អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានកោះហៅមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា២នាក់ និងគ្រូបង្រៀនវិទ្យាល័យ៣នាក់ ដើម្បីស្តាប់ចម្លើយពាក់ព័ន្ធនឹងភាពមិនប្រក្រតីមួយចំនួន ក្នុងការអនុវត្តតួនាទី ភារកិច្ចពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ កាលពីថ្ងៃទី២២ ខែសីហាកន្លងទៅ។
លិខិតកោះហៅរបស់ ACU ចុះថ្ងៃទី៣០ ខែសីហា បានកោះហៅលោកជីវ រដ្ឋា អគ្គនាយករងនៃអគ្គនាយកដ្ឋានយុវជន និងលោកប៉ូវ វី អនុប្រធាននាយកដ្ឋាននីតិកម្មនៃក្រសួងអប់រំ យុវជន និងកីឡា ដើម្បីស្តាប់ចម្លើយនៅថ្ងៃទី៥ ខែកញ្ញា វេលាម៉ោង៨:៣០នាទីព្រឹក ពាក់ព័ន្ធនឹងភាពមិនប្រក្រតីក្នុងការអនុវត្តតួនាទីអំឡុងពេលប្រឡង។
អង្គភាពប្រឆាំងអំពើពុករលួយបានចេញក្នុងលិខិតពីរទៀតកោះហៅគ្រូបង្រៀនបីនាក់ទៀតពាក់ព័ន្ធនឹងភាពមិនប្រក្រតីក្នុងការអនុវត្តតួនាទីភារកិច្ច នាសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការទទួលលុយពីបេក្ខជនប្រឡង។
VOA មិនអាចទាក់ទងសុំការអធិប្បាយពីលោកសម្បត្តិ ហ៊ូណា មន្រ្តីនគរបាលយុត្តិធម៌ និងជាអ្នកសាកសួរក្នុងការកោះហៅនោះបានទេ។ រីឯរដ្ឋមន្រ្តី និងអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាក៏ VOA មិនអាចទាក់ទងបានដែរ។
ការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុបបានប្រព្រឹត្តទៅកាលពីថ្ងៃទី២២-២៣ ខែសីហា ដោយមានការចូលរួមសង្កេតការណ៍ពីអង្គភាពប្រឆាំងអំពើពុករលួយ។
ក្រសួងអប់រំបានចេញប្រកាសមួយកំណត់អំពីវិន័យចំពោះបុគ្គលិកអប់រំ ដែលប្រព្រឹត្តខុសឆ្គងក្នុងដំណើរការប្រឡង និងកំណត់វិធានការទប់ស្កាត់ការធ្វើឲ្យបែកធ្លាយវិញ្ញាសារមុនពេលប្រឡង ឬការទប់ស្កាត់ការបញ្ចុះបញ្ចូលឲ្យបេក្ខជន ឬអ្នកអាណាព្យាបាលសូកប៉ាន់ ដើម្បីប្រឡងជាប់ ឬទទួលបាននិទ្ទេសល្អ។ ក្រសួងក៏បានកម្រិតទណ្ឌកម្មខាងវិន័យថ្នាក់ទី២ មានដូចជាការស្តីបន្ទោសជាទម្ងន់ ការលុបឈ្មោះចេញពីតារាងឡើងឋានន្តរស័ក្តិ ការដាក់ឲ្យទំនេរគ្មានបៀវត្ស ការបន្ថយឋានន្តរស័ក្តិ ការដាក់ឲ្យចូលនិវត្តន៍មុនកំណត់ ឬបញ្ឈប់ពីការងារ និងបណ្តេញចេញពីមុខតំណែងរាជការជាដើម៕