សេវាអ៊ីនធឺណែតមិនទាន់ត្រូវបានបើកឲ្យប្រើប្រាស់ដោយស្រួល និងទូលំទូលាយនោះទេ កាលពីអំឡុង១០ឆ្នាំមុន ឬក៏ត្រឹម៥ ឬ៦ឆ្នាំមុននេះ។ សេវាអ៊ីនធឺណែតអាចរកបានតែនៅក្នុងហាងអ៊ីនធឺណែតនៅតាមទីប្រជុំជន ហើយអ្នកប្រើប្រាស់ទូរស័ព្ទទំនើបដែលអាចថតរូប និងបំពេញមុខងារបាននោះ ក៏មានចំនួនតិចតួចដែរនៅពេលនោះ។
ក៏ប៉ុន្តែ ការប្រើប្រាស់ឧបករណ៍ទំនើបៗមានកំណើនជាខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយនិន្នាការនេះកំពុងតែជួយរុញច្រានឱ្យមានការប្រែប្រួលផ្នែកសង្គមសេដ្ឋកិច្ច និងនយោបាយខ្មែរយ៉ាងឆាប់រហ័ស។ នេះបើយោងតាមការមើលឃើញរបស់អ្នកអង្កេតការណ៍លើវិស័យនេះ និងមន្ត្រីពាក់ព័ន្ធ។
បរិក្ខារទំនើបៗ និងកម្មវិធី Software ថ្មីៗ បម្រើឱ្យវិស័យបច្ចេកវិទ្យាព័ត៌មាន រួមមាន ទូរស័ព្ទទំនើប កម្មវិធីទូរស័ព្ទដ៏វ័យឆ្លាត ក៏ដូចជាវិសាលភាពកាន់តែទំលំទូលាយនៃសេវាអ៊ីនធឺណែត ដែលបានទៅដល់ដៃប្រជាជនខ្មែរជាច្រើនលាននាក់ ប្រើប្រាស់យ៉ាងសកម្មជារៀងរាល់ថ្ងៃ។
អង្គុយក្នុងហាងកាហ្វេមួយក្នុងរាជធានីភ្នំពេញដែលបំពាក់ដោយម៉ាស៊ីនត្រជាក់ គ្របដណ្ដប់ដោយរលកសេវាអ៊ីនធឺណែតឥតខ្សែ (wifi) លោក សួន ណារ៉េន ជាសហគ្រិនខ្មែរម្នាក់ បានប្រាប់ VOA ថា សម្ភារៈបរិក្ខារបច្ចេកវិទ្យាទំនើប បាននឹងកំពុងដើរតួនាទីជាជំនួយការដ៏មានប្រសិទ្ធភាពសម្រាប់អាជីវកម្មរបស់លោក។
«ខ្ញុំគិតថាជួយខ្ញុំឱ្យបាន ជួយឱ្យអាជីវកម្មរបស់ខ្ញុំដំណើរការល្អ ហើយជួយផ្ដល់នូវដំណឹងទៅដល់អតិថិជនរហ័ស ជួយឱ្យជីវិតកាន់តែងាយស្រួល យើងអាចទទួលបានព័ត៌មានថ្មីៗ»។
លោក ណារ៉េន បានបន្ថែមថា លោកប្រើប្រាស់កម្មវិធីកំពុងពេញនិយមមានដូចជា Skype និង Facebook ជាដើម ភ្ជាប់នឹងទូរស័ព្ទទំនើប និងកុំព្យូទ័រជាមួយនឹងអ៊ីនធឺណែតដែលងាយនឹងស្វែងរក ដើម្បីភ្ជាប់ទំនាក់ទំនងប្រតិបត្តិការអាជីវកម្មជាមួយនឹងអតិថិជនរបស់លោក។
យោងតាមតួលេខផ្លូវការរបស់និយ័តករទូរគមនាគមន៍កម្ពុជា (TRC) ដែលជាស្ថាប័នចំណុះឱ្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចំនួនអ្នកតភ្ជាប់ដើម្បីប្រើប្រាស់អ៊ីនធឺណែត មានការកើនឡើងយ៉ាងគំហុក ក្នុងអត្រាប្រមាណជាង២០០០% ពីចំនួនប្រមាណ៣សែន២ម៉ឺននាក់ ក្នុងឆ្នាំ២០១០ កើនដល់ជិត៧លាននាក់ គិតត្រឹមដំណាច់ឆ្នាំ២០១៥ ហើយ៩៤%នៃប្រជាជនសរុប មានទូរស័ព្ទដៃប្រើប្រាស់។
លោក ខូវ មករា អ្នកនាំពាក្យក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានពន្យល់ថា កត្តាកំណើនសេដ្ឋកិច្ច បាននាំឱ្យជីវភាពប្រជាជនខ្មែរជាទូទៅមានលក្ខណៈធូរធារជាងមុន នាំឱ្យពួកគាត់មានលទ្ធភាពទិញសម្ភារៈបច្ចេកវិទ្យាទំនើបៗចុងក្រោយបង្អស់យកមកប្រើប្រាស់។
«វិស័យបច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មានហ្នឹង បាននឹងកំពុងផ្លាស់ប្ដូរ របៀបរបបរស់នៅ និងរបៀបរបបធ្វើការរបស់ប្រជាជនយើងស្ទើរតែទាំងស្រុងទៅហើយ រាល់ថ្ងៃហ្នឹង … យើងឃើញការវិវត្តវិស័យហ្នឹងជានិន្នាការសកល ដែលធ្វើឱ្យគ្រឿងសម្ភារៈបរិក្ខារនៅក្នុងវិស័យហ្នឹងមានការចុះថ្លៃច្រើន»។
អ្នកនាំពាក្យរូបនេះ ក៏បានលើកឡើងផងដែរថា កម្ពុជាដែលទើបនឹងត្រូវបានធនាគារអភិវឌ្ឍអាស៊ី (ADB) ប្រសិទ្ធនាមថា ជាខ្លាសេដ្ឋកិច្ចថ្មីមួយនៅក្នុងតំបន់អាស៊ីនោះ នឹងទទួលបានផលចំណេញបន្ថែមពីកំណើននៃការប្រើប្រាស់បច្ចេកវិទ្យានេះ ហើយលោកថាបច្ចេកវិទ្យាទំនើប នឹងជួយទ្រទ្រង់សេដ្ឋកិច្ចខ្លាថ្មីថ្មោងមួយនេះ។
វត្តមាននៃបច្ចេកវិទ្យាទំនើបទាំងនេះ និងការហូរចូលមកនៃបណ្ដាញផ្សព្វផ្សាយទំនាក់ទំនងសង្គម រួមមាន Facebook និង Blog បានមានឡើងព្រមគ្នា។ បើយោងតាមក្រុមហ៊ុនទិន្នន័យទីផ្សារឌីជីថល Geeks In Cambodia ប្រជាជនខ្មែរជាង៣លាននាក់ ជាអ្នកប្រើប្រាស់ Facebook យ៉ាងសកម្មជារៀងរាល់ថ្ងៃ គិតត្រឹមឆ្នាំ២០១៦នេះ។
កំណើនប្រជាប្រិយភាពនៃការប្រើប្រាស់ Facebook ដែលមានបន្តគ្នានារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើឱ្យមានបម្រែបម្រួលយ៉ាងខ្លាំងដល់ឆាកនយោបាយខ្មែរ។ គណបក្សសង្គ្រោះជាតិ ដែលជាបក្សជំទាស់ធំជាងគេនៅកម្ពុជា មានឱកាសតិចតួចក្នុងការបង្ហាញគំនិតទស្សនៈ និងគោលនយោបាយរបស់ខ្លួននៅលើប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណីរួមមាន វិទ្យុ និងទូរទស្សន៍ក្នុងស្រុក។
ប៉ុន្តែក្នុងការបោះឆ្នោតសភាឆ្នាំ២០១៣ បក្សមួយនេះបានប្រើប្រាស់ Facebook ជាវេទិកាឃោសនាបំពង សំឡេង ទាក់ទាញការគាំទ្រពីម្ចាស់ឆ្នោតវ័យក្មេង រហូតស្ទើរតែអាចទាញទម្លាក់ពីអំណាចរបស់គណបក្សប្រជាជនកម្ពុជា ដែលកាន់កាប់ប្រទេសកម្ពុជាជិត៤០ឆ្នាំមកហើយ ជាមួយនឹងការធ្វើឱ្យបក្សកាន់អំណាចមួយនេះបាត់បង់អស់២២អសនៈនៅក្នុងរដ្ឋសភា។
កម្ពុជាទើបនឹងដាក់ចេញគោលនយោបាយអភិវឌ្ឍវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ កាលពីខែមេសាកន្លងទៅនេះ ដែលមានការគូសបង្ហាញនូវចក្ខុវិស័យរបស់រដ្ឋាភិបាលខ្មែរក្នុងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីជួយសម្រេចគោលដៅប្រែក្លាយសេដ្ឋកិច្ចខ្មែរជាសេដ្ឋកិច្ចពុទ្ធិនាពេលអនាគត។
គោលនយោបាយ ដែលមានកម្រាស់៤៤ទំព័រ បានគូសបញ្ជាក់ផែនការ ដែលមានគោលដៅធានាការរៀបចំខ្លួនឱ្យបានរួចរាល់របស់វិស័យសាធារណៈ វិស័យឯកជន និងប្រជាជនស៊ីវិល បង្កើនសមត្ថភាពសម្របខ្លួន និងទាញយកប្រយោជន៍ពីការវិវត្តដែលមានល្បឿនលឿនរហ័សនៃបច្ចេកវិទ្យាទំនើប។
នៅក្នុងឯកសារគោលនយោបាយនោះផងដែរ រដ្ឋាភិបាលខ្មែរបានចាត់ទុកវិស័យបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ជា«សសរស្ដម្ភមួយក្នុងចំណោមសសរស្ដម្ភដ៏មានសារៈសំខាន់ទាំងឡាយ ដើម្បីធ្វើជាមូលដ្ឋានគ្រឹះនៃកំណើនសេដ្ឋកិច្ចកម្ពុជា»។ កំណើននេះស្ថិតក្នុងចំណោមកំណើនដែលលឿនបំផុតលើលោក។
លោក ខេង ពិសិដ្ឋ មន្ត្រីផ្នែកអនុវត្តគម្រោងនៅឯវិទ្យាស្ថានបើកទូលាយ (Open Institute) ដែលបានតាមដានជាច្រើនឆ្នាំទៅលើវិស័យនេះ បាននិយាយថា បម្រែបម្រួលដ៏រហ័សនៃការភ្ជាប់ប្រជាជនកម្ពុជាទៅនឹងសេវាកម្មអ៊ីនធឺណែត និងបរិក្ខារបច្ចេកវិទ្យាទំនើបៗ បាននឹងកំពុងរីកសាយភាយឥទ្ធិពលកាន់តែខ្លាំង។
លោក ខេង ពិសិដ្ឋ ក៏បានគូសសម្គាល់ដែរថា នៅក្នុងនិន្នាការនៃរដ្ឋាភិបាលអេឡិចត្រូនិក បច្ចេកវិទ្យាទំនើបត្រូវបានគេកំពុងប្រើប្រាស់ក្នុងការផ្ដល់ដំណឹងទាក់ទងនឹងបម្រែបម្រួលអាកាសធាតុ ការអប់រំ និងប្រើប្រាស់ក្នុងការធ្វើជំនួញ។
«វាស្របពេលដែលវិស័យផ្សេងៗមានការរីកចម្រើន បច្ចេកវិទ្យានេះក៏ត្រូវបានគេមើលឃើញថាជាជំនួយបច្ចេកទេសមួយដែលធ្វើឱ្យកំណើនការអនុវត្តការងារនៅតាមស្ថាប័នមួយចំនួនមានភាពល្អ មានភាពសុក្រឹត្យប្រសើរជាងមុន»។
នៅពេលដែលការប្រតិបត្តិការងារ និងរក្សាទុកឯកសារពឹងផ្អែកកាន់តែខ្លាំងឡើង ទៅលើកម្មវិធី និងបរិក្ខារបច្ចេកវិទ្យាទំនើបនោះអ្នកនាំពាក្យក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ លោក ខូវ មករា ក៏បានព្រមានពីហានិភ័យដូចដែលមានចែងក្នុងឯកសារគោលនយោបាយរបស់ក្រសួងផងដែរ។
«បញ្ហាប្រឈមក្នុងការប្រើប្រាស់ និងផលប៉ះពាល់ អាចជាផលប៉ះពាល់អវិជ្ជមានមួយចំនួន អាចមានដែរនៅក្នុងហ្នឹង តាមរយៈការប្រើប្រាស់ខុសគោលដៅ ឬប្រើប្រាស់ក្នុងន័យអវិជ្ជមាន អ៊ីចឹងបានយើងនិយាយ ជាពិសេស បច្ចេកវិទ្យាប្រៀបដូចអាវុធមុខពីរអ៊ីចឹង បើយើងប្រើត្រូវគោលដៅវាផ្ដល់ផលល្អ បើយើងប្រើខុសគោលដៅ វានាំឱ្យមានផលពិបាកខ្លះដែរ»។
រដ្ឋាភិបាលខ្មែរ ក៏បានទទួលស្គាល់តាមរយៈឯកសារគោលនយោបាយអភិវឌ្ឍវិស័យនេះផងដែរថា ការអនុវត្តប្រព័ន្ធអាជីវកម្មអេឡិចត្រូនិក ត្រូវយឺតយ៉ាវ ដោយសារតែកង្វះការការពារផ្នែកសន្តិសុខទៅលើទិន្នន័យទាក់ទងនឹងការទូទាត់ប្រាក់ បូករួមនឹងកង្វះធនធានមនុស្ស និងការច្នៃប្រឌិតបង្កើតថ្មីលើវិស័យនេះជាដើម។
ប៉ុន្តែស្របពេលទន្ទឹមគ្នានេះ ក៏មានមជ្ឈដ្ឋានសិស្សនិស្សិតមួយចំនួន បាននឹងកំពុងប្រើប្រាស់ឧបករណ៍បរិក្ខារ និងកម្មវិធីបច្ចេកវិទ្យាទំនើបនេះបានយ៉ាងមានប្រសិទ្ធភាព ហើយថែមទាំងឈានទៅដល់ការស្រាវជ្រាវបង្កើតថ្មីថែមទៀតផង បើទោះជាការឧបត្ថម្ភទ្រទ្រង់នៅមានកម្រិតយ៉ាងណាក្ដី។
សិស្សនិស្សិតមួយចំនួន បាននិងកំពុងសិក្សាអំពីបញ្ហាប្រឈមនៅក្នុងសហគមន៍មកច្នៃជាដំណោះស្រាយដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបជាជំនួយ។ តួយ៉ាងថ្មីៗនេះ មានយុវតីវ័យជំទង់មួយក្រុម ដែលមានមូលដ្ឋានមកពីតំបន់ជនបទផ្សេងៗពីគ្នានៅក្នុងប្រទេស បានធ្វើការរួមគ្នាបង្កើតកម្មវិធីទូរស័ព្ទដោះស្រាយបញ្ហាទីផ្សារកសិកម្ម។
ជាក់ស្ដែងក្រុមយុវតីដែលមានវ័យតិចជាង១៤ឆ្នាំ និងដែលបានប្រសិទ្ធនាមក្រុមខ្លួនថា LiGeek បានចងក្រងកម្មវិធីទូរស័ព្ទ (Mobile Application) មួយឈ្មោះថា ImEx ដែលដើរតួនាទីជាវេទិកាជួបគ្នារវាងអ្នកទិញ និងអ្នកផ្គត់ផ្គង់កសិផល ដើម្បីដើរបញ្ចៀសក្រុមឈ្មួញកណ្ដាល ដែលតែងតែល្បីថា ទិញកសិផលពីកសិករក្នុងតម្លៃទាប។
ការងារចងក្រងកម្មវិធីទូរស័ព្ទដែលចំណាយពេលអស់ជាច្រើនសប្ដាហ៍ជាមួយនឹងការបណ្ដុះបណ្ដាលពីសំណាក់គ្រូជំនាញ នាំឱ្យយុវតីមួយក្រុមនេះ ស្វែងរកដំណោះស្រាយតាមរយៈប្រព័ន្ធឌីជីថល ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមរបស់ឪពុកម្ដាយ សាច់ញាតិ និងអ្នកភូមិផងរបងជាមួយរបស់ពួកគេនៅស្រុកកំណើត។ នេះបើតាមការឱ្យដឹងពីយុវតី អ៊ុន ស្រីនាង វ័យ១៣ឆ្នាំ ដែលជាសមាជិកម្នាក់នៃក្រុម LiGeek នេះ។
«ប៉ុន្តែគាត់(កសិករ)អត់មានទីផ្សារច្បាស់លាស់ទេ ពេលខ្លះគាត់មានអតិថិជន ពេលខ្លះគាត់លក់តែនៅក្នុងភូមិគាត់ទេ។ អញ្ចឹង ទើបយើងគិតថា យើងចង់ឱ្យផលិតផលខ្មែរយើងកាន់តែល្បីផង ហើយឱ្យប្រជាជនរកចំណូលបានកាន់តែច្រើនផង»។
បើទោះជាមានការជំរុញពីថ្នាក់ជាតិឱ្យរុញបញ្ចូល និងបង្កើនកម្រិតអក្ខរកម្មផ្នែកព័ត៌មានវិទ្យាក្នុងចំណោមស្រទាប់ពលរដ្ឋ និងមន្ត្រីរាជការ សិស្ស និស្សិតក្ដី លោក ខេង ពិសិដ្ឋ នៃវិទ្យាស្ថានបើកទូលាយ បានស្នើជាយោបល់ថា ការស្រាវជ្រាវបង្កើតថ្មី គួរធ្វើស្របតាមបញ្ហាជាក់ស្ដែង និងមានចក្ខុវិស័យប្រមើមើលអនាគតវែងឆ្ងាយ។
«យើងប្រមើមើលទៅថ្ងៃអនាគត តើបច្ចេកវិទ្យា មនុស្សនឹងចង់បានអី អ្វីដែលអាចជួយសម្រួលដល់ការរស់នៅរបស់មនុស្ស។ អ្វីដែលអាចធ្វើ[ដូច]ម្ដេចឱ្យមនុស្សងាយស្រួល តើយើងគួរច្នៃប្រឌិតអ្វី តើយើងគួរមានឧបករណ៍អ្វីដែលអាចជួយដល់បញ្ហាទាំងអស់នោះ»។
ទោះជាយ៉ាងណាក្ដី ការវិវត្តឈានទៅមុខនៃបច្ចេកវិទ្យាទំនើប នៅតែស្ថិតក្នុងការអង្កេតតាមដាននៅឡើយ រវាងចេតនាដ៏ស្មុគ្រស្មាញនានានៃអ្នកប្រើប្រាស់បច្ចេកវិទ្យា និងនិយ័តករនៃវិស័យនេះ។ តួយ៉ាង ឯកសារផ្លូវច្បាប់ទាក់ទងនឹងបទល្មើសបច្ចេកវិទ្យា កំពុងតែស្ថិតក្រោមការព្រាង និងតាក់តែងយ៉ាងចម្រូងចម្រាសនៅឡើយ។
រដ្ឋាភិបាលខ្មែរធ្លាប់បានប្រកាសថា ការតាក់តែងច្បាប់ស្ដីពីទូរគមនាគមន៍ ធ្វើឡើងនៅចំពេលដែលមានការវាយប្រហារជាបន្តបន្ទាប់ពីជនមិនស្គាល់មុខ មកលើប្រព័ន្ធទិន្នន័យរដ្ឋ និងឯកជននានា។ តែក្រុមអ្នករិះគន់ បានលើកហេតុផលថា រដ្ឋាភិបាលគ្រាន់តែចង់បង្កើនសំណាញ់ត្រួតពិនិត្យ និងរឹតត្បិតសិទ្ធិសេរីភាពនៃការបញ្ចេញមតិនៅលើលំហអ៊ីនធឺណែតតែប៉ុណ្ណោះ៕