ការលុបចោលជាបន្ទាន់នូវគម្រោងខួងប្រេងក្នុងសមុទ្រដែលជាគម្រោងដាក់ឱ្យដំណើរការដោយប្រទេសវៀតណាម កំពុងបង្កឲ្យមានការព្រួយបារម្ភថា រដ្ឋាភិបាលចិនដាក់សម្ពាធឲ្យវៀតណាមលុបចោលគម្រោងនេះវិញ។ នេះគឺជាផ្នែកមួយនៃជម្លោះដែនសមុទ្រដែលកំពុងតែបន្ដកើតឡើងរវាងរដ្ឋាភិបាលក្រុងប៉េកាំង និងរដ្ឋាភិបាលក្រុងហាណូយ។
កាលពីថ្ងៃទី៩ ខែកក្កដា ក្រុមហ៊ុនសាជីវកម្ម Noble Corp. នៅទីក្រុងឡុងដ៍ ដែលជាក្រុមហ៊ុនចុះកិច្ចសន្យាខួងប្រេងនេះ បានឲ្យដឹងថា គម្រោងខួងប្រេងរបស់ខ្លួនដោយប្រើឧបករណ៍ Noble Clyde Boudreaux បានលុបចោលគម្រោងធ្វើរួមគ្នាជាមួយនឹងវៀតណាមទៅហើយ។ តាមសារព័ត៌មានរាយការណ៍ថា ទីតាំងខួងរុករកប្រេងនៅប៉ែកខាងកើតឆ្នេរសមុទ្រវៀតណាម ស្ថិតនៅក្រោមការឃ្លាំមើលរបស់នាវាល្បាតរបស់ចិន។
គេនៅមិនទាន់ច្បាស់នៅឡើយទេ ថាតើការលុបចោលគម្រោងនេះរងឥទ្ធិពលពីអាជ្ញាធរចិនឬយ៉ាងណា ប៉ុន្តែអាជ្ញាធរចិនធ្លាប់បានដាក់សម្ពាធលើគម្រោងខួងរុករកប្រេងក្នុងបាតសមុទ្រវៀតណាមជាញឹកញយកាលពីមុនមក។ ប្រទេសទាំងពីរនេះប្រកួតប្រជែងគ្នាដណ្តើមយកផ្លូវនាវាចរណ៍ក្នុងដែនសមុទ្រចិនខាងត្បូង។
លោក Oh Ei Sun អ្នកស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថានកិច្ចការអន្តរជាតិសិង្ហបុរី បាននិយាយថា៖ «ភាគីក្រុមហ៊ុននិងប្រទេសវៀតណាម កំពុងតែលេងល្បែងឆ្មាចាប់កណ្តុរជាមួយចិន»។ ប្រសិនបើពួកគេខួងរុករកប្រេងនៅទីនោះ ហើយនាវាល្បាតចិនចូលទៅ ពួកគេនឹងបញ្ឈប់សកម្មភាពត្រឹមតែ ២-៣ ថ្ងៃ ឬ ២-៣ ខែប៉ុណ្ណោះ បន្ទាប់មកពួកគេនឹងបន្តសកម្មភាពឡើងវិញ ហើយបន្ដធ្វើបែបនេះដដែលៗ»។
ប្រទេសប៊្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន និងកោះតៃវ៉ាន់ សុទ្ធតែអះអាងយកទាំងស្រុងឬ ផ្នែកខ្លះនៃដែនសមុទ្រទំហំ ៣,៥ លានគីឡូម៉ែត្រការ៉េនៅក្នុងសមុទ្រចិនខាងត្បូងនេះ។ ដែនសមុទ្រនេះសម្បូរទៅដោយមច្ឆជាតិ ក៏ដូចជាប្រេងឥន្ធនៈផងដែរ។ ប្រទេសចិនបានឲ្យដឹងថា ប្រមាណ ៩០ ភាគរយនៃដែនសមុទ្រនេះ គួរតែស្ថិតក្រោមបូរណភាពដែនដីរបស់ខ្លួន។ ប្រទេសចិនបានដាក់មូលដ្ឋានកងទ័ពខ្លាំងក្លាច្រើនជាងប្រទេសផ្សេងៗកាលពីទសវត្សមុននេះ។
កាលពីថ្ងៃទី១៣ ខែកក្កដា វិទ្យុអាស៊ីសេរី បានរាយការណ៍ថា ប្រទេសវៀតណាមបានលុបចោលកិច្ចសន្យា នៅពេលដែលប្រទេសចិនបានគាបសង្កត់ប្រទេសក្នុងសមាគមអាស៊ីអាគ្នេយ៍ណាដែលចង់កេងយកធនធានដោយចាប់ដៃគូជាមួយបរទេសក្នុងដែនសមុទ្រចិនខាងត្បូង។ កងនាវាល្បាតសមុទ្រចិន កំពុងល្បាតនៅជិតទីតាំងរុករកប្រេងវៀតណាម។ នេះបើតាមការរាយការណ៍ព័ត៌មាន។
ប្រទេសចិនបានបញ្ជូននាវាស៊ើបការណ៍សម្ងាត់ពីរគ្រឿងចូលក្នុងដែនសមុទ្រក្បែរដែនទឹកវៀតណាមគិតមកដល់ពេលនេះ។ ទូកនេសាទចិន និងវៀតណាម ធ្លាប់ប៉ះទង្គិចគ្នាជារឿយៗក្នុងពេលកន្លងមក។ នាវារបស់ប្រទេសទាំងពីរនេះធ្លាប់ប៉ះទង្គិចគ្នា រហូតដល់បង្កឲ្យមានការបាត់បង់ជីវិតកាលពីឆ្នាំ១៩៧៤ និងឆ្នាំ១៩៨៨។
កាលពីឆ្នាំ ២០១៨ ក្រុមហ៊ុនរុករកប្រេង Repsol របស់ប្រទេសអេស្ប៉ាញ ក៏បានលុបចោលយ៉ាងប្រញាប់លើគម្រោងរបស់ខ្លួនរួមជាមួយវៀតណាមក្នុងដែនសមុទ្រចិនខាងត្បូងផងដែរ ដែលនេះប្រហែលមកពីមានសម្ពាធពីប្រទេសចិន។ ប្រទេសវៀតណាម នៅតែបន្តដាក់ប៉ុស្តិ៍ល្បាតរបស់ខ្លួនក្នុងដែនសមុទ្រនេះគិតត្រឹមពាក់កណ្តាលឆ្នាំ ២០១៩។
ប៉ុន្តែប្រទេសវៀតណាមមិនបានតបតប្រឆាំងនឹងចិនដោយបើកចំហលើការលុបចោលគម្រោង Noble Clyde នេះទេ។ ក្រុមហ៊ុន Noble Corp ក៏មិនបានឆ្លើយតបនឹង VOA អំពីបញ្ហានេះនោះដែរ។
លោក Oh បានពន្យល់បន្ថែមថា ប្រទេសវៀតណាមពឹងផ្អែកលើការខួងរុករកប្រេងដើម្បីសេដ្ឋកិច្ចរបស់ខ្លួន ហើយប្រទេសនេះក៏មានប្រវត្តិ«ក្រោកប្រឆាំងតទល់»នឹងចិនផងដែរ។
លោក Eduardo Araral សាស្រ្តាចារ្យសាលាគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យជាតិសិង្ហបុរី បាននិយាយថា៖ «ប្រទេសវៀតណាមល្បីល្បាញខាងក្រោកប្រឆាំងទាមទារដើម្បីផលប្រយោជន៍របស់ខ្លួន ហើយវៀតណាមមិនចង់ឲ្យគេមើលមកថាខ្លួនអន់ ដោយសារសម្ពាធពីប្រទេសចិនឡើយ ពីព្រោះនៅពេលដែលវៀតណាមធ្វើបែបនេះ គេនឹងគិតថាវៀតណាមរងសម្ពាធណាមួយជាមិនខាន មិនថាសម្ពាធពីក្នុងប្រទេសរបស់ខ្លួន ឬសម្ពាធពីចិននោះទេ»។
រដ្ឋាភិបាលក្រុងហាណូយ អាចនឹងរំពឹងរង់ចាំមើលថាតើសហរដ្ឋអាមេរិក នឹងមានចំណាត់ការជួសមុខខ្លួនដែរឬទេ។ នេះបើតាមការយល់ឃើញពីក្រុមអ្នកវិភាគ។
លោក Michael Pompeo រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយកាលពីពេលថ្មីៗនេះថា រដ្ឋាភិបាលរបស់លោកនឹងជួយជ្រោមជ្រែងប្រទេសដែលទាមទារក្នុងរឿងសមុទ្រចិនខាងត្បូង ប្រសិនបើមានការរំលោភបំពានពីប្រទេសចិន។ លោកបានបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងជួយតាមរយៈមធ្យោបាយការទូត និងក្របខ័ណ្ឌច្បាប់នានា ហើយបដិសេធការអះអាងភាពស្របច្បាប់របស់ចិនលើដែនសមុទ្រនេះ។ ប្រទេសចិនសំអាងលើកំណត់ត្រាប្រវត្តិសាស្រ្តដើម្បីទាមទារសិទ្ធិប្រើប្រាស់ដែនសមុទ្រនេះ។
លោក Nguyen Thanh Trung នាយកមជ្ឈមណ្ឌលការសិក្សាអន្តរជាតិនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសង្គម និងមនុស្សសាស្រ្តក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាម និយាយថា៖ «ប្រទេសវៀតណាម ដឹងថាមានសម្ពាធពីប្រទេសចិន ហើយការណ៍នេះអាចនឹងបន្តដាក់សម្ពាធដល់វៀតណាមចំពោះរឿងសមុទ្រចិនខាងត្បូង ប្រសិនបើសហរដ្ឋអាមេរិកមិនមានចំណាត់ការបន្តទៀតទេនោះ»។
សហរដ្ឋអាមេរិកអាចនឹងចូលធ្វើអន្តរាគមន៍ ប្រសិនបើបញ្ហានេះស្របទៅតាមនយោបាយរបស់លោកប្រធានាធិបតី Donald Trump ប៉ុន្តែសហរដ្ឋអាមេរិកនៅតែព្យាយាមបញ្ចៀសការប៉ះទង្គិចដោយប្រើអាវុធ។ នេះបើតាមសម្ដីរបស់លោកសាស្រ្តាចារ្យ Alan Chongនៃសាលា សិក្សាអន្តរជាតិ S. Rajaratnam ក្នុងប្រទេសសិង្ហបុរី។
ចាប់តាំងពីចូលកាន់តំណែងក្នុងឆ្នាំ ២០១៧ មក លោក Trump បានដាក់សម្ពាធផ្នែកយោធា ពាណិជ្ជកម្ម និងសេដ្ឋកិច្ចលើប្រទេសចិន ដែលជាដៃគូមហាអំណាច និងជាអតីតគូសត្រូវសម័យសង្គ្រាមត្រជាក់។ ឥឡូវនេះ របៀបវារៈកំពូលរបស់លោក Trump គឺត្រូវធ្វើយុទ្ធនាការឃោសនាបោះឆ្នោតសម្រាប់អាណត្តិថ្មី និងត្រូវដោះស្រាយវិបត្តិជំងឺកូវីដ១៩។
លោក Chong បាននិយាយថា៖ «ខ្ញុំគិតថា លោក Trump នឹងមិនរំលងរឿងនេះឡើយ ប្រសិនបើបញ្ហានេះស្របនឹងយុទ្ធសាស្ត្ររបស់លោក ប៉ុន្តែពាក់ព័ន្ធនឹងការប្រើប្រាស់កងកម្លាំងយោធាដើម្បីធ្វើអន្តរាគមន៍ ខ្ញុំគិតថា វាមិនអាចទៅរួចទេ ដោយសារតែមានកិច្ចការនៅក្នុងប្រទេស ដែលលោកត្រូវដោះស្រាយក្នុងពេលឥឡូវនេះ»។
ទោះជាយ៉ាងណាក៏ដោយ ក៏ប្រទេសវៀតណាមនឹងនៅតែ«សប្បាយចិត្តពេកក្រៃ» ដោយសារតែសេចក្តីថ្លែងការណ៍របស់លោក Pompeo ដែលគាំទ្រការទាមទាររបស់វៀតណាមទៅលើតំបន់សេដ្ឋកិច្ចផ្ដាច់មុខក្នុងដែនសមុទ្រដែលមានជម្លោះនេះ។ នេះបើតាមការបញ្ជាក់របស់លោក Derek Grossman អ្នកវិភាគជាន់ខ្ពស់នៃក្រុមហ៊ុនសាជីវកម្ម Rand Corp ដែលជាស្ថាប័នស្រាវជ្រាវមួយស្ថិតនៅក្នុងសហរដ្ឋអាមេរិក៕
ប្រែសម្រួលដោយលោក កោះ សុគន្ធី