អ្នកស្រី Cecilia Malmstrom រដ្ឋមន្ត្រីពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប បានផ្តល់ការពន្យល់បន្ថែមកាលពីពេលថ្មីៗនេះថា ការសម្រេចចាប់ផ្តើមដំណើរការដែលអាចឈានដល់ការព្យួរកម្ពុជាពីប្រព័ន្ធឋាៈអនុគ្រោះពន្ធ «រាល់មុខទំនិញលើកលែងតែសព្វាវុធ» ឬ Everything But Arms (EBA) នោះ គឺត្រូវបានជំរុញដោយការរំលោភជាប្រព័ន្ធយ៉ាងធ្ងន់ធ្ងរទៅលើគោលការណ៍នានា ដែលត្រូវបានកំហិតឲ្យធ្វើទៅតាមកតិកាសញ្ញាសិទ្ធិមនុស្ស និងសិទ្ធិការងារជាច្រើន។ នេះបើយោងតាមលិខិតរបស់អ្នកស្រី Malmstrom ដែល VOA បានទទួលនៅថ្ងៃព្រហស្បតិ៍។
ការពន្យល់របស់អ្នកស្រី Malmstrom នេះ ជាផ្នែកមួយនៃការផ្តល់ចម្លើយទៅនឹងសំណួរបីសំខាន់ៗរបស់សភាសហភាពអឺរ៉ុប ដែលបានចោទសួរគណៈកម្មការអឺរ៉ុប អំពីមូលហេតុនៃការផ្តើមដំណើរការដកហូតកម្ពុជាចេញពីប្រព័ន្ធឋានៈអនុគ្រោះពន្ធនេះ។
សភារបស់សហភាពអឺរ៉ុបបានផ្តល់សេចក្តីអធិប្បាយថា គណៈកម្មការអឺរ៉ុបមិនទាន់អាចបញ្ជាក់ឲ្យបាននូវដំណោះស្រាយ ដែលមានលក្ខណៈយុត្តិធម៌ និងត្រឹមត្រូវសម្រាប់អ្នកប៉ះពាល់ទាំងឡាយ ក្រោយការចេញសេចក្តីសម្រេច ដែលបើកផ្លូវឲ្យចាប់ផ្តើមដំណើរការដកកម្ពុជាចេញពីប្រព័ន្ធឋានៈអនុគ្រោះពន្ធ EBAនេះបណ្តោះអាសន្ននោះ។
ជាការឆ្លើយតបទៅនឹងការចោទសួររបស់សភាសហភាពអឺរ៉ុប អ្នកស្រី Malmstrom ក្នុងនាមឲ្យគណៈកម្មការអឺរ៉ុបបានផ្តល់ការពន្យល់ថា៖
«ការសម្រេចចាប់ផ្តើមដំណើរការដកនេះ ផ្អែកទៅលើហេតុផលដែលមានគ្រប់គ្រាន់នៃការរំលោភជាប្រព័ន្ធ និងយ៉ាងធ្ងន់ធ្ងរទៅលើគោលការណ៍ទាំងឡាយដែលត្រូវបានកំណត់ក្នុងកតិកាសញ្ញាសិទ្ធិមនុស្ស និងសិទ្ធិការងារជាច្រើន។ ការរំលោភបំពានទាំងនេះសំដៅដល់៖ ការរឹតត្បិតធ្ងន់ធ្ងរលើសិទ្ធិនយោបាយ សកម្មភាពដែលមានលក្ខណៈរឹតត្បិតទៅលើសង្គមស៊ីវិល និងសហជីព ហើយនិងការផ្តល់ដីសម្បទានសេដ្ឋកិច្ច (ELCs) ជាពិសេសនោះគឺការផលិតស្ករស»។
អ្នកស្រី Cecilia Malmstrom រដ្ឋមន្ត្រីពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប បានអធិប្បាយទៀតថា ជម្លោះដីធ្លីដែលផ្តើមចេញយ៉ាងជាក់លាក់ពីដីសម្បទានសេដ្ឋកិច្ចសម្រាប់ដាំអំពៅបន្តជាបញ្ហាធ្ងន់ធ្ងរមួយ នៅក្នុងប្រទេសកម្ពុជា។ រដ្ឋាភិបាលកម្ពុជាបានចាត់វិធានការដោះស្រាយប្រកបដោយភាពវិជ្ជមានខ្លះៗ។ ក៏ប៉ុន្តែមានការជឿនលឿនតិចតូចណាស់ ក្នុងការផ្តល់ដំណោះស្រាយដល់ទំនាស់ដីធ្លីទាំងអស់នោះ។
អ្នកស្រី Malmstrom បានផ្តល់សេចក្តីពន្យល់យ៉ាងដូច្នេះ ដោយយោងទៅលើរបាយការណ៍ប្រចាំឆ្នាំចេញផ្សាយកាលពីខែ សីហា ឆ្នាំ ២០១៨ ដោយអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ដែលបានកត់សម្គាល់ឃើញថា យន្តការដោះស្រាយទំនាស់បានបន្ត ដោយគ្មានតម្លាភាព និងគ្មានការចូលរួម ហើយដោយហេតុនោះ ក្នុងករណីជាច្រើន សិទ្ធិមនុស្ស និងសិទ្ធិខាងច្បាប់ជាមូលដ្ឋានមិនត្រូវបានគេអើពើនោះឡើយ។
របាយការណ៍របស់អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ដែលបានដាក់ជូនមហាសន្និបាតរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០១៨ បានបង្ហាញចំណុចសំខាន់ៗនៃសេចក្តីត្រូវការគោលនយោបាយដោះស្រាយការតាំងលំនៅថ្មី ដែលមានលក្ខណៈប្រទាក់ក្រឡាគ្នា នៅក្នុងប្រទេសកម្ពុជា ក្នុងនោះមានវិធានការធានាការផ្តល់ជូនសំណងសម្រាប់ការដកហូតដីធ្លី និងការគិតគូរទៅដល់សេចក្តីត្រូវការនៃដំណើរពិគ្រោះយោបល់ជាសាធារណៈជាមួយសហគមន៍ និងតំណាងរបស់ពួកគេ ក៏ដូចជាអង្គការសង្គមស៊ីវិល។
របាយការណ៍របស់អ្នកស្រី ស្មីត បានពណ៌នាដល់ជម្លោះជាច្រើន ដែលមិនទាន់ដោះស្រាយរួចរាល់ និងមានការជាប់ពាក់ព័ន្ធនឹងការដាំអំពៅក្នុងខេត្តជាច្រើន រួមមានខេត្តកំពង់ស្ពឺ ព្រះវិហារ កោះកុង និងឧត្តរមានជ័យ។ របាយការណ៍ក៏បានលើកឡើងពីហេតុការណ៍ ដែលក្រុមសមាជិកនៃកងកម្លាំងប្រដាប់អាវុធបានបើកការបាញ់ប្រហារលើអ្នកតវ៉ា និងបំផ្លាញរបស់ប្រើប្រាស់ផ្ទាល់ខ្លួន ក៏ដូចជាទីជម្រកជាច្រើនក្នុងស្រុកស្នួល ខេត្តក្រចេះ កាលពីថ្ងៃទី ៨ ខែមីនាឆ្នាំ ២០១៨។
VOA ព្យាយាមសុំការអធិប្បាយពីលោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាតែទូរស័ព្ទរបស់លោករោទិ៍គ្មានអ្នកទទួល។
ការផ្តល់សេចក្តីពន្យល់របស់អ្នកស្រី Malmstrom អំពីមូលហេតុដែលជំរុញឲ្យគណៈកម្មការអឺរ៉ុបផ្តើមដំណើរការដកកម្ពុជាចេញពីប្រព័ន្ធឋានៈអនុគ្រោះ EBA នេះកើតមានឡើង បន្ទាប់ពីប្រតិភូរបស់សហភាពអឺរ៉ុបដឹកនាំដោយអ្នកស្រី Paola Pampaloni នាយិកាគ្រប់គ្រងទទួលបន្ទុកកិច្ចការអាស៊ី និងប៉ាស៊ីហ្វិកនៃអគ្គនាយកដ្ឋានកិច្ចការបរទេសរបស់គណៈកម្មការអឺរ៉ុប បានមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ក្រោមក្របខ័ណ្ឌនៃកម្មវិធី EBA កាលពីសបា្តហ៍មុន។
អ្នកស្រី Paola Pampaloni និងក្រុមប្រតិភូបានពិភាក្សាក្រោមក្របខណ្ឌ EBA នេះជាមួយក្រុមរដ្ឋមន្ត្រីសំខាន់ៗមួយចំនួនរបស់កម្ពុជា រួមមានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីក្រសួងការបរទេស។
ក្រោយការបញ្ចាប់ទស្សនកិច្ចរបស់ប្រតិភូនេះ សហភាពអឺរ៉ុបបានឲ្យដឹងពីក្ដីសង្ឃឹមរបស់ខ្លួនថា នឹងឃើញការវិវត្តជាក់លាក់ និងប្រកបដោយចីរភាពនូវរាល់ក្ដីកង្វល់ទាំងអស់ដែលមាននៅក្រោមក្របខណ្ឌនៃកម្មវិធី EBA។
VOA ព្យាយាមសុំការអធិប្បាយពីក្រុមមន្ត្រីកម្ពុជា ដែលស្និទ្ធនឹងបញ្ហា EBA ដើម្បីឆ្លើយតបនឹងការចង់បានរបស់ភាគីសហគមន៍អឺរ៉ុបទាក់ទិនការស្តារឡើងវិញនៃការគោរសិទ្ធិមនុស្ស តែមិនទាន់អាចទាក់ទងបាននៅឡើយនៅក្នុងសប្តាហ៍នេះ។
ទោះយ៉ាងណាក្តី មេដឹកនាំកម្ពុជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងក្នុងពេលមានវត្តមានប្រតិភូសហភាពអឺរ៉ុបនៅក្នុងប្រទេសកម្ពុជា កាលពីសប្ដាហ៍មុនថា កម្ពុជាមិនស្លាប់នោះទេ បើអត់ EBA ហើយកម្ពុជាក៏មិនអាចក្លាយជាប្រទេសអ្នកមាននោះដែរ បើកម្ពុជានៅបន្តបាន EBA នោះ។
ការអធិប្បាយរបស់លោក ហ៊ុន សែន ផ្ទុយពីជំហររបស់លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ដែលបានប្រាប់អ្នកស្រី Paola Pampaloni ថា កម្ពុជាសោកស្តាយចំពោះសេចក្តីសម្រេចរបស់គណៈកម្មការអឺរ៉ុប ក្នុងការបើកដំណើរការនីតិវិធីជាផ្លូវការសម្រាប់ការព្យួរជាបណ្តោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា។ លោកថា សេចក្តីសម្រេចនោះមិនបានឆ្លើយតបទៅនឹងកិច្ចខិតខំប្រឹងប្រែងជាក់ស្តែង និងវឌ្ឍនភាពសំខាន់ៗជាច្រើន ដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបានឡើយ។
លោក ប្រាក់ សុខុន អះអាងថា EBA មានសារៈសំខាន់ចំពោះសេដ្ឋកិច្ចកម្ពុជា ជាពិសេសបានជួយលើកកម្ពស់ជីវភាពរបស់កម្មកររោងចក្រជាង ៦សែន នាក់ និងអ្នកអាស្រ័យពឹងពាក់លើពួកគេប្រមាណពីរលាននាក់ទៀត៕