សាលាឧទ្ធរណ៍នៅកាលពីព្រឹកថ្ងៃព្រហស្បតិ៍ បានប្រកាសសាលក្រមរបស់ខ្លួន ដោយតម្កល់សាលក្រមឆ្នាំ២០១៥របស់សាលាដំបូងរាជធានីភ្នំពេញដែលថា ក្រុមបាតុករ១៣នាក់ដែលត្រូវបានចាប់ខ្លួននៅក្រោយមានបាតុកម្មនៅតាមផ្លូវវេងស្រេង កាលពីថ្ងៃ៣ ខែមករា ឆ្នាំ២០១៤ កន្លងទៅនេះ ត្រូវជាប់ចោទពីបទធ្វើបាតុកម្មខុសច្បាប់ បំផ្លាញមន្ទីរពេទ្យមួយ និងបង្ករបួសស្នាមដល់មន្ត្រីមានសមត្ថកិច្ច។
លោក ចាយ ច័ន្ទតារាវណ្ណ ប្រធានអង្គជំនុំជម្រះបានប្រកាសសាលក្រមថា៖
«ក្រុមប្រឹក្សាជំនុំជម្រះសម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ»។
សាលាឧទ្ធរណ៍បានបើកសវនាការសំណុំរឿងនេះ កាលពីថ្ងៃទី២៧ ខែមករា ដោយមិនមានវត្តមានរបស់ចុងចោទទេ នៅគ្រាដែលមេធាវីមិនអាចរកកូនក្តីឃើញ ដោយសារពួកគេដូរអាស័យដ្ឋាន។ ការប្រកាសសាលក្រមនៅថ្ងៃព្រហស្បតិ៍នេះក៏ធ្វើឡើងដោយមិនមានវត្តមានទាំងកូនក្តី ទាំងមេធាវី។
លោកចៅក្រមបានអានពាក្យបណ្តឹងរបស់អាជ្ញាធរដែលថា សមត្ថកិច្ចបានព្រមានបាតុករមិនឲ្យប្រើអំពើហិង្សា និងអនុញ្ញាតឲ្យមានចរាចរឡើងវិញ តែបាតុករមិនស្តាប់។ ពាក្យបណ្តឹងរបស់សមត្ថកិច្ចនេះបានរៀបរាប់ថា ប៉ូលិសម្នាក់បាក់ខ្ទង់ច្រមុះ និងម្នាក់ពិការភ្នែក។
លោក អំ សំអាត ប្រធានការិយាល័យបច្ចេកទេសស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ នៅថ្ងៃព្រហស្បតិ៍នេះ បានបង្ហាញការខកចិត្តចំពោះនីតិវិធីច្បាប់ក្នុងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។ លោកពន្យល់ប្រាប់ VOA ថា តុលាការចាត់វិធានការសម្រាប់ពាក្យបណ្តឹងរបស់សមត្ថកិច្ច តែយុត្តិធម៌សម្រាប់កម្មករបាត់បង់ជីវិតនោះមិនមានពន្លឺអ្វីសោះ។
លោកនិយាយថា តុលាការចាត់វិធានការលឿនចំពោះពាក្យបណ្តឹងរបស់មន្ត្រីអាជ្ញាធរប្រឆាំងបាតុករ ដោយសារតែមានបញ្ហារបួសស្នាម។ តែយុត្តិធម៌សម្រាប់កម្មករ៤នាក់ដែលស្លាប់ដោយគ្រាប់កាំភ្លើងពិត ពេលអាជ្ញាធរប្រើអំពើហិង្សាបង្ក្រាបបាតុកម្មនោះ មិនទាន់មានពន្លឺនៅឡើយ។
«ថ្ងៃនេះសុទ្ធតែជាបទល្មើសមជ្ឈិម ហើយចំពោះបទល្មើសឧក្រិដ្ឋដែលទាក់ទងនឹងការស្លាប់ជីវិតមនុស្សហ្នឹង មកដល់ពេលនេះហាក់ដូចជាមិនទាន់មានពន្លឺនៃការស៊ើបអង្កេត ដើម្បីផ្តល់យុត្តិធម៌សម្រាប់ពួកគាត់នោះទេ។ អញ្ចឹងយើងមើលទៅហាក់ដូចជាគ្មានឆន្ទៈណាមួយដើម្បីស្វែងរកយុត្តិធម៌សម្រាប់អ្នកបាត់បង់ជីវិតនោះទេ»។
ក្នុងសវនាការរបស់សាលាឧទ្ធរណ៍កាលពីថ្ងៃ២៧មករានោះ មានតែមន្ត្រីកងរាជ អាវុធហត្ថ១០នាក់ និងប៉ូលិស៨នាក់ប៉ុណ្ណោះ ចូលរួមសវនាការ។ រីឯចុងចោទមិនមានវត្តមានទេ។
លោក អំ សំអាត បានឲ្យដឹងថា មេធាវី៣នាក់របស់អង្គការសិទ្ធិមនុស្សលីកាដូ បានដាក់សុំពន្យារសវនាការថ្ងៃ២៧ ខែមករា នៅសាលាឧទ្ធរណ៍ ដើម្បីស្វែងរកកូនក្តីជាមុនសិន។ ប៉ុន្តែជាអកុសល តុលាការមិនបានពិចារណាទៅតាមពាក្យស្នើសុំរបស់មេធាវីទេ ហើយក៏មិនបានពន្យារពេលសវនាការដែរ។
លោក វន់ ពៅ ប្រធានសមាគមឯករាជ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធនៃកម្ពុជា និងជាសកម្មជនការពារសិទ្ធិកម្មករដ៏សកម្មនោះ បានប្រាប់ VOA តាមទូរស័ព្ទថា លោកមិនភ្ញាក់ផ្អើលនឹងសាលក្រមតុលាការសាលាឧទ្ធរណ៍នោះទេ។
«សាលាឧទ្ធរណ៍ប្រហែលជាគិតថា មិនអាចរកយុត្តិធម៌ឲ្យអ្នកទាំងអស់គ្នាហ្នឹងបានទេ។ អញ្ចឹងហើយយើងគិតថា សាលក្រមនេះគ្រាន់តែការប្រកាសទទួលស្គាល់សាលក្រមរបស់សាលាដំបូងតែប៉ុណ្ណោះ»។
ដូចជនជាប់ចោទ១៣នាក់នេះដែរ លោក វន់ ពៅ ក៏កំពុងមានសេរីភាព ដោយការធានាឲ្យនៅក្រៅឃុំឃាំងដោយការព្យួរទោស។ កាលពីដើមខែមករា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានលោក វន់ ពៅ ក្រោយពីលោកនៅតែបន្តសកម្មភាពការពារសិទ្ធិកម្មករ។
លោក អំ សំអាត បានឲ្យដឹងថា បាតុករជាប់ចោទទាំង១៣នាក់បានប្តឹងឧទ្ធរណ៍ប្រឆាំងការសម្រេចរបស់តុលាការសាលាដំបូង ទោះបីជាពួកគេនៅក្រៅឃុំក៏ដោយព្រោះពួកគេបដិសេធថា ខ្លួនមិនមានកំហុសនោះទេ៕