សហគមន៍ដីធ្លីក្នុងរាជធានីភ្នំពេញបានបរាជ័យក្នុងព្យាយាមទៅជួបជុំគ្នានៅមុខស្ថានទូតអាមេរិកនៅថ្ងៃអង្គារនេះដើម្បីយកញត្តិដាក់ជូនលោក ចន ឃែរី (John Kerry) រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកបន្ទាប់ពីមានការរារាំងជាខ្លាំងពីកងកម្លាំងមានសមត្ថកិច្ច។
ពួកគេបានស្រែកតវ៉ាថា៖ «ហេតុអ្វីបិទសិទ្ធបិទសេរីភាពមិនឱ្យចេញពីកន្លែងហ្នឹងបានទៀត? ធ្វើរបៀបហ្នឹងហើយគាត់អួតថាលទ្ធិប្រជាធិបតេយ្យពហុបក្សរបស់ខ្មែរបើកសិទ្ធសេរីភាពគ្រប់បែបយ៉ាងទាំងអស់។ បើកត្រង់ណាបើកន្លែងហ្នឹងកំពុងតែបិទនេះ គ្រាន់តែគេដាក់ញត្តិនេះក៏បិទសិទ្ធិសេរីភាពគេស្ទាក់វាយទាត់ធាក់»។
សហគមន៍ដីធ្លីក្នុងរាជធានីភ្នំពេញបានព្យាយាមយកញត្តិជូនលោកចន ឃែរីដើម្បីឱ្យ លោកជួយ ធ្វើអន្តរាគមន៍ទៅរដ្ឋាភិបាល ឱ្យបញ្ឈប់ការរំលោភដីធ្លី ការបណ្តេញចេញទាំងបង្ខំ អំពើហិង្សា និងការរំលោភសិទ្ធិមនុស្សជាដើម។ ក៏ប៉ុន្តែការដាក់ញត្តិនេះខកខានបន្ទាប់ពីអាជ្ញាធរ បានរារាំងក្រុមសហគមន៍ដីធ្លីជា២ផ្នែកធំៗ។
កងកម្លាំងមានសមត្ថកិច្ចដែលឈរជើងនៅក្បែរស្ថានទូតសហរដ្ឋអាមេរិកបានព្យាយាមបំបែកប្រជាពលរដ្ឋដែលប្រមូលផ្តុំនៅក្បែរនោះមិនឱ្យមានការជួបជុំគ្នា និងមិនឱ្យផ្តល់កិច្ចសម្ភាសន៍ដល់អ្នកសារព័ត៌មានទៀតផង។
ចំណែកឯនៅបឹងកក់វិញកងកម្លាំងមានសមត្ថកិច្ចបានបិទផ្លូវមិនឱ្យក្រុមសហគមន៍ដីធ្លីទាំងនោះចេញពីតំបន់បឹងកក់បានឡើយ។ក្រុមសកម្មជនដីធ្លីទាំងនោះប្រមាណជា៥០នាក់មានកាន់រូបលោក ចន ឃែរី ទង់ជាតិកម្ពុជា ទង់ជាតិសហរដ្ឋអាមេរិក ផ្កាឈូក និងយកការ៉ុងពណ៌ស មកពាក់ពីលើអាវដែលមានសរសេរអក្សរថា អភិវឌ្ឍន៍សម្រាប់អ្នកទាំងអស់គ្នា និងបញ្ឈប់អំពើពុករលួយ។
ក្រុមសកម្មជនដីធ្លីទាំងនោះបានព្យាយាមរុញច្រានយ៉ាងស្វិតស្វាញជាមួយកងកម្លាំងមានសមត្ថកិច្ចដើម្បីរកច្រកចេញក៏ប៉ុន្តែមិនបានទទួលជោគជ័យនោះទេ។ក្រុមរបស់ពួកគាត់ក៏បានរំសាយគ្នានៅពេលថ្ងៃត្រង់។
«សូមលោក ចន ឃែរី ដែលជាតំណាងឱ្យប្រទេសអាមេរិកទាំងមូលមេត្តាជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាដែលរងគ្រោះពីបញ្ហារំលោភសិទ្ធិមនុស្សឱ្យទទួលបានយុត្តិធម៌ផង»។
លោកស្រី ទេព វន្នី សកម្មជនដីធ្លីបានឱ្យដឹងថាទោះបីជាមិនបានទទួលជោគជ័យក្នុងការដាក់ញត្តិនេះក៏ដោយក៏ប៉ុន្តែក្រុមសហគមន៍ដីធ្លីសង្ឃឹមថាខ្លឹមសារនៃញត្តិនេះនឹងឮទៅដល់លោក ចន ឃែរី។
«គម្រោងទុករបស់ពួកយើងមិនបានទទួលជោគជ័យដោយជួបជុំគ្នាតាមអ្វីដែលយើងរៀបចំផែនការនៅជួបគ្នានៅមុខស្ថានទូតអាមេរិកនោះទេដោយសារតែមានកងកម្លាំងប្រដាប់អាវុធនិងកងកម្លាំងសន្តិសុខខណ្ឌជាច្រើនបានដាក់រាយកម្លាំងគ្នានិងបិទផ្លូវច្រកជុំវិញតំបន់បឹងកក់ហើយនឹងព័ទ្ធជុំវិញស្ថានទូតអាមេរិកផងដែរហើយធ្វើឱ្យពួកខ្ញុំមិនបានជួបជុំគ្នាត្រូវបែកគ្នាខ្ចាត់ខ្ចាយ»។
លោកស្រីទេព វន្នីបានចាត់ទុកថាការរារាំងរបស់កងកម្លាំងមានសមត្ថកិច្ចក្នុងខណៈដែលវត្តមានរបស់លោកចន ឃែរីនៅក្នុងប្រទេសកម្ពុជានេះគឺជាការមើលងាយយ៉ាងខ្លាំងដល់លោកចន ឃែរី។
«ថ្ងៃនេះគឺជាថ្ងៃដែលលោកមានវត្តមាននៅក្នុងប្រទេសកម្ពុជារដ្ឋាភិបាលកម្ពុជាហ៊ានរំលោភសិទ្ធិប្រជាពលរដ្ឋកម្ពុជាដល់ថ្នាក់ហ្នឹងហើយចុះទំរាំដែលមិនមានវត្តមានរបស់លោក និងប្រទេសអំណាចផ្សេងៗទៀតដែលចុះមកប្រទេសកម្ពុជាតើពួកខ្ញុំរងការរំលោភសិទ្ធិមនុស្សដល់កម្រិតណា? នេះគឺជាការប្រមាថមួយដ៏ធំទៅដល់លោកចន ឃែរី»។
លោក អំ សំអាត ជាអ្នកគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតអង្គការសិទ្ធិមនុស្សលីកាដូដែលមានវត្តមាននៅក្នុងពេលមានការរារាំងរបស់កងកម្លាំងមានសមត្ថកិច្ចនោះបានឱ្យដឹងដែរថាការរារាំងបែបនេះគឺជាមិនមែនជាវិធីរកដំណោះស្រាយល្អនោះទេ។
«រាល់លើកយើងឃើញនៅក្នុងពេលបំពេញទស្សនកិច្ចរបស់ប្រមុខការទូតឬប្រមុខដឹកនាំបរទសមកកម្ពុជាក៏តែងតែមានការហាមឃាត់ជារឿយៗផងដែរក៏ប៉ុន្តែបើយើងមើលជាការពិតទៅបើការហាមឃាត់នេះហើយនឹងការរិះរកមធ្យោបាយដើម្បីឱ្យមានការដាក់ញត្តិឬក៏តវ៉ាដោយសន្តិវិធីនៅទីណាមួយវាល្អជាជាងការដែលយើងរឹតត្បិតហាមឃាត់មិនឱ្យចេញឬក៏មិនឱ្យទៅដាក់ញត្តិ។ នេះវាជះឥទ្ធិពលមកល្អទៅវិញទេបាទ។
លោក គួច ចំរើន អភិបាលខណ្ឌដូនពេញបានមានប្រសាសន៍ ថាការរារាំងនេះធ្វើឡើងក្នុងគោលបំណងការពារសន្តិសុខជូនលោកចន ឃែរី តែប៉ុណ្ណោះ។
«ស្រុកអាមេរិកក៏ដូចគ្នាដែរមានប្រតិភូទៅគេមិនដែលឱ្យទៅរញ៉េរញ៉ៃនៅមុខហ្នឹងទេខ្ញុំជឿថាវាអីចឹង។សហរដ្ឋអាមេរិកគេមកទស្សនកិច្ចផ្លូវការយើងត្រូវរៀបចំឱ្យមានសុវត្ថិភាពសម្រាប់គេ»។
ទំនាស់ដីធ្លីក្នុងប្រទេសកម្ពុជាបានកើតឡើងជាយូរឆ្នាំកន្លងមកហើយ ក៏ប៉ុន្តែមិនមានដំណោះស្រាយណាមួយសមស្របសម្រាប់ប្រជាពលរដ្ឋដែលរងគ្រោះដីធ្លីនោះទេដែលជាហេតុបណ្តាលឱ្យប្រជាពលរដ្ឋស្វះសែ្វងរកអន្តរាគមន៍ពីម្ចាស់ជំនួយផ្សេងៗឱ្យដាក់សម្ពាធដល់រដ្ឋាភិបាលដើម្បីជំរុញឱ្យមានការដោះស្រាយណាមួយដែលប្រកបដោយយុត្តិធម៌៕