រដ្ឋាភិបាលនានានៅទូទាំងពិភពលោក កំពុងតាមដានដោយអន្ទះអន្ទែងមើលការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកនៅថ្ងៃអង្គារនេះ ដែលជាការប្រកួតប្រជែងដ៏ជូរចត់រវាងលោកប្រធានាធិបតី Donald Trump ខាងគណបក្សសាធារណរដ្ឋ និងលោក Joe Biden បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ។
តើបេក្ខជនណាដែលនឹងក្លាយជាអ្នកឈ្នះ និងជាអ្នកចាញ់សម្រាប់អន្តរជាតិនៅក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកនៅថ្ងៃអង្គារនេះ?
«រយៈពេល ៤ ឆ្នាំចុងក្រោយនេះ បានបង្ហាញថា ជម្រើសដែលសហរដ្ឋអាមេរិកបានធ្វើជះផលខ្ពស់កម្រិតណាសម្រាប់នយោបាយអន្តរជាតិ»។ នេះបើតាមការបញ្ជាក់របស់អង្គការ Chatham House ដែលជាអង្គការស្រាវជ្រាវគោលនយោបាយការបរទេសនាំមុខមួយរបស់ចក្រភពអង់គ្លេស។
ក្រុមអ្នកជំនាញផ្នែកប្រទេសរុស្ស៊ីបាននិយាយថា ពួកគេរំពឹងថា នឹងមានភាពប្រសើរឡើងតិចតួចក្នុងទំនាក់ទំនងរវាងរដ្ឋាភិបាលក្រុងមូស្គូនិងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន មិនថាបេក្ខជនណាឈ្នះការបោះឆ្នោតនោះទេ។
ចំណែកឯមន្ត្រីនៅតាមបណ្ដាប្រទេសនៅទ្វីបអឺរ៉ុបខាងលិចវិញ បានលើកឡើងថា ពួកគេរំពឹងថា ទំនាក់ទំនងរបស់ពួកគេនិងសហរដ្ឋអាមេរិក នឹងមានភាពរលូនជាងមុនជាមួយលោក Biden ជាងជាមួយលោក Trump៕