លោក អ៊ូ វីរៈ បានសម្តែងការសោកស្តាយ និងខកចិត្តចំពោះកម្តៅនយោបាយ ដែលចេះតែកើនឡើងនៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែ លោកថា មិនមានការភ្ញាក់ផ្អើលទាំងស្រុងទេ ដោយសារវាជាយុទ្ធសាស្រ្តដែលគណបក្សនយោបាយប្រើប្រាស់ដើម្បីយកប្រៀបលើគ្នា នៅមុនពេលការបោះឆ្នោតជិតមកដល់ក្នុងពេលខាងមុខប៉ុណ្ណោះ។
សូមស្តាប់កម្មវិធី Hello VOA ទាំងស្រុងខាងក្រោមនេះ៖
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ មានអ្នកការពារសិទ្ធិមនុស្ស មន្ត្រីរៀបចំការបោះឆ្នោត អ្នកវិភាគឯករាជ្យ មន្ត្រីអង្គការសហប្រជាជាតិ និងអ្នកនយោបាយបក្សប្រឆាំង កំពុងរងការប្តឹងផ្តល់ និងចោទប្រកាន់ពីគណបក្សកាន់អំណាចពីរដ្ឋាភិបាលនិងពីនារីម្នាក់ ដែលអះអាងថា ជាអតីតស្រីកំណាន់លួចលាក់របស់លោក កឹម សុខាអនុប្រធានគណបក្សសង្គ្រោះជាតិ ក៏ដូចជាពីអតីតអ្នកគាំទ្របក្សប្រឆាំងម្នាក់ផងដែរ។
កំដៅនយោបាយដែលដុតបញ្ឆេះដោយមានការប្រើប្រាស់យន្តការតុលាការ និងអង្គភាពប្រឆាំងអំពើពុករលួយ កំពុងតែឡើងកម្តៅជានិច្ច ក្នុងពេលដែលប្រទេសកម្ពុជាគ្រោងនឹងរៀបចំការបោះឆ្នោតឃុំសង្កាត់ នៅឆ្នាំក្រោយ និងការបោះឆ្នោតជាតិនៅពីរឆ្នាំទៀត។
លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត បានបញ្ជាក់ក្នុងកម្មវិធី Hello VOA នៅថ្ងៃច័ន្ទនេះថា៖«អ្វីដែលគ្រោះថ្នាក់សម្រាប់ប្រទេសកម្ពុជា ឬសម្រាប់ដំណើរការប្រជាធិបតេយ្យរបស់យើង គឺជារឿងមួយដែលយើងខកចិត្តផងដែរ ព្រោះអ្វី មានមនុស្សច្រើនណាស់រួមទាំងប្រជាពលរដ្ឋ ឥឡូវនេះយុវជនបានព្យាយាមជំរុញឱ្យមានការគោរពនូវសិទ្ធិមនុស្ស ជំរុញឱ្យមានការដើរតាមមាគ៌ាប្រជាធិបតេយ្យ ជំរុញឱ្យមានវប្បធម៌នយោបាយមួយថ្មី ហើយនៅពេលបច្ចុប្បន្ននេះ ពេលណាដែលយើងឃើញមានការដើរថយបែបនេះ អ្នកដែលប្រឹងប្រែងទាំងឡាយរមែងតែងតែខកចិត្ត»។
លោក អ៊ូ វីរៈ ក៏កំពុងត្រូវគណបក្សប្រជាជនកម្ពុជា ប្តឹងពីបទបរិហាកេរ្តិ៍ផងដែរ ដោយសារអត្ថាធិប្បាយរបស់លោកក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី កាលពីចុងខែមុន ដែលលោកមើលឃើញថា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិគឺលោក កឹម សុខា កំពុងរង«ការគាបសង្កត់ខ្លាំងមែនទែន» ហើយថា វាជាយុទ្ធសាស្រ្តរបស់គណបក្សកាន់អំណាច។ ប៉ុន្តែ លោកព្រមានថា វាអាចនឹងធ្វើឱ្យគណបក្សកាន់អំណាចបាត់បង់ប្រជាប្រិយ៍ភាពទៅវិញទេ ដោយសារតែសូម្បីតែមន្ត្រីក្នុងបក្សនេះក៏មិនពេញចិត្តវិធីសាស្រ្តនេះដែរ។
លោកយល់ថា ការផ្តល់សារៈសំខាន់លើរឿងរ៉ាវស្នេហាលួចលាក់របស់ថ្នាក់ដឹកនាំបក្សនយោបាយ បានធ្វើឱ្យលុបបាត់នូវការប្រឹងប្រែងរបស់រដ្ឋាភិបាល ដែលបានធ្វើកាលពីដើមអណត្តិនេះ។
លោក អ៊ូ វីរៈ ចាត់ទុកថា ការលើកឡើងកន្លងមកគឺជាសិទ្ធិក្នុងការបញ្ចេញមតិដែលច្បាប់បានអនុញ្ញាត។ យ៉ាងណាក៏ដោយ លោកថា លោកបានត្រៀមខ្លួនដើម្បីទប់ទល់តាមផ្លូវតុលាការ បើទោះបីជាមិនមានជំនឿលើប្រព័ន្ធតុលាការកម្ពុជាក៏ដោយ។
«មនុស្សគេខ្លាចគុក គេខ្លាចអ្វី ទាំងអស់ ប៉ុន្តែយើងប្រជាពលរដ្ឋគ្រប់ៗគ្នាជាកូនខ្មែរមួយរូបដែរ យើងគួរតែខ្លាចប្រទេសយើង ដើរចូលក្នុងអន្លុងដ៏ជូរចត់ ដែលយើងធ្លាប់ដើររួចទៅហើយ។ ដោយសារតែខ្លាចយើងដើរក្នុងអន្លុងប្រេះឆា អន្លុងជូរចត់ហ្នឹងហើយបានខ្ញុំព្យាយាមប្រឹងប្រែងនៅតែបន្តការងារខ្ញុំ ហើយនឹងបេសកកម្មខ្ញុំដដែល»៕