អគ្គនាយកដ្ឋានពន្ធនាគារបានស្នើឲ្យសាលាឧទ្ធរណ៍ពិចារណាលើការបញ្ជូនលោក កឹម សុខា ចូលរួមសវនាការនៅសប្តាហ៍ក្រោយ ដោយលើកមូលហេតុថា «បារម្ភពីសុវត្ថិភាព» ក្នុងការដឹកជញ្ជូន និងសន្តិសុខពេលកំពុងសវនាការ។ ការបារម្ភនេះត្រូវបានមេធាវីការពារក្តីឲ្យលោក កឹម សុខា ច្រានចោល និងថា ការណ៍ដែលមិនអនុញ្ញាតឲ្យលោក កឹម សុខា ចូលរួមសវនាការ នឹងធ្វើឲ្យលទ្ធផលនៃការជំនុំជម្រះនោះមិនត្រឹមត្រូវតាមច្បាប់។
នៅថ្ងៃសុក្រនេះ សាលាឧទ្ធរណ៍ និងអគ្គនាយកដ្ឋានពន្ធនាគារ បានឆ្លើយដាក់គ្នាទៅវិញទៅមក លើការសម្រេចនាំខ្លួនលោក កឹម សុខា ពីពន្ធនាគារត្រពាំងផ្លុងទៅចូលរួមសវនាការសាលាឧទ្ធរណ៍ នៅថ្ងៃអង្គារខាងមុខ បន្ទាប់ពីអគ្គនាយកដ្ឋានពន្ធនាគារបានបង្ហាញការបារម្ភពីបញ្ហាសន្តិសុខ សុវត្ថិភាពរបស់លោក កឹម សុខា ក្នុងពេលដឹកជញ្ជូននិងវត្តមាននៅសាលាឧទ្ធរណ៍។
ការច្រានដាក់គ្នាទៅវិញទៅមករបស់ស្ថាប័នមានសមត្ថកិច្ចខ្មែរទាំងពីរ កើតមានឡើងក្រោយពីសាលាឧទ្ធរណ៍សម្រេចបើកសវនាការ តាមបណ្តឹងជំទាស់ ចំពោះការឃុំខ្លួន មេបក្សប្រឆាំង លោក កឹម សុខា ជាបណ្តោះអាសន្នក្នុងពន្ធនាគារ និងលិខិតបញ្ជាក់ពីក្តីបារម្ភចំពោះ «បញ្ហាសន្តិសុខ និងសុវត្ថិភាព» ក្នុងការដឹកជញ្ជូនរូបលោកពីពន្ធនាគារត្រពាំងផ្លុង មកសាលាឧទ្ធរណ៍ដើម្បីសួរដេញដោលក្នុងសវនាការ។
ក្នុងលិខិតមួយច្បាប់របស់អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ ចេញកាលពីថ្ងៃទី១៨ ខែកញ្ញា ស្នើទៅអគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ ពិចារណាចំពោះចំណាត់ការ នាំខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ទៅចូលរួមសវនាការសាលាឧទ្ធរណ៍ នៅថ្ងៃទី២៦ ខែកញ្ញាខាងមុខ។
ក្នុងលិខិតដែលបោះត្រាដោយ លោក ចាន់ គឹមសេង អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ ផ្ញើឲ្យអគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ បានសរសេរក្នុងន័យដើមថា៖
«ក្នុងការចាត់ចែងនាំជនត្រូវចោទឈ្មោះ កឹម សុខា មកសាលាឧទ្ធរណ៍ដើម្បីបើកការពិភាក្សាដេញដោលនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ អគ្គនាយកដ្ឋានពន្ធនាគារមានការបារម្ភចំពោះបញ្ហាសន្តិសុខ សុវត្ថិភាពដែលអាចកើតឡើងជាយថាហេតុ នៅពេលដឹកជញ្ជូន ក៏ដូចជានៅពេលមានវត្តមាននៅសាលាឧទ្ធរណ៍»។
លោក ទូច ថារិទ្ធ អ្នកនាំពាក្យសាលាឧទ្ធរណ៍ប្រាប់ VOA នារសៀលថ្ងៃសុក្រនេះថា ការសម្រេចក្នុងការបញ្ជូនលោក កឹម សុខា មកកាន់សវនាការ ឬអត់ គឺជាសមត្ថកិច្ចរបស់អគ្គនាយកដ្ឋានពន្ធនាគារ។ លោកបន្ថែមថា ដោយសារសំណុំរឿងពាក់ព័ន្ធនឹងលោក កឹម សុខា គឺជាសំណុំរឿងសុំនៅក្រៅឃុំ ដូច្នេះលោកថា សាលាឧទ្ធរណ៍នៅតែដំណើរការសវនាការ បើទោះជាមិនមានវត្តមានរបស់លោក កឹម សុខា ក្តី។
លោក ទូច ថារិទ្ធ មានប្រសាសន៍ថា៖
«ចំពោះការដឹកជញ្ជូនជនល្មើស ជាកិច្ចការងាររបស់អគ្គនាយកដ្ឋានពន្ធនាគារ ដូច្នេះចំពោះសាលាឧទ្ធរណ៍ កិច្ចដំណើរការនីតិវិធីនៅថ្ងៃទី២៦ហ្នឹង នៅតែដំណើរការដដែល ក៏ប៉ុន្តែសាលាឧទ្ធរណ៍ក៏ចង់ឲ្យមានវត្តមានជនល្មើសនៅពេលសវនាការដែរ ក៏ប៉ុន្តែបើមិនមានវត្តមានជនល្មើសនៅពេលសវនាការទេ ដំណើរការនីតិវិធីនៃតុលាការក៏មិនមានការរាំងស្ទះដែរ»។
ទោះជាយ៉ាងនេះក៏ដោយ លោក ចាន់ គឹមសេង អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃបញ្ជាក់ប្រាប់ VOA ថា លោកមានការបារម្ភពីសុវត្ថិភាពទូទៅក្នុងពេលកំពុងដឹកជញ្ជូនលោក កឹម សុខា ពីពន្ធនាគារទៅកាន់តុលាការ និងសន្តិសុខសុវត្ថិភាពក្នុងពេលចូលរួមសវនាការ។ លោកបន្ថែមថា អគ្គនាយកដ្ឋានពន្ធនាគារគ្រាន់តែជូនជាយោបល់ទៅអគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ ឲ្យពិចារណាក្នុងការចាត់ចែងសន្តិសុខប៉ុណ្ណោះ។
លោក ចាន់ គឹមសេង បញ្ជាក់ថា៖
«ខាងខ្ញុំ មានសមត្ថកិច្ចដឹកជញ្ជូន ដល់ហើយ ខ្ញុំគ្រាន់តែសម្តែងការបារម្ភពាក់ព័ន្ធនឹងសន្តិសុខសុវត្ថិភាពទូទៅ អាហ្នឹងគឺខ្ញុំគ្រាន់តែជូនដំណឹងអញ្ចឹង អន្តរាគមន៍ទៅអង្គភាពពាក់ព័ន្ធផ្សេងទៀត។ ពិចារណាដើម្បីគាត់អាចទៅខាងណាទៀត ឧបមាពាក់ព័ន្ធសមត្ថកិច្ចរក្សាសណ្តាប់ធ្នាប់សាធារណៈ អគ្គស្នងការនគរបាលអីអញ្ចឹងទៅ ឲ្យគេចាត់ចែងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈយ៉ាងម៉េចអីយ៉ាងម៉េចទៅ គ្រាន់ជូនយោបល់គាត់តើ»។
ទោះជាយ៉ាងណា មិនមានការបញ្ជាក់ច្បាស់លាស់ណាមួយថា តើអគ្គនាយកដ្ឋានពន្ធនាគារនឹងបញ្ជូនលោក កឹម សុខា ទៅចូលរួមសវនាការសាលាឧទ្ធរណ៍នាថ្ងៃទី២៦ ខែកញ្ញាខាងមុខ ឬយ៉ាងណានោះទេ ដោយលោក ចាន់ គឹមសេង បានទម្លាក់ទូរស័ព្ទចុះខណៈដែល VOA មិនទាន់បានបញ្ចប់សំណួរនៅឡើយ។
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានអាជ្ញាធរសម្រុកចូលចាប់ខ្លួនចេញពីផ្ទះរបស់លោកក្នុងរាជធានីភ្នំពេញ ទាំងកណ្ដាលយប់រំលងអធ្រាត្រចូលថ្ងៃទី៣ ខែកញ្ញា ក្រោមបទចោទប្រកាន់ថា លោក «ក្បត់ជាតិ»។ អាជ្ញាធរ បានចោទថា លោកបានរៀបចំផែនការសម្ងាត់ ដោយមានសហរដ្ឋអាមេរិកនៅពីក្រោយ ដើម្បីផ្ដួលរំលំរដ្ឋាភិបាលបច្ចុប្បន្ន ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ តុលាការបានបញ្ជូនលោក កឹម សុខា ទៅឃុំក្នុងពន្ធនាគារត្រពាំងផ្លុង នៅខេត្តត្បូងឃ្មុំ ជាប់ព្រំដែនវៀតណាម។
ពាក់ព័ន្ធនឹងសវនាការនៅសាលាឧទ្ធរណ៍ នាថ្ងៃទី២៦ ខែកញ្ញា ខាងមុខនេះ លោក សំ សុគង់ មេធាវីមួយរូបក្នុងចំណោមមេធាវីប្រាំបីរូប ដែលការពារក្តីឲ្យលោក កឹម សុខា ប្រាប់ថា ជាសវនាការលើបណ្តឹងរបស់ក្រុមមេធាវីដែលប្រឆាំងទៅនឹងការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ក្នុងការឃុំខ្លួន លោក កឹម សុខា ជាបណ្តោះអាសន្នក្នុងពន្ធនាគារ មិនមែនជាបណ្តឹងសុំនៅក្រៅឃុំនោះទេ។ លោកបន្ថែមថា ការព្រួយបារម្ភរបស់អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារលើសុវត្ថិភាពនៃការបញ្ជូនលោក កឹម សុខា ទៅចូលរួមសវនាការសាលាឧទ្ធរណ៍ខាងមុខ គឺជាការបារម្ភដែលមិនសមហេតុផល និងមិនអាចទទួលយកបាន។
លោក សំ សុគង់ បន្ថែមថា លោក កឹម សុខា បានប្រាប់មេធាវីថា លោកចង់ចូលរួមគ្រប់នីតិវិធីតុលាការដើម្បីបង្ហាញពីភាពស្អាតស្អំ និងស្វែងរកយុត្តិធម៌សម្រាប់ខ្លួនឯង ដូច្នេះលោក សំ សុគង់ ថា ប្រសិនបើលោក កឹម សុខា មិនបានចូលរួមក្នុងសវនាការ នោះនឹងបង្ហាញថា សវនាការនោះនឹងមិនត្រឹមត្រូវតាមច្បាប់។
លោក សំ សុគង់ បញ្ជាក់ថា៖
«នៅក្នុងនីតិវិធីច្បាប់ ក៏ដូចជាគោលការណ៍ទាក់ទងនឹងសិទ្ធិរបស់ជនត្រូវចោទហ្នឹងគឺ ជនត្រូវចោទហ្នឹងត្រូវតែមានវត្តមាននៅក្នុងបន្ទប់សវនាការ។ ហើយទាក់ទងនឹងការព្រួយបារម្ភពីបញ្ហាសុវត្ថិភាព បញ្ហាសន្តិសុខ ឬបញ្ហាអីផ្សេងៗហ្នឹង ខ្ញុំគិតថា វាមិនជាបញ្ហាទេ ដោយសារការការពារសន្តិសុខរបស់ជនត្រូវចោទហ្នឹង គឺជាកាតព្វកិច្ចរបស់រដ្ឋាភិបាលដែលត្រូវធ្វើជាដាច់ខាត»។
កាលពីថ្ងៃទី១១ ខែកញ្ញា ក្រុមមេធាវីការពារក្ដីឲ្យលោក កឹម សុខា ចំនួនប្រាំបីនាក់ បានប្ដឹងទៅតុលាការសុំឲ្យលោក កឹម សុខា នៅក្រៅឃុំបណ្ដោះអាសន្ន។ នៅថ្ងៃទី១៥ ខែកញ្ញា ក្រុមមេធាវីទាំងនោះ ក៏បានដាក់ពាក្យស្នើសុំទៅលោក គី ឫទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញឲ្យដកកាមេរ៉ាសុវត្ថិភាព និងឧបករណ៍ស្រូបសំឡេងចេញពីបន្ទប់ឃុំឃាំង និងឲ្យលោក កឹម សុខា បានស្ដាប់វិទ្យុ ព្រមទាំងស្នើអនុញ្ញាតឲ្យក្រុមមេធាវីយកឯកសារច្បាប់ និងសំណុំរឿងចូលជួបពិគ្រោះយោបល់រវាងមេធាវី និងកូនក្ដីជាដើម។ ទោះជាយ៉ាងណា លោក សំ សុគង់ លើកឡើងថា រហូតមកដល់ពេលនេះ តុលាការមិនទាន់បានឆ្លើយតបលើការស្នើសុំណាមួយនៅឡើយ។
ការចាប់ខ្លួនលោក កឹម សុខា ទាំងកម្រោល និងបញ្ជូនលោកទៅឃុំនៅពន្ធនាគារ បានធ្វើឲ្យស្ថាប័ន និងអង្គការអន្តជាតិយ៉ាងច្រើនប្រតិកម្ម និងសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង។ ក្នុងនោះគេក៏ឃើញមានការធ្វើបាតុកម្ម និងគម្រោងបាតុកម្មជាច្រើនរបស់ជនជាតិខ្មែរមួយចំនួននៅបរទេស ទាមទារឲ្យដោះលែងលោក កឹម សុខា ជាបន្ទាន់។ បើយោងតាមបណ្តាញសង្គម Twitter របស់កញ្ញា កឹម មនោវិទ្យា កូនស្រីរបស់លោក កឹម សុខា បានបង្ហោះក្នុងសប្តាហ៍នេះ គម្រោងធ្វើបាតុកម្មជាច្រើននឹងត្រូវធ្វើជាបន្តបន្ទាប់នៅតាមបណ្តាប្រទេសជាច្រើន រួមមានបណ្តាប្រទេសក្នុងសហគមន៍អឺរ៉ុប អាមេរិក អូស្រ្តាលី និងកូរ៉េខាងត្បូងជាដើម៕