ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហជីព​រំលឹក​ខួប​១២ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក​ ជា វិជ្ជា


រូបឯកសារ៖ សមាជិក​សហជីព​មួយ​រូប​យំ​នៅ​ក្បែរ​កម្រង​ផ្កា​​ដែល​មាន​រូបថត​លោក ជា វិជ្ជា ប្រធាន​សហជីព​សេរី​កម្មករ ក្នុង​អំឡុង​ពេល​ពិធី​បុណ្យ​សព​របស់​លោក​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​២៥ ខែ​មករា ឆ្នាំ​២០០៤ នៅ​រាជធានី​ភ្នំពេញ។ (AP Photo/Andy Eames)
រូបឯកសារ៖ សមាជិក​សហជីព​មួយ​រូប​យំ​នៅ​ក្បែរ​កម្រង​ផ្កា​​ដែល​មាន​រូបថត​លោក ជា វិជ្ជា ប្រធាន​សហជីព​សេរី​កម្មករ ក្នុង​អំឡុង​ពេល​ពិធី​បុណ្យ​សព​របស់​លោក​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​២៥ ខែ​មករា ឆ្នាំ​២០០៤ នៅ​រាជធានី​ភ្នំពេញ។ (AP Photo/Andy Eames)

លោក​ ជា មុន្នី​ ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ត្រូវ​ជា​ប្អូន​ប្រុស​បង្កើត​សព​លោក ជា វិជ្ជា បាន​ប្រាប់​ VOA ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ​លោក​ និង​តំណាង​កម្មករ​ជាង​១០០នាក់​គ្រោង​នឹង​ជួប​ជុំគ្នា​ ក្បែរ​វត្ត​លង្កា​នាថ្ងៃ​សុក្រ​នេះ ដើម្បី​ប្រារព្ធ​ខួប​១២ឆ្នាំ​នៃ​ការ​ធ្វើឃាត​លោក ជា វិជ្ជា។

សាច់ញាតិ​ និង​ជា​តំណាង​សហជីព​សេរី​កម្មករ​នៅតែ​បន្ត​ស្នើ​ឲ្យ​រដ្ឋាភិបាល​បំពេញ​ភារកិច្ច​របស់​ខ្លួន​ក្នុង​ការ​វែក​មុខ​រក​ជន​ដៃ​ដល់​ដែល​សម្លាប់​លោក​ ជា វិជ្ជា ​អតីត​ប្រធាន​សហជីព​សេរី​កម្មករ​ដ៏​ល្បីល្បាញ ​និង​តំណាង​សហជីព​ពីរ​រូប​ផ្សេង​ទៀត ​ស្រប​ពេល​ដែល​តំណាង​សហជីព​ និង​កម្មករ​កាត់​ដេរ​គ្រោង​ប្រារព្ធ​ខួប​១២​ឆ្នាំ​នៃ​ការបាញ់​សម្លាប់​លោក​ ជា វិជ្ជា នា​ថ្ងៃ​សុក្រ​នេះ។​

លោក​ ជា មុន្នី​ ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ត្រូវ​ជា​ប្អូន​ប្រុស​បង្កើត​សព​លោក ជា វិជ្ជា បាន​ប្រាប់​ VOA ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ​លោក​ និង​តំណាង​កម្មករ​ជាង​១០០នាក់​គ្រោង​នឹង​ជួប​ជុំគ្នា​ ក្បែរ​វត្ត​លង្កា​នាថ្ងៃ​សុក្រ​នេះ ដើម្បី​ប្រារព្ធ​ខួប​១២ឆ្នាំ​នៃ​ការ​ធ្វើឃាត​លោក ជា វិជ្ជា។

«ចាប់​ផ្តើម​នៅ​ម៉ោង​៨​ជាង​បន្តិច​បន្តួច​ គឺ​មាន​ការ​ជួប​ជុំ​គ្នា។​ ដល់​ទៅ​ជួបជុំ​គ្នា​ហើយ​ទើប​យើង​ទៅ​ឱន​គោរព​វិញ្ញាណខន្ធ ​ហើយ​បាន​យើងទៅ​ដាក់​កម្រង​ផ្កា។​ កម្រង​ផ្កា​ហើយ​បាន​យើង​ទៅ​ថ្លែង​ប្រាប់​ជន​រួម​ជាតិ​ទាក់​ទិន​នឹង​ការ​ប្រែប្រួល​នៃ​ករណី​ឃាត​កម្ម​លើ​លោក​ ជា វិជ្ជា»។

កាលពី​១២​ឆ្នាំ​មុន​ ​លោក​ ជា វិជ្ជា ​ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​ឱ្យ​ដេកដួល​ក្នុង​ថ្លុកឈាម​ ​ក្បែ​របង​វត្ត​លង្កា ​ជាទី​ដែល​លោក​តែងតែ​អង្គុយ​អាន​កាសែត។ ក្នុង​សំណុំ​រឿង​នៃ​ការ​បាញ់​សម្លាប់​លោក ​ជា វិជ្ជា​ ​អាជ្ញាធរ​កម្ពុជា​បាន​ចាប់​ខ្លួន​លោក​ ប៊ន សំណាង​ និង​លោក​ សុខ សំអឿន​ ដាក់​ពន្ធនាគារ​រយៈពេល​ជិត​៥ឆ្នាំ​ ក៏ប៉ុន្តែ​ក្រោយ​មក​ដោយ​មាន​ការរិះ​គន់​ថា​ ជា​ឃាតករ​សិប្បនិម្មិត​ទើប​តុលាការ​សម្រេច​ដោះ​លែង​ឱ្យ​មាន​សេរីភាព​ឡើង​វិញ។

កាល​ពី​ខែ​មិថុនា​កន្លង​ទៅ​ ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​បញ្ជា​ឲ្យ​មាន​ការ​បង្កើត​គណៈ​កម្មការ​អន្តរ​ក្រសួង​ស៊ើប​អង្កេត​ពិសេស​លើ​ករណីឃាត​កម្ម​លើ​មេដឹក​នាំ​សហជីព​ចំនួន​បី​រូប​ រួម​ទាំង​លោក​ ជា វិជ្ជា​ លោក​ ហ៊ី វុទ្ធី ​និង​លោក​ រស់ សុវណ្ណារ៉េត​ ផង​ដែរ។ មក​ដល់​ពេល​នេះ​ ការ​ស៊ើប​អង្កេត​លើ​ករណី​ឃាត​កម្ម​លើ​តំណាង​សហជីព​ទាំង​បី​នេះ​នៅ​តែ​ជា​ អាថ៌កំបាំង​នៅ​ឡើយ។​

VOA​ មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​ លោក​ ឯម សំអាន ​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ និង​ជា​ប្រធាន​គណៈកម្មការ​ពិសេស​នេះ និង​មន្ត្រី​នៃ​ក្រសួង​មហាផ្ទៃ​បាន​ទេ​នា​ថ្ងៃ​ព្រហស្បតិ៍​នេះ។

យ៉ាង​ណា​ក៏​ដោយ ​លោក​ ជា មុន្នី បាន​ទទូច​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ ​ដែល​មាន​កាតព្វកិច្ច​ត្រូវ​ផ្តល់​យុត្តិធម៌​ដល់​ក្រុម​គ្រួសារ​បង​ប្រុស​លោក​ ដែល​កំពុង​រស់នៅ​និរទេស​ខ្លួន​ក្រៅ​ប្រទេស​ និង​ក្រុម​គ្រួសារ​អតីត​សហជីព​២រូប​ផ្សេង​ទៀត​ដែល​បាត់​បង់​ឪពុក​និង​ប្តី​នោះ។

«ឥឡូវ​ហ្នឹង​គឺ​យើង​ជំរុញ​ថា​ ​ឃាត​កម្ម​ហ្នឹង​ ថ្ងៃ​ណា​ ខែ​ណា​ឆ្នាំ​ណា?​ ​ព្រោះ​មន្ត្រី​កាន់​តួនាទី​មួយៗ​ហ្នឹង​ អាយុ​ច្រើន​ហើយ​ លើស​ឈាម​ផង ទឹកនោម​ផ្អែម​ផង​ ​ហើយ​សុខភាព​មិន​សូវ​មាំមួន​ទេ​ ក្រែង​លោ​គាត់​ស្លាប់​បាត់​ទៅ​ ​វា​បាត់​ដាន​ណ៎ា។ អញ្ចឹង​បើ​គាត់​ធ្វើ​គឺ​វា​លឿន​ទេ​ ពីរ​ឬ​បី​ថ្ងៃ​គាត់​អាច​រក​ឃើញ ហើយ​ព្រោះ​រដ្ឋាភិបាល​គាត់​មាន​ជំនាញ​សឹង​ងាប់។ ប៉ុន្តែ​គ្រាន់​តែ​ថា​គាត់​ចង់​រក​ ឬ​មិន​រក? ក៏​ប៉ុន្តែ​ប្រសិន​បើ​ចិត្ត​គាត់​អត់ចង់​រក​ក៏​ហី​ទៅ​ ​យើង​នៅតែ​ស្រែក​អញ្ចឹង​ទៅ​ ​ហើយ​ប្រជា​ពលរដ្ឋ​អត់​បោះឆ្នោត​ឲ្យ​គាត់​ទៅ។​ រឿង​ហ្នឹង​វា​មាន​តែ​ប៉ុណ្ណឹង»។

ស្រប​គ្នា​នោះ​ដែរ​ លោក​ អំ សំអាត ប្រធាន​ក្រុម​បច្ចេកទេស​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ បាន​ថ្លែង​ថា បើទោះ​ជា​មាន​ការ​បង្កើត​ គណៈកម្មការ​ស៊ើប​ពិសេស​លើ​ករណី​ឃាតកម្ម​របស់​លោក ជា វិជ្ជា​ និង​ការ​បាញ់​សម្លាប់​តំណាង​សហជីព​ផ្សេង​ទៀត​នោះ​ក៏​ដោយ​ ក៏​យុត្តិធម៌​របស់​ពួក​គេ​ «ហាក់​ដូច​ជា​នៅ​ឆ្ងាយ​ដូច​ជើង​មេឃ»។

«អង្គការ​ក្រៅ​រដ្ឋាភិបាល​យើង​នៅ​តែ​គិត​ថា ករណី​ដូច​ជា​ការ​បាញ់​សម្លាប់​លោក​ ជា វិជ្ជា​ ក្តី បាញ់​សម្លាប់​លោក​ រស់ សុវណ្ណារ៉េត ​លោក​ ហ៊ី វុទ្ធី ​ ក៏ដូចជា​សិល្បករ​ សិល្បការី​មួយ​ចំនួន​ ហើយ​នឹង​ករណី​មួយ​ចំនួន​ទៀត​ហ្នឹង​ជា​ផ្នែក​មួយ​នៃ​និទណ្ឌភាព​ ​ពីព្រោះ​មកទល់​ពេល​នេះ​ករណី​ទាំង​អស់​គឺ​មិនទាន់​ត្រូវ​បាន​ធ្វើ​ការ​ស៊ើប​អង្កេត​ ស្វែង​រក​តម្រុយ​នៃ​ជន​សង្ស័យ​មក​កាត់ទោស​នៅ​ឡើយ​នោះ​ទេ»។

លោក​ អំ សំអាត​ បន្ត​ថា ករណី​បាញ់​សម្លាប់​លើ​លោក​ ជា វិជ្ជា​ នៅតែ​ជា​អាថ៌កំបាំង​មួយ​ហើយ​បាន​ធ្វើ​ឲ្យ​ជន​រងគ្រោះ​ពីរ​រូប​ផ្សេង​ទៀត​គឺ​ លោក ​ប៊ន សំណាង​ ​និង​លោក​ សុខ សំអឿន​ ដែល​គេ​ស្គាល់​ថា ជា​ឃាតករ​សិប្បនិម្មិត​បាន​ជាប់​ពន្ធនាគារ​រយៈពេល​ជិត​៥ឆ្នាំ​ផងដែរ​ មុន​ពេល​តុលាការ​សម្រេច​ដោះ​លែង​ឱ្យ​មាន​សេរីភាព​ឡើង​វិញ៕

XS
SM
MD
LG