ប៉ូលិសបានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា អ្នកបាញ់ប្រហារជាប្តីប្រពន្ធដែលបានបាញ់សម្លាប់មនុស្សចំនួន១៤នាក់នៅក្នុងពិធីជប់លៀងមួយនៅរដ្ឋ California បានធ្វើការបាញ់ប្រហារចំនួន៧៥គ្រាប់ នៅក្នុងការសម្រុកចូលបាញ់ប្រហារដ៏គួរឲ្យរន្ធត់នេះ ហើយបានបន្សល់នូវឧបករណ៍បញ្ជាកូនឡានជ័រមួយដែលបំពាក់ដោយគ្រាប់បែកបំពង់កែច្នៃចំនួន៣គ្រាប់ដែលមិនបានផ្ទុះនោះទេ។
ស្នងការប៉ូលិសនៃទីក្រុង San Bernardino ក្នុងរដ្ឋ California គឺលោក Jarrod Burguan បានមានប្រសាសន៍ថា ប្តីប្រពន្ធមួយគូនេះ ដែលប្តីគឺជាមន្រ្តីអធិការកិច្ចផ្នែកសុខភាពនៅក្នុងទីក្រុងនេះ និងប្រពន្ធជាជនជាតិប៉ាគីស្ថានបានរត់គេចកាលពីថ្ងៃពុធ តាមរយៈរថយន្តស្ព័រមួយគ្រឿងដែលពួកគេបានជួល មុនពេលដែលប៉ូលិសបានបាញ់សម្លាប់ពួកគេនៅក្នុងការបាញ់តដៃគ្នាទៅវិញទៅមក នៅលើផ្លូវមួយនៅក្នុងក្រុង Redlands ដែលមានចម្ងាយប្រមាណ៣គីឡូម៉ែត្រពីកន្លែងកើតហេតុ។
លោក Burguan បានថ្លែងថា បុរសជាប្តី ដែលមានអាយុ២៨ឆ្នាំ មានឈ្មោះថា Syed Rizwan Farook និងស្ត្រីជាប្រពន្ធមានឈ្មោះថា Tashfeen Malik អាយុ២៧ឆ្នាំ បានបាញ់កាំភ្លើងចំនួន៧៦គ្រាប់តដៃជាមួយនឹងក្រុមប៉ូលិស ហើយក្រុមប៉ូលិសបានបាញ់តទៅវិញចំនួន៣៨០គ្រាប់។ នៅពេលដែលការបាញ់បោះនេះបានបញ្ចប់ លោក Burguan បានថ្លែងថា ប៉ូលិសបានរកឃើញគ្រាប់កាំភ្លើងចំនួន១៦០០គ្រាប់នៅលើខ្លួន ឬនៅក្នុងរថយន្តរបស់ពួកគេ។
លោក Burguan បានបន្ថែមថា អ្នកស៊ើបអង្កេតបានរកឃើញគ្រាប់បែកបំពង់កែច្នៃចំនួន១២គ្រាប់ សម្ភារៈសម្រាប់កែច្នៃគ្រាប់បែក និងគ្រាប់កាំភ្លើងចំនួន៤៥០០គ្រាប់ ឬលើសពីនេះនៅក្នុងផ្ទះរបស់ប្តីប្រពន្ធមួយគូនេះ។
មន្រ្តីស៊ើបអង្កេតការិយាល័យរដ្ឋាភិបាលសហព័ន្ធ លោក David Bowdich បានមានប្រសាសន៍ថា បុរសឈ្មោះ Farook នេះ បានធ្វើដំណើរទៅបរទេសហើយបានត្រឡប់មកសហរដ្ឋអាមេរិកវិញជាមួយនឹងស្ត្រីឈ្មោះ Malik នេះកាលពីខែកក្កដា ឆ្នាំ២០១៤ ដោយស្ត្រីនោះប្រើលិខិតឆ្លងដែនប៉ាគីស្ថាន។ លោក Bowdich បានមានប្រសាសន៍ថា ក្រោយមកប្តីប្រពន្ធមួយគូនេះក៏រៀបអាពាហ៍ពិពាហ៍ ហើយស្ត្រីជាប្រពន្ធក៏រស់នៅសហរដ្ឋអាមេរិកដោយមានទិដ្ឋាការមួយ។
អ្នកស៊ើបអង្កេតបានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា វាលឿនពេកក្នុងការសន្និដ្ឋានថា
អ្វីទៅជាគោលបំណងក្នុងការសម្លាប់រង្គាលរបស់ប្តីប្រពន្ធមួយគូនេះ៕