ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​សកម្មជន​មីយ៉ាន់ម៉ា​ប្ដេជ្ញា​តតាំង​នឹង​រដ្ឋប្រហារ​យោធា


ព្រះសង្ឃ​យាង​ដង្ហែក្បួន​ដើម្បី​តវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា​​ក្នុង​ទីក្រុង​រ៉ង់ហ្គូន ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១។
ព្រះសង្ឃ​យាង​ដង្ហែក្បួន​ដើម្បី​តវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា​​ក្នុង​ទីក្រុង​រ៉ង់ហ្គូន ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១។

ស្រប​ពេល​ដែល​ប្រទេស​មីយ៉ាន់ម៉ា​ស្ថិត​ក្នុង​ភាព​ស្រឡាំងកាំង​នៅ​ក្រោយ​រដ្ឋប្រហារ​យោធា​កាលពី​ដើម​ខែ​កុម្ភៈ មេដឹកនាំ​សកម្មជន​ម្នាក់​បាន​ប្ដេជ្ញា​ធ្វើ​ឲ្យ​ប្រាកដ​ថា អនាគត​របស់​ប្រទេស​ជាតិ​របស់​លោក​នឹង​ស្ថិត​ក្នុង​ដៃ​របស់​ប្រជាពលរដ្ឋ។

លោក Maung Saungkha គឺជា​សកម្មជន​ជើង​ចាស់​និង​ជា​កវី​ម្នាក់ ដែល​ល្បី​ឈ្មោះ​នៅ​ទូទាំង​ប្រទេស​មីយ៉ាន់ម៉ា។ បុរស​វ័យ ២៨ ឆ្នាំ​រូប​នេះ គឺជា​ស្ថាបនិក​មួយ​រូប​នៃ​អង្គការ Athan ដែល​ជា​ក្រុម​សកម្មជន​មួយ​ក្រុម ដែល​តស៊ូ​មតិ​ដើម្បី​លើក​កម្ពស់​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ។ ពាក្យ​ថា Athan មាន​ន័យ​ថា «សំឡេង» នៅ​ក្នុង​ភាសា​ភូមា។

ប៉ុន្តែ​អង្គការ​សិទ្ធិ​មនុស្ស​មួយ​នេះ​ប្រហែលជា​មិន​ល្បី​ឈ្មោះ​ដូច​សព្វថ្ងៃ​នេះ​ទេ ប្រសិនបើ​សកម្មជន​រូប​នេះ​មិន​មាន​បញ្ហា​ជាមួយ​នឹង​ច្បាប់​កាលពី​ពេល​មុន។

កាលពី​ឆ្នាំ ២០១៦ លោក Saungkha បាន​ជាប់​ឃុំឃាំង​ក្នុង​ពន្ធនាគារ​ក្រោម​បទ​ចោទ​ប្រកាន់​បរិហាកេរ្តិ៍ បន្ទាប់ពី​លោក​បាន​តែង​កំណាព្យ​មួយ ដែល​នៅ​ក្នុង​នោះ​មាន​ឃ្លា​មួយ​ដែល​និយាយ​អំពី​សាក់​រូប​លោក​អតីត​ប្រធានាធិបតី Thein Sein នៅ​លើ​ប្រដាប់​ភេទ។ លោក​បាន​ជាប់​ពន្ធនាគារ ៦ ខែ។

ប៉ុន្តែ ពេលវេលា​នៃ​ការ​ជាប់​ពន្ធនាគារ​របស់​លោក​បាន​បំផុស​គំនិត​លោក​ឲ្យ​សហ​បង្កើត​អង្គការ Athan នៅ​ឆ្នាំ ២០១៨។ នា​ពេល​បច្ចុប្បន្ន​នេះ នៅ​ចំ​ពេល​ដែល​ប្រទេស​មីយ៉ាន់ម៉ា​កំពុង​ឆ្លងកាត់​វិបត្តិ​នយោបាយ លោក Saungkha និង​ក្រុម​របស់​លោក​បាន​ដឹកនាំ​ការ​តវ៉ា​ដើម្បី​ឲ្យ​ប្រទេស​វិល​ទៅ​រក​លទ្ធិ​ប្រជាធិបតេយ្យ​វិញ។

ក្រុម​របស់​លោក​បាន​ពណ៌នា​ខ្លួន​ឯង​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​ថា​ជា «ប្រភព​ដ៏​ទុក​ចិត្ត​សម្រាប់​ព័ត៌មាន​ទាន់​ហេតុការណ៍​អំពី​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា»។

រូបឯកសារ៖ នេះ​គឺ​ជា​រូបថត​របស់​លោក Maung Saungkha ដែល​ត្រូវ​បាន​ថត​ក្នុង​ទីក្រុង​រ៉ង់ហ្គូន ​កាល​ពី​ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧។
រូបឯកសារ៖ នេះ​គឺ​ជា​រូបថត​របស់​លោក Maung Saungkha ដែល​ត្រូវ​បាន​ថត​ក្នុង​ទីក្រុង​រ៉ង់ហ្គូន ​កាល​ពី​ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧។

លោក Saungkha បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ប្រទេស​តាម​រយៈ​កិច្ច​សម្ភាសន៍​ជា​វីដេអូ​មួយ ដែល​បង្ហោះ​នៅ​លើ​គណនី​បណ្ដាញ​សង្គម​តាម​អ៊ីនធឺណិត​របស់​លោក​ថា៖ «យើង​ត្រូវតែ​បង្អាក់​ក្បាល​ម៉ាស៊ីន​ចាត់​តាំង​របស់​រដ្ឋាភិបាល​យោធា។ នៅ​ពេល​ដែល​ក្បាល​ម៉ាស៊ីន​ចាត់តាំង​របស់​ពួកគេ​បែកបាក់ អំណាច​របស់​ប្រជាពលរដ្ឋ​នឹង​ត្រូវ​ប្រគល់​ជូន​យើង​វិញ។ នេះ​គឺ​ជា​ការ​ផ្ដោត​ជា​ចម្បង​របស់​យើង»។

លោក Saungkha ចង់​ឲ្យ​ប្រទេស​មីយ៉ាន់ម៉ា​លុបចោល​រដ្ឋធម្មនុញ្ញ​ឆ្នាំ ២០០៨។ រដ្ឋធម្មនុញ្ញ​នេះ​អនុញ្ញាត​ឲ្យ​យោធា​អាច​កាន់កាប់​អាសនៈ ២៥% នៃ​រដ្ឋសភា​បាន។

លោក​បាន​បន្ថែម​ថា៖ «យើង​ចាំបាច់​ត្រូវ​សម្រេច​គោលដៅ​ចម្បង​ឲ្យ​បាន ដែល​នោះ​គឺ​ការ​លុបចោល​ទាំង​ស្រុង​នូវ​រដ្ឋធម្មនុញ្ញ​ឆ្នាំ ២០០៨។ នេះ​គឺជា​សារ​របស់​ខ្ញុំ​ទៅ​កាន់​សាធារណជន»។

ប្រទេស​មីយ៉ាន់ម៉ា ដែល​គេ​ស្គាល់​ថា​ជា​ប្រទេស​ភូមា​ផងដែរ​នោះ ត្រូវ​បាន​ដឹកនាំ​ដោយ​យោធា​ចាប់ពី​ឆ្នាំ ១៩៦២ ដល់​ឆ្នាំ ២០១១។ នៅ​ឆ្នាំ ២០១១ ការ​ធ្វើ​កំណែ​ទម្រង់​ប្រជាធិបតេយ្យ​ដែល​ដឹកនាំ​ដោយ​អ្នកស្រី Aung San Suu Kyi បាន​បញ្ចប់​ការ​ដឹកនាំ​បែប​យោធា​នេះ។

នៅ​ឆ្នាំ ២០១៥ គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ (NLD) របស់​អ្នកស្រី Suu Kyi បាន​ឈ្នះ​ការ​បោះឆ្នោត​បែប​ប្រជាធិបតេយ្យ​បើក​ចំហ​ជា​លើក​ដំបូង​បង្អស់​របស់​ប្រទេស​មីយ៉ាន់ម៉ា។

នៅ​ក្នុង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​កាលពី​ខែ​វិច្ចិកា ឆ្នាំ ២០២០ គណបក្ស​សាមគ្គីភាព​និង​អភិវឌ្ឍន៍​សហភាព (USDP) ដែលជា​គណបក្ស​ប្រឆាំង​ដែល​គាំទ្រ​ដោយ​យោធា បាន​ចាញ់​ការ​បោះឆ្នោត ដោយ​គណបក្ស NLD របស់​អ្នកស្រី Suu Kyi បាន​ឈ្នះ​ភ្លូក​ទឹក​ភ្លូក​ដី។ គណបក្ស​ប្រឆាំង​បាន​អះអាង​ថា ការ​បោះឆ្នោត​មាន​ការ​លួច​បន្លំ។

កាល​ពី​ថ្ងៃ​ទី ១ ខែ​កុម្ភៈ យោធា​បាន​ធ្វើ​រដ្ឋប្រហារ​ដណ្ដើម​អំណាច និង​បាន​ឃុំ​ខ្លួន​អ្នកស្រី Suu Kyi និង​លោក​ប្រធានាធិបតី Win Myint។ យោធា​បាន​ប្រកាស​ដាក់​ប្រទេស​ក្នុង​ស្ថានភាព​អាសន្ន​រយៈពេល​មួយ​ឆ្នាំ ដោយ​មាន​លោក​អគ្គ​មេបញ្ជាការ​យោធា Min Aung Hlaing ជា​អ្នក​គ្រប់គ្រង ហើយ​នឹង​ប្រកាស​នៅ​ពេល​ក្រោយ​អំពី​ការ​រៀបចំ​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ជា​ថ្មី​ដែល​មាន​លក្ខណៈ «សេរី​និង​យុត្តិធម៌»។

ចាប់​តាំង​ពី​ពេល​នោះ​មក ការ​តវ៉ា​ជា​ទូទៅ​បាន​ធ្វើ​ឡើង​នៅ​ទូទាំង​ប្រទេស​មីយ៉ាន់ម៉ា ដោយ​បាតុករ​រាប់​ម៉ឺន​នាក់​បាន​ទាមទារ​ឲ្យ​មាន​ការ​បញ្ចប់​រដ្ឋប្រហារ​នេះ។

បាតុករ​នាំ​គ្នា​ជួបជុំ​គ្នា​នៅ​ផ្លូវ​ប្រសព្វ​មួយ​ដែល​នៅ​ជាប់​វត្តSule ដើម្បី​តវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា ទីក្រុង​រ៉ង់ហ្គូន ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១។
បាតុករ​នាំ​គ្នា​ជួបជុំ​គ្នា​នៅ​ផ្លូវ​ប្រសព្វ​មួយ​ដែល​នៅ​ជាប់​វត្តSule ដើម្បី​តវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា ទីក្រុង​រ៉ង់ហ្គូន ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១។

សម្រាប់​លោក Saungkha ភាព​សកម្ម​និយម​របស់​លោក​ក្នុង​រង្វង់​ព្រំដែន​ដ៏​តឹងតែង​របស់​ប្រទេស​មីយ៉ាន់ម៉ា បាន​ធ្វើ​ឲ្យ​លោក​ត្រូវ​ប្រឈម​មុខ​នឹង​តុលាការ​កាលពី​ពេល​ថ្មីៗ​នេះ។

កាលពី​ឆ្នាំ​មុន លោក​បាន​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ថា​បាន​រៀបចំ​ការ​តវ៉ា​ខុស​ច្បាប់​មួយ ដែល​ទាមទារ​ឲ្យ​មាន​ការ​បញ្ឈប់​ការ​រាំង​ខ្ទប់​សេវា​អ៊ីនធឺណិត​នៅ​ក្នុង​រដ្ឋ Rakhine និង​រដ្ឋ Chin ដែល​ជា​រដ្ឋ​ពីរ​ក្នុង​ចំណោម​រដ្ឋ​ក្រីក្រ​បំផុត​នានា​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

លោក Saungkha បាន​ប្រាប់ VOA ថា ករណី​នេះ «ត្រូវ​បាន​ទម្លាក់​ចោល​ដោយ​ការ​បង់​ពិន័យ» ប៉ុន្តែ​ក្នុង​នាម​ជា​អ្នក​ដឹកនាំ​ការ​តវ៉ា​ជា​រៀងរាល់​ថ្ងៃ​ប្រឆាំង​នឹង​រដ្ឋប្រហារ​នៅ​ពេល​បច្ចុប្បន្ន​នេះ ការ​ចោទ​ប្រកាន់​ណា​មួយ​នៅ​ពេល​អនាគត​ប្រហែលជា​អាច​ធ្ងន់ធ្ងរ​ជាង​នេះ។

នៅ​ពេល​ទាក់ទង​លោក Saungkha បាន​ដំបូង លោក​បាន​ប្រាប់ VOA ថា លោក​និង​ក្រុម​ជាតិ​សាសន៍​ភាគ​តិច​វ័យ​ក្មេង​មួយ​ក្រុម​ទើបតែ​បាន​បញ្ចប់​ការ​ដើរ​ក្បួន​តវ៉ា​ឆ្ពោះ​ទៅ​កាន់​ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ទីក្រុង​រ៉ង់ហ្គូន។

លោក Saungkha បាន​បញ្ជាក់​ប្រាប់ VOA ដូច្នេះ​ថា៖ «ការងារ​របស់​ខ្ញុំ​គឺ​ដឹកនាំ​ការ​តវ៉ា​ទាំង​នោះ»។ លោក​បាន​បន្ថែម​ថា៖ «ខ្ញុំ​ដឹកនាំ​ការ​តវ៉ា និង​ការ​ដើរ​ក្បួន​តវ៉ា​ទាំង​នេះ»។

ទីក្រុង​រ៉ង់ហ្គូន​មិន​ទាន់​ឃើញ​ការ​បង្ក្រាប​ហិង្សា​ដូច​រដ្ឋ​ផ្សេងៗ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​នៅ​ឡើយ​ទេ។ យោធា​បាន​ឆ្លើយតប​ចំពោះ​ការ​តវ៉ា​ទាំង​នេះ​ដោយ​ការ​បាញ់​គ្រាប់​កាំភ្លើង​ពិត ក៏​ដូចជា​ការ​ប្រើ​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក និង​កាណុង​បាញ់​ទឹក​ផងដែរ។ ស្ត្រី​ម្នាក់​ត្រូវ​បាន​បាញ់​ចំ​ក្បាល​ក្នុង​អំឡុងពេល​តវ៉ា​នៅ​ក្នុង​រដ្ឋធានី​ណៃពិដោ ហើយ​ត្រូវ​បាន​ព្យាបាល​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ។

លោក Saungkha ដឹង​ថា ការ​ប្រឹងប្រែង​របស់​លោក​កំពុង​រង​ការ​គំរាមកំហែង។

លោក​បាន​និយាយ​ថា៖ «ប៉ូលិស​បាន​ឆ្មក់​ចូល​ផ្ទះ​របស់​ខ្ញុំ​តាំងពី​ថ្ងៃ​ដំបូង​នៃ​ការ​ធ្វើ​រដ្ឋប្រហារ​មក និង​បាន​តាម​ស្វែងរក​ខ្ញុំ។ លទ្ធិ​ប្រជាធិបតេយ្យ​និង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​មិន​ត្រូវ​បាន​ធានា​ទៀតទេ​នៅ​ក្រោម​រដ្ឋប្រហារ​យោធា។ គ្មាន​នរណា​ម្នាក់​ដែល​ពាក់ព័ន្ធ​នឹង​ការ​តវ៉ា​ទាំង​នេះ​មាន​សុវត្ថិភាព​នោះ​ឡើយ»។

លោក Saungkha បាន​ទទួល​ស្គាល់​ថា៖ «ខ្ញុំ​ព្យាយាម​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ជីវិត​រស់នៅ​តាម​តែ​អាច​ធ្វើ​បាន គឺ​ធ្វើ​យ៉ាង​ណា​មិន​ឲ្យ​គេ​ចាប់​ខ្លួន​ខ្ញុំ ដោយ​ហេតុ​ថា ប្រសិនបើ​គេ​ចាប់​ខ្លួន​ខ្ញុំ ខ្ញុំ​មិន​អាច​ធ្វើ​អ្វី​ទៀត​បាន​នោះ​ទេ»។

ប្រទេស​មីយ៉ាន់ម៉ា​ធ្លាប់​បាន​ឆ្លងកាត់​ការ​បះបោរ​គួរ​ឲ្យ​កត់​សម្គាល់​កាលពី​ពេល​មុន។ នៅ​ក្នុង​បដិវត្តន៍ ៨-៨-៨៨ កាលពី​ឆ្នាំ ១៩៨៨ គេ​ឃើញ​មាន​ការ​តវ៉ា​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ទូទាំង​ប្រទេស​ប្រឆាំង​នឹង​រដ្ឋ​ឯក​បក្ស​ផ្ដាច់ការ​របស់​ប្រទេស។

បដិវត្តន៍​នេះ​បាន​បណ្ដាល​ឲ្យ​មាន​ការ​បង្ក្រាប​ហិង្សា ដោយ​ធ្វើ​ឲ្យ​មនុស្ស​រាប់​ពាន់​នាក់​ស្លាប់​បាត់បង់​ជីវិត។ នេះ​គឺជា​បដិវត្តន៍​ដែល​បណ្ដាល​ឲ្យ​មាន​ការ​លេច​ឡើង​នូវ​អ្នកស្រី Suu Kyi និង​គណបក្ស​របស់​អ្នកស្រី។

ជាង​នេះ​ទៀត កាលពី​ឆ្នាំ ២០០៧ ក្នុង​អំឡុង​ពេល​ការ​តវ៉ា​ដែល​គេ​ស្គាល់​ថា «បដិវត្តន៍​ស្បង់ចីពរ» ការ​ធ្វើ​បាតុកម្ម​រឿង​សេដ្ឋកិច្ច​និង​នយោបាយ​បាន​បណ្ដាល​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់​ជាង ១០ នាក់​ស្លាប់ និង​រាប់​ពាន់​នាក់​ទៀត​ត្រូវ​ចាប់​ឃុំ​ខ្លួន។ លទ្ធផល​នៃ​ការ​តវ៉ា​នេះ​គឺ​ធ្វើ​ឲ្យ​មាន​កំណែ​ទម្រង់​នយោបាយ និង​ការ​បោះឆ្នោត​ជ្រើសរើស​រដ្ឋាភិបាល​ថ្មី។

លោក Saungkha ជឿ​ថា ការ​បះបោរ​នៅ​ពេល​នេះ​គឺ​ខុស​ពី​មុន។

លោក​និយាយ​ដូច្នេះ​ថា៖ «ការ​បះបោរ​នា​ពេល​បច្ចុប្បន្ន​នេះ​គឺ​ដឹកនាំ​ដោយ​យុវជន។ ជាជាង​គ្រាន់តែ​ការ​តវ៉ា​តាម​ដង​ផ្លូវ វិធី​តវ៉ា​ថ្មី​កំពុង​លេច​ឡើង។ យុវជន​អាច​ធ្វើ​ឲ្យ​យោធា​ពិបាក​នៅ​ក្នុង​ការ​ធ្វើ​អ្វី​មួយ»៕

ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ

XS
SM
MD
LG