សភាស៊ើបសួរនៃសាលាឧទ្ធរណ៍រាជធានីភ្នំពេញបានបដិសេធបណ្តឹងទាស់របស់មេធាវីការពារក្តីឱ្យលោក ហៃ វណ្ណនិត ជាប្អូនប្រុសលោក ហៃ វណ្ណា សកម្មជននៅប្រទេសជប៉ុន ដោយសម្រេចតម្កល់ដីកាឃុំខ្លួនបណ្តោះអាសន្នរបស់ចៅក្រមស៊ើបសួរ។
មេធាវីការពារក្តីលោក ហៃ វណ្ណនិត ចាត់ទុកការឃុំខ្លួននេះថា ជារឿងអយុត្តិធម៌ និងថា លោកនឹងបន្តប្តឹងទៅតុលាការកំពូលបន្តទៀត។
ការសម្រេចរបស់សាលាឧទ្ធរណ៍ធ្វើឡើងបន្ទាប់ពីកោះហៅលោក ជូង ជូងី មេធាវីការពារសិទ្ធិឱ្យជនត្រូវចោទឈ្មោះហៃ វណ្ណនិត មកសាលាឧទ្ធរណ៍កាលពីថ្ងៃទី៩ ខែតុលា ដើម្បីពិភាក្សាដេញដោលលើបណ្តឹងឧទ្ធរណ៍របស់មេធាវីការពារជនត្រូវចោទ ប្តឹងនឹងដីកាសម្រេចឃុំខ្លួនបណ្តោះអាសន្នចុះនៅថ្ងៃទី១៩ សីហា ឆ្នាំ២០២៤ របស់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងបទ«ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។
លោក ឃុន លាងម៉េង អ្នកនាំពាក្យសាលាឧទ្ធរណ៍ ប្រាប់វីអូអេតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាម ជាអក្សរថា សភាស៊ើបសួរបានសម្រេចតម្កល់ដីកាសម្រេចឃុំខ្លួនបណ្តោះអាសន្នរបស់ចៅក្រមស៊ើបសួរ និងថា ការឃុំខ្លួនបណ្តោះអាសន្ននេះនឹងបន្តរហូតដល់ពេលតុលាការចាត់ការតាមនីតិវិធី។
វីអូអេមិនទាន់ទទួលបានការបកស្រាយរបស់តុលាការអំពីសកម្មភាពលោក ហៃ វណ្ណនិត ដែលនាំឱ្យមានការចោទប្រកាន់លោកពីបទ«ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»នេះទេ។
ចំណែកលោក ជូង ជូងី មេធាវីការពារក្តីឱ្យលោក ហៃ វណ្ណនិត ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍ថា តាមការពិនិត្យមើលរបស់លោកជុំវិញករណីនេះ ទាំងនៅក្នុងការដេញដោលពីសភាស៊ើបសួរនៅសាលាឧទ្ធរណ៍ លោក ហៃ វណ្ណនិត មិនមានជាប់ពាក់ព័ន្ធនឹងអង្គហេតុដែលគេចោទប្រកាន់ឡើយ។ លោកចាត់ទុកថា ការបន្តឃុំខ្លួនលោក ហៃ វណ្ណនិត គឺជារឿងអយុត្តិធម៌ និងថា លោកនឹងបន្តប្តឹងសាទុក្ខទៅតុលាការកំពូល។
លោកថ្លែងថា៖«ខ្ញុំទាមទារឱ្យដោះលែងលោក ហៃ វណ្ណនិត ឱ្យមានសេរីភាពវិញ ដោយហេតុថា គាត់អត់មានពាក់ព័ន្ធទាល់តែសោះជាមួយនឹងអង្គហេតុដែលជាសំអាងដែលសមត្ថកិច្ចចោទប្រកាន់ហ្នឹង។ ប៉ុន្តែសាលាឧទ្ធរណ៍នៅតែរក្សាគាត់នៅក្នុងឃុំដដែល។ អ៊ីចឹងខ្ញុំជាមេធាវីយល់ថា អយុត្តិធម៌ខ្លាំងណាស់ចំពោះគាត់។ ការណ៍ដែលគាត់អត់ដឹងរឿងផង គាត់អត់ពាក់ព័ន្ធផង ត្រូវបានសមត្ថកិច្ចចាប់ដាក់ពន្ធនាគារ។ ខ្ញុំនឹងពិភាក្សាជាមួយកូនក្តីខ្ញុំ ប្រើសិទ្ធិប្តឹងសាទុក្ខទៅតុលាការកំពូលទៀត»។
លោក នី សុខា ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លើកឡើងថា នៅក្នុងប្រទេសប្រជាធិបតេយ្យ ការសម្តែងមតិរបស់ប្រជាពលរដ្ឋ មិនថា ស្រប ឬប្រឆាំងនឹងរដ្ឋាភិបាលទេ នៅតែស្ថិតក្នុងក្របខណ្ឌមួយនៃការបញ្ចេញមតិតែប៉ុណ្ណោះ។
លោកថ្លែងថា៖«បើយើងសង្កេតមើលអំពីករណីទាំងអស់ហ្នឹង វាហាក់បីដូចជាករណីមួយវាគ្រាន់តែជាការប្រើប្រាស់នូវសិទ្ធិសម្តែងមតិតែប៉ុណ្ណឹង ហើយរឿងទីពីរទៀត វាពាក់ព័ន្ធទៅនឹងបញ្ហារបស់បងប្អូនគាត់ដែលនៅស្រុកក្រៅទេ ដែលគេរៀបចំការធ្វើបាតុកម្ម ការធ្វើអីដើម្បីមានការសម្តែងមតិអីនៅខាងក្រៅស្រុក ដែលយើងគិតថា មិនគួរណាមានករណីមកដល់មានការចាប់ខ្លួន ឬចោទប្រកាន់ប្អូនប្រុសគាត់ហ្នឹងទេ»។
លោក ហៃ វណ្ណនិត ជាមន្រ្តីជាន់ខ្ពស់នៃវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងជាអតីតនិស្សិតអាហារូបករណ៍ Fulbright សហរដ្ឋអាមេរិក។ នេះបើតាមលោក ហៃ វណ្ណា ដែលជាបងប្រុសលោក ហៃ វណ្ណនិត។
វីអូអេពុំទាន់អាចសុំការអត្ថាធិប្បាយពីលោក ហៃ វណ្ណា ឡើយ។
ប៉ុន្តែកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ លោក ហៃ វណ្ណា ប្រធានគណៈកម្មាធិការចលនាសង្គ្រោះជាតិនៅប្រទេសជប៉ុន ធ្លាប់បានចេញសេចក្តីជូនដំណឹងពាក់ព័ន្ធនឹងការបាត់ដំណឹងប្អូនប្រុសរបស់លោក គឺលោក ហៃ វណ្ណនិត។ លោកថ្លែងកាលនោះថា ប្អូនប្រុសរបស់លោកបានបាត់ខ្លួន បន្ទាប់ពីចាកចេញពីភ្នំពេញទៅកាន់ប្រទេសថៃតាមច្រកប៉ោយប៉ែត។
លោក ហៃ វណ្ណា ចាត់ទុកការចាប់ខ្លួនប្អូនប្រុសរបស់លោកជាការដាក់សម្ពាធមកលើគ្រួសាររបស់លោក ហើយលោកស្នើឱ្យរដ្ឋាភិបាលដោះលែងប្អូនរបស់ខ្លួនវិញ ដោយឥតលក្ខខណ្ឌ ដោយលោកបញ្ជាក់ថា ប្អូនប្រុសមិនមានជាប់ពាក់ព័ន្ធនឹងសកម្មភាពនយោបាយរបស់លោកឡើយ។
យោងតាមសេចក្តីជូនដំណឹងរបស់លោក ហៃ វណ្ណា គ្រួសាររបស់លោកត្រូវបានគំរាមជាបន្តបន្ទាប់ ហើយក្រុមគ្រួសារក៏សម្រេចចិត្តចាកចេញមកប្រទេសជប៉ុន ដោយទុកតែប្អូនប្រុសពៅ គឺលោក ហៃ វណ្ណនិត៕
វេទិកាបញ្ចេញមតិ