ក្រុមសមាជិកសភារបស់ប្រទេសមហាអំណាចអាមេរិក បានចេញលិខិតមួយទៅកាន់រដ្ឋាភិបាលខ្លួនឱ្យចាត់វិធានការចំពោះការបង្រ្កាបនានារបស់រដ្ឋាភិបាលលោក ហ៊ុន សែន ទៅលើគណបក្សជំទាស់ និងស្ថាប័នសារព័ត៌មានក្នុងស្រុក។ សមាជិកសភាសហរដ្ឋអាមេរិកបានហៅការបង្រ្កាបថ្មីៗនេះថា ជាចេតនាក្នុងការ «គាស់រម្លើងឫសគល់លទិ្ធប្រជាធិបតេយ្យនៅកម្ពុជា»។ ទោះយ៉ាងណាក៏ដោយ អ្នកនាំពាក្យគណបក្សកាន់អំណាចថា ការណ៍នោះគឺគ្រាន់តែជាសេចក្តីអំពាវនាវរបស់សមាជិកសភាអាមេរិកមួយចំនួនតូចតែប៉ុណ្ណោះ។
សមាជិកសភាសហរដ្ឋអាមេរិកចំនួនប្រាំបីរូប បានទាមទារឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក និងស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាបន្តថ្កោលទោសជាសាធារណៈលើការចាប់ខ្លួនមេដឹកនាំគណបក្សសង្គ្រោះជាតិ គឺលោក កឹម សុខា និងការប៉ុនប៉ងលុបបំបាត់ចោលនូវសេរីភាពសារព័ត៌មាន ក្នុងយុទ្ធនាការគាបសង្កត់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន «ដើម្បីគាស់រម្លើងឫសគល់លទិ្ធប្រជាធិបតេយ្យនៅកម្ពុជា»។ នេះបើយោងបានលិខិតរបស់ក្រុមសមាជិកសភាអាមេរិក ដែលផ្ញើជូនទៅលោករដ្ឋមន្ត្រីការបរទេសអាមេរិក Rex Tillerson កាលពីថ្ងៃចន្ទ។
លិខិតរបស់ក្រុមសមាជិកសភាសហរដ្ឋអាមេរិកទាំងប្រាំបីរូប ដែលភាគច្រើនមកពីគណបក្សសាធារណៈរដ្ឋ បានបញ្ជាក់ពីការព្រួយបារម្ភយ៉ាងខ្លាំងចំពោះវិធានការរបស់លោក ហ៊ុន សែន មកលើស្ថាប័នសារព័ត៌មាន និងការចាប់ខ្លួនលោក កឹម សុខា។ លិខិតដដែលនេះ ដែលត្រូវបានគេចែករំលែកលើបណ្តាញសង្គម Twitter នាថ្ងៃអង្គារនេះ ក៏បានឲ្យដឹងផងដែរថា ក្រុមសមាជិកសភានេះក៏បានបញ្ជាក់ពីក្តីបារម្ភ ជាពិសេសលើការចោទប្រកាន់របស់លោក ហ៊ុន សែន ថា សហរដ្ឋអាមេរិកបានសហការជាមួយលោក កឹម សុខា ដើម្បីបង្កឲ្យមានអស្ថិរភាពក្នុងប្រទេសកម្ពុជា។
សមាជិកសភារបស់សហរដ្ឋអាមេរិកទំាង៨រូប បានសរសេរក្នុងន័យដើមថា៖
«នៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអនុវត្តយុទ្ធនាការបង្ក្រាបដែលមានវិសាលភាពធំធេង និងមានលក្ខណៈជាប្រព័ន្ធមកលើប្រព័ន្ធព័ត៌មានឯករាជ្យ ដូចជា វិទ្យុអាស៊ីសេរី និងសំឡេងសហរដ្ឋអាមេរិក។ ការបិទដោយចាប់បង្ខំនៃវិទ្យាស្ថានជាតិប្រជាធិបតេយ្យ គឺជាឧទាហរណ៍មួយនៃកិច្ចខិតខំរបស់រដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើឲ្យចុះថមថយការឈានទៅមុខខាងប្រជាធិបតេយ្យ»។
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និងជាតំណាងរាស្ត្រមានអភ័យឯកសិទ្ធិមណ្ឌលខេត្តកំពង់ចាម ត្រូវបានអាជ្ញាធរកម្ពុជាសម្រុកចូលចាប់ខ្លួននៅគេហដ្ឋានរបស់លោកក្នុងក្រុងភ្នំពេញ កាលពីយប់ថ្ងៃទី២ ឈានចូលដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពីបទសង្ស័យថា បានប្រព្រឹត្តអំពើក្បត់ជាតិ។ ប៉ុន្មានថ្ងៃក្រោយមក ប្រធានគណបក្សសង្គ្រោះជាតិរូបនេះត្រូវបានតុលាការរាជធានីភ្នំពេញចោទប្រកាន់ពីបទល្មើសពាក់ព័ន្ធនឹងអំពើក្បត់ជាតិ និងត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ កាលពីដើមខែកញ្ញា។ ស្របពេលដែលមានការចាប់ខ្លួនលោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំងដ៏ធំនៅកម្ពុជា សារព័ត៌មានឯករាជ្យមួយចំនួនក៏ត្រូវរងការគាបសង្កត់ពីរដ្ឋបាលលោក ហ៊ុន សែន ផងដែរ ក្រោមការប្រើប្រាស់ច្បាប់ពន្ធដារ។ ជាលទ្ធផលយ៉ាងហោចណាស់ មានអង្គភាពព័ត៌មានពីរបានប្រកាសបិទការិយាល័យរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។
ភ្លាមៗក្រោយពីការចាប់ឃុំខ្លួន មេដឹកនាំគណបក្សជំទាស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តទាមទារឲ្យឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បញ្ជាក់ឲ្យបានច្បាស់ពីតួនាទីរបស់សហរដ្ឋអាមេរិក នៅពីក្រោយសកម្មភាពនយោបាយរបស់លោកកឹម សុខា។ នាយករដ្ឋមន្ត្រីខ្មែរលោក ហ៊ុន សែន ដែលជាអតីតទាហានខ្មែរក្រហម និងដែលបានកាន់អំណាចជាងបីទសវត្សរ៍នៅកម្ពុជា ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរងើបក្រោកឈរប្រឆាំងនឹងការឈ្លានពានពីបរទេស ដោយលោកនិយាយអំពីអ្វីដែលលោកហៅថា នយោបាយចក្រព័ត្តិនិយមរបស់អាមេរិក។
យ៉ាងណាក្តី ក្រុមសមាជិកសភាអាមេរិកបានបញ្ជាក់ឲ្យដឹងក្នុងលិខិតរបស់ខ្លួនទៅកាន់ប្រមុខការបរទេសអាមេរិកថា ពួកគេត្រូវបានរំខានយ៉ាងខ្លាំង ដោយការបំពានរដ្ឋធម្មនុញ្ញ ប្រព្រឹត្តដោយរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា។ ពួកគេថា វារឹតតែព្រួយបារម្ភទៅទៀត សម្រាប់ប្រជាជាតិខ្មែរដែលកំពុងឈានទៅរកការបោះឆ្នោតនៅឆ្នាំ២០១៨ ដោយសារតែក្តីមន្ទិលផ្សេងៗ ទាក់ទិនថា តើការបោះឆ្នោតនោះសេរី និងត្រឹមត្រូវ ឬយ៉ាងណា។
ក្រុមសមាជិកសភាអាមេរិកបានទទូចឲ្យលោក Rex Tillerson រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ធ្វើការជាមួយសម្ព័ន្ធមិត្តថ្នាក់តំបន់ និងសហគមន៍អន្តរជាតិឲ្យច្រើនថែមទៀត ដើម្បីប្រើប្រាស់រាល់មធ្យោបាយការទូត ដើម្បីបង្ខិតបង្ខំរដ្ឋាភិបាលលោកហ៊ុន សែន ឲ្យដើរតាមបទដ្ឋានប្រជាធិបតេយ្យនានា និងនីតិរដ្ឋ។ ភាពមិនចុះសម្រុងគ្នា ការរៀបចំគណបក្ស យុទ្ធនាការទាមទារការកែប្រែនៅថ្នាក់មូលដ្ឋាន និងវោហារសាស្រ្តនយោបាយ មិនរាប់ជាអំពើក្បត់ជាតិនោះឡើយ។
ពួកគេបានបញ្ជាក់បន្តទៀតថា រាល់កិច្ចសន្ទនារវាងលោក William Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ចាំបាច់ត្រូវតែបន្តនៅកម្រិតខ្ពស់បំផុតនៃរដ្ឋាភិបាលសហរដ្ឋអាមេរិក ហើយបានស្នើឲ្យលោក Rex Tillerson ដោះស្រាយក្តីកង្វល់ទាំងអស់នេះជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជាឲ្យគោរពសិទ្ធិពលរដ្ឋខ្លួន ដោយការអនុញ្ញាតឲ្យមានសេរីភាពនៃសារព័ត៌មាន និងការគោរពសិទ្ធិមនុស្ស ការបោះឆ្នោតដែលសេរី និងត្រឹមត្រូវមួយ។
ពួកគេបាននិយាយសង្កត់ធ្ងន់ក្នុងលិខិតនោះតាមន័យដើមថា៖
«ប្រទេសកម្ពុជាត្រូវតែធ្វើការលើបញ្ហាទាំងអស់នេះ ប្រសិនបើខ្លួនមានបំណងស្វែងរកចំណងទាក់ទងប្រកបដោយយុទ្ធសាស្ត្រ និងសេដ្ឋកិច្ចធំទូលាយជាមួយសហរដ្ឋអាមេរិក»។
ដោយឡែក ក្រុមសមាជិកសភាដែលមានបណ្តាញឯករាជ្យមួយនៅក្នុងសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន បានគូសបញ្ជាក់ឲ្យឃើញត្រួសៗពីទំហំកាន់តែរីកធំនៃការចុះខ្សោយដំណើរការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ខណៈដែលសមាគមមួយនេះបានប្រារព្ធខួបទី៥០ឆ្នាំរបស់ខ្លួន។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR) ដែល VOA ទទួលបាននៅថ្ងៃអង្គារ។
សេចក្តីថ្លែងការណ៍របស់ក្រុមសមាជិកសភាអាស៊ានបានលើកឡើងថា តំបន់អាស៊ានកំពុងប្រឈមនឹងវិបត្តិសិទ្ធិមនុស្ស ហើយអនាគតរបស់លទ្ធិប្រជាធិបតេយ្យ ក៏ហាក់ដូចជាស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់។ ក្រុមតំណាងរាស្ត្រ ដែលបានចូលរួមសន្និសីទព័ត៌មានធ្វើឡើងនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នាថ្ងៃអង្គារនេះ បានបញ្ជាក់ឲ្យដឹងពីការរេចរឹលនៃលទ្ធិប្រជាធិបតេយ្យ និងស្ថានភាពកាន់តែយ៉ាប់យ៉ឺនទៅនៃកិច្ចការការពារសិទ្ធិមនុស្ស និងបានអំពាវនាវសាជាថ្មីឲ្យដោះលែងអ្នកទោសនយោបាយ ដោះស្រាយការរំលោភបំពានសិទ្ធិមនុស្ស និងពង្រឹងស្ថាប័នប្រជាធិបតេយ្យនានា។
លោក Charles Santiago ប្រធានក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស និងជាសមាជិកសភាប្រទេសម៉ាឡេស៊ី ត្រូវបានដកស្រង់សម្តីក្នុងន័យដើមថា៖
«សម្លឹងទៅមើលស្ថានភាពនយោបាយនៅក្នុងប្រទេសជាច្រើនក្នុងតំបន់ ក្នុងនោះមានការវាយប្រហារដែលមិនធ្លាប់កើតមានពីមុនមកលើក្រុមប្រឆាំង និងសង្គមស៊ីវិលនៅកម្ពុជា របបយោធាក្នុងប្រទេសថៃដែលគ្មានសញ្ញាណនៃការបោះបង់អំណាច អំពើប្រល័យពូជសាសន៍ដែលកំពុងលេចឡើង និងមិនស្រាកស្រាន្តនៅប្រទេសមីយ៉ាន់ម៉ាឬភូមា។ ស្របពេលជាមួយគ្នា នៅប្រទេសហ្វីលីពីន នីតិរដ្ឋ និងគណនេយ្យភាព ហាក់បីដូចជាត្រូវបានគេឈប់គិតគូរទាំងស្រុងនៅក្នុងបរិការណ៍នៃសង្គ្រាមថ្នាំញៀនដែលកំពុងបន្តកើតមាន»។
ក្រុមសមាជិកសភាអាស៊ានបានបញ្ជាក់ក្នុងសេចក្តីអំពាវនាវរបស់ខ្លួនឡើងវិញឲ្យដោះលែងអ្នកស្រី Leila Delima សមាជិកព្រឹទ្ធសភាប្រទេសហ្វីលីពីន ដែលជាមេដឹកនាំក្រុមរិះគន់លោកប្រធានាធិបតី Rodrigo Duterte ដោះលែងលោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំងដ៏សំខាន់នៅកម្ពុជា និងលោក Anwar Ibrahim អតីតមេដឹកនាំគណបក្សប្រឆាំងនៅប្រទេសម៉ាឡេស៊ី ដែលត្រូវបានគេឃុំខ្លួនតាំងពីខែកុម្ភៈ ឆ្នាំ ២០១៥។
ទោះបីមានការរិះគន់ខ្លាំងៗបែបនេះក្តី ក៏ក្រុមមន្ត្រីរបស់រដ្ឋាភិបាលកម្ពុជាបន្តគាំទ្ររាល់ចំណាត់ការផ្សេងៗទៅសំឡេងក្រុមជំទាស់ និងស្ថាប័នធ្វើការពង្រឹងការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
លោក សួស យ៉ារ៉ា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងក្នុងនាមជាតំណាងរាស្ត្រមួយរូប បានថ្លែងប្រាប់ VOA នៅថ្ងៃអង្គារនេះថា ការលើកឡើងរបស់ក្រុមសមាជិកសភារបស់សហរដ្ឋអាមេរិកជាទស្សនៈបុគ្គល និងការថ្លែងរបស់ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្សដឹកនាំដោយលោក Charles Santiago គឺជាទស្សនៈរបស់ក្រុមប្រឆាំង។
«ខ្ញុំយល់ថា អ្វីដែលគាត់ធ្វើគឺដើម្បីផលប្រយោជន៍បុគ្គលរបស់គាត់ មិនមែនដើម្បីផលប្រយោជន៍របស់សហរដ្ឋអាមេរិក ហើយក៏មិនមែនផលប្រយោជន៍របស់ប្រជាជនអាមេរិក ហើយក៏មិនមែនដើម្បីផលប្រយោជន៍របស់ប្រទេសកម្ពុជា ឬដើម្បីប្រជាជនកម្ពុជាទេ គឺបុគ្គលដែលតវ៉ានោះ ព្រោះគាត់ចង់ឲ្យប្រជាជនខ្មែរ ប្រជាជនអាមេរិកដើមកំណើតខ្មែរហ្នឹង បោះឆ្នោតឲ្យគាត់ទេ។ អីចឹងដូច្នេះ អ្វីដែលគាត់តវ៉ាហ្នឹងវាគ្រាន់តែជាការ ... និយាយចំទៅ គ្រាន់តែជាឆាកល្ខោនមួយដើម្បីបំភ្លឺទៅសាធារណៈថា គាត់យកចិត្តទុកដាក់នឹងខ្មែរណាស់ ប៉ុន្តែតាមពិតអ្វីដែលគាត់ចង់បានគឺសំឡេងឆ្នោតរបស់ប្រជាជនខ្មែរ ប្រជាជនអាមេរិកដើមកំណើតខ្មែរ ដើម្បីបន្តបោះឆ្នោតឲ្យគាត់ នៅកាន់អំណាចនៅតំបន់នោះតទៅទៀត អីចឹង វាមិនមែនសភាអាមេរិកទាំងមូលឯណា?»
លោកបានថ្លែងបន្ថែមថា ក្រុមសមាជិកសភាអាមេរិកគួរខិតខំបំពេញតួនាទីរបស់ផងខ្លួន ដើម្បីជួយពលរដ្ឋអាមេរិកដែលកំពុងប្រឈមនឹងការវាយប្រហារដោយគ្រោះធម្មជាតិ ជាជាងមកឈឺឆ្អាលអំពីដំណើរការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
«ខ្ញុំយល់ឃើញថា អ្វីដែលជាការប៉ះពាល់នូវលទ្ធិប្រជាធិបតេយ្យ ឬដំណើរការនៃការបោះឆ្នោតជាតិរបស់កម្ពុជាហ្នឹងគឺ ដូចមិនធំ ដូចរឿងអ្វី ដែលកំពុងតែព្យុះ ដែលកំពុងតែមានបញ្ហា hurricane [ខ្យល់កំបុតត្បូង] ដែលប៉ះពាល់ទៅដល់រដ្ឋផ្សេងៗ រដ្ឋ Miami រដ្ឋ Florida អីទាំងអស់ហ្នឹង។ គ្រោះធម្មជាតិដែលប៉ះពាល់ប្រជាជនអាមេរិក គឺតំណាងរាស្ត្រត្រូវតែយកចិត្តទុកដាក់ទៅលើអ្វីដែលប្រជាជនអាមេរិកកំពុងតែប៉ះពាល់នេះឲ្យបានច្រើនជាងការយកចិត្តទុកដាក់ទៅលើប្រទេសដទៃ ដែលខ្លួនអាចនឹងប៉ះពាល់ដល់ចំណុចមួយទៀត ដែលថា រំលោភលើអធិបតេយ្យភាពរបស់ប្រទេសដទៃ»។
ចំណែកឯលោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា បានការពារចំណាត់ការតុលាការ ក្នុងការសម្រេចឃុំខ្លួន លោក កឹម សុខា។
«ខ្ញុំចង់សួរទៅវិញថា តំណាងរាស្ត្រហ្នឹង គាត់ជាពលរដ្ឋដែរអត់? ហើយបើគាត់ធ្វើខុសច្បាប់ ត្រូវទទួលទោសដែរ ឬអត់ ឥឡូវហ្នឹង? មើល! នៅកម្ពុជា ជាប្រទេសប្រជាធិបតេយ្យ ប្រទេសដែលនីតិរដ្ឋ អ្នកណាធ្វើខុសច្បាប់ត្រូវមានទោសទៅតាមច្បាប់របស់រដ្ឋ។ អត់មានអីខុសទេ អត់មានដែល យើង យើងអត់មានធ្វើអីដែលខុសច្បាប់ទេ។ តំណាងរាស្រ្តក៏ដោយ ប្រជាពលរដ្ឋក៏ដោយ គឺថា ត្រូវស្ថិតនៅក្រោមច្បាប់ ដូច្នេះបើធ្វើខុសច្បាប់ អាជ្ញាធរមានសមត្ថកិច្ច គេអនុវត្តតាមច្បាប់»។
អ្នកវិភាគទំនាក់ទំនងអន្តរជាតិក្នុងតំបន់អាស៊ានបានថ្លែងថា លទ្ធិប្រជាធិបតេយ្យកំពុងត្រូវបានប្រើប្រាស់ទៅតាមចំណង់ចិត្តរបស់ក្រុមមេដឹកនាំដែលមានឥទ្ធិពលនៅអាស៊ាន ហើយថា វត្តមានរបស់លោកប្រធានាធិបតីអាមេរិក Donald Trump គឺជាឬសគល់មួយនៃបុព្វហេតុជាច្រើនសម្រាប់ការកើនឡើងនូវអំណាចផ្តាច់ការ។
លោក ឈាង វណ្ណារិទ្ធ អ្នកសិក្សាស្រាវជ្រាវនៅវិទ្យាស្ថានស្រាវជ្រាវISEAS- Yusof Ishak Institute មានទីតាំងនៅប្រទេសសិង្ហបុរី ថ្លែងប្រាប់ VOA តាមសារអេឡិចត្រូនិក ឬ email ក្នុងន័យដើមថា៖
«នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ លទ្ធិប្រជាធិបតេយ្យត្រូវបានគេផ្សាំង ឬដាក់ជាបរិបទដើម្បីឲ្យស្របតាមប្រវត្តិសាស្ត្រ និងលក្ខខណ្ឌរបស់ប្រទេសនីមួយៗ»។
លោកបានបញ្ជាក់បន្ថែមតាមសារអេឡិចត្រូនិកក្នុងន័យដើមថា៖
«លទ្ធិប្រជាធិបតេយ្យត្រូវបានផ្តល់អត្ថន័យ និងកំណត់ដោយក្រុមដែលមានឥទ្ធិពល មិនមែនក្រុមនៅថ្នាក់មូលដ្ឋានទេ។ ដូច្នោះហើយនៅតំបន់អាស៊ីអាគ្នេយ៍ គ្មានទេលទិ្ធប្រជាធិបតេយ្យសេរីនិយម ដូចដែលលោកខាងលិចបានផ្តល់អត្ថន័យនោះទេ»។
អ្នកជំនាញខាងកិច្ចការអន្តរជាតិរូបនេះបានបញ្ជាក់ឲ្យដឹងទៀតថា លទ្ធិប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋានក្នុងតំបន់អាស៊ានអាចលេចឡើងមកបាន លុះត្រាតែមានការទាមទារការផ្លាស់ប្តូរដ៏ខ្លាំងក្លាមួយ។
ទោះជាយ៉ាងណាក៏ដោយ គេសង្កេតឃើញថា នៅពេលមានការរិះគន់ខ្លាំងៗពីអ្នកស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងក្រុមប្រទេសប្រជាធិបតេយ្យនានាក្នុងពិភពលោក ចំពោះការបង្រ្កាបរបស់រដ្ឋាភិបាលលោក ហ៊ុន សែន នោះ ប្រទេសចិនកុម្មុយនិស្តដែលគេស្គាល់ថា ជាអ្នកផ្តល់ជំនួយនិងដាក់វិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់មួយដល់កម្ពុជាក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានបង្ហាញជំហរគាំទ្រចំណាត់ការរបស់គណបក្សកាន់អំណាចទៅវិញ៕