ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជន​សង្ស័យ​ក្នុង​សាលាក្តី​ខ្មែរក្រហម​សំណុំ​បន្ថែម​​​​បដិសេធ​ថា​ខ្លួន​មិន​បាន​ប្រព្រឹត្ត​កំហុស​ទេ


​អ្នក​ស្រី​អ៊ឹម ចែម
​អ្នក​ស្រី​អ៊ឹម ចែម

អតីត​គណៈ​ស្រុក​ព្រះនេត្រ​ព្រះ​ក្នុង​សម័យ​ខ្មែរក្រហម​គឺ​អ្នក​ស្រី​អ៊ឹម ចែម​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់សហចៅ​ក្រម​ស៊ើប​អង្កេត​អន្តរជាតិនៅ​ថ្ងៃ​ពុធ​នេះ​ ហើយបាន​ប្រកាស​ថា​ អ្នក​ស្រី​នឹង​មិន​ចូល​បំភ្លឺ​ដល់​តុលាការ​នៅ​ពេល​ចាំ​បាច់​ណា​មួយ​នោះ​ទេ។​

កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ​នេះ​ សហចៅ​ក្រម​ស៊ើប​អង្កេត​អន្តរជាតិ​នៃ​សាលាក្តី​ខ្មែរក្រហមគឺ​លោក​ម៉ាក ហាម៉ុន​ (Mark B.Harmon )​ បាន​ដាក់​អ្នក​ស្រី​អ៊ឹម ​ចែម​ជាជន​សង្ស័យ​ម្នាក់​ក្នុង​ចំណោម​ជន​ជាប់​សង្ស័យ​សំណុំ​រឿង​០០៤​ឲ្យ​ស្ថិត​ក្រោម​ការ​ឃ្លាំ​មើល​របស់​តុលាការ ដោយ​ចោទ​ប្រកាន់​អ្នក​ស្រីពី​បទ​មនុស្ស​ឃាត​ និង​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ។​ ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ដែរ​ សហ​ចៅក្រម​សញ្ជាតិ​អាមេរិក​បាន​ចោទ​លោក​មាស មុត ​អតីត​មេ​បញ្ជាការ​កងទ័ព​ជើង​ទឹក​ជា​ជន​ជាប់​សង្ស័យ​ក្នុង​សំណុំរឿង​០០​៣​ថា​ ជាប់​ពាក់​ព័ន្ធ​នឹង​បទមនុស្ស​ឃាត ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ ​និង​ឧក្រិដ្ឋកម្ម​សង្គ្រាម។​

ទាក់​ទង​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​នេះ​ អ្នក​ស្រី​អ៊ឹម ចែម​បាន​សម្តែងការ​មិន​ពេញ​ចិត្ត​ ហើយ​ចាត់​ទុក​ថា​ ការ​ចោទ​ប្រកាន់​របស់​សាលាក្តី​ខ្មែរក្រហមគឺ​ខុស​ពី​ការពិត។​

«ចេះ​តែ​មក​ចោទ​ខ្ញុំ​ទទេៗ។ ​ចោទ​ខុស​ ​ព្រោះ​ខ្ញុំ​អត់​បាន​អនុវត្ត​ អត់​បាន​ធ្វើ​អញ្ចឹង។​ ​ឥឡូវ​រក​អ្នក​ចោទ​ហ្នឹង​ឃើញ​ប្តឹង​ឡើង​តុលាការ»។

អ្នក​ស្រី​អ៊ឹម​ ចែម​ អាយុ​៧២​ឆ្នាំ​ស្ថិត​ក្នុង​ចំណោម​អ្នក​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុតនៃ​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ខ្មែរក្រហម។ លោក​ចៅ​ក្រម​ស៊ើប​អង្កេត​អន្តរ​ជាតិ​គឺ​លោក​ម៉ាក ហាម៉ុនបាន​រក​ឃើញ​ថា​ អ្នក​ស្រីជាប់​ពាក់​ព័ន្ធ​នឹង​ឧក្រិដ្ឋ​កម្ម​នៅមន្ទីរ​សន្តិសុខ​ភ្នំទ្រយោង ​ការដ្ឋាន​ស្ពាន​ស្រែង​ ការ​ធ្វើ​មនុស្ស​ឃាត ​ការ​ដាក់​ជា​ទាសករ ​ការ​សម្លាប់​រង្គាល ​ការ​ដាក់​ក្នុង​មន្ទីរ​ឃុំ​ឃាំង​ ការ​ធ្វើ​ទុក្ខបុក​ម្នេញ​ដោយ​មូល​ហេតុ​នយោ​បាយ​ជាដើម។​

ថ្វី​បើ​បែប​នេះ​ក្តី​ អ្នក​ស្រី​អ៊ឹម ចែម​បាន​ប្តេជ្ញា​ចិត្ត​ថា​ នឹង​មិន​ចូល​បំភ្លឺ​នៅ​តុលាការ​ចំពោះ​ការ​ចោទ​ប្រកាន់​មក​លើ​អ្នក​ស្រី​នោះ​ទេ។​

«ខ្ញុំ​នឹ​ង​មិន​ទៅ​បំភ្លឺ​នោះ​ទេ»។​

នេះ​ជា​លើក​ទី​១​ហើយ​ដែល​សាលាក្តី​ខ្មែរក្រហម​បានបង្ហាញ​ឈ្មោះ​ជន​ជាប់​សង្ស័យ​ពីរ​នាក់​ដំបូង​ក្នុង​ចំណោម​ជន​ជាប់​សង្ស័យ​ចំនួនប្រាំ​នាក់​ក្នុង​សំណុំ​រឿង​០០៣​ និង​០០៤។​ សំណុំ​រឿង​បន្ថែម​ទាំង​ពីរ​នេះ​ត្រូវរដ្ឋាភិបាល​កម្ពុជា​ប្រឆាំង​ជំទាស់ ​ដោយ​ព្រមាន​ពី​ការ​កើត​សង្គ្រាម​ស៊ីវិល​ឡើង​វិញ​ ប្រសិន​បើ​មាន​ការ​ចោទ​ប្រកាន់​ជន​ជាប់​សង្ស័យ​ដែល​ជា​អតីត​កម្មាភិបាល​ជាន់​ខ្ពស់​ខ្មែរក្រហម​នោះ។​

ដំណាល​គ្នា​នេះ​ដែរ ​សហចៅ​ក្រម​ស៊ើប​អង្កេត​អន្តរជាតិ​ក៏បាន​រក​ឃើញ​ថា​លោក​មាស មុតជាប់​ពាក់​ព័ន្ធ​នឹង​ការ​ធ្វើ​មនុស្ស​ឃាត ​ការ​សម្លាប់​រង្គាល ​ការ​ធ្វើ​ឲ្យ​ធ្វើ​ជា​ទាសករ ​ការ​ដាក់​ក្នុង​មន្ទីរ​ឃុំ​ឃាំង ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ដោយ​មូលហេតុ​នយោបាយ​ និង​ពូជ​សាសន៍ ​ដែល​ប្រព្រឹត្ត​ទៅ​នៅមន្ទីរ​សន្តិ​សុខ​ឥន្ទ្រញាណ ​នៅ​ខេត្ត​កំពង់​សោម ​ខេត្ត​ក្រចេះ ​និង​មន្ទីរ​សន្តិសុខ​ស ២១​ ឬ​គុកទួល​ស្លែង​ រួម​ទាំង​បទ​ឧក្រិដ្ឋ​ដែល​ប្រព្រឹត្ត​លើ​ជន​បរទេស​មួយ​ចំនួន​ដូចជា​ជនជាតិ​ថៃ ​វៀតណាម ​និង​ជន​បរទេស​ផ្សេង​ទៀត​នៅ​លើ​ដែន​កោះ​និង​ដែន​សមុទ្រ​កម្ពុជា។​

កូន​ប្រុស​របស់​អតីត​មេបញ្ជាការ​កងទ័ព​ជើង​ទឹក​ខ្មែរក្រហម​រូប​នេះ​គឺ​លោក​មាស សុភ័ស ​មិន​ធ្វើ​អត្ថាធិប្បាយ​ណាមួយ​ចំពោះ​ការ​ចោទ​ប្រកាន់​ដោយ​តុលាការ​លើ​ឪពុក​របស់​លោក​នោះ​ទេ។​

«ខ្ញុំ​អត់​មាន​ទស្សនៈ​អ្វី​ទាំង​អស់។​ អត់​មាន​អ្វី​ត្រូវ​និយាយទេ។ លោក​អាច​ជួប​ជាមួយ​មេធាវី​បាន​គឺ​លោក​អាង​ ឧត្តម»។​

លោក​អាង ឧត្តម ​សហមេធាវី​កម្ពុជា​របស់​លោក​មាស មុត ​មាន​ប្រសាសន៍​ថា ​ក្រុម​ការ​ពារ​ក្តី​របស់​លោក​កំពុង​រៀប​ចំ​ការងារ​ក្តី​នេះ​នៅ​ឡើយ។ ​ហើយ​លោក​បញ្ជាក់​ថា ​នៅ​ពេល​នេះ​សាលាក្តី​ខ្មែរក្រហម​បាន​អនុញ្ញាត​ឲ្យ​លោក​ចូល​ឆែក​សំណុំ​រឿង​កូន​ក្តី​របស់​លោក​បាន​ហើយ។​

កាល​ពីប៉ុន្មាន​ថ្ងៃ​មុន​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បានបង្ហាញ​ជំហរ​ជាថ្មី​ម្តង​ទៀត​ប្រឆាំង​ទៅ​នឹង​ការ​ចោទ​ប្រកាន់អតីតកម្មាភិ​បាល​ជាន់​ខ្ពស់​ខ្មែរក្រហម​បន្ថែម​ទៀតក្នុង​សំណុំ​រឿង​០០៣​និង​០០៤​ ស្រប​ពេល​ដែល​ភាគី​កម្ពុជា​ក្នុង​សាលាក្តី​ខ្មែរក្រហម​នៅ​តែ​រក្សា​ជំហរ​មិន​សហការ​ក្នុង​ការ​ស៊ើប​អង្កេត​ជាមួយ​សហ​ចៅក្រម​បរទេស​ក្នុង​សំណុំ​រឿង​ទាំង​ពីរ។​

លោក​នេត្រ ភក្ត្រា ​អ្នក​នាំពាក្យ​សាលាក្តី​ខ្មែរក្រហម​ ពន្យល់​ថា​ នៅក្នុង​នីតិវិធី​ជាទូទៅ ​សហ​ចៅ​ក្រមស៊ើប​អង្កេត​អាច​ចាត់វិធាន​ការ​រួមគ្នា​ទាក់ទង​នឹង​ការ​ចេញ​ដីកា​ចាប់​ខ្លួន ​ឬ​ឃុំខ្លួន​ ប៉ុន្តែ​ក្នុង​ករណី​មាន​ការខ្វែង​យោបល់​គ្នា ​ក្នុង​នីតិ​វិធីច្បាប់ ​ក៏​បាន​អនុញ្ញាត​ឱ្យ​ចៅ​ក្រម​ណា​ម្នាក់​អាច​អនុវត្ត​នូវ​នីតិវិធី​ទាំង​ពីរ​នេះ​បាន៕

XS
SM
MD
LG