាង្គប្រាសាទបុរាណរបស់ប្រទេសនេះ។
«ចិនមកច្រើន យើងឃើញ ទីមួយ យើងឃើញថា វាមានកត្តាដែលនេះ បានគឺទំនាក់ទំនងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល និងរដ្ឋាភិបាលល្អ ដល់ពេលចឹងហើយ ការវិនិយោគរបស់ចិនមកច្រើន យើងឃើញ ទេសចរចិនវាត្រូវតែមកតាមហ្នឹងហើយ»។
លោក គង់ សុភារៈ ឲ្យដឹងបន្ថែមថា ក្នុងរយៈពេល៧ខែនៃឆ្នាំ២០១៨ កម្ពុជាទទួលបានភ្ញៀវទេសចរចំនួន៣,៥លាននាក់ ដោយមានកំណើន១១ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ភ្ញៀវចិន បាននាំមុខគេ ដោយមានចំនួនជាង១លាននាក់ ពោលគឺកើន៧២ភាគរយធៀបនឹងឆ្នាំមុន។ ភ្ញៀវដែលមានច្រើនជាងគេបន្ទាប់ពីចិន គឺមាន វៀតណាម ឡាវ កូរ៉េ ថៃ អាមេរិក ជប៉ុន និងម៉ាឡេស៊ី និងបារាំង។
លោកអះអាងថា ឆ្នាំ២០១៨នេះ កម្ពុជានឹងទទួលបានភ្ញៀវទេសចរណ៍ចំនួន ៦,២លាននាក់ ដោយនឹងមានកំណើនក្នុងរង្វង់១០ភាគរយ ធៀបនឹងឆ្នាំ២០១៧។ លោកថា ភ្ញៀវចិននឹងឈរក្នុងលំដាប់លេខមួយក្នុងឆ្នាំ២០១៨នេះ ដោយមានចំនួនប្រមាណ១,៨លាននាក់។
សួនឧទ្យានបុរាណអង្គរត្រូវបានរាជរដ្ឋាភិបាលកម្ពុជាជួលទៅឲ្យក្រុមហ៊ុនសុខាអូតែលរបស់លោក ឧកញ៉ា សុខ គង់ សម្រាប់ការលក់សំបុត្រចូលទស្សនាប្រាសាទអង្គរអស់រយៈពេល១៧ឆ្នាំ។រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចកាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៥ បញ្ចប់កិច្ចសន្យាដែលផ្តល់សិទ្ធិឲ្យក្រុមហ៊ុននេះលក់សំបុត្រដល់ទេសចរអន្តរជាតិសម្រាប់ការចូលទស្សនាប្រាង្គប្រាសាទអង្គរ។
អ្នកជំនាញក្នុងវិស័យទេសចរណ៍ បានឲ្យដឹងកាលពីពេលកន្លងមកថាក្នុងពេលដែលភ្ញៀវទេសចរណ៍បន្តហូរចូលខេត្តសៀមរាបនោះការអប់រំឲ្យភ្ញៀវយល់ដឹងពីការគោរពប្រណិប័តន៍បដិមានៅតាមប្រាសាទនានា ជាកិច្ចការសំខាន់មួយដែលអាជ្ញាធរត្រូវផ្តោតការយកចិត្តទុកដាក់ផងដែរ។
ទោះបីជាប្រាសាទអង្គរវត្តអាចរកចំណូលបានច្រើនក្តី ប៉ុន្តែប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាបមួយចំនួនធំ ត្រូវគេសង្កេតឃើញថាបានបន្តរស់នៅក្នុងស្ថានភាពក្រីក្រនៅឡើយ៕