ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វៀតណាម និង​ចិន​ចាប់​ផ្តើម​កិច្ចចរចា​ឡើង​វិញ​ ដែល​ជា​ផ្នែក​មួយ​នៃ​វដ្ដ​​ចរចា និង​ជម្លោះ​​អស់​រយៈពេល​២០ឆ្នាំ


រូប​ឯកសារ៖ កប៉ាល់ និង​កន្លែង​បូមប្រេង​មួយ ដែល​ចិន​ហៅ​ថា Haiyang Shiyou 981 ត្រូវ​បាន​គេ​ថត​បាន​ កាលពី​ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៤។
រូប​ឯកសារ៖ កប៉ាល់ និង​កន្លែង​បូមប្រេង​មួយ ដែល​ចិន​ហៅ​ថា Haiyang Shiyou 981 ត្រូវ​បាន​គេ​ថត​បាន​ កាលពី​ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៤។

អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​និយាយ​ថា ការ​ដក​នាវា​ស្រាវជ្រាវ​របស់​ចិន​ចេញ​ពី​ដែនទឹក​មាន​ជម្លោះ​នៅ​ក្នុង​ខែ​តុលា និង​ការ​ដែល​វៀតណាម​នឹង​ធ្វើ​ជា​ប្រធាន​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ បាន​ធ្វើ​ឱ្យ​ប្រទេស​ទាំង​២​ចាប់​ផ្តើម​ចរចា​គ្នា​ឡើង​វិញ​នៅ​ដើម​ខែ​នេះ។

ប្រទេសចិន​និង​វៀតណាម​ដែល​ជាគូ​ជម្លោះ​លើ​អធិបតេយ្យភាព​ដែន​សមុទ្រ​បាន​ចាប់ផ្តើម​ចរចា​គ្នា​ម្តង​ទៀត​ បន្ទាប់​ពី​មាន​ភាព​រកាំរកូស​ជាមួយ​គ្នា​អស់​រយៈពេល​យ៉ាង​យូរកាល​ពី​ដើម​ឆ្នាំ។ អ្នក​វិភាគ​ហៅ​ការណ៍​នេះ​ថា​ជា ការ​បង្ហាញ​ពី​ឈុតឆាក​សន្តិភាព​ ដែល​កើតឡើង​ជា​ទម្លាប់​មុន​ពេល​មាន​ភាព​ប្រទាំងប្រទើស​កាន់​តែ​ច្រើន​បន្ថែម​ទៀត​កើត​ឡើង។

អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​និយាយ​ថា ការ​ដក​នាវា​ស្រាវជ្រាវ​របស់​ចិន​ចេញ​ពី​ដែនទឹក​មាន​ជម្លោះ​នៅ​ក្នុង​ខែ​តុលា និង​ការ​ដែល​វៀតណាម​នឹង​ធ្វើ​ជា​ប្រធាន​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ បាន​ធ្វើ​ឱ្យ​ប្រទេស​ទាំង​២​ចាប់​ផ្តើម​ចរចា​គ្នា​ឡើង​វិញ​នៅ​ដើម​ខែ​នេះ។

កាល​ពី​ដើម​ខែធ្នូ​ក្រុម​ការងារ​ចិន-វៀតណាម​ស្តី​ពី​កិច្ចសហការ​ដែន​សមុទ្រ​ បាន​រៀបចំ​កិច្ចចរចា​ជុំទី១៣ នៅ​ក្នុង​ក្រុង​ហូជីមិញ។ សារព័ត៌មាន Viet Nam News​ បាន​រាយការណ៍​ថា​ ព្រឹត្តិការណ៍​នេះ​មាន​ការ​ចូលរួម​ពី​មន្ត្រី​ថ្នាក់​កណ្តាល​មក​ពី​ក្រសួង​ការបរទេស​របស់​ប្រទេស​ទាំង​២។

លោក Carl Thayer​ គឺជា​សាស្ត្រាចារ្យ​ចូលនិវត្តន៍​ដែល​មាន​ជំនាញ​លើ​តំបន់​អាស៊ីអាគ្នេយ៍​នៅ​សាកលវិទ្យាល័យ New South Wales ក្នុង​ប្រទេស​អូស្ត្រាលី។ លោក​បាន​និយាយ​ថា «ខ្ញុំ​យល់​ថា​ ពួកគេ​កំពុង​បោះជំហាន​ឆ្ពោះ​ទៅ​រក​ដំណាក់កាល​ចរចា​គ្នា ដោយសារ​តែ​ការ​ប្រឈមមុខ​ដាក់​គ្នា​មិន​ទទួល​បាន​ផល​នោះ​ទេ»។

អ្នក​ជំនាញ​បាន​ពន្យល់​ថា​ ចិន​ និង​វៀតណាម​មាន​ភាព​មិន​ចុះ​សម្រុង​គ្នា និងបាន​ចរចាគ្នា​រាប់​សិប​ដង​រួច​មក​ហើយ​ក្នុង​រយៈពេល​២០ឆ្នាំ​ចុងក្រោយ​នេះ។ ទំនាក់ទំនង​ការ​ទូត​ជា​ធម្មតា​កើត​មាន​ឡើង​ បន្ទាប់​ពី​ភាគី​ទាំង​២​ទុក​ចោល​បញ្ហា​ជាក់លាក់​ណា​មួយ ឬ​ភាគី​ម្ខាង ឬ​ទាំង​២​ចង់​បង្កើន​មុខមាត់​របស់​ខ្លួន​ក្នុង​នាម​ជា​អ្នក​រក្សា​សន្តិភាព​ ជាពិសេស​នៅ​ពេល​ដែល​ភាពតានតឹង​នៅ​ក្នុង​កិច្ចសន្ទនា​អាស៊ាន-ចិន​កាន់​តែ​តានតឹង​ឡើង​។ កិច្ចចរចា​របស់​ពួកគេ​មិន​បាន​ដោះស្រាយ​ភាព​មិន​ចុះសម្រុង​គ្នា​ពាក់ព័ន្ធនឹង​សិទ្ធិ​នៃ​ការ​កាន់កាប់​ចំណែក​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ ដែល​សម្បូរ​ទៅ​ដោយ​ធនធាន​នេះ​ទេ។ ​

លោក Nguyen Thanh Trung គឺ​ជា​នាយក​មជ្ឈមណ្ឌល​សិក្សា​អន្តរជាតិ​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សង្គម និង​មនុស្សសាស្ត្រ​នៅ​ក្នុង​ក្រុង​ហូជីមិញ។ លោក​និយាយ​ថា «ចិន​នៅ​តែ​រក្សា​ជំហរ​ដ៏​រឹងមាំ​របស់​ខ្លួន​ចំពោះ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង។ ពួកគេ​នឹង​មិន​ផ្តល់​សម្បទាន​ច្រើន​ដើម្បី​ជំរុញ​ឱ្យ​មាន​ការ​ចរចា​ជាមួយ​នឹង​ប្រទេស​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់​នោះ​ទេ»។

ប្រទេស​ជិត​ខាង​ទាំង​២​ ដែល​មាន​ជម្លោះ​ទឹកដី​ក្នុង​ប្រវត្តិសាស្ត្រ​រាប់​សតវត្សរ៍​មក​ហើយ​នេះ​ បាន​ទាមទារ​យក​ផ្នែក​ខាង​លិច​នៃ​សមុទ្រ​ចិន​ខាង​ត្បូង ដែល​មាន​ទំហំ​៣លាន​៥សែន​គ.ម.​ការ៉េ បើ​ទោះ​ជា​ចិន​មាន​សេដ្ឋកិច្ច និង​យោធា​ខ្លាំង​ជាងវៀតណាម ដែល​ការណ៍នេះ​ឲ្យធ្វើ​ចិន​មាន​ឥទ្ធិពល​ទៅ​លើ​ដែន​សមុទ្រ​ជាង​ ចាប់តាំង​ពី​ទសវត្សរ៍​ឆ្នាំ១៩៧០យ៉ាងណា​ក៏​ដោយ។ ប្រទេស​ទាំង​២​កំពុង​រុករក​អណ្តូង​ប្រេង និង​ឧស្ម័ន​ដែល​អាច​មាន​យ៉ាង​ច្រើន​នៅ​បាត​សមុទ្រ​នេះ។​

វដ្ត​នៃ​ជម្លោះ និង​ការ​ចរចា​

វៀតណាម​ និង​ចិន​ជា​ធម្មតា​ចរចា​គ្នា បន្ទាប់​ពី​ចិន​ធ្វើ​ចរាចរណ៍​នាវា​ ឬ​សង់​កន្លែង​រុករក​ប្រេង​ទៅ​ក្នុង​ដែនទឹក​មាន​ជម្លោះ ឬ​វៀតណាម​ឈាន​ជើង​ចូល​ក្នុង​ការ​រុករក​ថាមពល។ ជា​ឧទាហរណ៍ កិច្ចចរចា​ត្រូវ​បាន​គេ​ធ្វើ​យ៉ាង​លឿន​នៅ​ក្នុង​ឆ្នាំ២០១៤ នៅ​ពេល​ដែល​ភាគី​ទាំង២​ចង់​បញ្ចៀស​ឧប្បត្តិហេតុ​ ដែល​កប៉ាល់​វៀតណាម​បុក​កប៉ាល់​ចិន​ នៅ​ក្បែរ​ឆក​សមុទ្រ Tonkin​ ដោយសារ​តែ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​សម្រេច​ជីកអណ្តូង​ប្រេង​នៅ​ទីនោះ។ ក្រោម​មក នៅ​ក្នុង​កិច្ចប្រជុំ​មួយ​នៅ​ក្នុង​ប្រទេស​វៀតណាម ក្នុង​ឆ្នាំ២០១៧ ក្រុម​មន្ត្រី​ជាន់​ខ្ពស់​របស់​ភាគី​ទាំង​២​បាន​យល់ព្រម​គ្នា​នឹង​ដោះស្រាយ​ជម្លោះ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​នេះ។

បាតុករ​វៀតណាម​ស្រែក​ពាក្យ​ស្លោក​ប្រឆាំង​ចិន​នៅ​ក្នុង​ក្រុង​ហាណូយ ប្រទេស​វៀតណាម កាលពី​ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៤។
បាតុករ​វៀតណាម​ស្រែក​ពាក្យ​ស្លោក​ប្រឆាំង​ចិន​នៅ​ក្នុង​ក្រុង​ហាណូយ ប្រទេស​វៀតណាម កាលពី​ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៤។

ភាព​រកាំរកូស​ដាក់​គ្នា​នៅ​ឆ្នាំ​នេះ​បាន​ចាប់​ផ្តើម​នៅ​ក្នុង​ខែ​មិថុនា នៅ​ពេល​ដែល​កប៉ាល់​ស្រាវជ្រាវ​ថាមពល​មួយ​ឈ្មោះ​ថា Haiyang Dizhi 8 បាន​ចាប់ផ្តើម​ល្បាត​ដែនទឹក​មាន​ជម្លោះ​នៅ​ជុំវិញ​តំបន់ Vanguard Bank ដែល​មាន​ចម្ងាយ​៣៥០គ.ម.​ពី​ឆ្នេរ​សមុទ្រ​របស់​វៀតណាម​នៅ​ប៉ែក​អាគ្នេយ៍។ នៅ​ក្នុង​ខែ​តុលា ក្រុមហ៊ុន​រុករក​ប្រេង​មួយ​ដែល​ចុះ​ហត្ថលេខា​ជាមួយ​នឹង​វៀតណាម​និយាយ​ថា ខ្លួន​ឈប់​ដំណើរការ​នៅ​តំបន់​នោះ ហើយ​មួយ​ថ្ងៃ​ក្រោយ​មក​កប៉ាល់​ស្រាវជ្រាវ​របស់​ចិន​ក៏​បាន​ចាកចេញ​ពី​ទីនោះ​ដែរ។ ​

មូលហេតុ​សម្រាប់​ការ​ចរចា​នៅ​ខែ​នេះ​

អ្នក​វិភាគ​និយាយ​ថា ប្រទេស​វៀតណាម​អាច​មើល​ទៅ​ដូចជា​អ្នក​ចរចា មិន​មែន​ជា​អ្នក​ប្រយុទ្ធ​រករឿង​នោះ​ទេ នៅ​ក្នុង​ចំណោម​មេដឹកនាំ​នៅក្នុង​តំបន់​នៅ​ឆ្នាំ​ក្រោយនេះ ក្នុង​នាម​ជា​ប្រធាន​សមាគមអាស៊ាន។ អ្នក​វិភាគ​បន្ថែម​ថា​ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​សង្ឃឹម​ថា នឹង​ចុះ​សម្រុង​ជាមួយ​នឹង​វៀតណាម​ក្នុង​រយៈពេល​ដែល​វៀតណាម​ធ្វើ​ជា​ប្រធាន​ នៅ​ចុង​ឆ្នាំ២០២០ ប្រសិនបើ​ប្លុក​តំបន់​អាស៊ាន​ដែល​មាន​១០ប្រទេស​ជា​សមាជិក​នេះ​ចាត់វិធានការ​ទៅ​លើ​សមុទ្រ​ចិន​ខាង​ត្បូង។

លោក​ Prayuth Chan-Ocha នាយករដ្ឋមន្ត្រី​ថៃ​ប្រគល់​ញញួរ​ដែល​បង្ហាញ​ពី​តួនាទី​ជា​ប្រធាន​អាស៊ាន​ទៅ​ឱ្យ​លោក​ Nguyen Xuan Phuc នាយករដ្ឋមន្ត្រី​វៀតណាម នៅ​ក្នុង​ក្រុង​បាងកក​ ប្រទេស​ថៃ កាលពី​ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩។
លោក​ Prayuth Chan-Ocha នាយករដ្ឋមន្ត្រី​ថៃ​ប្រគល់​ញញួរ​ដែល​បង្ហាញ​ពី​តួនាទី​ជា​ប្រធាន​អាស៊ាន​ទៅ​ឱ្យ​លោក​ Nguyen Xuan Phuc នាយករដ្ឋមន្ត្រី​វៀតណាម នៅ​ក្នុង​ក្រុង​បាងកក​ ប្រទេស​ថៃ កាលពី​ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោក Thayer និយាយ​ថា «ចិន​ត្រូវ​ប្រឈម​មុខ​នឹង​អាស៊ាន​ដែល​មាន​វៀតណាម​ធ្វើ​ជា​ប្រធាន​ ដែល​ជា​ប្រទេស​ប្រឆាំង​យ៉ាង​ខ្លាំងក្លា​ចំពោះ​សកម្មភាព​របស់​ចិន​រួច​ទៅ​ហើយ»។

លោក​ Nguyen និយាយ​ថា រដ្ឋាភិបាល​វៀតណាម​ចង់​ឱ្យ​ពលរដ្ឋ​របស់​ខ្លួន​ឃើញ​ថា ខ្លួន​ព្យាយាម​ធ្វើ​ការ​ជាមួយ​ចិន ប្រសិន​បើ​មាន​អ្វី​មួយ​អាក្រក់​កើត​ឡើង​នៅ​ពេល​អនាគត។ លោក​បន្ថែម​ថា កិច្ចចរចា​ទាំង​នេះ​អាច​នឹង​បង្កើត​ឲ្យ​មាន​កិច្ចព្រមព្រៀង​កាន់​តែ​ច្រើន​ទៅ​លើ​ការ​រុករក​ជលផល ឬ​ថាមពល។

លោក Collin Koh ដែល​ជា​អ្នកស្រាវជ្រាវ​ផ្នែក​សន្តិសុខ​ដែន​សមុទ្រ​នៅ​សាកល​វិទ្យាល័យ​បច្ចេកវិទ្យា Nanyang នៅ​ក្នុង​ប្រទេស​សិង្ហបុរី​និយាយ​ថា «សម្រាប់​វៀតណាម ដោយសារ​តែ​ឥឡូវ​នេះ​ខ្លួន​ជា​ប្រធាន​អាស៊ាន​ វា​មើល​ទៅ​មិន​ល្អ​សម្រាប់​វៀតណាម​នោះ​ទេ ប្រសិន​បើ​ខ្លួន​បន្ត​អនុវត្ត​ជំហាន​យោធា​តឹងរ៉ឹង​ចំពោះ​ចិន ជាពិសេស​បន្ទាប់​ពី​ចិន​បាន​ដក​កប៉ាល់​ស្រាវជ្រាវ​របស់​ខ្លួន​ចេញ​ពី​តំបន់ Vanguard Bank រួច​ទៅ​ហើយ​នោះ»។

លោក​ Koh និយាយ​ថា ទោះ​ជា​យ៉ាង​នេះ​ក្តី នៅ​ពេល​អនាគត​ ចិន​នឹង​នៅ​តែ «ប្រើ​កម្លាំង​បង្ខំ​ក្នុង​កម្រិត​ណា​មួយ​ដែល​អាច​គ្រប់គ្រង​បាន» ហើយ​វៀតណាម​នឹង​ចង់​ឱ្យ​ចិន​បញ្ឈប់​សកម្មភាព​នោះ។ លោក​បន្ថែម​ថា ការ​ចរចា​ឥឡូវ​នេះ​បង្ហាញ​ពី «វដ្ត​ដដែលៗ» នៃ​ឧបសគ្គ និង​ការ​ផ្សះផ្សារ​គ្នា៕

XS
SM
MD
LG