ការថ្លែងរបស់លោក ហ៊ុន សែន នៅចំពេលដែលមានប្រតិកម្មទាំងត្រង់ៗ និងទាំងប្រយោលនានា ពីសំណាក់បណ្ដាស្ថានទូតប្រទេសមហាអំណាចនៅក្រុងភ្នំពេញ ទាក់ទងនឹងចំណាត់ការរបស់រដ្ឋាភិបាល និងស្ថាប័នយុត្តិធម៌ខ្មែរ ប្រឆាំងនឹងមន្ត្រីអង្គការសង្គមស៊ីវិល នាប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ។
លោកនាយករដ្ឋមន្ត្រី ដែលត្រូវបានគេស្គាល់ថា ជាបុរសខ្លាំងនៃកម្ពុជា បានបដិសេធរាល់ការលើកឡើងពីសំណាក់សង្គមស៊ីវិលជាតិ អន្តរជាតិ ព្រមទាំងរដ្ឋាភិបាលបរទេសមួយចំនួនដែលថា នយោបាយកម្ពុជា កំពុងមានវិបត្តិ។
«បើបរទេសណានិយាយថា ប្រទេស[កម្ពុជា]នេះមានវិបត្តិសូមមើលប្រទេសខ្លួនឯងមើល៍ វាយ៉ាងម៉េច? ដូចជាអឺរ៉ុប [មាន]ការវាយប្រហារភេរវកម្ម វិបត្តិជនភៀសខ្លួន សិទ្ធិស៊ីវិលរបស់ជនភៀសខ្លួនទៅណា?»
លោកនាយករដ្ឋមន្ត្រី បានបន្តថា អាជ្ញាធរមានសមត្ថកិច្ចគ្រាន់តែចាត់វិធានការដោយស្របច្បាប់ប្រឆាំងនឹងអ្វីដែលលោកហៅថា «ពួកអានាធិបតេយ្យ» តែប៉ុណ្ណោះ។ លោកនាយករដ្ឋមន្ត្រីទំនងជាចង់សំដៅទៅលើចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយ និងចំណាត់ការរបស់តុលាការទៅលើអ្នកតស៊ូមតិផ្នែកសិទ្ធិមនុស្ស និងមន្ត្រីបក្សប្រឆាំង។
«អ្នករំលោភ អ្នកត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ យើងចាត់វិធានការ កុំឱ្យខកខាន ដើម្បីការពារនូវកិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់គណបក្សប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា»។
មកទល់នឹងពេលនេះ សកម្មជននិងមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិជាង១០នាក់រាប់តាំងពីថ្នាក់តំណាងរាស្ត្រចុះមក កំពុងត្រូវបានតុលាការកម្ពុជាកោះហៅសាកសួរនិងសម្រេចឃុំខ្លួន និងឃាត់ខ្លួនជាបន្តបន្ទាប់ក្រោមបទចោទផ្សេងៗ។
កាលពីចុងសប្ដាហ៍នេះ អង្គភាពប្រឆាំងអំពើពុករលួយ បានឃាត់ខ្លួនមន្ត្រីជាន់ខ្ពស់ផ្នែកអង្កេតចំនួនបួនរូបរបស់សមាគមសិទ្ធិមនុស្ស អាដហុក និងលោក នី ចរិយា អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ដោយសង្ស័យថា ពួកគេមានការជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ ទាក់ទងនឹងការបញ្ចុះបញ្ចូលឲ្យសាក្សីក្លែងសក្ខីកម្ម ដើម្បីបំបិទរឿងអាស្រូវស្នេហាលួចលាក់របស់អនុប្រធានបក្សសង្គ្រោះជាតិ លោក កឹម សុខា។
ភ្លាមៗនោះ សកម្មជនសិទ្ធិមនុស្សទាំង៤រូបនិងមន្ត្រីគ.ជ.ប ម្នាក់បានត្រូវបានសម្រេចឃាត់ខ្លួនដោយអង្គភាពប្រឆាំងអំពើពុករលួយ និងបញ្ជូនសំណុំរឿងទៅតុលាការ។
អ្នកវិភាគនយោបាយដ៏ល្បីល្បាញ គឺលោក អ៊ូ វីរៈ ត្រូវបានប្ដឹងពីបទបរិហារកេរ្តិ៍ ដោយសារលោកបញ្ចេញទស្សនៈថា រឿងរ៉ាវរបស់នាង ខុម ចាន់តារ៉ាទី នេះគឺជាយុទ្ធសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា។
ស្ថានទូតអាល្លឺម៉ង់ ស្ថានទូតសហរដ្ឋអាមេរិក និងស្ថានទូតបារាំង ជាបន្តបន្ទាប់ បានបង្ហោះសារតាមរយៈទំព័របណ្ដាញសង្គម Twitter របស់ពួកគេ នូវរូបអ្នកការទូតរបស់ពួកគេថតជាមួយលោក អ៊ូ វីរៈ ហាក់ដូចជាដើម្បីបង្ហាញការគាំទ្ររបស់ពួកគេចំពោះអ្នកវិភាគមិនសំចៃមាត់រូបនេះ។ ស្ថានទូតមហាអំណាចទាំងបី ក៏បានរៀបចំជំនួបដាច់ដោយឡែក ជាមួយមេដឹកនាំអង្គការអាដហុក អង្គការលីកាដូ វេទិកាអនាគត អង្គការខុមហ្វ្រែល និងអង្គការសីលការជាដើម។
ក្រោយពីមានប្រតិកម្មរបស់មន្ត្រីទូត លោក ហ៊ុន សែន បានព្រមានថា៖
«សូមបរទេស កុំលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ កម្ពុជាមិនបានលូកលាន់ចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសអ្នកដទៃទេ តែសូមអ្នកដទៃគោរពនូវឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។ កុំជ្រៀតជ្រែកឲ្យសោះ»។
លោក ហ៊ុន សែន បានបន្តថា រដ្ឋាភិបាលបរទេស បាននិងកំពុងដាក់សម្ពាធឱ្យកម្ពុជាលូកដៃចូលកិច្ចការតុលាការ ដើម្បីអន្តរាគមន៍លើសំណុំរឿងក្ដីក្ដាំប្រឆាំងសកម្មជនសិទ្ធិមនុស្ស និងមន្ត្រីបក្សប្រឆាំងទាំងនោះ។
«ពេលប្រធានាធិបតី អូបាម៉ា និយាយជាមួយខ្ញុំឆ្នាំ២០១២ ខ្ញុំថា ស្រុកខ្មែរអត់មានអ្នកទោសនយោបាយទេ មានតែអ្នកនយោបាយជាប់គុក [ដោយទោស] ព្រហ្មទណ្ឌតែប៉ុណ្ណោះ។ ខ្ញុំប្រាប់ អូបាម៉ា ត្រង់ៗ ខ្ញុំទៅខ្លាចអី! អូបាម៉ា ជាប្រធានាធិបតីអាមេរិកាំង មានប្រធានាធិបតីខ្មែរពីអង្កាល់ ... ចាំតែហ៊ុន សែន ខ្លាចតើ!»។
ក៏ប៉ុន្តែបណ្ដាអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិនានា បានបរិហារជាបន្តបន្ទាប់ថា រដ្ឋាភិបាលកម្ពុជា បាននិងកំពុងយាយី ជាបន្តបន្ទាប់ទៅលើសេរីភាពជាមូលដ្ឋានរបស់ពួកគេ។
អ្នកវិភាគនយោបាយ លោក អ៊ូ វីរៈ ដែលកំពុងប្រឈមនឹងបណ្ដឹងរបស់គណបក្សប្រជាជនកម្ពុជា បានបង្ហាញការសោកស្ដាយរបស់លោក ចំពោះការថ្លែងខាងដើមរបស់លោក ហ៊ុន សែន ប្រឆាំងនឹងការលូកលាន់។
លោកនិយាយថា តាមលោកយល់ឃើញ រដ្ឋាភិបាលបរទេសទាំងនេះបង្ហាញពីកង្វល់ទាក់ទងនឹងការអនុវត្តសិទ្ធិនេះគឺដោយសារតែ រដ្ឋាភិបាលបរទេសទាំងនោះ ចង់ឱ្យមានការគោរពសិទ្ធិមនុស្ស និងអនុវត្តនីតិរដ្ឋដោយស្មើភាពតែប៉ុណ្ណោះ។
លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការខុមហ្វ្រែល បាននិយាយថា រដ្ឋាភិបាលប្រទេសសេរីទាំងនោះ មានសិទ្ធិក្នុងការនិយាយក្នុងនាមជាម្ចាស់ជំនួយ និងបង្ហាញយោបល់លើបញ្ហាសិទ្ធិមនុស្សដែលកម្ពុជាមានកាតព្វកិច្ចត្រូវធានា។
«កម្ពុជាយើង មិនអាចដើរឆ្ងាយពីការផ្ដល់មតិយោបល់បានទេ។ ឥឡូវយើងកំពុងធ្វើសមាហរណកម្មទៅក្នុងពិភពលោក ទាំងក្នុងអាស៊ាន ទាំងក្នុងសាកលលោក។ អ៊ីចឹងបើយើងមិនអាចនិយាយពីប្រទេសមួយបានឯករាជ្យ វាទៅអត់រួច វាទាល់តែប្រទេសហ្នឹងវាអាចរស់បានដោយខ្លួនឯងដែរ។ ហើយទោះបីជារស់បានដោយខ្លួនឯង ក៏នៅត្រូវការមតិយោបល់ពីអន្តរជាតិដែរ ដែលគេមានពិសោធន៍ពីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យដែរ»។
លោក គល់ បញ្ញាក៏បានលើកឡើងផងដែរថា បើនិយាយពីបញ្ហាសិទ្ធិមនុស្ស គេមិននិយាយអំពីបញ្ហាអធិបតេយ្យភាព ហើយក៏មិនមែនជាបញ្ហាប្រទេសនិងប្រទេស តែបញ្ហាសិទ្ធិមនុស្សជាបញ្ហាសកល ដែលគ្រប់គ្នា នរណាក៏ដោយ អាចបញ្ចេញមតិយោបល់បាន។
ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគនយោបាយសង្កេតឃើញជាហូរហែរថា ជំនួយរបស់ប្រទេសចិនមកប្រទេសកម្ពុជាដែលចេះតែកើនឡើង និងឈរនៅលើគេប៉ុន្មានឆ្នាំចុងក្រោយនេះ មិនមានលក្ខខណ្ឌសិទ្ធិមនុស្សដូចជំនួយរបស់ប្រទេសសេរីទេ។
គេនៅចាំបានថា លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន ក៏ធ្លាប់ថ្លែងការពាររដ្ឋាភិបាលរបស់លោក ហ៊ុន សែន ដែរ នៅពេលលោកមកទីក្រុងភ្នំពេញ កាលពីឆ្នាំ២០១៣ ដែលនៅកាលនោះកម្ពុជា មានភាពចម្រូងចម្រាសទាក់ទងនឹងលទ្ធផលនៃការបោះឆ្នោតតំណាងរាស្ត្រឆ្នាំ២០១៣។
កាលនោះ ប្រមុខការទូតចិនរូបនេះ បានប្រកាសថា ចិននឹងទប់ស្កាត់ មិនឲ្យមានការជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងកម្ពុជានោះទេ។
ទាំងចិន ទាំងកម្ពុជា និងបណ្ដាប្រទេសអាស៊ានទាំងឡាយ សុទ្ធតែមាននយោបាយ មិនលូកដៃចូលកិច្ចការផ្ទៃក្នុងប្រទេសដទៃឡើយ។ ជាមួយនឹងជំនួយរបស់ចិន ដែលចេះតែកើនឡើង គោលការណ៍មិនជ្រៀតជ្រែកនេះត្រូវបានគេមើលឃើញថា កាន់តែត្រូវបានអនុវត្តកាន់តែខ្លាំងនៅកម្ពុជា៕