អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិសម្រាប់ប្រទេសមីយ៉ាន់ម៉ា និយាយថា យុវជនមីយ៉ាន់ម៉ា «បានភ្លក់រសជាតិនៃសេរីភាព» ហើយនឹងមិនបោះបង់ចោលការព្យាយាមដើម្បីប្រែក្រឡាស់រដ្ឋប្រហារយោធានៅក្នុងប្រទេសរបស់ពួកគេទេ។
លោក Tom Andrews បានប្រាប់ VOA នៅក្នុងកិច្ចសម្ភាសន៍កាលពីថ្ងៃពុធថា «ខ្ញុំពិតជាមានការស្ញប់ស្ញែងចំពោះយុវជនក្មេងៗណាស់»។
លោកបាននិយាយទៀតថា ពួកគេជាច្រើនបានរៀនអំពីជីវិតនៅក្រោមការដឹកនាំរបស់យោធាពីឪពុកម្តាយនិងជីដូនជីតារបស់ពួកគេ។ ក៏ប៉ុន្តែក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ នៅពេលដែលមីយ៉ាន់ម៉ា បានធ្វើអន្តរកាលយឺតៗឆ្ពោះទៅកាន់លទ្ធិប្រជាធិបតេយ្យ ពួកគេមានបទពិសោធន៍អំពីសេរីភាពបុគ្គលខ្លះ ហើយមិនចង់វិលត្រឡប់ទៅកាន់របបផ្តាច់ការយោធាវិញទេ។
លោក Andrew បាននិយាយទៀតថា៖ «យុវជនក្មេងៗទាំងអស់នោះកំពុងលះបង់អ្វីៗ និងប្រថុយប្រថានអ្វីៗទាំងអស់ ដើម្បីប្រយុទ្ធទាមទារសម្រាប់ថ្ងៃអនាគតរបស់ពួកគេ»។
លោក Andrews ជាអ្នកជំនាញឯករាជ្យខាងសិទ្ធិមនុស្សដែលអាណត្តិរបស់លោកមកពីក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនោះ បានជំរុញឲ្យសហគមន៍ពាណិជ្ជកម្មអន្តរជាតិនៅសប្តាហ៍នេះកាត់ផ្តាច់ចំណងទាក់ទងជាមួយមីយ៉ាន់ម៉ាដរាបណាក្រុមយោធានៅកាន់កាប់ប្រទេស។
យ៉ាងនេះក្តីក្នុងរឿងដាច់ដោយឡែកមួយ ទីភ្នាក់ងារព័ត៌មាន AP បានរាយការណ៍ពីទីក្រុងរ៉ង់ហ្គូនថា បាតុករប្រឆាំងនឹងការដណ្តើមអំណាចរបស់ក្រុមយោធាមីយ៉ាន់ម៉ាបានចេញមកតាមផ្លូវនានា ជាថ្មីនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីការបំភិតបំភ័យដោយអាវុធនៅពេលយប់ដោយកងកម្លាំងសន្តិសុខនៅក្នុងទីក្រុងធំទី២របស់ប្រទេស។
ការវាយប្រហាររបស់ប៉ូលីសនៅក្នុងសង្កាត់មួយនៃទីក្រុង Mandalay ភាគកណ្តាលប្រទេស ជាទីកន្លែងដែលបុគ្គលិកផ្លូវដែករដ្ឋរស់នៅ និងបានបង្ហាញថាការប៉ះទង្គិចរវាងបាតុករនិងរដ្ឋាភិបាលយោធាថ្មី បានផ្តោតកាន់តែខ្លាំងឡើងនៅតាមបណ្តាអាជីវកម្មនិងស្ថាប័នរដ្ឋាភិបាលនានាដែលទ្រទ្រង់សេដ្ឋកិច្ច។
បុគ្គលិកស្ថានីយរថភ្លើងរដ្ឋកាលពីថ្ងៃអាទិត្យ បានអំពាវនាវឲ្យមានកូដកម្ម ដើម្បីចូលរួម«ចលនាពលរដ្ឋមិនស្តាប់បង្គាប់» (Civil Disobedience Movement) ដែលដំបូងឡើយត្រូវបានផ្តួចផ្តើមដោយបុគ្គលិកសុខាភិបាល។ ចលនានេះជាការតស៊ូដ៏ស្វិតស្វាញប្រឆាំងនឹងរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈដែលបានបណ្តេញរដ្ឋាភិបាលស៊ីវិលជាប់ឆ្នោតពីអំណាច។
កូដកម្មកម្មករផ្លូវដែកនេះបានទទួលការគាំទ្រពីពលរដ្ឋសាមញ្ញដែលបានដេកនៅលើផ្លូវរថភ្លើងដើម្បីបញ្ឈប់រថភ្លើងដែលពួកយោធាបើកប្រតិបត្តិ។
កិច្ចប្រឹងប្រែងរបស់អ្នកក្រុង Mandalayដើម្បីបិទផ្លូវរថភ្លើងកាលពីថ្ងៃពុធទំនងបណ្តាលឲ្យមានការសងសឹកវិញពីអាជ្ញាធរនៅពេលយប់នោះ។ មិនដល់មួយម៉ោងផងបន្ទាប់ពីការចាប់ផ្តើមបម្រាមគោលចរម៉ោង៨យប់ គេឮស្នូរកាំភ្លើងនៅពេលដែលក្រុមបុរសជាង២០នាក់ក្នុងសម្លៀកបំពាក់ប៉ូលីសប្រដាប់ដោយខែលនិងមួកដែក បានដើរចូលទីកន្លែងដែលកម្មករផ្លូវដែករស់នៅ។
មានការរាយការណ៍អំពីមនុស្សរងរបួសនិងដំណឹងមិនមានការបញ្ជាក់អំពីការចាប់ខ្លួនកម្មកររថភ្លើងមួយចំនួន៕