ក្រុមអ្នកលួចព័ត៌មានវិទ្យាបានវាយប្រហារលើវិបសាយមួយចំនួនរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ា កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីប្រឆាំងរដ្ឋប្រហារ ស្របពេលដែលរដ្ឋាភិបាលយោធាបានបន្តប្រឹងប្រែងរារាំងការប្រឆាំងទូទាំងប្រទេស ដោយបិទអ៊ីនធឺណិតនិងដាក់ពង្រាយកងទ័ព។
ការវាយប្រហារតាមអ៊ីនធឺណិតនេះបានកើតឡើងមួយថ្ងៃក្រោយមក បន្ទាប់ពីមនុស្សរាប់ម៉ឺននាក់បានប្រមូលផ្ដុំគ្នានៅទូទាំងប្រទេសមីយ៉ាន់ម៉ា ដើម្បីតវ៉ាប្រឆាំងនឹងក្រុមឧត្តមសេនីយ៍ដែលបានផ្តួលរំលំរដ្ឋាភិបាលស៊ីវិលរបស់អ្នកស្រី Aung San Suu Kyi កាលពីដើមខែនេះ។
ក្រុមមួយដែលមានឈ្មោះថា «ក្រុមអ្នកលួចព័ត៌មានវិទ្យាមីយ៉ាន់ម៉ា» បានបង្អាក់វិបសាយមួយចំនួនដូចជាវិបសាយធនាគារកណ្តាល វិបសាយឃោសនារបស់យោធាមីយ៉ាន់ម៉ា វិបសាយស្ថានីយទូរទស្សន៍ MRTV ដែលគ្រប់គ្រងដោយរដ្ឋ វិបសាយអាជ្ញាធរកំពង់ផែ និងវិបសាយទីភ្នាក់ងារម្ហូបអាហារនិងឱសថជាដើម។
ក្រុមនេះបានបញ្ជាក់នៅលើទំព័រ Facebook របស់ខ្លួនថា៖ «យើងកំពុងប្រយុទ្ធដើម្បីយុត្តិធម៌នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ វាដូចជាការធ្វើបាតុកម្មទ្រង់ទ្រាយធំរបស់ប្រជាពលរដ្ឋនៅពីមុខវិបសាយរបស់រដ្ឋាភិបាលដូច្នេះដែរ»។
កាសែត New Light of Myanmar ដែលមានន័យថា ពន្លឺថ្មីរបស់មីយ៉ាន់ម៉ា ក៏បានបញ្ជាក់ផងដែរថា វិបសាយយោធា «កំពុងរងការវាយប្រហារ» ដោយវិបសាយនេះមានដំណើរការយឺតយ៉ាវ កាលពីថ្ងៃពុធ។ លោក Matt Warren អ្នកជំនាញផ្នែកសុវត្ថិភាពអ៊ីនធឺណិតមកពីសាកលវិទ្យាល័យ RMIT របស់ប្រទេសអូស្រ្តាលី បាននិយាយថា ការវាយប្រហារនេះទំនងជាមានគោលបំណងជំរុញចលនាសាធារណៈ។
អង្គការ NetBlocks ដែលឃ្លាំមើលការដាច់អ៊ីនធឺណិតនៅជុំវិញពិភពលោក បានឲ្យដឹងថា សេវាអ៊ីនធឺណិតនៅមីយ៉ាន់ម៉ាត្រូវបានបង្អាក់ធ្ងន់ធ្ងរនៅយប់ទីបួននៅម៉ោងប្រមាណ ១ ព្រឹក កាលពីថ្ងៃព្រហស្បតិ៍។
អង្គការនេះថា សេវាអ៊ីនធឺណិតបានធ្លាក់ចុះដល់ត្រឹម ២១% នៃកម្រិតធម្មតា ហើយត្រូវបានស្តារឡើងវិញ ៨ ម៉ោងក្រោយមក មុនពេលម៉ោងធ្វើការថ្ងៃបន្ទាប់ចាប់ផ្តើម៕