គណៈកម្មការចំពោះកិច្ចការរបស់រដ្ឋសភាជាតិ ដែលធ្វើការលើសេចក្តីព្រាងច្បាប់ស្តីពីសហជីព បានផ្តោតការពិភាក្សានៅថ្ងៃអង្គារនេះលើការបង្កើតតុលាការការងារ។
តុលាការការងារគឺសំដៅដល់តុលាការជំនាញគ្របដណ្តប់លើវិវាទការងារ ដែលអាចឈានដល់ការដាក់សម្ពាធផ្លូវច្បាប់ឲ្យទាំងភាគីនិយោជក និងកម្មករគោរពតាម។
តុលាការការងារដែលមិនទាន់លេចចេញជារូបរាងនេះ ត្រូវបានគេរំពឹងថា នឹងអាចមានអំណាចដោះស្រាយវិវាទការងារឲ្យកាន់តែមានប្រសិទ្ធភាព ព្រមទាំងអាចកាត់បន្ថយវិវាទការងារជាអតិបរមា។ នេះបើយោងតាមលោក សុន ឆ័យ អ្នកតំណាងរាស្ត្រមកពីគណបក្សជំទាស់។
លោក សុន ឆ័យ បានថ្លែងមកកាន់ក្រុមអ្នកសារព័ត៌ បន្ទាប់ពីកិច្ចប្រជុំគណៈកម្មការចំពោះកិច្ចថា៖
«មុននឹងឈានទៅដល់តុលាការ គឺក្រុមប្រឹក្សាអាជ្ញាកណ្តាលច្រើនតែសម្រុះសម្រួល។ ខាងសហជីពគាត់បានត្អូញត្អែរថា ពេលក្រុមប្រឹក្សាអាជ្ញាកណ្តាលសម្រេចហើយ និយោជកមិនព្រមអនុវត្តទេ។ តែពេលយើងចេញជាច្បាប់ហើយ យើងមានតុលាការការងារត្រឹមត្រូវ។ កាលណាមានការសម្រេចយ៉ាងណាហើយ ទាំងភាគីសហជីព ទាំងនិយោជកត្រូវគោរពសេចក្តីសម្រេច»។
ជាមួយគ្នានេះដែរ លោក សុខ ឦសាន អ្នកតំណាងរាស្ត្រ និងជាអ្នកនាំពាក្យរបស់គណបក្សកាន់អំណាចថ្លែងថា ការបង្កើតតុលាការការងារជាយន្តការសំខាន់ថ្មីមួយទៀត ដែលមិនអាចខ្វះបានដែលរាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងយកចិត្តទុកដាក់។
«តុលាការការងារត្រូវតែកើតឡើង ដើម្បីដោះស្រាយរាល់បាតុភាពដែលកើតឡើងក្នុងរង្វង់កម្មករសហជីព និងនិយោជកនេះឯង»។
សេចក្តីព្រាងច្បាប់សហជីពដ៏ចម្រូងចម្រាសនេះ ជារឿយៗត្រូវបានពិនិត្យ និងពិចារណាដោយតំណាងរាស្ត្រនៃគណបក្សធំៗទាំងពីរនៅក្នុងសភាជាតិ ដើម្បីសម្រួលដល់ទំនាក់ទំនងការងារនៅក្នុងវិស័យឧស្សាហកម្មកាត់ដេរ។ យ៉ាងណាក៏ដោយ ភាគីពាក់ព័ន្ធនៃច្បាប់នេះតែងតែស្នើសុំឲ្យមានការកែប្រែចំណុចរសើបខ្លះ ដែលគេមើលឃើញថា ជាការរិតត្បិតសេរីភាពសហជីពនោះ។
លោកស្រី អាន វីរៈ ជាប្រធានបណ្តុះបណ្តាល និងទំនាក់ទំនងនៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលបានឲ្យដឹងថា ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងតុលាការការងារ ត្រូវបានចែងដោយច្បាប់ការងារឲ្យមានដែនកំណត់ការងារដាច់ដោយឡែកពីគ្នា។
«ក្រុមប្រឹក្សាអាជ្ញាកណ្តាលត្រូវបានបង្កើតឡើងមុនតុលាការការងារ។ នៅក្នុងច្បាប់ការងារបង្ហាញថាក្រុមប្រឹក្សាអាជ្ញាកណ្តាលដោះស្រាយវិវាទការងាររួម។ ដោយឡែក តុលាការការងារទទួលវិវាទការងារបុគ្គលដែលកើតឡើងរវាងនិយោជក និងនិយោជិត»។
ចំពោះវត្តមាននៃតុលាការការងារដែលមិនទាន់លេចរូបរាងនេះ លោកស្រី អាន វីរៈ មិនទាន់អាចវាយតម្លៃបានទេថា នឹងអាចកាត់បន្ថយវិវាទក្នុងការងារបានដល់កម្រិតណានោះ។
លោក អាត់ ធន ប្រធានសហភាពកម្មករកាត់ដេរនៅកម្ពុជា យល់ថា តុលាការការងារថ្មីនេះគឺជាស្ថាប័នដ៏សំខាន់មួយសម្រាប់កម្មករនិយោជិតក្នុងការផ្តល់តុល្យភាពអំណាច និងយុត្តិធម៌ដល់ភាគីពាក់ព័ន្ធ។
«ហើយនៅក្នុងច្បាប់សហជីពក៏បានកំណត់ដែរថា ទោសពិន័យ ឬការកាត់ក្តីផ្សេងៗត្រូវធ្វើឡើងដោយតុលាការការងារ។ ខ្ញុំចង់ឃើញតុលាការការងារមួយដែលកើតឡើងឲ្យបានលឿន និងឯករាជ្យដែលមានត្រីភាគីគឺនិយោជក និយោជិត និងរដ្ឋាភិបាល»។
សម្រាប់លោក អាត់ ធន ចង់ឃើញតួអង្គតុលាការថ្មីនេះមានតម្លាភាព និងឯករាជ្យភាពពិតប្រាកដ ដែលធានាបាននូវយុត្តិធម៌គ្រប់គូភាគី។
គេដឹងថា វិស័យវាយនភណ្ឌនៅក្នុងប្រទេសកម្ពុជាបានផ្តល់ការងារដល់កម្មករជាង៧០ម៉ឺននាក់ទូទាំងប្រទេសកម្ពុជា។ សេចក្តីព្រាងច្បាប់ដ៏ចម្រូងចម្រាស់នេះត្រូវបានគេរិះគន់ថា មានបំណងរិតត្បិតលើសហជីពក្នុងប្រទេសកម្ពុជា ដែលតែងតែទាមទារសិទ្ធិការងារដល់កម្មករ៕