សាលាឧទ្ធរណ៍កម្ពុជាបានលើកលែងការចោទប្រកាន់ លើប្រធានសហជីព៦រូបដែលត្រូវបានតុលាការភ្នំពេញចោទប្រកាន់ពាក់ព័ន្ធនឹងបទប្រព្រឹត្តិអំពើហិង្សា ខណៈពេលដែលសហភាពអឺរ៉ុបដាក់សម្ពាធសេដ្ឋកិច្ចលើកម្ពុជា។
ការសម្រេចរបស់តុលាការនេះកើតមាន ស្របពេលដែលសហភាពអឺរ៉ុបកំពុងដំណើរការនីតិវិធីដែលមានរយៈពេល១៨ខែ ដើម្បីពិនិត្យដកកម្ពុជាជាបណ្តោះអាសន្នចេញពីប្រព័ន្ធឋានៈអនុគ្រោះពន្ធ «អ្វីៗទាំងអស់លើកលែងតែអាវុធ» ឬហៅថា EBA ដោយសារតែការដើរថយក្រោយនៃការគោរពសិទ្ធិមនុស្ស និងអនុវត្តលទ្ធិប្រជាធិបតេយ្យ។
ក្រុមមេដឹកនាំសហជីព៦រូបដែលរួមមាន លោក អាត់ ធន់ លោក ម៉ម ញឹម លោក ប៉ាវ ស៊ីណា លោក ជា មុន្នី អ្នកស្រី យ៉ាង សោភ័ណ្ឌ និងលោក រ៉ុង ឈុន ត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំនិង៦ខែ បន្ទាប់ពីមានការតវ៉ារបស់កម្មករដែលទាមទារដំឡើងប្រាក់ឈ្នួលកាលពីចុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤។
ប្រធានសហជីពទាំងនេះប្រាប់វីអូអេថា ការស្នើពីសហជីពអន្តរជាតិពីអង្គការពលកម្មអន្តរជាតិ (ILO) និងពីសហគមន៍អឺរ៉ុប ជាកត្តាដែលជំរុញឲ្យតុលាការសម្រេចឲ្យពួកគេមានសេរីភាព។
អ្នកស្រី យ៉ាង សោភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជាដែលត្រូវបានតុលាការកាត់ទោសនៅក្នុងករណីនេះនិយាយថា លោកស្រីដឹងអំពីការសម្រេចនេះតាមរយៈសារព័ត៌មាន។
លោកស្រីប្រាប់វីអូអេថា៖
«ខ្ញុំគិតថាវាអាចពាក់ព័ន្ធនឹងរឿងនយោបាយ។ ពាក់ព័ន្ធនឹងរឿងសម្ពាធ EBA អីជាដើម។ ខ្ញុំគិតថាវាពាក់ព័ន្ធអាទាំងអស់ហ្នឹង»។
អ្នកស្រីបន្ថែមថាអ្នកស្រីមិនមានទោសតាំងពីដើមមក ហើយករណីនេះបានធ្វើឲ្យអ្នកស្រីខាតពេលវេលា។
«ហើយការដែលគេចោទប្រកាន់ខ្ញុំកន្លងមកហ្នឹងធ្វើឲ្យខ្ញុំខូចខាតទាំងកេរ្តិ៍ឈ្មោះ និងពេលវេលាសម្រាប់ផ្ទាល់ខ្លួន។ ព្រោះត្រូវតែចំណាយពេលទៅចូលរួម រាល់មួយខែម្តងទៅ ទៅផ្តល់ព័ត៌មានទៅសមត្ថកិច្ច ថាខ្ញុំនៅកន្លែងនៅអីអញ្ចឹងទៅ»។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជាបានប្រាប់វីអូអេថា ទោះបីជាមានការសម្រេចឲ្យរួចពីករណីនេះយ៉ាងណាក៏ដោយលោកថា លោកនៅមានពាក់ព័ន្ធនៅក្នុង «ករណីច្រើនផ្សេងទៀត»។
«ករណីនេះគឺករណីផ្លូវវេងស្រេងទេ ហើយខ្ញុំនៅមានករណីច្រើនផ្សេងទៀត»។
កងទ័ពពិសេសនៃកងពល៩១១ ដែលជាអង្គភាពជំនិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើការបង្ក្រាបយ៉ាងហិង្សាលើក្រុមបាតុករនៅថ្ងៃទី២ ខែមករា ឆ្នាំ ២០១៤ ដោយមានការបាញ់រះពីក្រុមសមត្ថកិច្ចនៅតំបន់សួនឧស្សាហកម្មកាត់ដេរកាណាឌីយ៉ា ក្នុងរាជធានីភ្នំពេញ លើកំណាត់ផ្លូវវេងស្រេងនោះ។
មួយថ្ងៃក្រោយមានមនុស្សបួននាក់បានស្លាប់ និងម្នាក់បាត់ខ្លួន ហើយរបួសជាច្រើននាក់ផ្សេងទៀត នៅក្នុងព្រឹត្តិការណ៍បង្ក្រាបបាតុកម្មនោះ ក្រុមសកម្មជនសិទ្ធិមនុស្ស២៣នាក់ត្រូវបានចាប់ខ្លួនក្នុងព្រឹត្តិការណ៍តវ៉ាលើផ្លូវវេងស្រេង និងនៅត្រង់តំបន់រោងចក្រស្ថិតនៅតាមដងផ្លូវជាតិលេខ៤ មកផ្តន្ទាទោសផងដែរ។
ក្រោយមកពួកគេទាំង២៣នាក់នោះត្រូវបានដោះលែងឲ្យមានសេរីភាពវិញ បន្ទាប់ពីមានការថ្កោលទោសពីសហគមន៍អន្តរជាតិនិងក្រុមអង្គការសិទ្ធិមនុស្សអន្តរជាតិធំៗ និងស្ថាប័នពាក់ព័ន្ធជាច្រើនដែលធ្វើការក្នុងវិស័យការងារ៕