ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ចោទ​តំណាង​សហជីព​ពីរ​នាក់​ពី​បទ​បង្ក​ហិង្សា​​​ក្នុង​ជម្លោះ​ការងារ​ក្នុង​រោងចក្រ​នៅ​ខេត្ត​កណ្តាល


រូបឯកសារ៖ ក្រុម​សហជីព​ និង​សមាគម​ប្រមាណជាង​២០ ក្រុម​ និង​កម្មករ​​រោងចក្រ​កាត់ដេរ​ សំណង់​ ក្រុម​អ្នក​បររ៉ឺម៉​កង់បី​ និង ក្រុម​យុវជន​ជាង ១០០០ នាក់ប្រារព្ធ​​ទិវា​ពលកម្ម​អន្តរជាតិខួប​លើក​ទី​១៣១​ នៅ​រាជ​ធានី​ភ្នំពេញ ថ្ងៃទី០១ ខែ​ឧសភា ឆ្នាំ២០១៧​។ (ខាន់ សុគុំមនោ​/ VOA)
រូបឯកសារ៖ ក្រុម​សហជីព​ និង​សមាគម​ប្រមាណជាង​២០ ក្រុម​ និង​កម្មករ​​រោងចក្រ​កាត់ដេរ​ សំណង់​ ក្រុម​អ្នក​បររ៉ឺម៉​កង់បី​ និង ក្រុម​យុវជន​ជាង ១០០០ នាក់ប្រារព្ធ​​ទិវា​ពលកម្ម​អន្តរជាតិខួប​លើក​ទី​១៣១​ នៅ​រាជ​ធានី​ភ្នំពេញ ថ្ងៃទី០១ ខែ​ឧសភា ឆ្នាំ២០១៧​។ (ខាន់ សុគុំមនោ​/ VOA)

អ្នក​ការពារ​សិទ្ធិ​កម្មករ​ពីរ​នាក់​កំពុង​ជាប់​ឃុំ​ជា​បណ្តោះអាសន្ន​​ ក្រោយ​ពី​សមាជិក​សហជីព​ចំនួន​ពីរ​បាន​ផ្ទុះ​ជម្លោះ​នៅ​ក្នុង​រោង​ចក្រ​មួយ​​​ក្នុង​ស្រុក​អង្គ​ស្នួល​ខេត្ត​កណ្តាល។ ​ប្រធាន​សហជីព​ដែល​មាន​ជម្លោះ​ចោទ​គ្នា​ទៅវិញ​ទៅ​មក​​ទាក់​ទង​ទៅ​នឹង​ការ​បង្កហេតុ។​

លោក ​ជួប ចាន់ធី​ អាយុ៣០ឆ្នាំ​ និង​លោក ​ផុន សុខាអាយុ៣៤​ឆ្នាំ​ ​តំណាង​សហជីព​ពីរ​រូប​របស់​សម្ព័ន្ធ​សហជីព​ប្រជា​ធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជាហៅ​កាត់​ថា​ C.CAWDU​ ត្រូវ​សាលាដំបូង​ខេត្ត​កណ្តាល​សម្រេច​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ក្រោម​បទ​ចោទ​ប្រកាន់​ថា​ បាន​បង្ក​ហិង្សា​ដោយ​ចេតនាទៅ​លើ​សមាជិក​សហជីព​មួយ​ក្រុម​ទៀត។​

កាល​ពី​ថ្ងៃ​ទី​៧​ខែ​ឧសភា​ សមាជិកសហជីព​ C.CAWDU​ ទាំង​ពីរ​នាក់​មាន​ជម្លោះ​ជាមួយ​សមាជិក​សហជីព​មួយ​ផ្សេង​ទៀត​ឈ្មោះ​សហជីព​ស្មារតី​កម្មករ​ខ្មែរ​ ​ក្នុង​រោង​ចក្រ​ Quint Major Industrial Co., Ltd.​(QMI)​ស្ថិត​ក្នុង​ស្រុក​អង្គ​ស្នួល​ខេត្ត​កណ្តាល។​ ជម្លោះ​បាន​ផ្ទុះ​ឡើងនៅ​រោងចក្រ នៅ​ពេល​កម្មករ​បាន​មក​ពឹងពាក់​សហជីព​ C.CAWDU ឲ្យ​រក​ដំណោះ​ស្រាយ​រឿង​ការ​ប្រើប្រាស់​កិច្ច​សន្យា​ខ្លីៗ​នៅ​ក្នុង​រោងចក្រ។ ​ក្នុង​ពេល​នោះ​ ​សមាជិក​សហជីព​ស្មារតី​កម្មករ​ខ្មែរ​ដែល​ស្ថិត​នៅ​ក្នុង​រោង​ចក្រ​នោះ​ដែរ​បាន​មក​រំខាន។​ ការ​រំខាន​ដែល​ធ្វើ​ឲ្យ​ភាគី​ទាំង​សង​ខាង​ផ្ទុះ​កំហឹង​ដាក់​គ្នា​និង​បាន​វាយ​តប់​គ្នា ​និង​បង្ក​ឲ្យភាគី​ទាំង​សង​ខាង​រង​របួស​បន្តិច​បន្តួច។​ នេះ​បើ​តាម​លោក​ អាត់ ធន់​ ប្រធាន​សហជីព​ C.CAWDU។​

យោង​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​សម្ព័ន្ធ​សហជីព​ប្រជា​ធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​ (C.CAWDU)​ កម្មករ​ដែល​ជា​តំណាង​សហជីពនេះ​ចំនួន​បួន​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ ​ក្រោយ​ពី​ជម្លោះ។​ ក្នុង​នោះពីរ​នាក់​ជា​ដំណាង​សហជីព​ C.CAWDU​ និង​ពីរនាក់​ទៀតជា​តំណាង​សហជីព​ស្មារតី​កម្មករ។​ ​ ប៉ុន្តែ​ក្រោយ​មក​ ​សមាជិក​សហជីព​ស្មារតី​កម្មករ​ត្រូវ​បាន​ដោះ​លែង។​ ហើយ​តំណាង​សហជីព​ C.CAWDU ​ចំនួន​ពីរ​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​តុលាការដើម្បី​ចោទ​ប្រកាន់​និង​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន។​

សេចក្តី​ថ្លែង​ការណ៍​ដដែល​សង្កត់​ធ្ងន់​ថា​«ករណី​នេះ​ ជន​បង្ក​បែរ​ជា​ត្រូវ​ដោះ​លែង​ ហើយ​តំណាង​សហជីព ​C.CAWDU​ ដែល​ជា​ជន​រងគ្រោះត្រូវ​បាន​ជាប់​ឃុំ​ទៅ​វិញ»។​

សហជីព ​C.CAWDU ​បានស្នើ​ឲ្យ​កងរាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស«ពិនិត្យ​មើល​កងរាជ​អាវុធ​ហត្ថ​ស្រុក​អង្គស្នួល​ ដែល​ចាត់​ការ​រឿង​នេះ​ផ្ទាល់​ និង​តុលាការ​ត្រូវ​អង្កេត​រឿង​នេះ​ឲ្យ​បាន​ច្បាស់​លាស់ដើម្បី​រក​យុត្តិធម៌​ជូន​ជន​រងគ្រោះ​ ដោយ​ដោះ​លែង​តំណាង​សហជីព​ C.CAWDU ​ពីរ​រូប​ឲ្យ​មាន​សេរីភាព​ឡើង​វិញ​ដោយ​គ្មាន​លក្ខខណ្ឌ»។​

លោក​ អាត់ ធន់ ​ប្រធាន​សហជីព​ C.CAWDU ​រំឭក​ថា​ ​តំណាង​សហជីព​របស់​លោក​មិន​គួរ​ត្រូវ​ឃុំ​ខ្លួន​រហូត​ពេល​នេះ​នោះ​ឡើយ។​

«រឿង​ហ្នឹង​ ​វាគួរ​តែ​ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ភ្លាមៗ​នោះ ដោយសារ​តែ​ការ​បង្ក​របួស​ស្នាមហ្នឹង​វា​មិន​មែន​ជា​ការ​ចាប់​ផ្តើម​ពីខាង​ពួក​យើង​ទេ»។​

លោក ​មុំ សៀក​ ប្រធាន​សហជីព​ស្មារតី​កម្មករ​ខ្មែរ​ ឬ​ Khmer Union Federation of Workers Spirit ​ហៅ​កាត់​ថា​ ​KUFWS ថ្លែង​ថា ​លោក​មិន​បាន​ដឹង​អំពី​ទំនាស់​រវាង​សមាជិក​សហជីព​លោក​ និង​តំណាង​សហជីព ​C.CAWDU ​នោះ​ទេ ​តែ​លោក​ថា​ ច្បាប់​នឹង​ធ្វើ​សេចក្តី​សម្រេច​ថា​ ភាគី​ណា​ត្រូវ​ឬ​ខុស​ក្នុង​ទំនាស់​នោះ។​

«ខាង​ C.CAWDU ​គាត់​ទម្លាក់​កំហុស​ អា​ហ្នឹង​ជា​រឿង​សិទ្ធិ​សេរីភាព​របស់​គាត់។ ​គាត់​ថា​ ​ម៉េច​ ជា​រឿង​របស់​គាត់។ ​ក៏​ប៉ុន្តែ​អ្វី​ទាំង​អស់​យើង​សំអាង​ទៅលើ​ផ្លូវ​ច្បាប់​ យល់​ទេ?​ អ៊ីចឹង​ ហើយ​នឹង​ភ័ស្តុតាង​បទ​ល្មើស​ជាក់​ស្តែង អ៊ីចឹង​ទៅ​ណា៎។ ​អាហ្នឹង​សមត្ថកិច្ច​គេ​ធ្វើការ​តាម​ហ្នឹង​ដូច​គ្នា»។​

លោក ​មុំ​ សៀក ដែល​ជា​ទីប្រឹក្សា​របស់​លោក​ ស ខេង​ រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​ផង​នោះ​ បាន​លើក​ឡើង​ទៀត​ថា​ មាន​ភ័ស្តុតាង​ជា​ឃ្លីប​វីដេអូ​ ដែល​បាន​បង្ហាញ​ថា​ ខាង​ភាគី​ C-CAWDU ​ជា​អ្នក​ផ្តើម​ទំនាស់។​

វីអូអេ​បាន​ព្យាយាម​ទាក់​ទង​លោក​ អេង ហ៊ី​ អ្នក​នាំពាក្យ​កងរាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស ​និង​តំណាង​ក្រុម​ហ៊ុន​ QMI ​ដើម្បី​សូម​ការ​បក​ស្រាយ​ តែ​មិន​អាច​ទាក់​ទង​បាន​ទេនៅ​ថ្ងៃ​នេះ។​

ក្នុង​ពេល​នេះ​ ​លោក ​ជួប ចាន់ធី​ និង​លោក ​ផុន​ សុខា​ ​តំណាង​សហជីព​ C-CAWDU ​ដែល​កំពុង​ជាប់​ឃុំ​ឃាំង​ បាន​ដាក់​បណ្តឹង​ប្រឆាំង​នឹងតំណាង​សហជីព​ស្មារតី​កម្មករ​ខ្មែរ​ចំនួន​បី​នាក់​វិញ​ដោយ​ចោទ​ប្រកាន់​ពួក​គេ​ថា​ ​បាន​បង្ក​ហឹង្សា​ដោយ​ចេតនា។ ​តំណាង​សហជីព​ស្មារតី​កម្មករ​ខ្មែរ​ទាំង​បី​ រួម​មានលោក​ ឆែម នាង​ លោក ​មុំ សួគា និង​លោក ​ភឿន សុភា។​

មេធាវី​របស់​សហជីព​ C-CAWDU ​លោក​ ជឹម ឃៀង ​មិន​អាច​ទាក់​ទង​បាន​ទេ​នៅថ្ងៃ​នេះ​ដោយ​សារ​ទូរស័ព្ទ​របស់​លោក​រោទិ៍​ដោយ​គ្មាន​អ្នក​ទទួល៕

XS
SM
MD
LG