អាជ្ញាធរជាតិអប្សរានៅសប្តាហ៍នេះកំពុងបូមទឹកបញ្ចូលស្រះខាងត្បូងនៃប្រាសាទអង្គរវត្តដើម្បីរក្សាសោភណ្ឌភាព និងទាក់ទាញភ្ញៀវទេសចរ ខណៈទឹកក្នុងស្រះស្រកចុះលឿនដោយសារធាតុអាកាសក្តៅខ្លាំង។
ព័ត៌មានផ្សាយលើទំព័រហ្វេសប៊ុករបស់អាជ្ញាធរជាតិអប្សរា នៅថ្ងៃព្រហ្បតិ៍នេះបញ្ជាក់ថា កម្តៅថ្ងៃហួតហែងខ្លាំងនារដូវប្រាំងបានធ្វើឲ្យទឹកក្នុងស្រះនៅប្រាសាទអង្គរវត្តស្រកលឿន និងបាត់សោភណ្ឌភាពមួយផ្នែក។
ទំព័រហ្វេសប៊ុករបស់អាជ្ញាធរជាតិអប្សរាដដែលបន្ថែមថា ក្រុមការងារនាយកដ្ឋានគ្រប់គ្រងទឹកកំពុងបូមទឹកពីកសិណប្រាសាទអង្គរវត្តបញ្ចូលទៅក្នុងស្រះខាងត្បូង ឬស្រះប្រុសនៃប្រាសាទអង្គរវត្ត ដែលមានទំហំ៥០x៨០ម៉ែត្រ ដែលអាចផ្ទុកទឹកបានចំនួន៥.០០០ម៉ែត្រគូប។ រហូតមកដល់ថ្ងៃព្រហស្បតិ៍នេះ ការបញ្ចូលទឹកដែលចាប់ផ្តើមតាំងពីថ្ងៃទី៣ខែកុម្ភៈមកសម្រេចបានប្រមាណជា៣០ភាគរយ ស្មើនឹង១.៥០០ម៉ែត្រគូប។ អាជ្ញាធរជាតិអប្សរាបន្ថែមថា ការបញ្ចូលទឹកនេះធ្វើឡើងតែស្រះប្រុសប៉ុណ្ណោះ ដោយឡែកស្រះខាងជើង ឬស្រះស្រី ដែលជាចំណុចទាក់ទាញភ្ញៀវទេសចរដែរនោះ អាជ្ញាធរមិនបានបញ្ចូលទឹកទេ ដោយទុកឲ្យនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យាន និងបុរាណវិទ្យាធ្វើកំណាយបន្តក្នុងគម្រោងស្ដារឡើងវិញនៃរចនាសម្ព័ន្ធស្រះនេះ។
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា ប្រាប់ VOA នារសៀលថ្ងៃព្រហស្បតិ៍នេះថា ស្រះទឹកប្រាសាទអង្គរវត្តគឺជាផ្នែកសំខាន់មួយដែលភ្ញៀវទេសចរនិយមទស្សនានិងផ្តិតយករូបភាពកំពូលប្រាសាទអង្គរវត្តដែលឆ្លុះនៅក្នុងទឹក។ លោកបន្ថែមថា អាជ្ញាធរបានចាប់ផ្តើមបូមទឹកបញ្ចូលស្រះចាប់តាំងពីថ្ងៃទី៣ ហើយនឹងបន្តមួយសប្តាហ៍ទៀតដើម្បីបំពេញតាមបរិមាណដែលសមស្រប។
លោក ឡុង កុសល បន្ថែមថា ស្រះទឹកដែលស្រកនេះគឺជាស្រះទឹកនៅខាងមុខប្រាសាទ ហើយមិនមានពាក់ព័ន្ធនឹងទឹកដែលជាគ្រឹះប្រាសាទអង្គរនោះទេ។
លោកបញ្ជាក់ថា៖
«គឺអត់មានពាក់ព័ន្ធជាមួយនឹងគ្រឹះប្រាសាទអីទេ។ ទឹកដែលពាក់ព័ន្ធជាមួយនឹងគ្រឹះប្រាសាទគឺកសិណប្រាសាទអង្គរវត្តរបស់យើង។ ហើយប្រសិនជាប្អូនស្រីមានចំណាប់អារម្មណ៍ ថា ចង់មើលថា តើទឹកនៅកសិណប្រាសាទអង្គរវត្តមានសភាពហូរហៀរ ពោរពេញប៉ុណ្ណា សូមប្អូនអញ្ជើញមកចុះ។ ប្អូននឹងឃើញហើយថា ទឹកមានកម្ពស់ខ្ពស់ ហើយនៅពេញល្អណាស់»។
ប្រាសាទអង្គរវត្តជាទីទាក់ទាញភ្ញៀវទេសចរដ៏សំខាន់មួយក្នុងចំណោមប្រាសាទបុរាណនានា។ របាយការណ៍របស់គ្រឹះស្ថានអង្គរកម្ពុជា ដែលគ្រប់គ្រងការលក់សំបុត្រចូលទស្សនាប្រាសាទអង្គរវត្តបញ្ជាក់ថា ក្នុងឆ្នាំ២០១៨ កម្ពុជាទទួលបានចំណូលសរុបជាង១១៦លានដុល្លារសហរដ្ឋអាមេរិកពីការលក់ប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ៕